ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានយោបល់ផង ដើម្បីឲ្យទូលបង្គំបានស្គាល់ សេចក្ដីបន្ទាល់របស់ព្រះអង្គ!
ឱព្រះយេហូវ៉ាអើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ កូនរបស់ស្ត្រីជាអ្នកបម្រើរបស់ព្រះអង្គ។ ព្រះអង្គបានស្រាយចំណងរបស់ទូលបង្គំហើយ។
ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ។
សូមដកផ្លូវភូតភរចេញឆ្ងាយពីទូលបង្គំ ហើយសូមប្រោសប្រទានក្រឹត្យវិន័យ របស់ព្រះអង្គដោយព្រះគុណផង!
សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំបានកាន់តាម ក្រឹត្យវិន័យរបស់ព្រះអង្គ អើ ទូលបង្គំនឹងប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត។
សូមបង្រៀនឲ្យទូលបង្គំចេះវិនិច្ឆ័យដឹងខុសត្រូវ ដ្បិតទូលបង្គំជឿដល់បទបញ្ជារបស់ព្រះអង្គ។
ទូលបង្គំជារបស់ព្រះអង្គហើយ សូមសង្គ្រោះទូលបង្គំផង ដ្បិតទូលបង្គំបានស្វែងរក ព្រះឱវាទរបស់ព្រះអង្គ។
សូមបែរមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំ សូមប្រទានកម្លាំងរបស់ព្រះអង្គ ដល់អ្នកបម្រើព្រះអង្គ សូមសង្គ្រោះកូនរបស់ស្ត្រី ជាអ្នកបម្រើរបស់ព្រះអង្គផង។
ឯប្រាជ្ញារបស់មនុស្សវាងវៃ នោះគឺឲ្យបានយល់ផ្លូវរបស់ខ្លួន តែសេចក្ដីចម្កួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីឆបោកទទេ។
ការកោតខ្លាចព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធ នោះគឺជាយោបល់
តែឥឡូវនេះ ដែលព្រះបានប្រោសឲ្យរួចពីបាប ហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបម្រើដល់ព្រះអង្គ អ្នករាល់គ្នាបានផលជាសេចក្ដីបរិសុទ្ធ ហើយចុងបំផុតគឺជីវិតអស់កល្បជានិច្ច។
ចូរពិចារណាសេចក្ដីដែលខ្ញុំនិយាយនេះចុះ ដ្បិតព្រះអម្ចាស់នឹងប្រទានឲ្យអ្នកមានយោបល់ក្នុងគ្រប់ការទាំងអស់។
ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។