សូមកុំយកទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គទៅកាត់ក្ដីឡើយ ដ្បិតគ្មានមនុស្សណាម្នាក់សុចរិតនៅចំពោះ ព្រះភ័ក្ត្ររបស់ព្រះអង្គទេ។
រ៉ូម 2:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតមិនមែនអ្នកឮក្រឹត្យវិន័យប៉ុណ្ណោះទេ ដែលបានសុចរិត*នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ គឺអ្នកប្រតិបត្តិតាមគម្ពីរវិន័យវិញឯណោះ ដែលព្រះអង្គប្រោសឲ្យសុចរិត។ ព្រះគម្ពីរខ្មែរសាកល ដ្បិតមិនមែនអ្នកស្ដាប់ក្រឹត្យវិន័យទេ ដែលសុចរិតនៅចំពោះព្រះ គឺអ្នកធ្វើតាមក្រឹត្យវិន័យវិញ ដែលនឹងត្រូវបានរាប់ជាសុចរិត។ Khmer Christian Bible ដ្បិតអ្នកដែលព្រះជាម្ចាស់រាប់ជាសុចរិត មិនមែនជាអ្នកឮគម្ពីរវិន័យទេ តែជាអ្នកធ្វើតាមគម្ពីរវិន័យវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអ្នកដែលសុចរិតនៅចំពោះព្រះ មិនមែនពួកអ្នកដែលគ្រាន់តែឮក្រឹត្យវិន័យនោះទេ គឺអ្នកដែលប្រព្រឹត្តតាមក្រឹត្យវិន័យនោះវិញ ដែលព្រះអង្គរាប់ជាសុចរិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ដ្បិតពួកអ្នកដែលគ្រាន់តែស្តាប់ក្រិត្យវិន័យ នោះមិនមែនឈ្មោះថាសុចរិត នៅចំពោះព្រះឡើយ គឺបានរាប់ជាសុចរិតតែពួកអ្នក ដែលប្រព្រឹត្តតាមក្រិត្យវិន័យប៉ុណ្ណោះទេ អាល់គីតាប ដ្បិតមិនមែនអ្នកឮហ៊ូកុំប៉ុណ្ណោះទេ ដែលបានសុចរិតនៅចំពោះអុលឡោះ គឺអ្នកប្រតិបត្ដិតាមគីតាបហ៊ូកុំវិញឯណោះ ដែលទ្រង់រាប់ជាសុចរិត។ |
សូមកុំយកទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គទៅកាត់ក្ដីឡើយ ដ្បិតគ្មានមនុស្សណាម្នាក់សុចរិតនៅចំពោះ ព្រះភ័ក្ត្ររបស់ព្រះអង្គទេ។
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «ចូរនាំពាក្យទាំងអស់នេះទៅប្រកាសនៅតាមក្រុងនានាក្នុងស្រុកយូដា និងនៅតាមដងផ្លូវក្នុងក្រុងយេរូសាឡឹមថា: “ចូរស្ដាប់សេចក្ដីដែលមានចែងក្នុងសម្ពន្ធមេត្រីនេះ ហើយនាំគ្នាប្រតិបត្តិតាមទៅ”!
យើងបានប្រគល់ច្បាប់ឲ្យពួកគេ និងនាំពួកគេឲ្យស្គាល់វិន័យរបស់យើង។ អ្នកណាប្រតិបត្តិតាម អ្នកនោះនឹងមានជីវិត។
ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ប្រោសអ្នកទារពន្ធនេះឲ្យបានសុចរិត ហើយគាត់ត្រឡប់ទៅផ្ទះវិញ រីឯបុរសខាងគណៈផារីស៊ីមិនបានសុចរិតទេ។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ»។
ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អស់អ្នកដែលស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រតិបត្តិតាម គឺអ្នកនោះហើយជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ»។
ប្រសិនបើអ្នករាល់គ្នាដឹងសេចក្ដីនេះហើយប្រតិបត្តិតាម អ្នករាល់គ្នាមុខជាមានសុភមង្គលមិនខាន។
លោកម៉ូសេបានសរសេរទុកអំពីសេចក្ដីសុចរិតដែលមកពីក្រឹត្យវិន័យ*ថា: «អ្នកណាប្រតិបត្តិតាមអ្វីៗដែលមានចែងទុកក្នុងក្រឹត្យវិន័យ អ្នកនោះនឹងមានជីវិតដោយសារអំពើទាំងនោះ» ។
ការកាត់ស្បែក*មានប្រយោជន៍ លុះត្រាតែអ្នកប្រតិបត្តិតាមក្រឹត្យវិន័យ ប៉ុន្តែ បើអ្នកប្រព្រឹត្តល្មើសក្រឹត្យវិន័យ ការកាត់ស្បែករបស់អ្នកទុកដូចជាមិនកាត់ទៅវិញ។
ដូច្នេះ គ្មានមនុស្សណាបានសុចរិតនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ ព្រោះគម្ពីរវិន័យគ្រាន់តែនាំឲ្យគេស្គាល់អំពើបាបប៉ុណ្ណោះ។
គ្រប់ៗគ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប ហើយគ្មានសិរីរុងរឿង របស់ព្រះជាម្ចាស់នៅជាមួយ
មានព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ ដែលប្រោសសាសន៍យូដាឲ្យសុចរិត មកពីគេមានជំនឿ ហើយក៏ប្រោសសាសន៍ដទៃឲ្យសុចរិត ដោយគេមានជំនឿដែរ។
ដ្បិតក្នុងចិត្តខ្ញុំ ខ្ញុំយល់ឃើញថា ខ្ញុំគ្មានធ្វើអ្វីខុសឡើយ។ ប៉ុន្តែ មិនមែនការយល់ឃើញរបស់ខ្ញុំនេះទេ ដែលធ្វើឲ្យខ្ញុំបានសុចរិត មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលវិនិច្ឆ័យខ្ញុំ។
យើងដឹងថា ព្រះជាម្ចាស់ពុំប្រោសមនុស្សឲ្យបានសុចរិត ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ គឺបានសុចរិតដោយសារជំនឿលើព្រះយេស៊ូគ្រិស្តវិញ។ ដូច្នេះ យើងក៏បានជឿលើព្រះគ្រិស្តយេស៊ូដែរ ដើម្បីព្រះជាម្ចាស់ប្រោសយើងឲ្យសុចរិត តាមរយៈជំនឿរបស់ព្រះគ្រិស្ត គឺមិនមែនដោយបានប្រព្រឹត្តតាមក្រឹត្យវិន័យនោះទេ ព្រោះគ្មានមនុស្សបានសុចរិតដោយប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ។
ប្រសិនបើបងប្អូនណាចង់បានសុចរិតដោយពឹងផ្អែកលើក្រឹត្យវិន័យ បងប្អូននោះបែកចេញពីព្រះគ្រិស្ត ហើយក៏ដាច់ចេញពីព្រះគុណរបស់ព្រះជាម្ចាស់ដែរ។
«ឥឡូវនេះ អ៊ីស្រាអែលអើយ ចូរស្ដាប់ ហើយប្រតិបត្តិតាមច្បាប់ និងវិន័យផ្សេងៗដែលខ្ញុំបង្រៀនអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត ហើយចូលទៅកាន់កាប់ទឹកដីដែលព្រះអម្ចាស់ ជាព្រះនៃដូនតារបស់អ្នករាល់គ្នា ប្រគល់ឲ្យអ្នករាល់គ្នា។
លោកម៉ូសេបានកោះហៅប្រជាជនអ៊ីស្រាអែលទាំងមូល ហើយមានប្រសាសន៍ទៅពួកគេថា៖ «អ៊ីស្រាអែលអើយ ចូរស្ដាប់ៈ នេះជាច្បាប់ និងវិន័យដែលខ្ញុំប្រកាសប្រាប់ឲ្យអ្នករាល់គ្នាដឹងនៅថ្ងៃនេះ។ ចូររៀនសេចក្ដីទាំងនេះឲ្យបានច្បាស់ ហើយកាន់ និងប្រតិបត្តិតាម។
អ៊ីស្រាអែលអើយ ចូរស្ដាប់ក្រឹត្យវិន័យ និងបទបញ្ជា ហើយយកទៅកាន់ និងប្រតិបត្តិតាមចុះ ដើម្បីឲ្យអ្នកមានសុភមង្គល ហើយកើនចំនួនច្រើនឥតគណនានៅក្នុងស្រុកដ៏សម្បូណ៌សប្បាយ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នក បានសន្យាជាមួយអ្នក។
រីឯសាសនាដ៏បរិសុទ្ធ ឥតខ្ចោះនៅចំពោះព្រះភ័ក្ត្រព្រះបិតាជាម្ចាស់វិញ គឺស្ថិតនៅលើការទៅសួរសុខទុក្ខក្មេងកំព្រា និងស្ត្រីមេម៉ាយដែលមានទុក្ខលំបាក ព្រមទាំងស្ថិតនៅលើការរក្សាខ្លួនឲ្យផុតពីអំពើសៅហ្មងរបស់លោកីយ៍នេះ។
អ្នករាល់គ្នាដឹងស្រាប់ហើយថា ព្រះអង្គសុចរិត ហេតុនេះ ចូរអ្នករាល់គ្នាដឹងដែរថា អស់អ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត សុទ្ធតែកើតមកពីព្រះអង្គទាំងអស់។
កូនចៅទាំងឡាយអើយ សុំកុំឲ្យនរណាម្នាក់មកបញ្ឆោតអ្នករាល់គ្នាឡើយ។ អ្នកណាប្រព្រឹត្តអំពើសុចរិត អ្នកនោះជាមនុស្សសុចរិត ដូចព្រះយេស៊ូទ្រង់សុចរិតដែរ។