២ សាំយូអែល 16 - អាល់គីតាបណាពីទត និងស៊ីបា 1 ស្តេចទតឆ្លងផុតពីកំពូលភ្នំបន្តិច ស្រាប់តែស៊ីបា ជាអ្នកបម្រើរបស់លោកមេភីបូសែត ក៏មកជួបគោរពស្តេច គាត់នាំយកសត្វលាពីរក្បាល ដែលមានដឹកនំបុ័ងចំនួនពីររយដុំ ទំពាំងបាយជូរក្រៀមចំនួនមួយរយកញ្ចប់ ផ្លែឈើស្រស់ចំនួនមួយរយផ្លែ ព្រមទាំងស្រាទំពាំងបាយជូរមួយថង់ស្បែកផង។ 2 ស្តេចទតសួរស៊ីបាថា៖ «តើអ្នកយករបស់ទាំងនេះមកធ្វើអ្វី?»។ ស៊ីបាឆ្លើយថា៖ «សូមជម្រាបស្តេចថា សត្វលាទាំងពីរនេះ ជាជំនិះសម្រាប់រាជវង្ស នំបុ័ង និងផ្លែឈើ ជាអាហាររបស់ពលទាហាន ហើយស្រានេះ ទុកសម្រាប់អ្នកដែលអស់កម្លាំងនៅវាលរហោស្ថាន»។ 3 ទតសួរថា៖ «តើកូនរបស់ម្ចាស់អ្នកនៅឯណា?»។ ស៊ីបាឆ្លើយថា៖ «គាត់នៅឯក្រុងយេរូសាឡឹម ដ្បិតគាត់គិតថា ថ្ងៃនេះ ជនជាតិអ៊ីស្រអែលនឹងប្រគល់រាជ្យរបស់ជីតាគាត់ មកឲ្យគាត់វិញ»។ 4 ទតមានប្រសាសន៍ថា៖ «អ្វីៗទាំងប៉ុន្មានដែលជាកម្មសិទ្ធិរបស់លោកមេភីបូសែត យើងប្រគល់ឲ្យអ្នកទាំងអស់»។ ស៊ីបាក្រាបគោរពស្តេច ហើយជម្រាបថា៖ «សូមស្តេចប្រណីសន្តោសខ្ញុំរហូតតទៅ!»។ លោកស៊ីម៉ាយជេរប្រទេចផ្តាសាណាពីទត 5 ពេលស្តេចទតទៅដល់ភូមិបាហ៊ូរីម មានបុរសម្នាក់ឈ្មោះស៊ីម៉ាយ ជាកូនរបស់លោកកេរ៉ា ក្នុងអំបូររបស់ស្តេចសូល បានចេញពីភូមិ ហើយជេរប្រទេចផ្តាសាស្តេចទត។ 6 គាត់ចោលដុំថ្មទៅលើស្តេចទត និងនាម៉ឺនមន្ត្រីរបស់គាត់ ទោះបីមានបណ្តាជន និងពលទាហាន នៅអមសងខាងគាត់ក៏ដោយ។ 7 គាត់ជេរប្រទេចផ្តាសាទតថា៖ «ចេញទៅ! ចេញទៅ! អាឃាតក! អាចោលម្សៀត! 8 អុលឡោះតាអាឡាដាក់ទោសឯង ដើម្បីសងសឹកជំនួសរាជវង្សរបស់ស្តេចសូល ដែលឯងបានដណ្តើមរាជ្យ។ ហេតុនេះហើយបានជាអុលឡោះតាអាឡាដករាជ្យពីឯង ប្រគល់ទៅឲ្យសម្តេចអាប់សាឡុមជាកូនវិញ។ ឥឡូវនេះ ឯងត្រូវរងទុក្ខវេទនា ដ្បិតឯងជាឃាតក»។ 9 លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា ជម្រាបទតថា៖ «សូមជម្រាបស្តេច ម្តេចក៏ទុកឲ្យអាឆ្កែងាប់នេះ ជេរប្រទេចផ្តាសាស្តេចដូច្នេះ? ខ្ញុំសូមទៅកាត់កវា»។ 10 ស្តេចទតប្រាប់ថា៖ «លោកអប៊ីសាយ និងលោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ាអើយ ចូរកុំលូកដៃក្នុងរឿងនេះអី! ប្រសិនបើអុលឡោះតាអាឡាបង្គាប់ឲ្យគាត់ដាក់បណ្តាសាយើងដូច្នេះ មិនត្រូវឲ្យនរណាម្នាក់ស្តីបន្ទោសគាត់ឡើយ!»។ 11 ស្តេចទតមានប្រសាសន៍ទៅកាន់លោកអប៊ីសាយ និងមន្ត្រីទាំងអស់ថា៖ «សូម្បីតែកូនបង្កើត ដែលជាសាច់ឈាមរបស់យើង ក៏វារកសម្លាប់យើងទៅហើយ ប្រសិនបើអុលឡោះតាអាឡាបង្គាប់ដូច្នេះ ទុកឲ្យអ្នកស្រុកពុនយ៉ាមីនម្នាក់នេះ ជេរប្រទេចផ្តាសាយើងទៅ! 12 ប្រហែលជាអុលឡោះតាអាឡាឃើញទុក្ខវេទនារបស់យើង ហើយធ្វើឲ្យពាក្យបណ្តាសានៅថ្ងៃនេះ ក្លាយទៅជាពាក្យជូនពរទៅវិញ»។ 13 ស្តេចទត និងពលទាហានបន្តដំណើរទៅមុខ ហើយលោកស៊ីម៉ាយដើរតាមចង្កេះភ្នំម្ខាងទៀត នៅមិនឆ្ងាយប៉ុន្មានពីស្តេចទត។ គាត់ដើរបណ្តើរជេរប្រទេចផ្តាសាបណ្តើរ ព្រមទាំងយកដុំថ្មគប់ និងបាចដីមកលើស្តេចផង។ 14 ទត និងបណ្តាជនទាំងមូល ដែលរួមដំណើរជាមួយក៏ទៅដល់ទន្លេយ័រដាន់ ពួកគេអស់កម្លាំង ហើយឈប់សម្រាកនៅទីនោះ។ លោកហ៊ូសាយចូលជួបស្តេចអាប់សាឡុម 15 ស្តេចអាប់សាឡុម និងប្រជាជនអ៊ីស្រអែលទាំងមូល ចូលដល់ក្រុងយេរូសាឡឹម។ លោកអហ៊ីថូផែលក៏នៅជាមួយស្តេចអាប់សាឡុមដែរ។ 16 លោកហ៊ូសាយ ជាជនជាតិអើគី ដែលជាមន្ត្រីជំនិតរបស់ស្តេចទត ចូលទៅជួបស្តេចអាប់សាឡុម ពោលថា៖ «ជយោស្តេច! ជយោស្តេច!»។ 17 ស្តេចអាប់សាឡុមនិយាយទៅកាន់គាត់ថា៖ «ចិត្តស្មោះត្រង់ចំពោះឪពុកខ្ញុំ ដែលជាមិត្តសម្លាញ់របស់អ្នកនោះ នៅឯណា? ហេតុអ្វីបានជាអ្នកមិនទៅតាមឪពុកខ្ញុំ?»។ 18 លោកហ៊ូសាយឆ្លើយថា៖ «ទេ! បើអុលឡោះតាអាឡា និងប្រជាជនអ៊ីស្រអែល ព្រមទាំងកងទ័ពទាំងមូលជ្រើសរើសស្តេចណា ខ្ញុំនៅជាមួយស្តេចនោះហើយ។ 19 ម្យ៉ាងទៀត ខ្ញុំត្រូវបម្រើអ្នកណា? ស្តេចជាកូនរបស់មិត្តសម្លាញ់ខ្ញុំ ដូច្នេះ ខ្ញុំនឹងបម្រើស្តេច ដូចខ្ញុំបានបម្រើឪពុករបស់ស្តេចដែរ»។ ស្តេចអាប់សាឡុម និងពួកស្រីស្នំរបស់ណាពីទត 20 ស្តេចអាប់សាឡុមមានប្រសាសន៍ទៅកាន់លោកអហ៊ីថូផែលថា៖ «ចូរអស់លោកពិភាក្សាគ្នា អំពីកិច្ចការដែលពួកយើងត្រូវធ្វើនោះទៅ»។ 21 លោកអហ៊ីថូផែលជម្រាបស្តេចអាប់សាឡុមថា៖ «សូមទៅរួមដំណេកជាមួយពួកស្រីស្នំ ដែលឪពុករបស់ស្តេចទុកឲ្យនៅចាំដំណាក់នោះចុះ។ ធ្វើដូច្នេះ ប្រជាជនអ៊ីស្រអែលទាំងមូលនឹងដឹងថា ស្តេចតាំងខ្លួនជាសត្រូវនឹងឪពុក ហើយបក្សពួករបស់ស្តេចក៏នឹងមានកម្លាំងចិត្តឡើងដែរ»។ 22 គេបានដំឡើងជំរំមួយជូនស្តេចអាប់សាឡុម តាមថែវនៅជាន់ខាងលើដំណាក់ ហើយស្តេចអាប់សាឡុមក៏ចូលទៅរួមដំណេកជាមួយស្រីស្នំរបស់ឪពុក ឲ្យប្រជាជនអ៊ីស្រអែលទាំងមូលឃើញ។ 23 នៅគ្រានោះ យោបល់របស់លោកអហ៊ីថូផែលមានឥទ្ធិពលដូចបន្ទូលរបស់អុលឡោះដែរ។ ស្តេចទត និងស្តេចអាប់សាឡុមតែងតែធ្វើតាមយោបល់ទាំងប៉ុន្មានរបស់គាត់។ |
© 2014 United Bible Societies, UK.
United Bible Societies