បងៗបានឃុបឃិតគ្នាធ្វើបាបខ្ញុំ តែព្រះជាម្ចាស់បានធ្វើឲ្យការនោះ ប្រែទៅជាល្អ ដូចយើងឃើញសព្វថ្ងៃនេះស្រាប់ គឺព្រះអង្គបានសង្គ្រោះជីវិតប្រជាជនមួយដ៏ធំ។
២ សាំយូអែល 16:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចមានរាជឱង្ការថា៖ «លោកអប៊ីសាយ និងលោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ាអើយ ចូរកុំលូកដៃក្នុងរឿងនេះអី! ប្រសិនបើព្រះអម្ចាស់បង្គាប់ឲ្យគាត់ដាក់បណ្ដាសាយើងដូច្នេះ មិនត្រូវឲ្យនរណាម្នាក់ស្ដីបន្ទោសគាត់ឡើយ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចមានរាជឱង្ការថា៖ «នែ៎ កូនសេរូយ៉ាអើយ តើយើងនឹងអ្នកមានប្រកបអ្វីនឹងគ្នា ដែលវាជេរប្រមាថដូច្នេះ នោះគឺដោយព្រោះព្រះយេហូវ៉ាបានប្រាប់ឲ្យវាជេរប្រមាថដល់ដាវីឌទេតើ បើយ៉ាងនោះ តើអ្នកណានឹងហ៊ានសួរថា ហេតុអ្វីបានជាធ្វើដូច្នេះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចមានបន្ទូលថា នែ កូនសេរូយ៉ាអើយ តើយើង នឹងអ្នកមានប្រកបអ្វីនឹងគ្នា ដែលវាជេរប្រមាថដូច្នេះ នោះគឺដោយព្រោះព្រះយេហូវ៉ាទ្រង់បានប្រាប់ឲ្យវាជេរប្រមាថដល់ដាវីឌទេតើ បើយ៉ាងនោះតើអ្នកណានឹងហ៊ានសួរថា ហេតុអ្វីបានជាធ្វើដូច្នេះ អាល់គីតាប ស្តេចទតប្រាប់ថា៖ «លោកអប៊ីសាយ និងលោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ាអើយ ចូរកុំលូកដៃក្នុងរឿងនេះអី! ប្រសិនបើអុលឡោះតាអាឡាបង្គាប់ឲ្យគាត់ដាក់បណ្តាសាយើងដូច្នេះ មិនត្រូវឲ្យនរណាម្នាក់ស្តីបន្ទោសគាត់ឡើយ!»។ |
បងៗបានឃុបឃិតគ្នាធ្វើបាបខ្ញុំ តែព្រះជាម្ចាស់បានធ្វើឲ្យការនោះ ប្រែទៅជាល្អ ដូចយើងឃើញសព្វថ្ងៃនេះស្រាប់ គឺព្រះអង្គបានសង្គ្រោះជីវិតប្រជាជនមួយដ៏ធំ។
ប៉ុន្តែ ព្រះបាទដាវីឌមានរាជឱង្ការទៅលោកអប៊ីសាយ និងលោកយ៉ូអាប់ ជាបងថា៖ «កូនអ្នកស្រីសេរូយ៉ាអើយ កុំលូកដៃក្នុងរឿងនេះឲ្យសោះ! ហេតុអ្វីបានជាលោកទាំងពីរជំទាស់នឹងខ្ញុំនៅពេលនេះដូច្នេះ? មិនត្រូវសម្លាប់ជនជាតិអ៊ីស្រាអែលណាម្នាក់ក្នុងថ្ងៃនេះឡើយ ដ្បិតខ្ញុំដឹងច្បាស់ថា ខ្ញុំពិតជាស្ដេចលើប្រជាជនអ៊ីស្រាអែលវិញហើយ!»។
ទោះបីព្រះជាម្ចាស់បានចាក់ប្រេងអភិសេកខ្ញុំជាស្ដេចក្ដី ក៏ខ្ញុំនៅតែទន់ខ្សោយដែរ។ រីឯកូនៗរបស់អ្នកស្រីសេរូយ៉ា គេកាចជាងខ្ញុំ។ ដូច្នេះ សូមព្រះអម្ចាស់ដាក់ទោសមនុស្សអាក្រក់ តាមអំពើអាក្រក់ដែលគេបានប្រព្រឹត្តចុះ»។
ស្ត្រីជាម្ដាយពោលទៅកាន់លោកអេលីយ៉ាថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ! តើនាងខ្ញុំ និងលោកមានរឿងអ្វីជាមួយគ្នា បានជាលោកអញ្ជើញមកស្នាក់នៅផ្ទះនាងខ្ញុំ ដើម្បីរំឭកពីកំហុសរបស់នាងខ្ញុំ ហើយធ្វើឲ្យកូននាងខ្ញុំស្លាប់ដូច្នេះ!»។
បុត្រដឹងស្រាប់ហើយនូវអំពើដែលលោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា បានប្រព្រឹត្តចំពោះបិតា ដោយធ្វើឃាតមេទ័ពពីររូបរបស់ជនជាតិអ៊ីស្រាអែល គឺលោកអប៊ីនើរ ជាកូនរបស់លោកនើរ និងលោកអម៉ាសា ជាកូនរបស់លោកយេធើរ។ ក្នុងពេលដែលស្រុកកំពុងតែសុខសាន្តត្រាណ លោកយ៉ូអាប់បានបង្ហូរឈាមដូចពេលមានសង្គ្រាម។ ដូច្នេះ លោកត្រូវទទួលខុសត្រូវចំពោះឈាមដែលប្រឡាក់ជាប់ខ្សែក្រវាត់ និងស្បែកជើងរបស់លោក។
មួយវិញទៀត យើងលើកទ័ពមកវាយកម្ទេចកន្លែងនេះ ស្របតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ ដ្បិតព្រះអម្ចាស់បង្គាប់ឲ្យយើងមកវាយកម្ទេចក្រុងនេះ»។
ពេលព្រះអង្គដកយកអ្វីទៅហើយ គ្មាននរណាអាចឃាត់ព្រះអង្គបានទេ ហើយក៏គ្មាននរណាអាចពោលទៅព្រះអង្គថា “ហេតុអ្វីបានជាព្រះអង្គធ្វើដូច្នេះ” ដែរ។
ទូលបង្គំនៅស្ងៀម មិននិយាយស្ដីអ្វីទេ ដ្បិតព្រះអង្គទេតើដែលបានធ្វើទោសទូលបង្គំ។
ស្ដេចមានរាជឱង្ការយ៉ាងណាក្ដី ក៏សុទ្ធតែមានអំណាច។ គ្មាននរណាអាចសួរស្ដេចថា “ហេតុអ្វីបានជាព្រះករុណាធ្វើដូច្នេះ” បានឡើយ។
ពេលព្រះអម្ចាស់បង្គាប់អ្វីមួយ ការនោះត្រូវតែកើតឡើង ក្រៅពីព្រះអង្គ គ្មាននរណាធ្វើដូច្នេះបានទេ។
មនុស្សទាំងអស់នៅផែនដីដូចជាគ្មានតម្លៃអ្វីសោះ។ ព្រះអង្គប្រព្រឹត្តចំពោះពួកទេវតា និងចំពោះមនុស្សលោក តាមព្រះហឫទ័យរបស់ព្រះអង្គ គ្មាននរណាម្នាក់អាចប្រឆាំងនឹងកិច្ចការរបស់ព្រះអង្គ ដោយពោលថា “ម្ដេចក៏ព្រះអង្គធ្វើដូច្នេះ?” បានឡើយ។
ព្រះយេស៊ូបែរមកមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «នែ មារ*សាតាំងអើយ! ថយទៅខាងក្រោយខ្ញុំ ដ្បិតអ្នកកំពុងរារាំងផ្លូវខ្ញុំ គំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សលោកសុទ្ធសាធ»។
អ្នកទាំងពីរស្រែកឡើងថា៖ «ព្រះបុត្រារបស់ព្រះជាម្ចាស់អើយ! តើព្រះអង្គចង់ធ្វើអ្វីយើងខ្ញុំ? ព្រះអង្គយាងមកទីនេះ ដើម្បីធ្វើទុក្ខទោសយើងខ្ញុំ មុនពេលកំណត់ឬ?»។
ព្រះយេស៊ូមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «ស៊កដាវទៅក្នុងស្រោមវិញទៅ តើអ្នកមិនចង់ឲ្យខ្ញុំផឹកពីពែងនៃទុក្ខលំបាក ដែលព្រះបិតាប្រទានមកខ្ញុំទេឬ?»។
ឱមនុស្សអើយ តើអ្នកមានឋានៈអ្វីបានជាហ៊ានជជែកតវ៉ានឹងព្រះជាម្ចាស់បែបនេះ? តើដីឥដ្ឋមានដែលនិយាយទៅកាន់ជាងស្មូនថា «ហេតុអ្វីបានជាលោកធ្វើឲ្យខ្ញុំមានរូបរាងយ៉ាងនេះ»ដែរឬទេ? ។
ទោះបីគេជេរប្រមាថព្រះអង្គ ក៏ព្រះអង្គមិនតបតទៅគេវិញដែរ ព្រះអង្គបានរងទុក្ខលំបាក តែព្រះអង្គពុំបានគំរាមកំហែងគេវិញទេ ព្រះអង្គផ្ញើជីវិតទៅលើព្រះជាម្ចាស់ ដែលទ្រង់វិនិច្ឆ័យដោយយុត្តិធម៌។
សូមព្រះករុណាជាអម្ចាស់មេត្តាសណ្ដាប់ពាក្យទូលបង្គំ នៅពេលនេះផង។ ប្រសិនបើព្រះអម្ចាស់ជំរុញព្រះករុណាឲ្យប្រព្រឹត្តដូច្នេះចំពោះទូលបង្គំ នោះសូមព្រះអម្ចាស់ទទួលយកតង្វាយមួយចុះ ប៉ុន្តែ ប្រសិនបើមនុស្សជាអ្នកជំរុញព្រះករុណាវិញ សូមឲ្យពួកគេត្រូវបណ្ដាសានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដ្បិតថ្ងៃនេះ ពួកគេបណ្ដេញទូលបង្គំមិនឲ្យរស់នៅលើទឹកដី ដែលព្រះអម្ចាស់ប្រទានមកប្រជារាស្ត្ររបស់ព្រះអង្គ ទុកជាមត៌ក គឺហាក់ដូចជាចង់ដេញទូលបង្គំឲ្យទៅគោរពព្រះឯទៀត