ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 11:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ព្រះ‌បាទ​សាឡូម៉ូន​មាន​ព្រះ‌ជន្ម​កាន់​តែ​ចាស់​ជរា​ណាស់​ហើយ មហេសី និង​ស្រី​ស្នំ​បាន​អូស​ទាញ​ព្រះ‌ហឫទ័យ​ស្ដេច​ឲ្យ​ទៅ​គោរព​ព្រះ​ដទៃ។ ព្រះ‌បាទ​សាឡូម៉ូន​លែង​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ដូច​ព្រះ‌បាទ​ដាវីឌ​ជា​បិតា​ទៀត​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​កាល​ណា​ព្រះបាទ​សាឡូម៉ូន​ចាស់​ហើយ ភរិយា​បាន​បង្វែរ​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ឲ្យ​ទៅ​តាម​ព្រះ​ដទៃ​វិញ ហើយ​ព្រះ‌ហឫ‌ទ័យ​របស់​ទ្រង់​មិន​បាន​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទ្រង់ ដូច​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ដាវីឌ ជា​បិតា​របស់​ទ្រង់​ទេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​កាល​ណា​សាឡូម៉ូន​ទ្រង់​ចាស់​ហើយ នោះ​ភរិយា​ទ្រង់​បាន​បង្វែរ​ព្រះ‌ទ័យ​ទ្រង់​ឲ្យ​ទៅ​តាម​ព្រះ​ដទៃ​វិញ ហើយ​ព្រះ‌ទ័យ​ទ្រង់​មិន​បាន​ស្មោះ‌ត្រង់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដូច​ជា​ព្រះ‌ទ័យ​របស់​ដាវីឌ ជា​បិតា​ទ្រង់​ទេ

សូមមើលជំពូក

អាល់គីតាប

ពេល​ស្តេច​ស៊ូឡៃ‌ម៉ាន​មាន​អាយុ​កាន់​តែ​ចាស់​ជរា​ណាស់​ហើយ ប្រពន្ធ និង​ស្រី​ស្នំ​បាន​អូស​ទាញ​ចិត្ត​គាត់​ឲ្យ​ទៅ​គោរព​ព្រះ​ដទៃ។ ស្តេច​ស៊ូឡៃ‌ម៉ាន​លែង​ស្រឡាញ់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន ដូច​ស្តេច​ទត​ជា​បិតា​ទៀត​ហើយ។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 11:4
26 ការដាក់ឲ្យឆ្លើយតបគ្នា  

មហេសី​ទាំង​នោះ​មាន​ដើម​កំណើត​ពី​ប្រជា‌ជាតិ ដែល​ព្រះ‌អម្ចាស់​បាន​ហាម​ដល់​កូន​ចៅ​អ៊ីស្រា‌អែល​ថា «អ្នក​រាល់​គ្នា​មិន​ត្រូវ​រៀបការ​ជា​មួយ​ស្ត្រី​សាសន៍​ទាំង​នោះ​ឡើយ ដ្បិត​គេ​នឹង​បង្វែរ​ចិត្ត​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​គោរព​ព្រះ​របស់​គេ​ជា​មិន​ខាន»។ ព្រះ‌បាទ​សាឡូម៉ូន​ចង​ស្ពាន‌មេត្រី​ជា​មួយ​ជាតិ​សាសន៍​ទាំង​នោះ ដោយ‌សារ​តែ​សេចក្ដី​ស្នេហា។


យើង​ធ្វើ​ដូច្នេះ ព្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​បោះ‌បង់​ចោល​យើង ទៅ​ថ្វាយ‌បង្គំ​អាសថា‌រ៉ូត​ជា​ព្រះ​នៃ​ជន‌ជាតិ​ស៊ីដូន កេម៉ូស​ជា​ព្រះ​នៃ​ជន‌ជាតិ​ម៉ូអាប់ និង​មីលកូម​ជា​ព្រះ​របស់​ជន‌ជាតិ​អាំម៉ូន។ ពួក​គេ​ពុំ​បាន​ដើរ​តាម​មាគ៌ា​របស់​យើង ហើយ​ក៏​មិន​ប្រព្រឹត្ត​អំពើ​សុចរិត​នៅ​ចំពោះ​មុខ​យើង មិន​កាន់​តាម​ច្បាប់ និង​វិន័យ​របស់​យើង ដូច​ដាវីឌ​ជា​បិតា​របស់​សាឡូម៉ូន​ឡើយ។


ប្រសិន​បើ​អ្នក​ស្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​អ្នក ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​យើង ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត​នៅ​ចំពោះ​មុខ​យើង ដោយ​កាន់​តាម​ច្បាប់ និង​បទ‌បញ្ជា​របស់​យើង ដូច​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង​ប្រព្រឹត្ត​នោះ យើង​នឹង​នៅ​ជា​មួយ​អ្នក។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ពូជ‌ពង្ស​គ្រង​រាជ្យ​ជា​ដរាប ដូច​យើង​បាន​ធ្វើ​ចំពោះ​ដាវីឌ​ដែរ ហើយ​យើង​នឹង​ប្រគល់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដល់​អ្នក។


ព្រះ‌បាទ​សាឡូម៉ូន​សោយ​រាជ្យ​លើ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។


ព្រះ‌បាទ​សាឡូម៉ូន​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ហើយ​មិន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់​ទាំង​ស្រុង ដូច​ព្រះ‌បាទ​ដាវីឌ ជា​បិតា​ឡើយ។


ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ព្រះ‌បាទ​សាឡូម៉ូន ដ្បិត​ស្ដេច​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​បាន​យាង​មក​ជួប​ស្ដេច​ដល់​ទៅ​ពីរ​ដង


ព្រះ‌បាទ​រេហូ‌បោម ជា​បុត្រ​របស់​ព្រះ‌បាទ​សាឡូម៉ូន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា ក្នុង​ជន្មាយុ​សែ‌សិប​មួយ​វស្សា។ ស្ដេច​សោយ​រាជ្យ​បាន​ដប់​ប្រាំ‌ពីរ​វស្សា នៅ​ក្រុង​យេរូ‌សាឡឹម ជា​ក្រុង​ដែល​ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោម​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ សម្រាប់​ព្រះ‌នាម​របស់​ព្រះអង្គ។ មាតា​របស់​ស្ដេច​មាន​នាម​ថា​ណា‌អា‌ម៉ា ជា​ជន‌ជាតិ​អាំម៉ូន។


ក៏​ប៉ុន្តែ ទោះ​បី​ស្ដេច​ស្រឡាញ់​ព្រះ‌អម្ចាស់​ដោយ​ស្មោះ​ក្ដី ក៏​ទ្រង់​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដែរ។


ព្រះ‌បាទ​អប៊ី‌យ៉ា​ប្រព្រឹត្ត​អំពើ​បាប​គ្រប់​យ៉ាង ដូច​បិតា​ធ្លាប់​ប្រព្រឹត្ត​ដែរ។ ស្ដេច​ពុំ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ដូច​ព្រះ‌បាទ​ដាវីឌ​ជា​អយ្យ‌កោ​ឡើយ។


ព្រះ‌បាទ​សាឡូម៉ូន​ស្រឡាញ់​ព្រះ‌អម្ចាស់ និង​ប្រព្រឹត្ត​តាម​ដំបូន្មាន​ដែល​ព្រះ‌បាទ​ដាវីឌ ជា​បិតា​បាន​ផ្ដែ‌ផ្ដាំ ប៉ុន្តែ ព្រះ‌រាជា​ក៏​ធ្វើ​ពិធី​ថ្វាយ​យញ្ញ‌បូជា និង​គ្រឿង​ក្រអូប នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដែរ។


ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់​ព្រះ‌ដំណាក់​ថ្វាយ ព្រះ‌អម្ចាស់ នៅ​ឆ្នាំ​ទី​បួន‌រយ‌ប៉ែត‌សិប ក្រោយ​ពេល​កូន​ចៅ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​សាឡូម៉ូន ក្នុង​ខែ​ពិសាខ ដែល​ត្រូវ​ជា​ខែ​ទី​ពីរ។


ចូរ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ហើយ​ប្រតិបត្តិ​តាម​ច្បាប់​របស់​ព្រះអង្គ និង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ ដូច​អ្នក​រាល់​គ្នា​ធ្វើ​នៅ​ពេល​នេះ​ដែរ»។


ព្រះ‌បាទ​សាឡូម៉ូន​ចំណាយ​ពេល​អស់​ម្ភៃ​ឆ្នាំ ដើម្បី​កសាង​សំណង់​ពីរ គឺ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​វាំង​របស់​ស្ដេច។


រីឯ​អ្នក​វិញ ប្រសិន​បើ​អ្នក​ដើរ​នៅ​ចំពោះ​មុខ​យើង ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់ ដូច​ដាវីឌ ជា​បិតា​របស់​អ្នក គឺ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់ ហើយ​ប្រសិន​បើ​អ្នក​កាន់​តាម​ច្បាប់ និង​វិន័យ​របស់​យើង


«ឱ! ព្រះ‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​ឡើយ​ថា ទូលបង្គំ​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់ ទូលបង្គំ​ប្រព្រឹត្ត​តែ​អំពើ​ដែល​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​ប៉ុណ្ណោះ!»។ ព្រះ‌បាទ​ហេ‌សេគា​បង្ហូរ​ជល‌នេត្រ​យ៉ាង​ខ្លាំង។


រីឯ​បុត្រ​វិញ សាឡូម៉ូន​អើយ! ចូរ​ទទួល​ស្គាល់​ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​បិតា ហើយ​គោរព​បម្រើ​ព្រះអង្គ​ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​គំនិត ដ្បិត​ព្រះ‌អម្ចាស់​ឈ្វេង​យល់​ចិត្ត​គំនិត និង​បំណង​ទាំង​ប៉ុន្មាន​របស់​មនុស្ស។ ប្រសិន​បើ​បុត្រ​ស្វែង​រក​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​ឲ្យ​បុត្រ​រក​ឃើញ ក៏​ប៉ុន្តែ ប្រសិន​បើ​បុត្រ​បោះ​បង់​ចោល​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​លះ‌បង់​ចោល​បុត្រ​រហូត​ត​ទៅ។


សូម​ប្រោស​ប្រទាន​ឲ្យ​សាឡូម៉ូន ជា​កូន​របស់​ទូលបង្គំ មាន​ចិត្ត​ស្មោះ​ត្រង់ កាន់​តាម​បទ‌បញ្ជា ដំបូន្មាន និង​ច្បាប់​របស់​ព្រះអង្គ ហើយ​ប្រតិបត្តិ​តាម​ឥត​ងាក​រេ​ឡើយ ដើម្បី​ឲ្យ​គេ​សង់​ព្រះ‌ដំណាក់​ដែល​ទូលបង្គំ​ត្រៀម​ទុក​នេះ»។


ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ព្រះ‌បាទ​យ៉ូសា‌ផាត ដ្បិត​ស្ដេច​ប្រព្រឹត្ត​តាម​មាគ៌ា​ដើម​ដំបូង​របស់​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌អយ្យ‌កោ គឺ​ទ្រង់​ពុំ​បាន​ស្វែង​រក​ព្រះ​បាល​ទេ។


ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ តែ​មិន​មែន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ។


ស្ដេច​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌បាទ​ដាវីឌ ជា​អយ្យ‌កោ ឥត​ខ្ចោះ ដោយ​មិន​ងាក​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ឡើយ។


មិន​ត្រូវ​គោរព​ព្រះ​ណា​ផ្សេង ក្រៅ​ពី​យើង​ឡើយ។


ស្ដេច​របស់​អ្នក​មិន​ត្រូវ​មាន​មហេសី​ច្រើន​ឡើយ ក្រែង​លោ​ស្ដេច​បែក​ចិត្ត​ចេញ​ឆ្ងាយ​ពី​ព្រះ‌ជាម្ចាស់។ ស្ដេច​ក៏​មិន​ត្រូវ​មាន​មាស​ប្រាក់​ច្រើន​ពេក​ដែរ។


បើ​មិន​ដូច្នោះ​ទេ កូន​ប្រុស​របស់​អ្នក​មុខ​ជា​បែរ​ចិត្ត​ចេញ​ឆ្ងាយ​ពី​ព្រះ‌អម្ចាស់ ទៅ​គោរព​ថ្វាយ‌បង្គំ​ព្រះ​ឯ​ទៀតៗ ជា​ហេតុ​បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​អ្នក​រាល់​គ្នា ហើយ​កម្ទេច​អ្នក​មួយ​រំពេច។