ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហេព្រើរ 12:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ត្រូវ​សម្លឹង​មើល​ទៅ​ព្រះ‌យេស៊ូ ដែល​ជា​ដើម​កំណើត​នៃ​ជំនឿ ហើយ​ធ្វើ​ឲ្យ​ជំនឿ​នេះ​បាន​គ្រប់​លក្ខណៈ។ ព្រះអង្គ​សុខ​ចិត្ត​លះ‌បង់​អំណរ ដែល​បម្រុង​ទុក​សម្រាប់​ព្រះអង្គ ហើយ​រង​ទុក្ខ​លំបាក​នៅ​លើ​ឈើ​ឆ្កាង ឥត​ខ្លាច​ខ្មាស សោះ​ឡើយ។ ឥឡូវ​នេះ ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទាំង​រំពឹងមើលទៅ​ព្រះយេស៊ូវ​ដែលជា​ស្ថាបនិក និង​ជា​អ្នកបង្ហើយ​នៃ​ជំនឿ​។ ព្រះអង្គ​បាន​ស៊ូទ្រាំ​នៅលើ​ឈើឆ្កាង​ដោយ​មើលងាយ​ការអៀនខ្មាស ព្រោះតែ​អំណរ​ដែល​មាន​ដាក់នៅមុខ​ព្រះអង្គ ហើយ​ឥឡូវនេះ ព្រះអង្គ​បាន​គង់ចុះ​នៅ​ខាងស្ដាំ​បល្ល័ង្ក​របស់​ព្រះ​។

សូមមើលជំពូក

Khmer Christian Bible

ទាំង​សម្លឹង​មើល​ទៅ‍​ឯ​ព្រះយេស៊ូ​ដែល​ជា​អ្នក​ផ្ដើម​ និង​ជា​អ្នក​បញ្ចប់​ជំនឿ​របស់​យើង។​ ដោយ​ព្រោះ​តែ​អំណរ​ដែល​បាន​ដាក់​នៅ​ចំពោះ​មុខ​ព្រះអង្គ​ ព្រះអង្គ​បាន​ស៊ូទ្រាំ​នៅ​លើ​ឈើ​ឆ្កាង​ដោយ​មិន​ខ្វល់​នឹង​សេចក្ដី​អាម៉ាស់​ ហើយ​ក៏​បាន​គង់​នៅ​ខាង​ស្ដាំប​ល្ល័ង្ក​របស់​ព្រះជាម្ចាស់។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទាំង​សម្លឹង​មើល​ព្រះ‌យេស៊ូវ ដែល​ជា​អ្នក​ចាប់​ផ្តើម និង​ជា​អ្នក​ធ្វើឲ្យ​ជំនឿ​របស់​យើង​បាន​គ្រប់​លក្ខណ៍ ទ្រង់​បាន​ស៊ូ​ទ្រាំ​នៅ​លើ​ឈើ​ឆ្កាង ដោយ​មិន​គិត​ពី​សេចក្ដី​អាម៉ាស់​ឡើយ ដោយ​ព្រោះតែ​អំណរ​ដែល​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទាំង​រំពឹង​មើល​ដល់​ព្រះ‌យេស៊ូវ​ដ៏​ជា​មេ​ផ្តើម ហើយ​ជា​មេ​សំរេច​សេចក្ដី​ជំនឿ​របស់​យើង ដែល​ទ្រង់​បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង ទាំង​មើល‌ងាយ​ចំពោះ​សេចក្ដី​អាម៉ាស់​ខ្មាស​នោះ ឲ្យ​តែ​បាន​សេចក្ដី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ រួច​ទ្រង់​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ

សូមមើលជំពូក

អាល់គីតាប

ត្រូវ​សម្លឹង​មើល​ទៅ​អ៊ីសា ដែល​ជា​ដើម​កំណើត​នៃ​ជំនឿ ហើយ​ធ្វើ​ឲ្យ​ជំនឿ​នេះ​បាន​គ្រប់​លក្ខណៈ។ គាត់​សុខ​ចិត្ដ​លះ‌បង់​អំណរ ដែល​បម្រុង​ទុក​សម្រាប់​គាត់ ហើយ​រង​ទុក្ខ​លំបាក​នៅ​លើ​ឈើ​ឆ្កាង​ឥត​ខ្លាច​ខ្មាសសោះ​ឡើយ។ ឥឡូវ​នេះ គាត់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​អុលឡោះ។

សូមមើលជំពូក



ហេព្រើរ 12:2
78 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល មក​កាន់​ព្រះ‌រាជា ជា​ព្រះ‌អម្ចាស់​របស់​ខ្ញុំ ដូច​ត​ទៅ​នេះ៖ «សូម​គង់​នៅ​ខាង​ស្ដាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ!»។


ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ធ្វើ​កិច្ចការ​គ្រប់​យ៉ាង​ចំពោះ​ទូលបង្គំ តាម​ព្រះ‌បន្ទូល​សន្យា ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ជានិច្ច។ សូម​កុំ​បោះ​បង់​ចោល​អស់​អ្នក​ដែល​ព្រះអង្គ បាន​បង្កើត​មក​នោះ​ឡើយ!


អស់​អ្នក​ដែល​រត់​ទៅ​ស្រុក​អេស៊ីប ដើម្បី​រក​ជំនួយ មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! អ្នក​ទាំង​នោះ​ពឹង​ផ្អែក​លើ​សេះ និង​ទុក​ចិត្ត​លើ​រទេះ​ចម្បាំង ព្រោះ​ឃើញ​មាន​ចំនួន​ច្រើន ពួក​គេ​ទុក​ចិត្ត​លើ​កង‌ទ័ព​សេះ ព្រោះ​ឃើញ​ថា​ខ្លាំង​ពូកែ តែ​ពួក​គេ​ពុំ​នឹក​នា​ដល់​ព្រះ​ដ៏វិសុទ្ធ របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ ពួក​គេ​ពុំ​ស្វែង​រក​ព្រះ‌អម្ចាស់​ឡើយ។


អស់​អ្នក​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី​អើយ ចូរ​នាំ​គ្នា​បែរ​មក​រក​យើង យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា ដ្បិត​យើង​ជា​ព្រះ‌ជាម្ចាស់ ក្រៅ​ពី​យើង គ្មាន​ព្រះ‌ជាម្ចាស់​ណា​ទៀត​ទេ។


លោក​ជា​មនុស្ស​ដែល​ត្រូវ​គេ​មើល‌ងាយ គ្មាន​នរណា​រាប់​រក។ លោក​ជា​មនុស្ស​ស្គាល់​តែ​ការ​ឈឺ​ចាប់ ធ្លាប់​តែ​រង​ទុក្ខ​វេទនា លោក​ដូច​មនុស្ស​ដែល​គេ​ខ្ពើម គេ​ខ្ទប់​មុខ​មិន​ហ៊ាន​សម្លឹង​មើល​ទេ។ យើង​បាន​មើល‌ងាយ​លោក ហើយ​មិន​រាប់​រក​លោក​ឡើយ។


ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ខ្ញុំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ដែល​បាន​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​កូន​ចៅ​របស់​លោក​យ៉ាកុប។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​សម្លឹង​មើល​ទៅ​ព្រះ‌អម្ចាស់ ខ្ញុំ​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌សង្គ្រោះ​របស់​ខ្ញុំ ព្រះ​របស់​ខ្ញុំ​មុខ​ជា​សណ្ដាប់​ពាក្យ​ខ្ញុំ​ពុំ‌ខាន។


យើង​នឹង​ចាក់​បង្ហូរ​វិញ្ញាណ​មក​លើ​រាជ‌វង្ស​របស់​ដាវីឌ និង​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​ពួក​គេ​មាន​ឆន្ទៈ​ល្អ ចេះ​អធិស្ឋាន។ ពួក​គេ​នឹង​សម្លឹង​មើល​មក​យើង ដែល​ពួក​គេ​បាន​ចាក់​ទម្លុះ។ ពួក​គេ​នឹង​កាន់​ទុក្ខ​ដូច​គេ​កាន់​ទុក្ខ​ព្រោះ​កូន​ប្រុស​តែ​មួយ​បាត់​បង់​ជីវិត។ ពួក​គេ​យំ​សោក​យ៉ាង​ជូរ​ចត់ ដូច​គេ​យំ​សោក​ស្រណោះ​សព​កូន​ប្រុស​ច្បង។


លោក​ម៉ូសេ​យក​លង្ហិន​ធ្វើ​រូប​ពស់​មួយ ហើយ​ព្យួរ​លើ​បង្គោល។ ពេល​មាន​នរណា​ម្នាក់​ត្រូវ​ពស់​ចឹក ហើយ​សម្លឹង​មើល​ទៅ​ពស់​លង្ហិន​នោះ គេ​បាន​រួច​ជីវិត។


តាំង​ពី​ពេល​នោះ​មក ព្រះ‌យេស៊ូ ចាប់​ផ្ដើម​ប្រាប់​ឲ្យ​ពួក​សិស្ស​ដឹង​ថា ព្រះអង្គ​ត្រូវ​តែ​យាង​ទៅ​ក្រុង​យេរូ‌សាឡឹម។ ពួក​ព្រឹទ្ធា‌ចារ្យ* ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ*​នឹង​នាំ​គ្នា​ធ្វើ​បាប​ព្រះអង្គ​ឲ្យ​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង ថែម​ទាំង​ធ្វើ​គុត​ព្រះអង្គ​ទៀត​ផង តែ​បី​ថ្ងៃ​ក្រោយ​មក ព្រះអង្គ​នឹង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។


បុត្រ​មនុស្ស​មក​ក្នុង​ពិភព​លោក​នេះ​មិន​មែន​ដើម្បី​ឲ្យ​គេ​បម្រើ​លោក​ទេ គឺ​លោក​មក​បម្រើ​គេ​វិញ ព្រម​ទាំង​បូជា​ជីវិត ដើម្បី​លោះ​មនុស្ស​ទាំង​អស់​ផង»។


ព្រះអង្គ​ទូល​ថា៖ «អប្បា ឱ​ព្រះ‌បិតា​អើយ! ព្រះអង្គ​អាច​សម្រេច​គ្រប់​កិច្ចការ​ទាំង​អស់​បាន សូម​ដក​យក​ពែង​នៃ​ទុក្ខ​លំបាក​នេះ ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ សូម​កុំ​តាម​បំណង​ចិត្ត​ទូលបង្គំ​ឡើយ គឺ​សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫទ័យ​ព្រះអង្គ​វិញ»។


ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «ព្រះអង្គ​ត្រូវ​គេ​រាប់​បញ្ចូល​ជា​មួយ​មនុស្ស​អាក្រក់» ។]


កាល​ព្រះ‌អម្ចាស់​យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​រួច​ហើយ ព្រះ‌ជាម្ចាស់​លើក​ព្រះអង្គ​ឡើង​ទៅ​ស្ថាន​បរម‌សុខ* ឲ្យ​គង់​នៅ​ខាង​ស្ដាំ​ព្រះអង្គ។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ព្យាការី​អេលីយ៉ា​អញ្ជើញ​មក​មុន​មែន ដើម្បី​រៀបចំ​សព្វ​គ្រប់​ទាំង​អស់​ឡើង​វិញ។ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា បុត្រ​មនុស្ស​ត្រូវ​រង‌ទុក្ខ​លំបាក​ជា​ច្រើន ព្រម​ទាំង​ត្រូវ​គេ​មើល‌ងាយ​ផង​ដូច្នេះ?


ឪពុក​របស់​ក្មេង​បន្លឺ​សំឡេង​ឡើង​ភ្លាម​ថា៖ «ខ្ញុំ​ប្របាទ​ជឿ​ហើយ! សូម​មេត្តា​ជួយ​ឲ្យ​ខ្ញុំ​ប្របាទ ដែល​ជា​អ្នក​មិន​ជឿ​នេះ​ផង!»។


ពួក​សាវ័ក*​ទូល​ព្រះ‌អម្ចាស់​ថា៖ «សូម​ព្រះអង្គ​ប្រទាន​ជំនឿ​មក​យើង​ខ្ញុំ​ថែម​ទៀត»។


ព្រះ‌បាទ​ហេរ៉ូដ និង​ពួក​ទាហាន​ចំអក​ឲ្យ​ព្រះ‌យេស៊ូ ព្រម​ទាំង​ជេរ​ប្រមាថ​មើល‌ងាយ​ព្រះអង្គ​ផង។ គេ​យក​អាវ​ដ៏​ល្អ​វិសេស​មក​ពាក់​ឲ្យ​ព្រះអង្គ រួច​បញ្ជូន​ទៅ​លោក​ពីឡាត​វិញ។


ព្រះ‌គ្រិស្ត*​ត្រូវ​តែ​រង​ទុក្ខ​លំបាក​បែប​នេះ​សិន មុន​នឹង​ចូល​ទៅ​ទទួល​សិរី‌រុងរឿង​របស់​ព្រះអង្គ»។


នៅ​ថ្ងៃ​បន្ទាប់ លោក​យ៉ូហាន​ឃើញ​ព្រះ‌យេស៊ូ​យាង​តម្រង់​មក​រក​លោក រួច​លោក​ក៏​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! លោក​នេះ​ហើយ​ជា​កូន​ចៀម​របស់​ព្រះ‌ជាម្ចាស់ ដែល​ដក​បាប​ចេញ​ពី​មនុស្ស​លោក


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រាប់​ស្រូវ​ធ្លាក់​ដល់​ដី ហើយ​បើ​មិន​ងាប់​ទេ គ្រាប់​នោះ​នៅ​តែ​មួយ​ដដែល។ ផ្ទុយ​ទៅ​វិញ បើ​គ្រាប់​ស្រូវ​នោះ​ងាប់ វា​នឹង​បង្កើត​ផល​បាន​ច្រើន។


រីឯ​ខ្ញុំ​វិញ កាល​ណា​គេ​លើក​ខ្ញុំ​ឡើង​ពី​ដី ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ខ្ញុំ»។


ព្រះ‌យេស៊ូ​ជ្រាប​ថា ព្រះ‌បិតា​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ក្រោម​អំណាច​ព្រះអង្គ ហើយ​ជ្រាប​ថា ព្រះអង្គ​យាង​មក​ពី​ព្រះ‌ជាម្ចាស់ និង​យាង​ទៅ​ឯ​ព្រះ‌ជាម្ចាស់​វិញ។


ព្រះ‌បិតា​របស់​ខ្ញុំ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អស់​អ្នក​ដែល​បាន​ឃើញ​ព្រះ‌បុត្រា ហើយ​ជឿ​លើ​ព្រះអង្គ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច។ ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត​ផង»។


លោក​អប្រាហាំ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា​មាន​ចិត្ត​ត្រេក‌អរ​ពន់​ប្រមាណ ដោយ​សង្ឃឹម​ថា​នឹង​ឃើញ​ខ្ញុំ​មក​ដល់។ លោក​ក៏​បាន​ឃើញ​មែន ហើយ​ត្រេក‌អរ​សប្បាយ»។


ហេតុ​នេះ សូម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ដឹង​ជាក់​ច្បាស់​ថា លោក​យេស៊ូ​នេះ ដែល​បងប្អូន​បាន​ឆ្កាង ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​លោក​ឡើង​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌គ្រិស្ត*​ហើយ»។


បងប្អូន​បាន​ឲ្យ​គេ​ធ្វើ​គុត​ម្ចាស់​នៃ​ជីវិត ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ យើង​ខ្ញុំ​ជា​សាក្សី​អំពី​ហេតុ‌ការណ៍​នេះ។


ព្រះ‌ជាម្ចាស់​បាន​លើក​លោក​យេស៊ូ​ឡើង ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ ហើយ​តែង‌តាំង​លោក​ជា​ព្រះអង្គ​ម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ ដើម្បី​ឲ្យ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប*។


ក្រុម​សាវ័ក​ចាក​ចេញ​ពី​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ទាំង​អរ​សប្បាយ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ឲ្យ​គេ​មាន​កិត្តិយស​រង​ទុក្ខ​ទោស ព្រោះ​តែ​ព្រះ‌នាម​ព្រះ‌យេស៊ូ។


អ្នក​ដែល​ត្រូវ​វិនាស​អន្តរាយ ចាត់​ទុក​ដំណឹង​អំពី​ព្រះ‌គ្រិស្ត*​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ថា​លេលា រីឯ​យើង​ដែល​កំពុង​តែ​ទទួល​ការ​សង្គ្រោះ​វិញ យើង​ជឿ​ថា ដំណឹង​នេះ​ជា​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់


រីឯ​យើង​វិញ យើង​ប្រកាស​អំពី​ព្រះ‌គ្រិស្ត*​ដែល​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង។ សាសន៍​យូដា​យល់​ឃើញ​ថា ពាក្យ​ប្រកាស​នេះ​រារាំង​គេ​មិន​ឲ្យ​ជឿ ហើយ​សាសន៍​ដទៃ​យល់​ឃើញ​ថា​ជា​រឿង​លេលា។


ដោយ​ព្រះអង្គ​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ព្រះអង្គ​បាន​សម្រុះ‌សម្រួល​សាសន៍​ទាំង​ពីរ​ឲ្យ​រួម​គ្នា​ជា​រូប​កាយ​តែ​មួយ និង​ធ្វើ​ឲ្យ​គេ​ស្រុះ‌ស្រួល​ជា​មួយ​ព្រះ‌ជាម្ចាស់​វិញ ទាំង​កម្ចាត់​ការ​ស្អប់​គ្នា​ចោល​ផង។


ចូរ​រស់​នៅ​ដោយ​មាន​ចិត្ត​ស្រឡាញ់ ដូច​ព្រះ‌គ្រិស្ត​បាន​ស្រឡាញ់​យើង ហើយ​បាន​បូជា​ព្រះ‌ជន្ម​សម្រាប់​យើង ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌ជាម្ចាស់ និង​ទុក​ជា​យញ្ញ‌បូជា​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ ។


ខ្ញុំ​ជឿ​ជាក់​ថា ព្រះអង្គ​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ល្អ​នៅ​ក្នុង​បងប្អូន ព្រះអង្គ​ក៏​នឹង​បង្ហើយ​ការ​នេះ​រហូត​ដល់​ថ្ងៃ ​ព្រះ‌គ្រិស្ត​យេស៊ូ​យាង​មក។


រីឯ​យើង​វិញ មាតុ‌ភូមិ​របស់​យើង​នៅ​ស្ថាន​បរម‌សុខ* ហើយ​យើង​នៅ​ទន្ទឹង​រង់‌ចាំ​ព្រះ‌សង្គ្រោះ គឺ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​យាង​មក​ពី​ស្ថាន​នោះ។


ឥឡូវ​នេះ ព្រះ‌អម្ចាស់​ជា​ចៅ‌ក្រម​ដ៏​សុចរិត​បាន​បម្រុង​ភួង​ជ័យ​នៃ​សេចក្ដី​សុចរិត​ទុក​សម្រាប់​ខ្ញុំ ហើយ​ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​ខ្ញុំ នៅ​ថ្ងៃ​ដែល​ព្រះអង្គ​យាង​មក ព្រះអង្គ​មិន​ត្រឹម​តែ​ប្រទាន​ឲ្យ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ គឺ​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​មាន​ចិត្ត​ស្រឡាញ់ ទន្ទឹង​រង់‌ចាំ​ព្រះអង្គ​យាង​មក​យ៉ាង​ឱឡា‌រិក​នោះ​ដែរ។


មួយ​វិញ​ទៀត ព្រះ‌ជាម្ចាស់​ក៏​មិន​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវតា​ណា​ម្នាក់​ថា៖ «សូម​គង់​នៅ​ខាង​ស្ដាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ»។


ព្រះ‌បុត្រា​នេះ​ជា​រស្មី​នៃ​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ និង​មាន​លក្ខណៈ​ដូច​ព្រះអង្គ​បេះ​បិទ។ ព្រះ‌បុត្រា​ទ្រ‌ទ្រង់​អ្វីៗ​ទាំង​អស់ ដោយ‌សារ​ព្រះ‌បន្ទូល​ប្រកប​ដោយ​ឫទ្ធា‌នុភាព។ លុះ​ព្រះអង្គ​ប្រោស​មនុស្ស​ឲ្យ​បរិសុទ្ធ*​ផុត​ពី​បាប*​រួច​ហើយ ព្រះអង្គ​ក៏​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​ឧត្តុង្គ​ឧត្ដម​នា​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។


ដោយ‌សារ​តង្វាយ​តែ​មួយ​គត់ ព្រះ‌គ្រិស្ត​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​វិសុទ្ធ*​ហើយ​នោះ បាន​គ្រប់​លក្ខណៈ​រហូត​ត​ទៅ។


ពេល​ខ្លះ បងប្អូន​ត្រូវ​គេ​ប្រមាថ​មើល‌ងាយ ធ្វើ​បាប​នៅ​មុខ​ប្រជុំ​ជន និង​ពេល​ខ្លះ​ទៀត បងប្អូន​រួម​ទុក្ខ​ជា​មួយ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ដែរ។


អ្នក​ខ្លះ​ទៀត​សុខ​ចិត្ត​ឲ្យ​គេ​ចំអក​ឡក‌ឡឺយ ឲ្យ​គេ​វាយ‌ដំ ហើយ​ថែម​ទាំង​ឲ្យ​គេ​ដាក់​ច្រវាក់​ឃុំ‌ឃាំង​ថែម​ទៀត​ផង។


សូម​បងប្អូន​គិត​ពី​ព្រះអង្គ ដែល​បាន​ស៊ូ‌ទ្រាំ​នឹង​មនុស្ស​បាប​ដែល​ប្រឆាំង​ព្រះអង្គ​យ៉ាង​ខ្លាំង​នោះ​ទៅ ដើម្បី​កុំ​ឲ្យ​បងប្អូន​នឿយ‌ណាយ បាក់​ទឹក​ចិត្ត​ឡើយ។


ដូច្នេះ យើង​ត្រូវ​តែ​ចាក​ចេញ​ពី​ជំរំ​ទៅ​រក​ព្រះអង្គ ទាំង​ស៊ូ‌ទ្រាំ​ឲ្យ​គេ​ប្រមាថ​មើល‌ងាយ​រួម​ជា​មួយ​ព្រះអង្គ​ដែរ


បន្ទាប់​ពី​ព្រះអង្គ​បាន​គ្រប់​លក្ខណៈ​ហើយ ព្រះអង្គ​ក៏​បាន​ទៅ​ជា​ប្រភព​នៃ​ការ​សង្គ្រោះ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច សម្រាប់​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​ព្រះអង្គ


ដ្បិត​ក្រឹត្យ‌វិន័យ​ពុំ​បាន​ធ្វើ​ឲ្យ​អ្វី​មួយ​ទៅ​ជា​គ្រប់​លក្ខណៈ​ឡើយ។ ម្យ៉ាង​ទៀត សេចក្ដី​សង្ឃឹម​មួយ​ដ៏​ប្រសើរ​ជាង​បាន​មក​ដល់ ហើយ​ដោយ‌សារ​សេចក្ដី​សង្ឃឹម​នេះ យើង​អាច​ចូល​ទៅ​ជិត​ព្រះ‌ជាម្ចាស់​បាន។


គោល​ដ៏​សំខាន់​បំផុត​ក្នុង​សេចក្ដី​ដែល​យើង​កំពុង​តែ​បរិយាយ​នេះ គឺ​ថា យើង​មាន​មហា​បូជា‌ចារ្យ*​មួយ គង់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់​ដ៏​ឧត្ដុង្គ‌ឧត្ដម​នៅ​ស្ថាន​បរម‌សុខ។


ព្រះ‌គ្រិស្ត​ក៏​បាន​ថ្វាយ​ព្រះ‌ជន្ម​របស់​ព្រះអង្គ​តែ​មួយ​ដង ធ្វើ​ជា​យញ្ញ‌បូជា ដើម្បី​ដក​បាប​ចេញ​ពី​មនុស្ស​ទាំង​អស់​យ៉ាង​នោះ​ដែរ។ ព្រះអង្គ​នឹង​យាង​មក​ម្ដង​ទៀត តែ​លើក​នេះ គ្មាន​ទាក់​ទាម​អ្វី​នឹង​បាប​ទេ គឺ​ព្រះអង្គ​យាង​មក​សង្គ្រោះ​អស់​អ្នក​ដែល​ទន្ទឹង​រង់‌ចាំ​ព្រះអង្គ។


បងប្អូន​អើយ បងប្អូន​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូ​គ្រិស្ត* ជា​ព្រះ‌អម្ចាស់​ប្រកប​ដោយ​សិរី‌រុងរឿង​របស់​យើង​ហើយ ដូច្នេះ សូម​កុំ​ប្រកាន់​វណ្ណៈ​ឲ្យ​សោះ។


ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រិស្ត​ដែល​គង់​នៅ​ក្នុង​ព្យាការី​ទាំង​នោះ បាន​បញ្ជាក់​ប្រាប់​ជា​មុន​អំពី​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រិស្ត និង​អំពី​សិរី‌រុងរឿង​ដែល​ព្រះអង្គ​នឹង​ទទួល​តាម​ក្រោយ។ ពួក​លោក​ក៏​បាន​រិះគិត​ចង់​ដឹង​ថា តើ​ព្រឹត្តិ‌ការណ៍​នេះ​នឹង​កើត​មាន​នៅ​ជំនាន់​ណា ក្នុង​កាលៈ‌ទេសៈ​ណា។


សូម្បី​តែ​ព្រះ‌គ្រិស្ត*​ក៏​ព្រះអង្គ​បាន​សោយ​ទិវង្គត​ម្ដង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ព្រះ​ដ៏​សុចរិត*​បាន​សោយ​ទិវង្គត ជា​ប្រយោជន៍​ដល់​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​បងប្អូន​ទៅ​ថ្វាយ​ព្រះ‌ជា‌ម្ចាស់។ កាល​ព្រះអង្គ​មាន​ឋានៈ​ជា​មនុស្ស ព្រះអង្គ​ត្រូវ​គេ​ធ្វើ​គុត តែ​ព្រះ‌ជា‌ម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់ ដោយ‌សារ​ព្រះ‌វិញ្ញាណ​វិញ។


ព្រះអង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ* គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជា‌ម្ចាស់ ហើយ​ពួក​ទេវតា* ព្រម​ទាំង​វត្ថុ​ស័ក្តិ‌សិទ្ធិ​នានា​ដែល​មាន​អំណាច និង​ឫទ្ធា‌នុភាព​នានា ចុះ​ចូល​នឹង​ព្រះអង្គ​ទាំង​អស់។


ចូរ​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់ ទាំង​ទន្ទឹង​រង់‌ចាំ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌យេស៊ូ‌គ្រិស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង ដើម្បី​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច​ផង។


សំឡេង​នោះ​ប្រាប់​ថា «អ្វីៗ​ដែល​អ្នក​បាន​ឃើញ ត្រូវ​សរសេរ​ទុក​ក្នុង​សៀវភៅ​មួយ រួច​ផ្ញើ​ទៅ​ជូន​ក្រុម‌ជំនុំ​ទាំង​ប្រាំ‌ពីរ នៅ​ក្រុង​អេភេសូ ក្រុង​ស្មៀរ‌ណា ក្រុង​ពើកា‌ម៉ុស ក្រុង​ធាទេ‌រ៉ា ក្រុង​សើដេស ក្រុង​ភីឡា‌ដិលភា និង​ក្រុង​ឡៅឌី‌សេ»។


ពេល​ខ្ញុំ​ឃើញ​លោក ខ្ញុំ​ដួល​សន្លប់​បាត់​ស្មារតី នៅ​ទៀប​ជើង​លោក។ លោក​ដាក់​ដៃ​ស្ដាំ​លើ​ខ្ញុំ ទាំង​ពោល​ថា: «កុំ​ខ្លាច​អី! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត


ព្រះ‌ជា‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ គង់​នៅ​ពី​ដើម ហើយ​កំពុង​តែ​យាង​មក គឺ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​អាល់ផា និង​ជា​អូមេ‌កា»​ ។


«ចូរ​សរសេរ​ទៅ​កាន់​ទេវតា*​របស់​ក្រុម‌ជំនុំ*​នៅ​ក្រុង​ស្មៀរ‌ណា​ដូច​ត​ទៅ​នេះ៖ ព្រះអង្គ​ដែល​គង់​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត គឺ​ព្រះអង្គ​ដែល​បាន​សោយ​ទិវង្គត និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា: