២ កូរិនថូស 11:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើមានអ្នកណាម្នាក់ទន់ខ្សោយ ខ្ញុំក៏ទន់ខ្សោយដែរ ប្រសិនបើមានអ្នកណាម្នាក់ឃ្លាតចេញពីជំនឿ ខ្ញុំឈឺចុកចាប់ណាស់! ព្រះគម្ពីរខ្មែរសាកល តើអ្នកណាខ្សោយ ហើយខ្ញុំមិនខ្សោយដែរ? តើអ្នកណាជំពប់ដួល ហើយខ្ញុំមិនឈឺឆ្អាល? Khmer Christian Bible បើមានអ្នកណាម្នាក់ខ្សោយ តើខ្ញុំមិនខ្សោយទេឬ? បើមានអ្នកណាម្នាក់ត្រូវគេធ្វើឲ្យជំពប់ដួល តើខ្ញុំមិនឆេះឆួលទេឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលខ្សោយ តើខ្ញុំមិនខ្សោយទេឬ? អ្នកណាដែលគេធ្វើឲ្យជំពប់ដួល តើខ្ញុំមិនឈឺឆ្អាលទេឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកឯណាខ្សោយ ហើយខ្ញុំមិនបានខ្សោយផង តើអ្នកឯណាអាក់អន់ចិត្ត ហើយខ្ញុំមិនឈឺឆ្អាលផង អាល់គីតាប ប្រសិនបើមានអ្នកណាម្នាក់ទន់ខ្សោយ ខ្ញុំក៏ទន់ខ្សោយដែរ ប្រសិនបើមានអ្នកណាម្នាក់ឃ្លាតចេញពីជំនឿ ខ្ញុំឈឺចុកចាប់ណាស់! |
ពួកសិស្ស*នឹកឃើញសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា៖ «មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គ បានជាគេប្រហារជីវិតទូលបង្គំ»។
ចំពោះយើងដែលមានជំនឿមាំមួន យើងមានភារកិច្ចជួយអ្នកដែលមានជំនឿទន់ខ្សោយ គឺមិនត្រូវធ្វើអ្វីតាមតែខ្លួនឯងពេញចិត្តនោះឡើយ។
តើបងប្អូនគ្មានផ្ទះសំបែងសម្រាប់ពិសាបាយទឹកទេឬ? ឬមួយមកពីបងប្អូនប្រមាថមាក់ងាយក្រុមជំនុំរបស់ព្រះជាម្ចាស់ និងចង់ធ្វើឲ្យអ្នកដែលគ្មានអ្វីបរិភោគត្រូវអៀនខ្មាស? តើត្រូវឲ្យខ្ញុំនិយាយមកកាន់បងប្អូនដោយរបៀបណា? ឲ្យខ្ញុំសរសើរបងប្អូនឬ? ទេ ខ្ញុំពុំអាចសរសើរបងប្អូនក្នុងរឿងនេះបានទេ!។
ប្រសិនបើមានសរីរាង្គណាមួយឈឺចុកចាប់ សរីរាង្គទាំងអស់ក៏ឈឺចុកចាប់ជាមួយដែរ ប្រសិនបើមានសរីរាង្គណាមួយបានថ្លៃថ្នូរ សរីរាង្គទាំងអស់ក៏អរសប្បាយជាមួយដែរ។
មនុស្សឆោតល្ងង់អើយ! គ្រាប់ពូជដែលអ្នកសាបព្រោះទៅ វាមានជីវិតបាន លុះត្រាតែវាងាប់សិន។
ហេតុនេះ ប្រសិនបើចំណីអាហារណាមួយធ្វើឲ្យបងប្អូនរបស់ខ្ញុំធ្លាក់ក្នុងអំពើបាប ខ្ញុំនឹងមិនបរិភោគសាច់ទៀតជាដាច់ខាត ដើម្បីកុំឲ្យបងប្អូនខ្ញុំរវាតចិត្តបាត់ជំនឿ។
ហេតុនេះ សូមបងប្អូនប្រុងប្រយ័ត្នខ្លួន កុំឲ្យសិទ្ធិសេរីភាពរបស់បងប្អូននាំឲ្យអ្នកដែលមានជំនឿទន់ខ្សោយធ្លាក់ក្នុងអំពើបាបនោះឡើយ។
កាលខ្ញុំនៅជាមួយអ្នកមានជំនឿទន់ខ្សោយ ខ្ញុំក៏ធ្វើដូចជាអ្នកមានជំនឿទន់ខ្សោយដែរ ដើម្បីនាំពួកគេឲ្យមានជំនឿលើព្រះគ្រិស្ត។ ខ្ញុំធ្វើឲ្យបានដូចមនុស្សទាំងអស់ ក្នុងគ្រប់កាលៈទេសៈ ដើម្បីសង្គ្រោះអ្នកខ្លះ តាមគ្រប់មធ្យោបាយទាំងអស់។
យើងសប្បាយចិត្ត នៅពេលណាយើងទន់ខ្សោយ ហើយបងប្អូនមានកម្លាំង។ យើងអធិស្ឋានសុំសេចក្ដីតែមួយនេះ គឺសូមឲ្យបងប្អូនបានគ្រប់លក្ខណៈ។
ពេលខ្ញុំឃើញបងប្អូនទាំងនោះលែងដើរត្រង់តាមសេចក្ដីពិតនៃដំណឹងល្អហើយនោះ ខ្ញុំក៏ជម្រាបលោកពេត្រុសនៅមុខគេឯងទាំងអស់គ្នាថា: “បើលោកដែលជាសាសន៍យូដាលែងប្រព្រឹត្តតាមរបៀបសាសន៍យូដាទៀត តែបែរជាប្រព្រឹត្តតាមរបៀបសាសន៍ដទៃដូច្នេះ តើលោកអាចបង្ខំសាសន៍ដទៃឲ្យធ្វើដូចសាសន៍យូដាម្ដេចកើត?”។
ត្រូវជួយរំលែកទុក្ខធុរៈគ្នាទៅវិញទៅមក ធ្វើយ៉ាងនេះ ទើបបងប្អូនបំពេញតាមក្រឹត្យវិន័យរបស់ព្រះគ្រិស្ត*ទាំងស្រុង។
“យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ត ហើយក៏ស្គាល់ការនឿយហត់ និងការព្យាយាមរបស់អ្នកដែរ។ យើងដឹងហើយថា អ្នកមិនអាចទ្រាំទ្រនឹងមនុស្សអាក្រក់ឡើយ អ្នកបានល្បងលមើលពួកដែលតាំងខ្លួនជាសាវ័ក* ហើយឃើញថាពួកនោះមិនមែនជាសាវ័កទេ គឺជាអ្នកកុហក។
ប៉ុន្តែ យើងប្រកាន់អ្នកត្រង់កន្លែងមួយ គឺអ្នកបណ្ដោយឲ្យនាងយេសិបិល ជាស្រីដែលតាំងខ្លួនជាព្យាការិនី* បង្រៀន និងបញ្ឆោតពួកអ្នកបម្រើរបស់យើងឲ្យវង្វេង ឲ្យប្រាសចាកសីលធម៌ និងបរិភោគសាច់ដែលគេបានសែនព្រះក្លែងក្លាយ។