ព្រះជាម្ចាស់ប្រទានពរឲ្យថ្ងៃទីប្រាំពីរ និងញែកថ្ងៃនោះឲ្យបានវិសុទ្ធ* ដ្បិតថ្ងៃនោះ ព្រះអង្គបញ្ចប់កិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានបង្កើត។
អេសេគាល 20:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងក៏តាំងឲ្យមានថ្ងៃសប្ប័ទ*ទុកជាទីសម្គាល់សម្រាប់យើង និងពួកគេ ដើម្បីឲ្យពួកគេទទួលស្គាល់ថា យើងជាព្រះអម្ចាស់ដែលប្រោសពួកគេឲ្យវិសុទ្ធ*។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងក៏តាំងថ្ងៃសប្ប័ទរបស់យើងឲ្យគេដែរ ទុកសម្រាប់ជាទីសម្គាល់ដល់យើង និងគេ ប្រយោជន៍ឲ្យគេបានដឹងថា យើងជាព្រះយេហូវ៉ាដែលញែកគេចេញជាបរិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញក៏តាំងថ្ងៃឈប់សំរាករបស់អញឲ្យគេដែរ ទុកសំរាប់ជាទីសំគាល់ដល់អញ ហើយនឹងគេ ប្រយោជន៍ឲ្យគេបានដឹងថា អញជាព្រះយេហូវ៉ាដែលញែកគេចេញជាបរិសុទ្ធ អាល់គីតាប យើងក៏តាំងឲ្យមានថ្ងៃឈប់សម្រាកទុកជាទីសំគាល់សម្រាប់យើង និងពួកគេ ដើម្បីឲ្យពួកគេ ទទួលស្គាល់ថា យើងជាអុលឡោះតាអាឡាដែលប្រោសពួកគេឲ្យបានវិសុទ្ធ។ |
ព្រះជាម្ចាស់ប្រទានពរឲ្យថ្ងៃទីប្រាំពីរ និងញែកថ្ងៃនោះឲ្យបានវិសុទ្ធ* ដ្បិតថ្ងៃនោះ ព្រះអង្គបញ្ចប់កិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានបង្កើត។
ព្រះអង្គប្រទានឲ្យពួកគេស្គាល់ ថ្ងៃសប្ប័ទ*ដ៏វិសុទ្ធ*របស់ព្រះអង្គ ហើយប្រទានបទបញ្ជា ច្បាប់ ព្រមទាំង ក្រឹត្យវិន័យ*មកពួកគេ តាមរយៈលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។
ត្រូវចងចាំថា យើងជាព្រះអម្ចាស់ បានប្រគល់ថ្ងៃសប្ប័ទឲ្យអ្នករាល់គ្នា ហេតុនេះហើយបានជានៅថ្ងៃទីប្រាំមួយ យើងឲ្យអ្នករាល់គ្នាមានអាហារមួយជាពីរ។ នៅថ្ងៃទីប្រាំពីរម្នាក់ៗនៅក្នុងជំរំរបស់ខ្លួន គឺមិនត្រូវចេញទៅក្រៅឡើយ»។
ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នករាល់គ្នាអាចធ្វើការបាន ប៉ុន្តែ ថ្ងៃទីប្រាំពីរ ជាថ្ងៃសក្ការៈ គឺថ្ងៃសប្ប័ទ ដែលជាថ្ងៃបុណ្យថ្វាយព្រះអម្ចាស់។ អ្នកដែលធ្វើការនៅថ្ងៃនោះ នឹងត្រូវគេប្រហារជីវិត។
មនុស្សណាក៏ដោយឲ្យតែប្រព្រឹត្តដូច្នេះ គឺគោរពថ្ងៃសប្ប័ទ*បានត្រឹមត្រូវឥតខ្ចោះ ព្រមទាំងមិនប្រព្រឹត្តអំពើអាក្រក់ណាមួយ មុខជាមានសុភមង្គលមិនខាន!
កុំលីសែងអ្វីចេញពីផ្ទះរបស់អ្នករាល់គ្នា នៅថ្ងៃសប្ប័ទ គឺកុំធ្វើការអ្វីទាំងអស់។ ត្រូវញែកថ្ងៃសប្ប័ទទុកសម្រាប់យើង ដូចយើងបានបង្គាប់ដូនតារបស់អ្នករាល់គ្នាស្រាប់ហើយ
ចូរចាត់ទុកថ្ងៃសប្ប័ទ*របស់យើងជាថ្ងៃដ៏វិសុទ្ធ ដ្បិតថ្ងៃសប្ប័ទនេះជាទីសម្គាល់សម្រាប់យើង និងអ្នករាល់គ្នា ដើម្បីរំឭកឲ្យដឹងថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា”។
យើងធ្វើឲ្យពួកគេទៅជាសៅហ្មង ដោយសារតង្វាយរបស់ខ្លួន គឺនៅពេលគេយកកូនច្បងរបស់ខ្លួនទៅដុតជាយញ្ញបូជា។ យើងចង់ឲ្យពួកគេវិនាសហិនហោច ដើម្បីឲ្យពួកគេទទួលស្គាល់ ថាយើងពិតជាព្រះអម្ចាស់មែន។
ពេលដែលទីសក្ការៈរបស់យើង ស្ថិតនៅជាមួយពួកគេរហូតតទៅនោះ ប្រជាជាតិនានានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ដែលបានប្រោសជនជាតិអ៊ីស្រាអែលឲ្យទៅជាប្រជាជនដ៏វិសុទ្ធ*»។
ពួកគេធ្វើជាចៅក្រមកាត់ក្ដី នៅពេលប្រជាជនមានរឿងរ៉ាវនឹងគ្នា ហើយវិនិច្ឆ័យទោស ស្របតាមវិន័យរបស់យើង។ ពួកគេចាត់ចែងធ្វើពិធីបុណ្យផ្សេងៗ តាមក្រឹត្យវិន័យ និងច្បាប់ដែលយើងបានបង្គាប់ទុក ព្រមទាំងញែកថ្ងៃសប្ប័ទទុកជាថ្ងៃដ៏វិសុទ្ធ។
ត្រូវកាន់ និងអនុវត្តតាមច្បាប់របស់យើង។ យើងជាព្រះអម្ចាស់ ដែលប្រោសអ្នករាល់គ្នាឲ្យវិសុទ្ធ។
ធ្វើដូច្នេះ គាត់មិនបង្ខូចពូជពង្សរបស់គាត់ នៅក្នុងចំណោមប្រជាជនរបស់គាត់ឡើយ ដ្បិតយើងជាព្រះអម្ចាស់ យើងប្រោសគាត់ឲ្យវិសុទ្ធ»។
តែគេពុំអាចចូលទៅជិតវាំងនន ឬចូលទៅជិតអាសនៈជាដាច់ខាត ក្រែងលោគេបង្អាប់ទីសក្ការៈរបស់យើង ព្រោះគេមានរូបរាងកាយមិនធម្មតា ដ្បិតយើងជាព្រះអម្ចាស់ដែលបានធ្វើឲ្យទីនោះទៅជាវិសុទ្ធ»។
ចូរចាត់ទុកបូជាចារ្យជាមនុស្សវិសុទ្ធ ព្រោះគេយកអាហារទៅថ្វាយព្រះរបស់អ្នក។ គេជាមនុស្សវិសុទ្ធសម្រាប់យើង ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ ដែលប្រោសអ្នករាល់គ្នាឲ្យវិសុទ្ធ។
«ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: នៅថ្ងៃទីមួយក្នុងខែទីប្រាំពីរ គឺជាថ្ងៃសម្រាក។ អ្នករាល់គ្នាត្រូវប្រារព្ធពិធីបុណ្យរំឭក និងស្រែកជយឃោស ដោយជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។
អ្នករាល់គ្នាធ្វើការប្រាំមួយថ្ងៃ ប៉ុន្តែ ថ្ងៃទីប្រាំពីរជាថ្ងៃសប្ប័ទ* ជាថ្ងៃសម្រាក ដែលអ្នករាល់គ្នាត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។ គ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនៅថ្ងៃនោះឡើយ ព្រោះជាថ្ងៃសប្ប័ទរបស់ព្រះអម្ចាស់។
ថ្ងៃនោះជាថ្ងៃដែលអ្នករាល់គ្នាត្រូវសម្រាក ដូចថ្ងៃសប្ប័ទ ហើយត្រូវតមអាហារ។ នៅថ្ងៃទីប្រាំបួនក្នុងខែនោះ អ្នករាល់គ្នាត្រូវសម្រាកដូចថ្ងៃសប្ប័ទ ចាប់ពីពេលល្ងាចនៃថ្ងៃនោះ រហូតដល់ល្ងាចថ្ងៃបន្ទាប់»។
នៅថ្ងៃទីដប់ប្រាំក្នុងខែទីប្រាំពីរ ពេលអ្នករាល់គ្នាប្រមូលភោគផលនៅក្នុងស្រុកចប់សព្វគ្រប់ហើយ ត្រូវធ្វើពិធីបុណ្យមួយថ្វាយព្រះអម្ចាស់ចំនួនប្រាំពីរថ្ងៃ។ ថ្ងៃទីមួយ និងថ្ងៃទីប្រាំបី ជាថ្ងៃសម្រាក។
ប៉ុន្តែ ឆ្នាំទីប្រាំពីរជាឆ្នាំសប្ប័ទ ត្រូវទុកដីឲ្យនៅទំនេរទាំងស្រុង ព្រោះជាឆ្នាំសប្ប័ទថ្វាយព្រះអម្ចាស់។ អ្នកមិនត្រូវសាបព្រោះនៅក្នុងស្រែចម្ការ ហើយក៏មិនត្រូវថែទាំចម្ការទំពាំងបាយជូរដែរ។
ហេតុនេះ មិនត្រូវឲ្យនរណាម្នាក់ថ្កោលទោសបងប្អូនអំពីរឿងចំណីអាហារ ភេសជ្ជៈ ឬអំពីរឿងបុណ្យទាន បុណ្យចូលខែ និងថ្ងៃសប្ប័ទ*នោះឡើយ។
សូមព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្តប្រោសបងប្អូនឲ្យបានវិសុទ្ធ*ទាំងស្រុង។ សូមព្រះអង្គថែរក្សាខ្លួនបងប្អូនទាំងមូល ទាំងវិញ្ញាណ ទាំងព្រលឹង ទាំងរូបកាយឲ្យបានស្អាតឥតសៅហ្មង នៅថ្ងៃព្រះយេស៊ូគ្រិស្តជាអម្ចាស់នៃយើងយាងមក។
ខ្ញុំ យូដាស ជាអ្នកបម្រើរបស់ព្រះយេស៊ូគ្រិស្ត* និងជាប្អូនរបស់លោកយ៉ាកុប សូមជម្រាបមកបងប្អូនដែលព្រះជាម្ចាស់ជាព្រះបិតាបានត្រាស់ហៅ គឺអ្នកដែលព្រះអង្គស្រឡាញ់ ហើយបម្រុងទុកសម្រាប់ព្រះយេស៊ូគ្រិស្ត សូមជ្រាប។