ចោទិយកថា 31:17ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពេលនោះ កំហឹងរបស់យើងនឹងឆួលឡើងទាស់នឹងគេនៅថ្ងៃនោះ។ យើងនឹងបោះបង់ចោលគេ ហើយគេចមុខចេញពីគេ គេនឹងត្រូវបានលេបត្របាក់អស់ទៅ។ សេចក្ដីអាក្រក់ និងសេចក្ដីវេទនាជាច្រើននឹងកើតឡើងដល់គេ ដល់ម៉្លេះបានជាគេនឹងនិយាយនៅថ្ងៃនោះថា "សេចក្ដីអាក្រក់ទាំងនេះបានកើតឡើងដល់យើង តើមិនមែនដោយព្រោះតែព្រះនៃយើងមិនគង់ក្នុងចំណោមយើងទេឬ?" សូមមើលជំពូក |
«ចូរអ្នករាល់គ្នាទៅទូលសួរដល់ព្រះយេហូវ៉ា ពីដំណើរព្រះបន្ទូលដែលមានក្នុងគម្ពីរ ដែលគេបានឃើញនេះ ឲ្យយើង និងពួកបណ្ដាជន ជាពួកយូដាទាំងអស់គ្នាផង ដ្បិតសេចក្ដីក្រេវក្រោធរបស់ព្រះយេហូវ៉ា ដែលកើតឡើងទាស់នឹងយើងរាល់គ្នា នោះខ្លាំងក្រៃលែង ព្រោះបុព្វបុរសយើងរាល់គ្នា មិនបានស្តាប់តាមព្រះបន្ទូលក្នុងគម្ពីរនេះ ដើម្បីនឹងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលបានបង្គាប់មកយើងរាល់គ្នាទេ»។
ឯឯង ឱសាឡូម៉ូន ជាកូនអើយ ចូរឲ្យឯងបានស្គាល់ព្រះនៃឪពុកឯងចុះ ព្រមទាំងប្រតិបត្តិតាមព្រះអង្គ ដោយអស់ពីចិត្ត ហើយស្ម័គ្រស្មោះផង ដ្បិតព្រះយេហូវ៉ាស្ទង់អស់ទាំងចិត្ត ក៏យល់អស់ទាំងសេចក្ដីដែលយើងគិតដែរ បើឯងរកព្រះអង្គ នោះនឹងបានឃើញមែន តែបើឯងបោះបង់ចោលព្រះអង្គវិញ ព្រះអង្គក៏នឹងបោះបង់ចោលឯងជាដរាបទៅ
ហើយលោកចេញទៅទទួលអេសាទូលថា៖ «បពិត្រព្រះករុណាអេសា ព្រមទាំងពួកយូដា និងពួកបេនយ៉ាមីនទាំងអស់គ្នាអើយ សូមស្តាប់ចុះ កំពុងដែលអ្នករាល់គ្នានៅជាមួយព្រះយេហូវ៉ា ព្រះអង្គក៏គង់ជាមួយអ្នករាល់គ្នាដែរ បើអ្នករាល់គ្នាស្វែងរកព្រះអង្គ នោះនឹងរកឃើញពិត តែបើអ្នករាល់គ្នាបោះបង់ចោលព្រះអង្គវិញ ព្រះអង្គក៏នឹងបោះបង់ចោលអ្នករាល់គ្នាដែរ។
ពេលនោះ ព្រះវិញ្ញាណរបស់ព្រះយាងមកសណ្ឋិតលើសាការី ជាកូនរបស់សង្ឃយេហូយ៉ាដា លោកឈរនៅមុខបណ្ដាជនពោលថា៖ «ព្រះទ្រង់មានព្រះបន្ទូលដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នារំលងបទបញ្ជារបស់ព្រះយេហូវ៉ាដូច្នេះ? ធ្វើយ៉ាងនេះ អ្នករាល់គ្នាមិនអាចចម្រុងចម្រើនបានទេ ដោយព្រោះអ្នករាល់គ្នាបានបោះបង់ចោលព្រះយេហូវ៉ា ព្រះអង្គក៏បោះបង់ចោលអ្នករាល់គ្នាដែរ»។
ដូច្នេះ ឱព្រះនៃយើងខ្ញុំ ជាព្រះដ៏ធំ ហើយមានឫទ្ធានុភាព គួរឲ្យស្ញែងខ្លាច ជាព្រះដែលរក្សាសេចក្ដីសញ្ញា និងសេចក្ដីសប្បុរសអើយ សូមកុំឲ្យសេចក្ដីទេវនាទាំងប៉ុន្មាន ដែលបានកើតមានដល់យើងខ្ញុំ ព្រមទាំងស្តេច ពួកមេ ពួកសង្ឃ ពួកហោរា បុព្វបុរសយើងខ្ញុំ និងប្រជារាស្ត្រទាំងប៉ុន្មានរបស់ព្រះអង្គ ចាប់ពីគ្រារបស់ពួកស្តេចស្រុកអាសស៊ើរ រហូតដល់សព្វថ្ងៃនេះ រាប់ថាជាការតិចតួចឡើយ។
ហេតុនោះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆេះឡើងទាស់នឹងប្រជារាស្ត្រនៃព្រះអង្គ ហើយព្រះអង្គបានលូកព្រះហស្តមកវាយគេ ឯភ្នំទាំងប៉ុន្មានក៏ញ័រ ហើយខ្មោចគេបានត្រឡប់ដូចជាសំរាម នៅកណ្ដាលផ្លូវទាំងប៉ុន្មាន ទោះបើយ៉ាងនោះក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញទាំងអស់ទៅដែរ គឺព្រះហស្តរបស់ព្រះអង្គចេះតែលូកមកទៀត។
ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គ ធ្វើឲ្យយើងខ្ញុំវង្វេងចេញពីផ្លូវរបស់ព្រះអង្គ ហើយឲ្យយើងខ្ញុំមានចិត្តរឹងទទឹង ចំពោះសេចក្ដីកោតខ្លាចដល់ព្រះអង្គដូច្នេះ? សូមព្រះអង្គវិលមកវិញ ដោយយល់ដល់ពួកអ្នកបម្រើរបស់ព្រះអង្គ គឺជាកុលសម្ព័ន្ធទាំងប៉ុន្មាននៃមត៌ករបស់ព្រះអង្គ។
គ្រានោះ ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត គេបានគោរពប្រតិបត្តិដល់ព្រះបាល និងព្រះអាសថារ៉ូត ព្រមទាំងព្រះនានារបស់សាសន៍ស៊ីរី ព្រះរបស់សាសន៍ស៊ីដូន ព្រះរបស់សាសន៍ម៉ូអាប់ ព្រះរបស់ពួកអាំម៉ូន និងព្រះរបស់ពួកភីលីស្ទីនទៀតផង។ គេបានបោះបង់ចោលព្រះយេហូវ៉ា ហើយមិនបានគោរពប្រតិបត្តិដល់ព្រះអង្គទៀតឡើយ។
គេឌានឆ្លើយតបថា៖ «លោកម្ចាស់អើយ ប្រសិនបើព្រះយេហូវ៉ាគង់នៅជាមួយយើងខ្ញុំមែន ហេតុអ្វីបានជាការទាំងអស់នេះកើតឡើងដល់យើងខ្ញុំដូច្នេះ? ឯណាទៅការអស្ចារ្យទាំងប៉ុន្មានរបស់ព្រះអង្គ ដែលបុព្វបុរសរបស់យើងខ្ញុំបានថ្លែងប្រាប់តមកថា ព្រះយេហូវ៉ាបាននាំយើងឡើងចេញពីស្រុកអេស៊ីព្ទមកនោះ? ឥឡូវនេះ ព្រះយេហូវ៉ាបានបោះបង់ចោលយើងខ្ញុំ ព្រះអង្គប្រគល់យើងខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់ពួកម៉ាឌានហើយ»។