ក្រឹត្យវិន័យដែលចេញពីព្រះឧស្ឋរបស់ព្រះអង្គ វិសេសដល់ទូលបង្គំ ជាជាងមាសប្រាក់ទាំងពាន់។
សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាមត៌ករបស់ទូលបង្គំជាដរាប ដ្បិតសេចក្ដីទាំងនោះ ធ្វើឲ្យចិត្តទូលបង្គំមានអំណរ។
ហេតុនេះ ទូលបង្គំស្រឡាញ់ បទបញ្ជារបស់ព្រះអង្គលើសជាងមាស គឺលើសជាងមាសសុទ្ធទៅទៀត។
ទូលបង្គំរីករាយនឹងផ្លូវប្រព្រឹត្ត តាមសេចក្ដីបន្ទាល់របស់ព្រះអង្គ ដូចជាទូលបង្គំរីករាយ នឹងទ្រព្យសម្បត្តិគ្រប់យ៉ាង។
ទូលបង្គំរីករាយនឹងព្រះបន្ទូលរបស់ព្រះអង្គ ប្រៀបដូចជាមនុស្សដែលប្រទះ នឹងរបឹបដ៏មានតម្លៃ។
សេចក្ដីទាំងនោះគួរប្រាថ្នា ចង់បានលើសជាងមាស អើ លើសជាងមាសសុទ្ធជាច្រើនទៅទៀត ក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ ស្រក់ពីសំណុំផង។
មួយទៀត ទូលបង្គំជាអ្នកបម្រើព្រះអង្គ ក៏ចេះប្រយ័ត្ន ដោយសារសេចក្ដីទាំងនោះ ហើយដែលកាន់តាមនោះមានរង្វាន់យ៉ាងធំ។
ការដែលបានប្រាជ្ញា នោះវិសេសជាងបានមាសតើអម្បាលម៉ានទៅ ការដែលបានយោបល់ នោះគួររើសយកជាជាងប្រាក់ទៅទៀត។
សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់
ផលដែលកើតពីយើង នោះវិសេសជាងមាស ក៏ប្រសើរជាងមាសយ៉ាងបរិសុទ្ធផង ហើយផលកម្រៃរបស់យើង ជាជាងប្រាក់យ៉ាងវិសេសបំផុត
ឯប្រាជ្ញានោះល្អស្មើនឹងមត៌ក ក៏វិសេសដល់ពួកអ្នកដែលឃើញពន្លឺថ្ងៃផង។