១ កូរិនថូស 12:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនជ្រាបស្រាប់ហើយថា កាលបងប្អូនមិនទាន់ស្គាល់ព្រះអង្គនៅឡើយ បងប្អូនបានបណ្ដោយខ្លួនទៅគោរពព្រះក្លែងក្លាយដែលមិនចេះនិយាយ។ ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាដឹងហើយថា កាលអ្នករាល់គ្នាជាសាសន៍ដទៃនៅឡើយ អ្នករាល់គ្នាតែងតែត្រូវគេនាំទៅរករូបបដិមាករដែលមិនចេះនិយាយ មិនថាត្រូវបាននាំទៅដោយរបៀបយ៉ាងណាក៏ដោយ។ Khmer Christian Bible អ្នករាល់គ្នាដឹងហើយថា កាលអ្នករាល់គ្នាជាសាសន៍ដទៃនៅឡើយ គេបាននាំអ្នករាល់គ្នាទៅឯរូបព្រះដែលមិនចេះនិយាយ គឺតាមតែគេដឹកនាំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាដឹងហើយថា កាលអ្នករាល់គ្នានៅជាសាសន៍ដទៃនៅឡើយ អ្នករាល់គ្នាបានបណ្ដោយខ្លួនឲ្យវង្វេងទៅតាមរូបព្រះដែលមិនចេះនិយាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាដឹងហើយថា ពីដើមអ្នករាល់គ្នាជាសាសន៍ដទៃ ដែលត្រូវបង្វែរទៅឯរូបព្រះគ តាមតែមានសេចក្ដីដឹកនាំទៅនោះ អាល់គីតាប បងប្អូនជ្រាបស្រាប់ហើយថា កាលបងប្អូនមិនទាន់ស្គាល់អុលឡោះនៅឡើយបងប្អូនបានបណ្ដោយខ្លួនទៅគោរពព្រះក្លែងក្លាយដែលមិនចេះនិយាយ។ |
មានដៃ តែមិនចេះប៉ះពាល់ មានជើង តែមិនចេះដើរ ហើយមានបំពង់ក តែមិនអាចបញ្ចេញសំឡេងអ្វីបានឡើយ។
ពួកគេលើករូបព្រះនោះសែងយកទៅតម្កល់ នៅកន្លែងរបស់វា រូបព្រះនោះមិនកម្រើកទៅណាឡើយ! ទោះបីពួកគេស្រែកអង្វរយ៉ាងណា ក៏រូបព្រះនោះមិនឆ្លើយ ហើយក៏មិនសង្គ្រោះ ពួកគេឲ្យរួចពីភាពអាសន្នដែរ!
ព្រះទាំងនោះមិនចេះនិយាយទេ គឺប្រៀបបាននឹងទីងមោងចាំចម្ការត្រសក់ ព្រះទាំងនោះមិនចេះដើរឡើយ ទៅណាមកណា ត្រូវតែមានអ្នកលីសែង។ កុំខ្លាចព្រះទាំងនោះអី ព្រះទាំងនោះមិនចេះធ្វើបាបនរណាទេ ហើយក៏មិនចេះប្រព្រឹត្តអំពើល្អដែរ»។
កុំអំពល់នឹងគេធ្វើអ្វី អ្នកទាំងនោះសុទ្ធតែជាមនុស្សខ្វាក់ ដឹកនាំមនុស្សខ្វាក់។ បើមនុស្សខ្វាក់ដឹកដៃមនុស្សខ្វាក់ គេមុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន»។
កាលពីដើម បងប្អូនខ្លះក៏ជាមនុស្សប្រភេទនោះដែរ។ ប៉ុន្តែ ព្រះជាម្ចាស់លាងសម្អាតបងប្អូន ប្រោសប្រទានឲ្យបងប្អូនបានវិសុទ្ធ ព្រមទាំងឲ្យបងប្អូនបានសុចរិត* ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូគ្រិស្ត* តាមរយៈព្រះវិញ្ញាណនៃព្រះជាម្ចាស់របស់យើងរួចស្រេចហើយ។
កាលពីដើម បងប្អូនពុំស្គាល់ព្រះជាម្ចាស់ទេ ហើយក៏ធ្វើជាខ្ញុំបម្រើរបស់ព្រះនានា ដែលមិនមែនជាព្រះពិតប្រាកដ។
មនុស្សម្នារៀបរាប់អំពីរបៀបដែលបងប្អូនទទួលយើង នៅពេលយើងមករកបងប្អូន និងអំពីរបៀបដែលបងប្អូនលះបង់ព្រះក្លែងក្លាយ បែរមករកព្រះជាម្ចាស់ ដើម្បីគោរពបម្រើព្រះអង្គដែលមានព្រះជន្មរស់ និងជាព្រះដ៏ពិតប្រាកដ។
ពីដើម យើងក៏ជាមនុស្សឥតដឹងខុសត្រូវ រឹងទទឹង វង្វេងមាគ៌ា វក់នឹងសេចក្ដីប៉ងប្រាថ្នា និងការស្រើបស្រាលគ្រប់បែបយ៉ាង មានចិត្តកំណាច និងច្រណែនឈ្នានីស ជាមនុស្សគួរឲ្យស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។
បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានលោះបងប្អូនឲ្យរួចពីរបៀបរស់នៅដ៏ឥតន័យ ដែលជាដំណែលតពីបុព្វបុរស*របស់បងប្អូន មិនមែនដោយសារអ្វីៗដែលតែងតែរលាយសាបសូន្យទៅ ដូចជាមាស ឬប្រាក់ទេ
ពីដើម បងប្អូនរស់នៅតាមរបៀបដែលអស់អ្នកមិនស្គាល់ព្រះជាម្ចាស់ ចូលចិត្តនោះ យូរពេកហើយ គឺបានប្រព្រឹត្តអំពើអបាយមុខ លោភលន់ ប្រមឹក ស៊ីផឹកជ្រុល និងថ្វាយបង្គំព្រះក្លែងក្លាយនានា គួរឲ្យខ្ពើម។