រ៉ូម 8:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើព្រះគ្រីស្ទគង់នៅក្នុងអ្នករាល់គ្នា ទោះជារូបកាយត្រូវស្លាប់ ព្រោះតែបាបក៏ដោយ តែព្រះវិញ្ញាណនាំឲ្យមានជីវិត ព្រោះតែសេចក្តីសុចរិត។ ព្រះគម្ពីរខ្មែរសាកល ផ្ទុយទៅវិញ ប្រសិនបើព្រះគ្រីស្ទគង់នៅក្នុងអ្នករាល់គ្នា ទោះបីជារូបកាយស្លាប់ដោយសារតែបាបក៏ដោយ ក៏វិញ្ញាណមានជីវិតដោយសារតែសេចក្ដីសុចរិត។ Khmer Christian Bible ហើយបើព្រះគ្រិស្ដគង់នៅក្នុងអ្នករាល់គ្នា ទោះជារូបកាយរបស់អ្នករាល់គ្នាស្លាប់ដោយសារបាបក៏ដោយ ក៏វិញ្ញាណនៅមានជីវិតដោយសារសេចក្ដីសុចរិតដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើព្រះគ្រិស្តគង់នៅក្នុងបងប្អូន ទោះបីរូបកាយរបស់បងប្អូនស្លាប់ ព្រោះតែបាបក៏ដោយ ក៏ព្រះវិញ្ញាណនៅតែផ្ដល់ជីវិតឲ្យបងប្អូនដែរ មកពីព្រះជាម្ចាស់ប្រោសបងប្អូនឲ្យសុចរិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយបើសិនជាព្រះគ្រីស្ទសណ្ឋិតក្នុងអ្នករាល់គ្នា នោះរូបសាច់បានស្លាប់ ដោយព្រោះអំពើបាបមែន តែវិញ្ញាណមានជីវិតវិញ ដោយព្រោះសេចក្ដីសុចរិត អាល់គីតាប ប្រសិនបើអាល់ម៉ាហ្សៀសនៅក្នុងបងប្អូន ទោះបីរូបកាយរបស់បងប្អូនស្លាប់ ព្រោះតែបាបក៏ដោយ ក៏រសអុលឡោះនៅតែផ្ដល់ជីវិតឲ្យបងប្អូនដែរ មកពីអុលឡោះប្រោសបងប្អូនឲ្យបានសុចរិត។ |
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ ព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ ក៏នឹងតាំងទីលំនៅជាមួយអ្នកនោះដែរ។
ខ្ញុំជាដើម អ្នករាល់គ្នាជាមែក អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលជាច្រើន ដ្បិតបើដាច់ពីខ្ញុំ អ្នករាល់គ្នាមិនអាចធ្វើអ្វីបានឡើយ។
គឺទូលបង្គំនៅក្នុងគេ ហើយព្រះអង្គគង់ក្នុងទូលបង្គំ ដើម្បីឲ្យគេបានរួមគ្នាតែមួយយ៉ាងពេញលេញ ប្រយោជន៍ឲ្យមនុស្សលោកបានដឹងថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក ហើយដឹងថា ព្រះអង្គស្រឡាញ់គេ ដូចព្រះអង្គបានស្រឡាញ់ទូលបង្គំដែរ។
តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងក្លាយជាប្រភពទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងឲ្យបានជីវិតអស់កល្បជានិច្ច»។
អ្នកណាដែលពិសាសាច់ និងផឹកឈាមរបស់ខ្ញុំ មានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងប្រោសឲ្យរស់ឡើងវិញ នៅថ្ងៃចុងបំផុត។
អ្នកណាដែលពិសាសាច់ និងផឹកឈាមរបស់ខ្ញុំ អ្នកនោះនៅជាប់ក្នុងខ្ញុំ ហើយខ្ញុំក៏នៅជាប់ក្នុងអ្នកនោះដែរ។
ដូច្នេះ ដូចដែលបាប បានចូលមកក្នុងពិភពលោក តាមរយៈមនុស្សម្នាក់ ហើយសេចក្តីស្លាប់ចូលមកតាមរយៈបាបជាយ៉ាងណា នោះសេចក្តីស្លាប់ក៏រាលដាលដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាប។
ដូចដែលបាបបានសោយរាជ្យលើសេចក្ដីស្លាប់យ៉ាងណា នោះព្រះគុណបានសោយរាជ្យ ដោយសារសេចក្តីសុចរិត ដែលនាំឲ្យមានជីវិតអស់កល្បជានិច្ច តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងយ៉ាងនោះដែរ។
ប្រសិនបើព្រះវិញ្ញាណរបស់ព្រះអង្គ ដែលបានប្រោសព្រះយេស៊ូវឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ សណ្ឋិតក្នុងអ្នករាល់គ្នា នោះព្រះអង្គដែលបានប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ ទ្រង់ក៏នឹងប្រោសរូបកាយរបស់អ្នករាល់គ្នាដែលតែងតែស្លាប់ ឲ្យមានជីវិត តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ ដែលសណ្ឋិតនៅក្នុងអ្នករាល់គ្នានោះដែរ។
ហេតុនេះហើយបានជាមានសេចក្តីចែងទុកមកថា «លោកអ័ដាមដែលជាមនុស្សមុនដំបូង បានត្រឡប់ជាមានព្រលឹងរស់ឡើង» តែលោកអ័ដាមចុងក្រោយបង្អស់ ត្រឡប់ជាវិញ្ញាណដែលផ្ដល់ជីវិត។
ចូរអ្នករាល់គ្នាពិចារណាមើលខ្លួនឯងទៅ តើអ្នករាល់គ្នាស្ថិតនៅក្នុងជំនឿមែនឬយ៉ាងណា។ ចូរល្បងមើលខ្លួនឯងចុះ តើអ្នករាល់គ្នាមិនដឹងថា ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬ? ពិតមែន លើកលែងតែអ្នករាល់គ្នាធ្លាក់ចេញពីការល្បងលប៉ុណ្ណោះ!
ដ្បិតយើងដែលរស់នៅ នោះយើងប្រគល់ដល់សេចក្តីស្លាប់ជានិច្ច ដោយព្រោះព្រះយេស៊ូវ ដើម្បីឲ្យព្រះជន្មរបស់ព្រះយេស៊ូវបានសម្ដែងមកក្នុងរូបសាច់របស់យើង ដែលតែងតែស្លាប់នេះ។
ដ្បិតព្រះគ្រីស្ទដែលមិនបានស្គាល់បាបសោះ តែព្រះបានធ្វើឲ្យព្រះអង្គត្រឡប់ជាតួបាបជំនួសយើង ដើម្បីឲ្យយើងបានត្រឡប់ជាសេចក្តីសុចរិតរបស់ព្រះ នៅក្នុងព្រះអង្គ។
ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទវិញទេតើដែលរស់នៅក្នុងខ្ញុំ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ គឺខ្ញុំរស់ដោយជំនឿដល់ព្រះរាជបុត្រារបស់ព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ហើយបានប្រគល់ព្រះអង្គទ្រង់សម្រាប់ខ្ញុំ។
ហើយឲ្យព្រះគ្រីស្ទបានគង់ក្នុងចិត្តអ្នករាល់គ្នា តាមរយៈជំនឿ ដើម្បីឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយតាំងមាំមួនក្នុងសេចក្តីស្រឡាញ់។
ខ្ញុំមានការរារែកទាំងសងខាង ម្យ៉ាងមានចិត្តចង់ចេញទៅនៅជាមួយព្រះគ្រីស្ទ ដែលប្រសើរជាងឆ្ងាយណាស់។
និងឲ្យគេបានឃើញខ្ញុំនៅក្នុងព្រះអង្គ មិនមែនដោយសេចក្ដីសុចរិតរបស់ខ្លួនខ្ញុំ ដែលមកពីក្រឹត្យវិន័យនោះទេ តែដោយសារជំនឿដល់ព្រះគ្រីស្ទ គឺជាសេចក្តីសុចរិតដែលមកពីព្រះ ដោយសារជំនឿ។
ព្រះសព្វព្រះហឫទ័យនឹងសម្ដែងឲ្យពួកគេស្គាល់សិរីល្អដ៏បរិបូរ នៃសេចក្តីអាថ៌កំបាំងដ៏អស្ចារ្យនេះជាយ៉ាងណាក្នុងចំណោមពួកសាសន៍ដទៃ គឺព្រះគ្រីស្ទគង់នៅក្នុងអ្នករាល់គ្នា ជាសេចក្ដីសង្ឃឹមនៃសិរីល្អ។
ព្រោះព្រះអម្ចាស់ផ្ទាល់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់មួយព្រះឱស្ឋ ទាំងមានសំឡេងមហាទេវតា និងស្នូរត្រែរបស់ព្រះផង ហើយពួកអ្នកស្លាប់ក្នុងព្រះគ្រីស្ទ នឹងរស់ឡើងវិញមុនគេ។
មកដល់ក្រុមជំនុំនៃពួកកូនច្បងដែលកត់ទុកនៅស្ថានសួគ៌ មកដល់ព្រះ ដែលជាចៅក្រមនៃមនុស្សទាំងអស់ មកដល់វិញ្ញាណនៃពួកសុចរិតដែលបានគ្រប់លក្ខណ៍
ហើយដោយព្រោះបានតម្រូវឲ្យមនុស្សលោកទាំងអស់ស្លាប់ម្ដង រួចមកត្រូវទទួលការជំនុំជម្រះយ៉ាងណា
ខ្ញុំក៏ឮសំឡេងពីលើមេឃថា៖ «ចូរសរសេរដូច្នេះថា មានពរហើយ អស់អ្នកដែលស្លាប់ក្នុងព្រះអម្ចាស់ ចាប់ពីពេលនេះតទៅ»។ ព្រះវិញ្ញាណមានព្រះបន្ទូលថា៖ «មែនហើយ គឺដើម្បីឲ្យគេបានឈប់សម្រាក ពីគ្រប់ទាំងការនឿយហត់របស់គេ ដ្បិតកិច្ចការដែលគេធ្វើទាំងប៉ុន្មាន ចេះតែដេញតាមគេជាប់ជានិច្ច»។