២ របាក្សត្រ 26:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអូសៀសកាន់ពានសម្រាប់ដុតគ្រឿងក្រអូប ហើយពេលស្ដេចខ្ញាល់ឡើងទាស់នឹងបូជាចារ្យ ស្រាប់តែមានរោគឃ្លង់កើតពាសពេញថ្ងាស នៅចំពោះមុខក្រុមបូជាចារ្យ ក្បែរអាសនៈដុតគ្រឿងក្រអូប ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះបាទអូសៀសក៏ក្រេវក្រោធ រីឯព្រះហស្តរបស់ទ្រង់កាន់ពាន ប្រុងនឹងដុតកំញាន ហើយកំពុងដែលទ្រង់ក្រេវក្រោធនឹងពួកសង្ឃដូច្នេះ នោះរោគឃ្លង់ ក៏លេចឡើងត្រង់ថ្ងាស នៅចំពោះមុខពួកសង្ឃក្បែរអាសនាគ្រឿងក្រអូប នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អូសៀសក៏ក្រេវក្រោធ រីឯព្រះហស្តទ្រង់កាន់ពាន ប្រុងនឹងដុតកំញាន ហើយកំពុងដែលទ្រង់ក្រេវក្រោធនឹងពួកសង្ឃដូច្នេះ នោះរោគឃ្លង់ក៏លេចឡើងត្រង់ព្រះនលាដទ្រង់ នៅមុខពួកសង្ឃក្បែរអាសនាគ្រឿងក្រអូប នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា អាល់គីតាប ស្តេចអូសៀសកាន់ពានសម្រាប់ដុតគ្រឿងក្រអូប ហើយពេលស្តេចខឹងឡើងទាស់នឹងអ៊ីមុាំ ស្រាប់តែមានរោគឃ្លង់កើតពាសពេញថ្ងាស នៅចំពោះមុខក្រុមអ៊ីមុាំ ក្បែរអាសនៈដុតគ្រឿងក្រអូបក្នុងដំណាក់របស់អុលឡោះតាអាឡា។ |
ព្រះបាទអេសាខ្ញាល់នឹងគ្រូទាយជាខ្លាំង ទ្រង់ក៏ឲ្យគេយកលោកទៅឃុំឃាំង ដ្បិតពាក្យរបស់លោកបានធ្វើឲ្យទ្រង់ក្រេវក្រោធ។ ក្នុងពេលជាមួយគ្នានោះ ព្រះបាទអេសាសង្កត់សង្កិនប្រជាជនមួយចំនួន។
លោកមានប្រសាសន៍មិនទាន់ផុតផង ព្រះបាទអម៉ាស៊ីយ៉ាមានរាជឱង្ការទៅលោកថា៖ «តើយើងបានតែងតាំងអ្នកឲ្យធ្វើជាទីប្រឹក្សារបស់ស្ដេចពីអង្កាល់? ប្រសិនបើអ្នកមិនចង់ឲ្យគេវាយអ្នកទេនោះ ចូរនៅស្ងៀមទៅ!»។ ប៉ុន្តែ មុននឹងបញ្ចប់ព្យាការីថ្លែងថា៖ «ទូលបង្គំដឹងហើយថា ព្រះជាម្ចាស់បានសម្រេចនឹងបំផ្លាញព្រះករុណា ដ្បិតព្រះករុណាប្រព្រឹត្តបែបនេះ ហើយព្រះករុណាក៏បដិសេធមិនព្រមស្ដាប់យោបល់របស់ទូលបង្គំដែរ»។
លោកមហាបូជាចារ្យអសារា និងបូជាចារ្យទាំងអស់ បែរទៅឃើញស្ដេចកើតឃ្លង់នៅលើថ្ងាសដូច្នេះ ពួកលោកក៏នាំស្ដេចចេញមកក្រៅជាបន្ទាន់។ រីឯស្ដេចផ្ទាល់ក៏ប្រញាប់ចេញមកដែរ ព្រោះស្ដេចជ្រាបថា ព្រះអម្ចាស់បានវាយប្រហារស្ដេច។
ហើយបូជាចារ្យពិនិត្យអ្នកជំងឺនោះ។ ប្រសិនបើលោកសង្កេតឃើញមានកន្ទួលពណ៌សនៅលើស្បែក ហើយកន្ទួលនោះធ្វើឲ្យរោមប្រែជាមានពណ៌ស និងមានសាច់ខ្ចីដុះចេញពីកន្ទួល
ពពក*ក៏រសាត់ឡើងចាកចេញពីពន្លាដែរ។ ពេលនោះ អ្នកស្រីម៉ារាមក៏កើតឃ្លង់ពេញខ្លួន មានពណ៌ដូចកប្បាស។ លោកអើរ៉ុនបែរទៅរកអ្នកស្រីម៉ារាម ឃើញគាត់កើតឃ្លង់។