អេសាយ 14:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកតែងតែពោលថា: “យើងនឹងឡើងទៅលើមេឃ ហើយលើក បល្ល័ង្ករបស់យើងឡើងឲ្យខ្ពស់ជាងផ្កាយ របស់ព្រះជាម្ចាស់ទៅទៀត។ យើងនឹងអង្គុយលើភ្នំនៅខាងជើងបំផុត ជាកន្លែងដែលព្រះទាំងឡាយជួបជុំគ្នា។ ព្រះគម្ពីរខ្មែរសាកល អ្នកបាននិយាយក្នុងចិត្តថា: ‘អញនឹងឡើងទៅលើមេឃ; អញនឹងលើកបល្ល័ង្ករបស់អញឡើងលើផ្កាយទាំងឡាយរបស់ព្រះ; អញនឹងអង្គុយលើភ្នំនៃទីជំនួប នៅទិសខាងជើងបំផុត; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកបានគិតក្នុងចិត្តថា៖ យើងនឹងឡើងទៅស្ថានសួគ៌ យើងនឹងតម្កើងបល្ល័ង្កឲ្យខ្ពស់ជាង អស់ទាំងផ្កាយរបស់ព្រះ ហើយយើងនឹងអង្គុយលើភ្នំជាទីប្រជុំជំនុំ នៅទីបំផុតនៃទិសខាងជើង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងបានគិតក្នុងចិត្តថា អញនឹងឡើងទៅឯស្ថានសួគ៌ អញនឹងដំកើងបល្ល័ង្កអញ ឲ្យខ្ពស់ជាងអស់ទាំងផ្កាយរបស់ព្រះ ហើយអញនឹងអង្គុយលើភ្នំជាទីប្រជុំជំនុំ នៅទីបំផុតនៃទិសខាងជើង អាល់គីតាប អ្នកតែងតែពោលថា: “យើងនឹងឡើងទៅលើមេឃ ហើយលើក បល្ល័ង្ករបស់យើងឡើងឲ្យខ្ពស់ជាងផ្កាយ របស់អុលឡោះទៅទៀត។ យើងនឹងអង្គុយលើភ្នំនៅខាងជើងបំផុត ជាកន្លែងដែលម៉ាឡាអ៊ីកាត់ទាំងឡាយជួបជុំគ្នា។ |
ភ្នំរបស់ព្រះជាម្ចាស់ ជាភ្នំមួយដ៏ល្អប្រណីត គឺភ្នំស៊ីយ៉ូនដែលជាកំពូលនៃពិភព ជាបុរីរបស់ព្រះមហាក្សត្រ ដែលនាំឲ្យផែនដីទាំងមូលមានអំណរ។
ថ្ងៃក្រោយ ព្រះអម្ចាស់នឹងលើក ភ្នំដែលមានព្រះដំណាក់របស់ព្រះអង្គ ដាក់នៅលើកំពូលភ្នំទាំងឡាយ ដើម្បីឲ្យភ្នំនោះបានខ្ពស់ជាងគេ ហើយប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅ ជាហូរហែ។
ចិត្តអួតអាងរបស់អ្នកបញ្ឆោតខ្លួនឯង តែគ្មាននរណាខ្លាចអ្នក ដូចអ្នកនឹកស្មាននោះទេ អ្នករស់នៅតាមក្រហែងថ្ម និងនៅតាមកំពូលភ្នំ ប៉ុន្តែ ទោះបីអ្នកលើកទ្រនំរបស់អ្នក ឲ្យខ្ពស់ដូចទ្រនំសត្វឥន្ទ្រីក្ដី ក៏យើងនឹងច្រានអ្នកឲ្យធ្លាក់ចុះដល់ដីដែរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ចូរពោលទៅកាន់ក្រុងទីរ៉ុស ដែលស្ថិតនៅមាត់សមុទ្រ ហើយធ្វើជំនួញជាមួយជាតិសាសន៍នៅតាមកោះនានាថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ក្រុងទីរ៉ុសអើយ អ្នកពោលថា “ខ្ញុំមានសម្រស់យ៉ាងល្អឥតខ្ចោះ”
«កូនមនុស្សអើយ ចូរប្រាប់ស្ដេចក្រុងទីរ៉ុសថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកមានចិត្តព្រហើនណាស់ អ្នកហ៊ានថ្លែងថា “ខ្ញុំជាព្រះ! ខ្ញុំគង់លើបល្ល័ង្ករបស់ព្រះដែលស្ថិតនៅកណ្ដាលសមុទ្រ!”។ តាមពិត អ្នកជាមនុស្សសោះ គឺមិនមែនជាព្រះទេ តែអ្នកលើកខ្លួនឯងស្មើនឹងព្រះជាម្ចាស់។
នៅចំពោះមុខសត្រូវដែលប្រហារជីវិតអ្នក តើអ្នកនៅតែពោលថា “ខ្ញុំជាព្រះ” ទៀតបានឬ? ពេលអ្នកស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពេជ្ឈឃាត អ្នកនៅតែជាមនុស្សដដែល គឺមិនមែនជាព្រះទេ។
ចូរប្រកាសថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ផារ៉ោនជាស្ដេចស្រុកអេស៊ីបអើយ យើងប្រឆាំងនឹងអ្នកហើយ! អ្នកជាក្រពើដ៏ធំសម្បើម ដេកនៅតាមដៃទន្លេ ហើយពោលថា ទន្លេនីលជារបស់អ្នក អ្នកបានបង្កើតទន្លេនេះ។
យើងជាព្រះជាអម្ចាស់ យើងប្រាប់ឲ្យដឹងថា ដើមតាត្រៅនេះមានកម្ពស់ខ្ពស់ណាស់ ចុងរបស់វាលូតឡើងកប់ពពក ហើយចិត្តរបស់វាក៏ព្រហើនដែរ។
ខ្ញុំនិមិត្តឃើញហេតុដ៏អស្ចារ្យពីព្រះជាម្ចាស់ គឺព្រះអង្គនាំខ្ញុំទៅស្រុកអ៊ីស្រាអែល ហើយដាក់ខ្ញុំនៅលើភ្នំមួយយ៉ាងខ្ពស់។ ខ្ញុំមើលទៅខាងត្បូងឃើញមានហាក់ដូចជាអាគាររបស់ទីក្រុងមួយ។
ស្ដេចនោះធ្វើអ្វីៗបានស្រេចតែនឹងចិត្ត គឺអួតបំប៉ោងលើកខ្លួនឡើងធំជាងព្រះទាំងឡាយទៅទៀត ហើយក៏ពោលពាក្យព្រហើនៗទាស់នឹងព្រះលើព្រះនានាផង។ ស្ដេចនោះនឹងចម្រើនមាំមួនឡើង រហូតទាល់តែព្រះពិរោធកើនដល់កម្រិត ដ្បិតហេតុការណ៍អ្វីដែលព្រះជាម្ចាស់គ្រោងទុកត្រូវតែបានសម្រេច ។
ប៉ុន្តែ ព្រះរាជាមានអំនួត មានចិត្តរឹងរូសរហូតដល់វាយឫកខ្ពស់ ទ្រង់ក៏ត្រូវគេទម្លាក់ចុះពីរាជសម្បត្តិ ហើយបាត់បង់សិរីរុងរឿង។
ចិត្តអួតអាងរបស់អ្នក បានបញ្ឆោតខ្លួនឯង អ្នករស់នៅតាមក្រហែងថ្ម និងនៅតាមកន្លែងខ្ពស់ៗ អ្នកនឹកថា “គ្មាននរណាអាចទម្លាក់ខ្ញុំ ចុះទៅដីបានទេ!”។
មើល៍! ទីក្រុងដែលធ្លាប់តែសប្បាយ ស្គាល់តែសេចក្ដីសុខសាន្ត ហើយតែងគិតថា គ្មាននរណាផ្ទឹមស្មើនឹងខ្លួន បានក្លាយទៅជាទីស្មសាន ជាជម្រកសត្វព្រៃ។ អស់អ្នកដែលដើរកាត់តាមនោះ នាំគ្នាស្រឡាំងកាំង ហើយព្រឺសម្បុរ។
អ្នកក្រុងកាពើណិមអើយ! កុំនឹកស្មានថាអ្នកនឹងបានថ្កើងឡើងដល់ស្ថានសួគ៌ឡើយ អ្នកនឹងធ្លាក់ទៅស្ថាននរកវិញ។ ប្រសិនបើអ្នកក្រុងសូដុមបានឃើញការអស្ចារ្យ ដែលកើតមាននៅកណ្ដាលចំណោមអ្នករាល់គ្នា ម៉្លេះសមក្រុងសូដុមនៅស្ថិតស្ថេរគង់វង្ស ដរាបមកទល់សព្វថ្ងៃជាមិនខាន។
អ្នកក្រុងកាពើណិមអើយ! កុំនឹកស្មានថា អ្នកនឹងបានថ្កើងឡើងដល់ស្ថានសួគ៌ឡើយ អ្នកនឹងធ្លាក់ទៅស្ថាននរកវិញ»។
មេប្រឆាំងនោះលើកខ្លួនឡើងខ្ពស់លើសអ្វីៗទាំងអស់ ដែលមនុស្សលោកគោរពថ្វាយបង្គំទុកជាព្រះ គឺរហូតដល់ទៅហ៊ានអង្គុយនៅក្នុងទីសក្ការៈរបស់ព្រះជាម្ចាស់ ហើយប្រកាសខ្លួនឯងថាជាព្រះជាម្ចាស់ថែមទៀតផង។