ចោទិយកថា 28:1ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦«ប្រសិនបើអ្នកខំប្រឹងស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះរបស់អ្នកឲ្យអស់ពីចិត្ត ព្រមទាំងប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងបទបញ្ជា ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ នោះព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងលើកអ្នកឡើងជាខ្ពស់ លើអស់ទាំងសាសន៍នៅលើផែនដី។ សូមមើលជំពូក |
ព្រះអង្គមានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាយកចិត្តទុកដាក់ស្តាប់តាមព្រះសូរសៀងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ហើយធ្វើការត្រឹមត្រូវនៅព្រះនេត្រព្រះអង្គ ព្រមទាំងផ្ទៀងត្រចៀកស្តាប់តាមបទបញ្ជាព្រះអង្គ ក៏កាន់តាមច្បាប់ទាំងប៉ុន្មានរបស់ព្រះអង្គ នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតមានជំងឺរោគាណាមួយ ដូចយើងបានធ្វើឲ្យកើតឡើងដល់សាសន៍អេស៊ីព្ទឡើយ ដ្បិតយើងជាយេហូវ៉ា ជាព្រះដែលប្រោសអ្នករាល់គ្នាឲ្យជា»។
គឺជាសេចក្ដីដែលយើងបានបង្គាប់ដល់បុព្វបុរសអ្នករាល់គ្នា នៅថ្ងៃដែលយើងនាំគេចេញពីស្រុកអេស៊ីព្ទមក គឺចេញរួចពីគុកភ្លើងរំលាយដែក ដោយប្រាប់គេថា ចូរស្តាប់ពាក្យរបស់យើង ហើយប្រព្រឹត្តតាមផង គឺតាមគ្រប់ទាំងសេចក្ដីដែលយើងបង្គាប់ដល់អ្នករាល់គ្នាចុះ នោះអ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា។
យ៉ាងនោះបើគេនឹងខ្នះខ្នែងរៀនតាមផ្លូវរបស់ប្រជារាស្ត្រយើងឲ្យអស់ពីចិត្ត ហើយស្បថដោយនូវឈ្មោះយើងថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់នៅ បែបដូចជាគេបានបង្រៀនប្រជារាស្ត្រយើង ឲ្យស្បថដោយនូវព្រះបាលដែរ នោះគេនឹងបានស្អាងឡើង នៅកណ្ដាលប្រជារាស្ត្ររបស់យើងយ៉ាងពិតប្រាកដ។