លើសពីនេះទៅទៀត ចូរប្រដាប់កាយដោយសេចក្តីស្រឡាញ់ ដែលជាចំណងនៃសេចក្តីគ្រប់លក្ខណ៍ចុះ។
ខ្ញុំឲ្យឱវាទមួយថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។
នេះជាបទបញ្ជារបស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។
គឺទូលបង្គំនៅក្នុងគេ ហើយព្រះអង្គគង់ក្នុងទូលបង្គំ ដើម្បីឲ្យគេបានរួមគ្នាតែមួយយ៉ាងពេញលេញ ប្រយោជន៍ឲ្យមនុស្សលោកបានដឹងថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក ហើយដឹងថា ព្រះអង្គស្រឡាញ់គេ ដូចព្រះអង្គបានស្រឡាញ់ទូលបង្គំដែរ។
មិនត្រូវជំពាក់អ្វីដល់អ្នកណា ក្រៅពីសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមកឡើយ ដ្បិតអ្នកណាដែលស្រឡាញ់អ្នកដទៃ នោះបានសម្រេចតាមក្រឹត្យវិន័យហើយ។
តាមដែលព្រះអង្គបានជ្រើសរើសយើងក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះព្រះអង្គ ដោយសេចក្តីស្រឡាញ់។
ទាំងខំប្រឹងរក្សាការរួបរួមរបស់ព្រះវិញ្ញាណ ដោយចំណងនៃសេចក្ដីសុខសាន្ត។
ហើយរស់នៅក្នុងសេចក្តីស្រឡាញ់ ដូចព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើង ទុកជាតង្វាយ និងជាយញ្ញបូជាដ៏មានក្លិនក្រអូបចំពោះព្រះ។
ខ្ញុំចង់លើកទឹកចិត្តអ្នកទាំងនោះ ឲ្យបានរួបរួមគ្នាក្នុងសេចក្តីស្រឡាញ់ ហើយឲ្យគេមានការយល់ដឹងយ៉ាងជឿជាក់សព្វគ្រប់ទាំងអស់ ជាសម្បត្តិយ៉ាងបរិបូរ ដើម្បីឲ្យបានស្គាល់អាថ៌កំបាំងរបស់ព្រះ ពោលគឺព្រះគ្រីស្ទផ្ទាល់
រីឯសេចក្ដីស្រឡាញ់ជាបងប្អូន មិនចាំបាច់ឲ្យអ្នកណាសរសេរប្រាប់អ្នករាល់គ្នាទេ ដ្បិតព្រះបានបង្រៀនអ្នករាល់គ្នាឲ្យស្រឡាញ់គ្នាទៅវិញទៅមក
ហេតុដែលហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យមានសេចក្ដីស្រឡាញ់ ដែលកើតពីចិត្តស្អាត ពីមនសិការជ្រះថ្លា និងពីជំនឿដ៏ស្មោះត្រង់។
ដូច្នេះ ចូរឲ្យយើងចេញពីសេចក្តីបង្រៀនខាងឯបឋមសិក្សាអំពីព្រះគ្រីស្ទទៅ ហើយឈានទៅរកភាពពេញវ័យវិញ មិនត្រូវចាក់គ្រឹះសាជាថ្មីអំពីការប្រែចិត្តពីកិច្ចការដែលស្លាប់ អំពីជំនឿដល់ព្រះ
លើសពីនេះទៅទៀត ត្រូវស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ឲ្យអស់ពីចិត្ត ដ្បិតសេចក្តីស្រឡាញ់គ្របបាំងអំពើបាបជាអនេកអនន្ត ។
បន្ថែមការរាប់អានជាបងប្អូនពីលើការគោរពប្រតិបត្តិដល់ព្រះ និងបន្ថែមសេចក្ដីស្រឡាញ់ពីលើការរាប់អានគ្នាជាបងប្អូន។
អ្នកណាជាកូនរបស់ព្រះ ហើយអ្នកណាជាកូនរបស់អារក្ស ត្រូវបានបង្ហាញឲ្យឃើញច្បាស់ដោយសារសេចក្ដីនេះ គឺអ្នកណាដែលមិនប្រព្រឹត្តអំពើសុចរិត អ្នកនោះមិនមែនមកពីព្រះទេ ហើយអ្នកណាមិនស្រឡាញ់បងប្អូនរបស់ខ្លួន ក៏មិនមែនមកពីព្រះដែរ។
រីឯបទបញ្ជារបស់ព្រះអង្គ គឺយើងត្រូវជឿដល់ព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះអង្គ ហើយត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះអង្គបានបង្គាប់មកយើង។
យើងបានទទួលបទបញ្ជានេះមកពីព្រះអង្គថា អ្នកណាដែលស្រឡាញ់ព្រះ អ្នកនោះក៏ត្រូវតែស្រឡាញ់បងប្អូនរបស់ខ្លួនដែរ។