កិច្ចការ 16:18 - Khmer Christian Bible នាងបានធ្វើដូច្នេះជាច្រើនថ្ងៃ ធ្វើឲ្យលោកប៉ូលធុញទ្រាន់ជាខ្លាំង ក៏បែរទៅបង្គាប់វិញ្ញាណអាក្រក់នោះថា៖ «យើងបង្គាប់ឯងនៅក្នុងព្រះនាមរបស់ព្រះយេស៊ូគ្រិស្ដ ចូរចេញពីនាងទៅ!» ពេលនោះ វាក៏ចេញពីនាងភ្លាម ព្រះគម្ពីរខ្មែរសាកល នាងចេះតែធ្វើដូច្នេះជាច្រើនថ្ងៃ។ ប៉ូលធុញទ្រាន់ ក៏បែរមកនិយាយនឹងវិញ្ញាណនោះថា៖ “ក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ យើងបង្គាប់ឯងឲ្យចេញពីនាងទៅ!”។ នោះវាក៏ចេញមកភ្លាម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងចេះតែធ្វើដូច្នេះជាច្រើនថ្ងៃ ទាល់តែលោកប៉ុលមានការរំខានចិត្ត ហើយបែរទៅបង្គាប់វិញ្ញាណនោះថា៖ «យើងបញ្ជាឯងក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ចូរចេញពីនាងនេះទៅ!» ហើយវាក៏ចេញនៅវេលានោះឯង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងធ្វើបែបនេះអស់រយៈពេលជាច្រើនថ្ងៃ។ ដោយលោកប៉ូលទាស់ចិត្តជាខ្លាំង ក៏ងាកទៅក្រោយ បញ្ជាវិញ្ញាណអាក្រក់ថា៖ «ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ត* ចូរចេញពីនាងទៅ!»។ វិញ្ញាណអាក្រក់ក៏ចេញពីនាងភ្លាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងក៏ធ្វើដូច្នោះជាយូរថ្ងៃ ទាល់តែប៉ុលមានសេចក្ដីរំខានចិត្ត ហើយបែរទៅនិយាយនឹងអារក្សនោះថា អញបង្គាប់ឯងដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ឲ្យឯងចេញពីនាងនេះទៅ វាក៏ចេញទៅនៅវេលានោះឯង អាល់គីតាប នាងធ្វើបែបនេះអស់រយៈពេលជាច្រើនថ្ងៃ។ ដោយលោកប៉ូលទាស់ចិត្ដជាខ្លាំង ក៏ងាកទៅក្រោយ បញ្ជាអ៊ីព្លេសថា៖ «ក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀសចូរចេញពីនាងទៅ!»។ អ៊ីព្លេសក៏ចេញពីនាងភ្លាម។ |
ព្រះអង្គបានប្រោសមនុស្សជាច្រើន ដែលមានជំងឺរោគាផ្សេងៗឲ្យជាសះស្បើយ និងបានបណ្ដេញអារក្សជាច្រើនចេញពីមនុស្ស ហើយព្រះអង្គមិនអនុញ្ញាតឲ្យអារក្សទាំងនោះនិយាយអ្វីឡើយ ព្រោះពួកវាស្គាល់ព្រះអង្គ។
អ្នកជឿនឹងមានទីសំគាល់ដូចនេះ ពួកគេនឹងបណ្ដេញអារក្សនៅក្នុងឈ្មោះខ្ញុំ ហើយពួកគេនឹងនិយាយភាសាថ្មី
កាលបានហៅសាវកទាំងដប់ពីរជុំគ្នាហើយ ព្រះអង្គបានប្រទានឲ្យពួកគេមានឫទ្ធានុភាព និងសិទ្ធិអំណាចលើពួកអារក្សទាំងអស់ ព្រមទាំងប្រោសជំងឺផ្សេងៗឲ្យបានជា
ពេលនោះលោកពេត្រុសប្រាប់ថា៖ «មាសប្រាក់ ខ្ញុំគ្មានទេ ប៉ុន្ដែអ្វីដែលខ្ញុំមាន ខ្ញុំនឹងឲ្យអ្នក គឺក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដជាអ្នកក្រុងណាសារ៉ែត ចូរក្រោកឡើង ហើយដើរទៅ!»
លោកពេត្រុសក៏និយាយទៅគាត់ថា៖ «ឱអេនាសអើយ! ព្រះយេស៊ូគ្រិស្ដបានប្រោសអ្នកហើយ ចូរក្រោកឡើង ហើយរៀបចំគ្រែរបស់អ្នកចុះ» ពេលនោះគាត់ក៏ក្រោកឡើងភ្លាម។
ព្រះអង្គបានបំផ្លាញអំណាចនៃការគ្រប់គ្រង និងសិទ្ធិអំណាចទាំងឡាយដោយបំបាក់មុខពួកវានៅទីសាធារណៈ ហើយបានយកឈ្នះពួកវាដោយឈើឆ្កាង។