អេសាយ 52:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តែឥឡូវនេះ ប្រជាជាតិជាច្រើនឃើញលោក ហើយនាំគ្នាស្ងើចសរសើរ ស្ដេចជាច្រើននឹងនៅស្ងៀមស្ងាត់ ដ្បិតស្ដេចទាំងនោះនឹងឃើញហេតុការណ៍ ដ៏អស្ចារ្យដែលគ្មាននរណាធ្លាប់និទានប្រាប់ ព្រមទាំងស្ដាប់សេចក្ដីផ្សេងៗ ដែលគេមិនធ្លាប់ឮពីមុនមក។ ព្រះគម្ពីរខ្មែរសាកល លោកក៏នឹងប្រោះលើប្រជាជាតិជាច្រើនយ៉ាងនោះដែរ; បណ្ដាស្ដេចនឹងបិទមាត់របស់ខ្លួនដោយព្រោះលោក ដ្បិតអ្វីដែលមិនបានរៀបរាប់ប្រាប់ដល់ពួកគេ ពួកគេនឹងឃើញ ហើយអ្វីដែលពួកគេមិនដែលឮ ពួកគេនឹងយល់ច្បាស់៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គនឹងធ្វើឲ្យសាសន៍ជាច្រើនតក់ស្លុតយ៉ាងនោះដែរ ពួកមហាក្សត្រនឹងបិទមាត់នៅចំពោះព្រះអង្គ ដ្បិតគេនឹងឃើញការដែលឥតមានអ្នកណាប្រាប់ដល់គេ ហើយគេនឹងបានឮសេចក្ដី ដែលគេមិនធ្លាប់ឮពីមុន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់នឹងប្រោសលើសាសន៍ជាច្រើនប៉ុណ្ណោះដែរ ពួកមហាក្សត្រនឹងបិទមាត់ នៅចំពោះទ្រង់ ដ្បិតគេនឹងឃើញការដែលឥតមានអ្នកណាប្រាប់ដល់គេឡើយ ហើយសេចក្ដីដែលគេមិនបានឮថ្លែងប្រាប់មកសោះ នោះគេនឹងបានយល់ច្បាស់វិញ។ អាល់គីតាប តែឥឡូវនេះ ប្រជាជាតិជាច្រើនឃើញគាត់ ហើយនាំគ្នាស្ងើចសរសើរ ស្ដេចជាច្រើននឹងនៅស្ងៀមស្ងាត់ ដ្បិតស្ដេចទាំងនោះនឹងឃើញហេតុការណ៍ ដ៏អស្ចារ្យដែលគ្មាននរណាធ្លាប់និទានប្រាប់ ព្រមទាំងស្ដាប់សេចក្ដីផ្សេងៗ ដែលគេមិនធ្លាប់ឮពីមុនមក។ |
«ទូលបង្គំជាមនុស្សទន់ទាបណាស់ តើឲ្យទូលបង្គំឆ្លើយទៅព្រះអង្គវិញ ដូចម្ដេចបាន? ទូលបង្គំនឹងយកដៃខ្ទប់មាត់។
គ្រូអប់រំកូនចៅរបស់អ្នកសុទ្ធតែជាស្ដេច ហើយមេដោះរបស់គេសុទ្ធតែជាម្ចាស់ក្សត្រិយ៍ ស្ដេចទាំងនោះនឹងនាំគ្នាក្រាបថ្វាយបង្គំអ្នក ឱនមុខដល់ដី ក្រោមល្អងធូលីជើងរបស់អ្នក។ ពេលនោះ អ្នកនឹងដឹងថា យើងជាព្រះអម្ចាស់ អស់អ្នកដែលផ្ញើជីវិតលើយើង នឹងមិនខកចិត្តឡើយ។
ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធ និងជាព្រះដែលលោះជនជាតិអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលមកកាន់អ្នក ដែលគេមើលងាយ និងអ្នកដែលមនុស្សម្នាស្អប់ខ្ពើម ព្រះអង្គមានព្រះបន្ទូលមកកាន់អ្នក ដែលជាទាសកររបស់ពួកកាន់កាប់អំណាចថា: ពេលស្ដេចទាំងឡាយឃើញអ្នក គេនឹងនាំគ្នាក្រោកឈរឡើង ដើម្បីគោរព ពេលពួកមេដឹកនាំឃើញអ្នក គេនឹងនាំគ្នាក្រាបថ្វាយបង្គំ គេធ្វើដូច្នេះ ដោយយល់ដល់ព្រះអម្ចាស់ ដែលមានព្រះហឫទ័យស្មោះស្ម័គ្រ ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ដែលបានជ្រើសរើសអ្នក។
សេចក្ដីសុចរិតរបស់យើងនៅជិតបង្កើយ ការសង្គ្រោះរបស់យើងក៏ជិតមកដល់ដែរ យើងនឹងគ្រប់គ្រងលើប្រជាជននានា ដោយបារមីរបស់យើង មនុស្សម្នានៅតាមកោះនឹងសង្ឃឹមលើយើង ពួកគេនឹងទុកចិត្តលើបារមីរបស់យើង។
អ៊ីស្រាអែលអើយ អ្នកនឹងហៅប្រជាជាតិមួយ ដែលអ្នកមិនស្គាល់ពីមុនឲ្យមក ហើយប្រជាជាតិដែលមិនស្គាល់អ្នក នឹងរត់មករកអ្នក ព្រោះព្រះអម្ចាស់ ជាព្រះរបស់អ្នក និងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ប្រទានឲ្យអ្នកបានថ្កុំថ្កើងរុងរឿង។
យើងនឹងប្រោះទឹកដ៏បរិសុទ្ធលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានបរិសុទ្ធ។ យើងនឹងជម្រះអ្នករាល់គ្នាឲ្យបានស្អាតបរិសុទ្ធ* ផុតពីអំពើសៅហ្មងទាំងឡាយ លែងឲ្យអ្នករាល់គ្នាជាប់ចិត្តនឹងព្រះក្លែងក្លាយទាំងប៉ុន្មាន។
សត្វលោកទាំងឡាយត្រូវស្ងៀមស្ងាត់ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដ្បិតព្រះអង្គតើនឡើង ហើយយាងចេញពី ព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គ។
ត្រូវឲ្យបុរសម្នាក់ដែលមិនសៅហ្មង យកមែកហ៊ីសុបជ្រលក់ក្នុងទឹកនោះ ហើយប្រោះលើផ្ទះ លើភាជន៍ទាំងអស់ លើមនុស្សទាំងអស់នៅក្នុងផ្ទះ ព្រមទាំងលើអស់អ្នកដែលបានប៉ះពាល់ឆ្អឹង ប៉ះពាល់សាកសព ដែលស្លាប់ដោយមុខដាវ ឬស្លាប់តាមធម្មតា ឬក៏ប៉ះពាល់ផ្នូរ។
អ្នកត្រូវជម្រះពួកគេដូចតទៅ គឺធ្វើពិធីប្រោះទឹករំដោះបាប លើពួកគេ ត្រូវឲ្យពួកគេទៅកោររោមនៅលើរូបកាយរបស់ខ្លួន បោកសម្លៀកបំពាក់ និងជម្រះខ្លួនឲ្យបរិសុទ្ធ។
ដូច្នេះ ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍ឲ្យធ្វើជាសិស្ស ហើយធ្វើពិធីជ្រមុជទឹកឲ្យគេ ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ*។
ព្រះជាម្ចាស់បានលើកលោកយេស៊ូឡើង ដោយឫទ្ធិបារមី របស់ព្រះអង្គ។ លោកយេស៊ូបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធពីព្រះបិតាតាមព្រះបន្ទូលសន្យា ហើយចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងខ្ញុំ ដូចបងប្អូនបានឃើញ បានឮស្រាប់។
យើងត្រូវនាំគ្នាចូលទៅជិតព្រះអង្គដោយចិត្តទៀងត្រង់ ពោរពេញដោយជំនឿមាំមួន និងមានចិត្តបរិសុទ្ធ ជ្រះស្រឡះពីគំនិតសៅហ្មង ព្រមទាំងមានរូបកាយលាងដោយទឹកដ៏បរិសុទ្ធផង។
ដោយសារជំនឿ លោកបានធ្វើពិធីបុណ្យចម្លង* និងប្រោះឈាម ដើម្បីកុំឲ្យមច្ចុរាជ បៀតបៀនកូនច្បងរបស់ជនជាតិអ៊ីស្រាអែលឡើយ។
បងប្អូនចូលមកជិតព្រះយេស៊ូ ដែលជាស្ពាននៃសម្ពន្ធមេត្រី*ថ្មី ហើយចូលមកជិតព្រះលោហិតសម្រាប់ប្រោះ គឺជាព្រះលោហិតដែលទូលអង្វរ ប្រសើរជាងលោហិតរបស់លោកអេបិលទៅទៀត។
ព្រះជាម្ចាស់ ជាព្រះបិតា បានជ្រើសរើសបងប្អូន តាមគម្រោងការដែលព្រះអង្គគ្រោងទុកពីមុនមក ដោយព្រះវិញ្ញាណប្រោសបងប្អូនឲ្យវិសុទ្ធ* ដើម្បីឲ្យបងប្អូនស្ដាប់បង្គាប់ព្រះយេស៊ូគ្រិស្ត* និងឲ្យព្រះអង្គប្រោះព្រះលោហិតរបស់ព្រះអង្គលើបងប្អូន ។ សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្តកាន់តែច្រើនឡើងៗ។