គាត់ប្រគល់ប្រាក់ឲ្យអ្នកបម្រើម្នាក់ៗតាមសមត្ថភាពរៀងៗខ្លួន គឺឲ្យប្រាំណែន ទៅអ្នកទីមួយ ពីរណែនទៅអ្នកទីពីរ និងមួយណែនទៅអ្នកទីបី រួចគាត់ចេញដំណើរទៅ។
អេភេសូរ 4:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានផ្ដល់ព្រះគុណមកឲ្យយើងម្នាក់ៗតាមកម្រិតព្រះអំណោយទាន ដែលព្រះគ្រិស្តប្រទានមកយើង។ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ ព្រះគុណបានប្រទានមកយើងម្នាក់ៗ ស្របតាមខ្នាតនៃអំណោយទានរបស់ព្រះគ្រីស្ទ។ Khmer Christian Bible តែម្នាក់ៗបានទទួលព្រះគុណតាមខ្នាតនៃអំណោយទានរបស់ព្រះគ្រិស្ដរៀងៗខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ យើងម្នាក់ៗបានទទួលព្រះគុណ តាមខ្នាតអំណោយទានរបស់ព្រះគ្រីស្ទរៀងៗខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែមានព្រះគុណផ្តល់មកយើងរាល់គ្នារៀងរាល់ខ្លួន តាមខ្នាតអំណោយទាននៃព្រះគ្រីស្ទ អាល់គីតាប អុលឡោះបានផ្ដល់គុណមកឲ្យយើងម្នាក់ៗតាមកំរិតអំណោយទាន ដែលអាល់ម៉ាហ្សៀសប្រទានមកយើង។ |
គាត់ប្រគល់ប្រាក់ឲ្យអ្នកបម្រើម្នាក់ៗតាមសមត្ថភាពរៀងៗខ្លួន គឺឲ្យប្រាំណែន ទៅអ្នកទីមួយ ពីរណែនទៅអ្នកទីពីរ និងមួយណែនទៅអ្នកទីបី រួចគាត់ចេញដំណើរទៅ។
ព្រះអង្គដែលព្រះជាម្ចាស់ចាត់ឲ្យយាងមក ថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រោះព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកព្រះអង្គយ៉ាងបរិបូណ៌។
ខ្ញុំសូមជម្រាបបងប្អូន តាមព្រះអំណោយទានដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំថា ម្នាក់ៗមិនត្រូវលើកតម្លៃខ្លួនឯងខ្ពស់ ហួសពីគំនិតដែលត្រូវគិតនោះឡើយ តែត្រូវគិតឲ្យបានសមរម្យតាមកម្រិតនៃជំនឿ ដែលព្រះជាម្ចាស់ប្រទានឲ្យម្នាក់ៗ។
ដោយយើងធ្វើការរួមជាមួយព្រះជាម្ចាស់ យើងសូមទូន្មានបងប្អូនថា កុំទទួលព្រះគុណរបស់ព្រះអង្គ យកមកទុកចោលជាអសារឥតការឡើយ
បងប្អូនប្រហែលជាបានឮគេនិយាយអំពីមុខងារដែលព្រះជាម្ចាស់ប្រណីសន្ដោសឲ្យខ្ញុំបំពេញ ដើម្បីជាប្រយោជន៍ដល់បងប្អូននោះហើយមើលទៅ។
ទោះបីខ្ញុំមានឋានៈតូចជាងគេបំផុតក្នុងចំណោមប្រជាជនដ៏វិសុទ្ធ*ក្ដី ក៏ព្រះជាម្ចាស់បានផ្ដល់ព្រះគុណនេះមកខ្ញុំ ដើម្បីនាំដំណឹងល្អទៅប្រាប់សាសន៍ដទៃ អំពីព្រះជន្មដ៏បរិបូណ៌បំផុតរបស់ព្រះគ្រិស្ត ដែលមនុស្សលោកគិតមិនដល់នោះដែរ។
ព្រះជាម្ចាស់ផ្ដល់សក្ខីភាពរួមជាមួយពួកគេ ដោយសម្តែងទីសម្គាល់ ឫទ្ធិបាដិហារិយ៍ ការអស្ចារ្យគ្រប់យ៉ាង ព្រមទាំងចែកព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ*មក ស្របតាមព្រះហឫទ័យព្រះអង្គផង។
បងប្អូនម្នាក់ៗបានទទួលព្រះអំណោយទានផ្សេងៗពីគ្នាហើយ ដូច្នេះ ចូរយកព្រះអំណោយទានទាំងនេះទៅបម្រើអ្នកឯទៀតៗ ឲ្យសមនឹងនាទីរបស់បងប្អូន ជាអ្នកចាត់ចែងដ៏ល្អ ដែលចែកព្រះអំណោយទាន គ្រប់បែបយ៉ាងរបស់ព្រះជាម្ចាស់។