រ៉ូម 9:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូចមានចែងទុកមកថា: យើងបានដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ជាថ្មដែលនាំឲ្យគេជំពប់ដួល ជាសិលាដែលនាំឲ្យគេរវាតចិត្តបាត់ជំនឿ អ្នកណាជឿលើថ្មនេះ អ្នកនោះមុខជាមិនខកចិត្តឡើយ ។ ព្រះគម្ពីរខ្មែរសាកល ដូចដែលមានសរសេរទុកមកថា: “មើល៍! នៅស៊ីយ៉ូនយើងដាក់ថ្មនៃការជំពប់ និងថ្មដានៃសេចក្ដីបណ្ដាលឲ្យជំពប់ដួល; ប៉ុន្តែអ្នកដែលជឿទុកចិត្តលើព្រះអង្គ នឹងមិនត្រូវអាម៉ាស់មុខឡើយ” ៕ Khmer Christian Bible ដូចមានសេចក្ដីចែងទុកថា៖ «យើងបានដាក់ថ្មដែលនាំឲ្យជំពប់ដួលមួយនៅក្រុងស៊ីយ៉ូន ហើយជាផ្ទាំងថ្មដែលរវាទចិត្ដ ប៉ុន្ដែអ្នកណាជឿលើថ្មនោះ អ្នកនោះនឹងមិនត្រូវខកចិត្ដឡើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូចមានសេចក្តីចែងទុកមកថា៖ «មើល៍ យើងដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ដែលធ្វើឲ្យគេជំពប់ដួល ជាថ្មដាដែលធ្វើឲ្យគេរវាតចិត្ត ហើយអ្នកណាដែលជឿដល់ថ្មនោះ នឹងមិនត្រូវខ្មាសឡើយ» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូចមានសេចក្ដីចែងទុកមកថា «មើល អញដាក់ថ្មជំពប់១ គឺជាថ្មដាបង្អាក់បង្អន់ចិត្ត នៅក្រុងស៊ីយ៉ូន អស់អ្នកណាដែលជឿដល់ថ្មនោះ នឹងគ្មានហេតុនាំឲ្យខ្មាសឡើយ»។ អាល់គីតាប ដូចមានចែងទុកមកថាៈ យើងបានដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ជាថ្មដែលនាំឲ្យគេជំពប់ដួល ជាថ្មដែលនាំឲ្យគេរវាតចិត្ដបាត់ជំនឿ អ្នកណាជឿលើថ្មនេះ អ្នកនោះមុខជាមិនខកចិត្ដឡើយ។ |
សូមជួយគាំទ្រទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំមានជីវិត សូមកុំឲ្យសេចក្ដីសង្ឃឹម របស់ទូលបង្គំប្រែទៅជាខកចិត្តឡើយ។
សូមការពារ និងរំដោះទូលបង្គំផង! សូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់មុខឲ្យសោះ ដ្បិតទូលបង្គំមកពឹងផ្អែកលើព្រះអង្គហើយ!។
ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ យើងនឹងយកថ្មមួយដុំមកដាក់ធ្វើជាគ្រឹះ នៅក្រុងស៊ីយ៉ូន ដើម្បីល្បងមើលអ្នករាល់គ្នា។ ថ្មនោះជាថ្មដ៏សំខាន់ និងមានតម្លៃ ហើយជាគ្រឹះដ៏មាំ។ អ្នកណាពឹងផ្អែកលើថ្មនេះ អ្នកនោះមុខជាបានរឹងប៉ឹងមិនខាន។
ចំណែកឯជនជាតិអ៊ីស្រាអែលវិញ គេបានទទួលការសង្គ្រោះពីព្រះអម្ចាស់ ព្រះអង្គសង្គ្រោះគេអស់កល្បជានិច្ច។ អ្នកមិនត្រូវអាម៉ាស់ ឬបាក់មុខសោះឡើយ”។
កុំភ័យខ្លាចអ្វី អ្នកនឹងមិនត្រូវអាម៉ាស់ទៀតឡើយ កុំព្រួយចិត្តឲ្យសោះ ដ្បិតអ្នកនឹងលែងបាត់បង់កិត្តិយសទៀតហើយ អ្នកនឹងភ្លេចភាពអាម៉ាស់ ដែលអ្នកធ្លាប់ជួបប្រទះកាលនៅពីក្មេង អ្នកនឹងឈប់នឹកនាពីការត្មះតិះដៀល នៅគ្រាដែលយើងបោះបង់ចោលអ្នក ។
ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ក្នុងគម្ពីរមានចែងថា: “ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។ ព្រះអម្ចាស់បានសម្រេចការអស្ចារ្យនេះ យើងបានឃើញ ហើយស្ងើចសរសើរផង” ។ តើអ្នករាល់គ្នាដែលអានអត្ថបទនេះឬទេ?
អ្នកណាដួលលើថ្មនេះ អ្នកនោះមុខជាត្រូវបាក់បែកខ្ទេចខ្ទាំមិនខាន ហើយបើថ្មនេះសង្កត់លើអ្នកណា មុខជាកិនកម្ទេចអ្នកនោះឲ្យស្លាប់ជាប្រាកដដែរ»។
បងប្អូនអើយ ខ្ញុំប៉ងប្រាថ្នាអស់ពីចិត្ត ចង់តែឲ្យសាសន៍អ៊ីស្រាអែលបានទទួលការសង្គ្រោះ ហើយខ្ញុំក៏ទូលអង្វរព្រះជាម្ចាស់ឲ្យពួកគេដែរ។
ដូចមានថ្លែងទុកក្នុងគម្ពីរថា «អ្នកណាជឿលើព្រះអង្គ អ្នកនោះមុខជាមិនខកចិត្តឡើយ»។
សេចក្ដីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្តឡើយ ព្រោះព្រះជាម្ចាស់បានចាក់បង្ហូរព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គមកក្នុងចិត្តយើង ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើង។
បងប្អូនអើយ ចំពោះខ្ញុំវិញ ប្រសិនបើខ្ញុំប្រកាសឲ្យធ្វើពិធីកាត់ស្បែកទៀតនោះ ម្ដេចក៏គេនៅតែបៀតបៀនខ្ញុំទៀត? ប្រសិនបើខ្ញុំប្រកាសដូច្នេះ ដំណឹងល្អអំពីព្រះគ្រិស្តជាប់ឆ្កាងនឹងលែងធ្វើឲ្យគេរវាតចិត្ត ឃ្លាតចាកពីជំនឿទៀតហើយ។
ខ្ញុំទន្ទឹងរង់ចាំយ៉ាងខ្លាំងអស់ពីចិត្ត និងសង្ឃឹមលើព្រះអង្គ ខ្ញុំមិនត្រូវអាម៉ាស់មុខត្រង់ណាឡើយ។ ផ្ទុយទៅវិញ ពេលនេះក៏ដូចជាពេលណាទាំងអស់ ខ្ញុំនៅតែមានចិត្តរឹងប៉ឹង ឥតរង្គើ ទោះបីខ្ញុំត្រូវរស់ ឬស្លាប់ក្ដី ខ្ញុំនឹងលើកតម្កើងព្រះគ្រិស្តក្នុងរូបកាយខ្ញុំ។
ហេតុនេះហើយបានជាខ្ញុំរងទុក្ខលំបាកទាំងនេះ ប៉ុន្តែ ខ្ញុំមិនខ្មាសឡើយ ដ្បិតខ្ញុំដឹងថា ខ្ញុំបានជឿលើព្រះអង្គណា ហើយខ្ញុំក៏ជឿជាក់ថា ព្រះអង្គនោះមានឫទ្ធានុភាពនឹងរក្សាអ្វីៗ ដែលព្រះអង្គផ្ញើទុកនឹងខ្ញុំ ឲ្យបានគង់វង្ស រហូតដល់ថ្ងៃព្រះអង្គយាងមក។
ឥឡូវនេះ កូនចៅទាំងឡាយអើយ ចូរស្ថិតនៅជាប់នឹងព្រះយេស៊ូចុះ ដើម្បីឲ្យយើងមានចិត្តរឹងប៉ឹង នៅថ្ងៃដែលព្រះអង្គយាងមកយ៉ាងរុងរឿង ហើយពេលព្រះអង្គយាងមកនោះ យើងនឹងមិនត្រូវអៀនខ្មាសនៅចំពោះព្រះភ័ក្ត្រព្រះអង្គឡើយ។