២ ពេត្រុស 1:8 - អាល់គីតាប ប្រសិនបើបងប្អូនមានគុណសម្បត្តិទាំងនេះពេញបរិបូណ៌ក្នុងខ្លួនហើយ គុណសម្បត្តិទាំងនេះមុខជានាំបងប្អូនឲ្យមានសកម្មភាព និងបង្កើតផល ដើម្បីបានស្គាល់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់របស់យើងយ៉ាងច្បាស់។ ព្រះគម្ពីរខ្មែរសាកល ដ្បិតប្រសិនបើសេចក្ដីទាំងនេះមាននៅក្នុងអ្នករាល់គ្នា ព្រមទាំងចម្រើនឡើងជានិច្ច នោះវានឹងធ្វើឲ្យអ្នករាល់គ្នាមិនឥតប្រយោជន៍ ឬមិនឥតបង្កើតផលខាងឯការយល់ដឹងត្រឹមត្រូវអំពីព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងនោះឡើយ។ Khmer Christian Bible ដ្បិតបើសេចក្ដីទាំងនេះបានកើនឡើងនៅក្នុងអ្នករាល់គ្នា មិនធ្វើឲ្យអ្នករាល់គ្នាជាមនុស្សខ្ជិលច្រអូស ឬគ្មានផលផ្លែក្នុងការស្គាល់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើងឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតបើគុណសម្បត្តិទាំងនេះមានក្នុងចិត្តអ្នករាល់គ្នា ហើយចម្រើនឡើង គុណសម្បត្តិទាំងនោះនឹងនាំឲ្យអ្នករាល់គ្នាមានសកម្មភាព និងបង្កើតផលខាងឯការស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងជាពិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើបងប្អូនមានគុណសម្បត្តិទាំងនេះពេញបរិបូណ៌ក្នុងខ្លួនហើយ គុណសម្បត្តិទាំងនេះមុខជានាំបងប្អូនឲ្យមានសកម្មភាព និងបង្កើតផល ដើម្បីបានស្គាល់ព្រះយេស៊ូគ្រិស្ត* ជាព្រះអម្ចាស់របស់យើងយ៉ាងច្បាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតបើមានសេចក្ដីទាំងនោះចំរើនឡើង ក្នុងចិត្តអ្នករាល់គ្នាហើយ នោះអ្នករាល់គ្នាមិននៅទំនេរ ឬឥតផលខាងឯដំណើរស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាឡើយ |
អ្នកដែលទទួលគ្រាប់ពូជក្នុងដីមានបន្លា គឺអ្នកដែលបានឮបន្ទូលនៃអុលឡោះ ប៉ុន្ដែ ការខ្វល់ខ្វាយអំពីជីវិតក្នុងលោកីយ៍ ចិត្ដលោភលន់ចង់បានទ្រព្យសម្បត្តិ រួបរឹតបន្ទូលមិនឲ្យបង្កើតផលបានឡើយ។
ប្រមាណជាម៉ោងប្រាំបួនព្រឹក គាត់ចេញទៅឃើញអ្នកផ្សេងទៀតកំពុងតែឈរនៅតាមទីផ្សារឥតធ្វើអ្វីសោះ។
ប្រមាណជាម៉ោងប្រាំល្ងាចគាត់ចេញទៅសាជាថ្មី ឃើញអ្នកខ្លះទៀតឈរនៅតាមទីផ្សារ។ គាត់សួរគេថា “ហេតុដូចម្ដេចបានជាអ្នករាល់គ្នាឈរនៅទីនេះ មួយថ្ងៃវាល់ល្ងាច ឥតធ្វើអ្វីសោះដូច្នេះ”
ម្ចាស់ក៏ពោលទៅអ្នកនោះថាៈ “នែ៎ អ្នកបម្រើអាក្រក់ ខ្ជិលច្រអូសអើយ! អ្នកដឹងស្រាប់ហើយថា ខ្ញុំតែងច្រូតយកផលពីស្រែដែលខ្ញុំមិនបានសាបព្រោះ និងប្រមូលផលពីដំណាំដែលខ្ញុំមិនបានដាំ។
មែកណានៅជាប់នឹងខ្ញុំ តែឥតមានផ្លែអុលឡោះជាបិតាកាត់មែកនោះចោល។ រីឯមែកណាមានផ្លែទ្រង់លួសមែកនោះ ដើម្បីឲ្យមានផ្លែកាន់តែច្រើនឡើងទៀត។
រីឯជីវិតអស់កល្បជានិច្ចនោះ គឺឲ្យគេស្គាល់អុលឡោះ ដែលជាម្ចាស់ដ៏ពិតតែមួយគត់ និងឲ្យគេស្គាល់អ៊ីសាអាល់ម៉ាហ្សៀស ដែលទ្រង់ចាត់ឲ្យមក។
ម្យ៉ាងទៀត ខ្ញុំស្គាល់ចិត្ដអ្នករាល់គ្នា ហើយអ្នករាល់គ្នាគ្មានចិត្ដស្រឡាញ់អុលឡោះសោះ។
ត្រូវឧស្សាហ៍ខ្នះខ្នែង កុំខ្ជិលច្រអូសឡើយ។ ត្រូវបម្រើអុលឡោះជាអម្ចាស់ដោយចិត្ដក្លៀវក្លា។
ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ ចូរមានចិត្ដរឹងប៉ឹងមាំមួនឡើង។ ចូរខំប្រឹងធ្វើកិច្ចការរបស់អ៊ីសាជាអម្ចាស់ ឲ្យបានចំរើនឡើងជានិច្ច ដោយដឹងថា កិច្ចការដែលបងប្អូនធ្វើរួមជាមួយអ៊ីសាជាអម្ចាស់ទាំងនឿយហត់នោះ មិនមែនឥតប្រយោជន៍ឡើយ។
សូមបងប្អូនល្បងមើលខ្លួនឯងទៅ តើបងប្អូននៅតែមានជំនឿមែនឬយ៉ាងណា សូមបងប្អូនពិនិត្យពិច័យខ្លួនឯងមើលទៅចុះ! បងប្អូនមិនទទួលស្គាល់ទេឬថាអាល់ម៉ាហ្សៀសអ៊ីសានៅក្នុងបងប្អូន! ឬមួយមានតែបងប្អូនឃើញថា គាត់មិននៅជាមួយ!
គឺទោះបីបងប្អូនទាំងនោះកំពុងជួបប្រទះទុក្ខវេទនាជាច្រើនយ៉ាងណាក្ដី ក៏គេមានអំណរខ្លាំងក្រៃលែង ហើយទោះបីគេក្រតោកយ៉ាកយ៉ាងណាក្ដី ក៏គេនៅតែមានចិត្ដសទ្ធាជ្រះថ្លាដ៏លើសលប់ដែរ។
បងប្អូនបានចំរើនឡើងយ៉ាងបរិបូណ៌គ្រប់វិស័យទាំងអស់ គឺមានជំនឿ មានសំនួនវោហារ មានចំណេះ មានចិត្ដខ្នះខ្នែងគ្រប់យ៉ាង ព្រមទាំងមានចិត្ដស្រឡាញ់យើងផង។ ហេតុនេះ ចំពោះការប្រមូលជំនូន ចូរចំរើនឡើងយ៉ាងបរិបូណ៌ដូច្នោះដែរ។
គេសូមអង្វរអុលឡោះឲ្យបងប្អូនដោយចិត្ដស្រឡាញ់ ព្រោះតែគុណដ៏ច្រើនលើសលុបដែលអុលឡោះប្រទានមកបងប្អូន។
ខ្ញុំសូមអង្វរអុលឡោះដូចតទៅនេះ គឺសូមឲ្យបងប្អូនមានសេចក្ដីស្រឡាញ់ដ៏លើសលប់ កាន់តែខ្លាំងឡើងៗ ធ្វើឲ្យបងប្អូនចេះដឹងច្បាស់ និងយល់សព្វគ្រប់ទាំងអស់
អាល់ម៉ាហ្សៀសអ៊ីសាមានចិត្ដគំនិតយ៉ាងណា បងប្អូនត្រូវមានចិត្ដគំនិតយ៉ាងនោះដែរ។
គឺខ្ញុំចាត់ទុកអ្វីៗទាំងអស់ដូចជាឥតបានការ ព្រោះតែបានស្គាល់អាល់ម៉ាហ្សៀសអ៊ីសាជាអម្ចាស់របស់ខ្ញុំ ដែលជាការមួយដ៏ប្រសើរវិសេសវិសាលបំផុត។ ព្រោះតែគាត់ ខ្ញុំសុខចិត្ដខាតបង់អ្វីៗទាំងអស់ ហើយខ្ញុំចាត់ទុកអ្វីៗទាំងអស់នេះដូចជាសំរាមឲ្យតែខ្ញុំបានអាល់ម៉ាហ្សៀស
សូមឲ្យបងប្អូនរស់នៅបានសមរម្យនឹងអ៊ីសាជាអម្ចាស់ ដើម្បីឲ្យបានគាប់ចិត្តគាត់ក្នុងគ្រប់វិស័យទាំងអស់។ ដូច្នេះ បងប្អូននឹងបង្កើតផលផ្លែក្នុងគ្រប់អំពើល្អដែលបងប្អូនធ្វើ ហើយបងប្អូននឹងស្គាល់អុលឡោះកាន់តែច្បាស់ឡើងៗ។
ចូរចាក់ឫស និងកសាងជីវិតលើអ៊ីសា ចូររក្សាជំនឿឲ្យបានរឹងប៉ឹង ស្របតាមសេចក្ដីប្រៀនប្រដៅដែលបងប្អូនបានទទួល ហើយត្រូវអរគុណអុលឡោះឲ្យបានច្រីនលើសលប់។
សូមពាក្យរបស់អាល់ម៉ាហ្សៀសសណ្ឋិតនៅក្នុងបងប្អូនឲ្យបានបរិបូណ៌។ ចូរប្រៀនប្រដៅ និងដាស់តឿនគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរច្រៀងអរគុណអុលឡោះក្នុងចិត្ដ ដោយប្រើទំនុកតម្កើង បទសរសើរ និងបទចំរៀងមកពីរសអុលឡោះ។
សូមអ៊ីសាជាអម្ចាស់ប្រទានឲ្យបងប្អូនមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក និងស្រឡាញ់មនុស្សទាំងអស់ កាន់តែខ្លាំងឡើងៗជាអនេកដូចយើងបានស្រឡាញ់បងប្អូនដែរ។
បងប្អូនអើយ បងប្អូនបានរៀនពីយើងអំពីរបៀបរស់នៅ ដែលគាប់ចិត្តអុលឡោះ ហើយបានប្រព្រឹត្ដតាមទៀតផង។ ដូច្នេះ នៅទីបំផុតយើងសូមអង្វរ និងសូមដាស់តឿនបងប្អូន ក្នុងនាមអ៊ីសាជាអម្ចាស់ថា សូមឲ្យបងប្អូនបានប្រសើរលើសនេះទៅទៀត!
បងប្អូនអើយ យើងត្រូវតែអរគុណអុលឡោះស្ដីអំពីបងប្អូនជានិច្ច យើងធ្វើដូច្នេះពិតជាត្រឹមត្រូវមែន ព្រោះជំនឿរបស់បងប្អូនកាន់តែចំរើនឡើង ហើយបងប្អូនក៏មានចិត្ដស្រឡាញ់គ្នាទៅវិញទៅមក រឹតតែខ្លាំងឡើងៗដែរ។
មួយវិញទៀត ពួកនាងមិនធ្វើការអ្វីទេ គឺមានទម្លាប់ដើរពីផ្ទះមួយទៅផ្ទះមួយ។ ពួកនាងមិនគ្រាន់តែអត់ធ្វើអ្វីប៉ុណ្ណោះទេ គឺថែមទាំងនិយាយប៉ប៉ាច់ប៉ប៉ោច និយាយបេះបួយ និងនិយាយពីការផ្សេងៗដែលមិនត្រូវនិយាយ។
ត្រូវឲ្យបងប្អូនយើងរៀនប្រព្រឹត្ដអំពើល្អ ឲ្យបានប្រសើរលើសគេ ដើម្បីជួយផ្គត់ផ្គង់សេចក្ដីត្រូវការដ៏ចាំបាច់ផ្សេងៗ កុំឲ្យគេទៅជាមនុស្សមិនបង្កើតផល។
សូមទ្រង់ប្រទានឲ្យការចែកចាយក្នុងជំនឿ របស់លោកប្អូនជំរុញចិត្ដលោកប្អូនឲ្យយល់ច្បាស់ នូវការល្អគ្រប់យ៉ាងដែលយើងមានក្នុងអាល់ម៉ាហ្សៀស។
ដើម្បីកុំឲ្យបងប្អូនក្លាយទៅជាខ្ជិលច្រអូស តែឲ្យយកតម្រាប់តាមអស់អ្នកដែលបានទទួលមត៌ក តាមបន្ទូលសន្យានៃអុលឡោះ ព្រោះគេមានជំនឿ និងចេះស៊ូទ្រាំ។
ដោយបងប្អូនស្គាល់អុលឡោះ និងស្គាល់អ៊ីសាជាអម្ចាស់នៃយើង សូមឲ្យបងប្អូនបានប្រកបដោយសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដកាន់តែច្រើនឡើងៗ។
អំណាចរបស់អុលឡោះប្រទានឲ្យយើងមានអ្វីៗទាំងអស់ សម្រាប់ជីវិតរស់នៅ និងសម្រាប់គោរពប្រណិប័តន៍ទ្រង់។ អំណាចនោះនាំយើងឲ្យស្គាល់ទ្រង់ ដែលបានត្រាស់ហៅយើង ដោយសារសិរីរុងរឿងរបស់ទ្រង់ផ្ទាល់ និងដោយសារបារមីរបស់ទ្រង់។
ប្រសិនបើអ្នកណាបានលះបង់អំពើសៅហ្មងនៃលោកីយ៍ ដោយបានស្គាល់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់ និងជាអ្នកសង្គ្រោះយ៉ាងច្បាស់ហើយ តែបែរជាបណ្ដោយឲ្យអំពើសៅហ្មងនេះ មានអំណាចរួបរឹត និងដឹកនាំសាជាថ្មី ជីវិតរបស់អ្នកនោះនឹងក្លាយទៅជាអាក្រក់ជាងមុនទៅទៀត។
ផ្ទុយទៅវិញ សូមបងប្អូនបានចំរើនឡើង ក្នុងក្តីមេត្តា និងការស្គាល់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ និងជាអ្នកសង្គ្រោះរបស់យើងកាន់តែខ្លាំងឡើងៗ។ សូមលើកតម្កើងសិរីរុងរឿងរបស់អ៊ីសា នៅពេលឥឡូវនេះ ព្រមទាំងរហូតដល់អស់កល្បជានិច្ចតរៀងទៅ។ អាម៉ីន។