ប៉ុន្តែ នៅពេលព្រះនាងអេសធើរចូលគាល់ព្រះរាជា នោះស្ដេចបានចេញបញ្ជា ដោយលាយលក្ខណ៍អក្សរ ឲ្យគេព្យួរ-កលោកហាម៉ាន និងកូនៗរបស់គាត់ គឺទុក្ខទោសដែលគាត់គ្រោងទុកសម្រាប់ជនជាតិយូដា បានធ្លាក់មកលើគាត់វិញ។
អូបាឌា 1:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃដែលព្រះអម្ចាស់វិនិច្ឆ័យទោស ប្រជាជាតិទាំងអស់ ជិតមកដល់ហើយ ព្រះអង្គនឹងប្រព្រឹត្តចំពោះអ្នក ដូចអ្នកបានប្រព្រឹត្តចំពោះអ្នកដទៃដែរ។ អ្នកនឹងទទួលទោសតាមអំពើអាក្រក់របស់ខ្លួន! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ានៅជិតបង្កើយ ទាស់នឹងអស់ទាំងសាសន៍ អ្នកបានប្រព្រឹត្តយ៉ាងណា ព្រះក៏នឹងប្រព្រឹត្តចំពោះអ្នកយ៉ាងនោះដែរ អំពើដែលអ្នកបានប្រព្រឹត្ត នោះនឹងធ្លាក់មកលើក្បាលអ្នកវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ា ជិតនឹងមកលើអស់ទាំងសាសន៍ហើយ នោះដែលឯងបានប្រព្រឹត្តយ៉ាងណា ក៏នឹងមានគេប្រព្រឹត្តនឹងឯងយ៉ាងនោះដែរ គឺអំពើដែលឯងប្រព្រឹត្តនោះ នឹងធ្លាក់មកលើក្បាលឯងវិញ អាល់គីតាប ថ្ងៃដែលអុលឡោះតាអាឡាវិនិច្ឆ័យទោស ប្រជាជាតិទាំងអស់ ជិតមកដល់ហើយ ទ្រង់នឹងប្រព្រឹត្តចំពោះអ្នក ដូចអ្នកបានប្រព្រឹត្តចំពោះអ្នកដទៃដែរ។ អ្នកនឹងទទួលទោសតាមអំពើអាក្រក់របស់ខ្លួន! |
ប៉ុន្តែ នៅពេលព្រះនាងអេសធើរចូលគាល់ព្រះរាជា នោះស្ដេចបានចេញបញ្ជា ដោយលាយលក្ខណ៍អក្សរ ឲ្យគេព្យួរ-កលោកហាម៉ាន និងកូនៗរបស់គាត់ គឺទុក្ខទោសដែលគាត់គ្រោងទុកសម្រាប់ជនជាតិយូដា បានធ្លាក់មកលើគាត់វិញ។
ហេតុអ្វីបានជាព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត មិនកំណត់ពេលសម្រាប់វិនិច្ឆ័យទោសមនុស្ស ហេតុអ្វីបានជាអស់អ្នកដែលស្គាល់ព្រះអង្គ មិនឃើញព្រះអង្គរកយុត្តិធម៌ឲ្យ?
រីឯក្រុងបាប៊ីឡូនវិញ បន្តិចទៀតឯងក៏នឹងត្រូវគេបំផ្លាញខ្ទេចខ្ទីដែរ! អ្នកណាធ្វើបាបឯង តបស្នងនឹងអំពើដែលឯងបានប្រព្រឹត្តចំពោះយើង អ្នកនោះមានសុភមង្គលហើយ!
កំហុសរបស់មនុស្សអាក្រក់ជាចំណងចងខ្លួន ហើយអំពើបាបជាអន្ទាក់ដែលធ្វើឲ្យខ្លួនគេរើពុំរួច។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងសូមប្រកាសជំទាស់នឹងនគរជិតខាងដ៏អាក្រក់ ហើយឈ្លានពានទឹកដីដែលយើងបានចែកឲ្យអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ទុកជាចំណែកមត៌ក។ យើងនឹងដកប្រជាជននៅស្រុកទាំងនោះចេញពីទឹកដីរបស់ខ្លួន ហើយយើងក៏ដកជនជាតិយូដាចេញពីទឹកដីរបស់ខ្លួនដែរ។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អស់អ្នកដែលមិនត្រូវផឹកពីពែងនៃទុក្ខលំបាកនេះ ក៏យើងដាក់ទោសឲ្យផឹកដែរ។ ចុះអ្នកវិញ តើអ្នកស្មានថាអាចរួចខ្លួនឬ? ទេ អ្នកពុំអាចរួចខ្លួនបានឡើយ អ្នកត្រូវតែផឹក!
ចូរកោះហៅអ្នកបាញ់ព្រួញ គឺអ្នកបាញ់ព្រួញ ដ៏ពូកែទាំងប៉ុន្មាន មកវាយលុកបាប៊ីឡូន ចូរបោះទ័ពជុំវិញក្រុងនេះ កុំឲ្យនរណាម្នាក់រត់រួចឡើយ។ ចូរសងពួកបាប៊ីឡូនវិញ តាមអំពើរបស់ពួកគេ ពួកគេធ្លាប់ប្រព្រឹត្តយ៉ាងណា ចូរប្រព្រឹត្តចំពោះពួកគេវិញយ៉ាងនោះដែរ ដ្បិតពួកគេវាយឫកព្រហើនដាក់ព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។
ពិតមែនហើយ មេបំផ្លាញមកវាយលុក ក្រុងបាប៊ីឡូន ទាហានដ៏អង់អាចរបស់ក្រុងនេះ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំង ធ្នូរបស់ពួកគេត្រូវបាក់។ ព្រះអម្ចាស់ជាព្រះដែលតែងតែសងទៅមនុស្ស តាមអំពើដែលម្នាក់ៗប្រព្រឹត្ត។
ថ្ងៃនោះនៅជិតបង្កើយហើយ គឺជាថ្ងៃរបស់ព្រះអម្ចាស់ ថ្ងៃដែលមានពពក ថ្ងៃដែលប្រជាជាតិនានាវាយប្រហារគ្នា។
យើងជាព្រះដ៏មានជីវិតគង់នៅ! យើងដាក់ទោសអ្នកតាមកំហឹង ចិត្តច្រណែន និងចិត្តស្អប់ ដែលអ្នកសម្តែងចំពោះពួកគេ។ នៅពេលយើងវិនិច្ឆ័យទោសអ្នក យើងនឹងសម្តែងឲ្យពួកគេស្គាល់យើង - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
ដោយអ្នកសប្បាយរីករាយនៅពេលឃើញពូជពង្សអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង សោកសង្រេង យើងក៏នឹងធ្វើឲ្យអ្នកធ្លាក់ខ្លួនវេទនាយ៉ាងនោះដែរ។ ភ្នំសៀរអើយ អ្នក និងស្រុកអេដុមទាំងមូលមុខជាត្រូវវិនាស។ ពេលនោះ គេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់។
ថ្ងៃនោះជាថ្ងៃវេទនាពន់ពេកក្រៃ! ដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជិតមកដល់ហើយ គឺជាថ្ងៃដែលព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត យាងមកបំផ្លាញអ្វីៗទាំងអស់។
ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន! ចូរនាំគ្នាស្រែកហ៊ោនៅលើភ្នំដ៏វិសុទ្ធ របស់ព្រះជាម្ចាស់! ចូរឲ្យអ្នកស្រុកទាំងអស់ញ័ររន្ធត់! ដ្បិតថ្ងៃរបស់ព្រះអម្ចាស់កំពុងតែមក ថ្ងៃនោះនៅជិតបង្កើយ។
ព្រះអម្ចាស់ចេញបញ្ជាទៅកងទ័ពរបស់ព្រះអង្គ ដែលមានចំនួនច្រើនលើសលុប និងខ្លាំងពូកែ។ ពួកវាធ្វើតាមបញ្ជារបស់ព្រះអង្គ ដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជាថ្ងៃដ៏មហិមា និងគួរឲ្យស្ញែងខ្លាច គ្មាននរណាអាចទ្រាំទ្របានឡើយ។
អ្នកណាប្រាថ្នាចង់ឃើញថ្ងៃរបស់ព្រះអម្ចាស់ អ្នកនោះមុខជាវេទនាពុំខាន! តើអ្នករាល់គ្នារង់ចាំអ្វីនៅថ្ងៃរបស់ព្រះអម្ចាស់? ថ្ងៃនោះជាថ្ងៃងងឹតអន្ធការ គឺមិនមែនថ្ងៃដែលមានពន្លឺទេ។
ថ្ងៃរបស់ព្រះអម្ចាស់ជាថ្ងៃងងឹត មិនមែនជាថ្ងៃមានពន្លឺទេ ជាថ្ងៃអន្ធការ គ្មានពន្លឺរស្មីអ្វីសោះ។
អ្នកបានប្លន់រឹបអូសយកទ្រព្យសម្បត្តិ ពីប្រជាជាតិជាច្រើនយ៉ាងណា ជាតិសាសន៍ឯទៀតៗក៏នឹងប្លន់រឹបអូស យកទ្រព្យសម្បត្តិពីអ្នកយ៉ាងនោះដែរ ព្រោះអ្នកបានបង្ហូរឈាមមនុស្ស ហើយប្រព្រឹត្តអំពើព្រៃផ្សៃចំពោះ ប្រជាជនទាំងអស់ដែលរស់នៅស្រុក និងក្រុងនានា។
បើអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះជាម្ចាស់ក៏នឹងថ្កោលទោសអ្នករាល់គ្នាយ៉ាងនោះដែរ។ ព្រះអង្គនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យអ្នកដទៃ។
ដ្បិតអ្នកណាគ្មានចិត្តមេត្តាករុណា ព្រះជាម្ចាស់ក៏នឹងវិនិច្ឆ័យទោសអ្នកនោះ ដោយឥតមេត្តាករុណាដែរ។ អ្នកមានចិត្តមេត្តាករុណា មិនខ្លាចព្រះអង្គវិនិច្ឆ័យទោសឡើយ។
ស្ដេចអាដូនី-បេសេកមានរាជឱង្ការថា៖ «ខ្ញុំបានកាត់មេដៃ និងមេជើងរបស់ស្ដេចចិតសិបអង្គ ហើយស្ដេចទាំងនោះរើសសំណល់អាហារ នៅក្រោមតុរបស់ខ្ញុំ។ ឥឡូវនេះ ព្រះជាម្ចាស់បានសងមកខ្ញុំវិញ ស្របតាមអំពើដែលខ្ញុំបានប្រព្រឹត្ត»។ គេបាននាំស្ដេចអាដូនី-បេសេកទៅក្រុងយេរូសាឡឹម ហើយស្ដេចក៏សោយទិវង្គតនៅទីនោះ។