យ៉ូហាន 14:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតាគង់នៅក្នុងខ្ញុំទេឬ? សេចក្ដីដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នា មិនមែនចេញមកពីខ្ញុំផ្ទាល់ទេ គឺព្រះបិតាដែលស្ថិតនៅជាប់នឹងខ្ញុំ ទ្រង់បំពេញកិច្ចការរបស់ព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតានៅក្នុងខ្ញុំទេឬ? ពាក្យដែលខ្ញុំប្រាប់អ្នករាល់គ្នានេះ ខ្ញុំនិយាយមិនមែនចេញពីខ្លួនខ្ញុំទេ គឺព្រះបិតាដែលស្ថិតនៅក្នុងខ្ញុំបានធ្វើកិច្ចការរបស់ព្រះអង្គ។ Khmer Christian Bible តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតានៅក្នុងខ្ញុំទេឬ? ពាក្យសំដីដែលខ្ញុំបានប្រាប់អ្នករាល់គ្នានោះ មិនមែនមកពីខ្លួនខ្ញុំទេ គឺព្រះវរបិតាដែលនៅក្នុងខ្ញុំ ព្រះអង្គបានធ្វើកិច្ចការរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាគង់នៅក្នុងខ្ញុំទេឬ? អស់ទាំងពាក្យដែលខ្ញុំប្រាប់អ្នករាល់គ្នា ខ្ញុំមិនមែនប្រាប់ដោយអាងខ្លួនខ្ញុំទេ ប៉ុន្តែ ព្រះវរបិតាដែលគង់ក្នុងខ្ញុំ ព្រះអង្គធ្វើកិច្ចការរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាគង់នៅក្នុងខ្ញុំទេឬអី អស់ទាំងពាក្យដែលខ្ញុំប្រាប់ដល់អ្នករាល់គ្នា នោះខ្ញុំមិនមែនប្រាប់ ដោយអាងខ្លួនខ្ញុំទេ គឺជាព្រះវរបិតាដែលគង់ក្នុងខ្ញុំ ទ្រង់ធ្វើការទាំងនោះវិញ អាល់គីតាប តើអ្នកមិនជឿថា ខ្ញុំនៅក្នុងអុលឡោះជាបិតាហើយអុលឡោះជាបិតានៅក្នុងខ្ញុំទេឬ? សេចក្ដីដែលខ្ញុំប្រាប់អ្នករាល់គ្នា មិនមែនចេញមកពីខ្ញុំផ្ទាល់ទេ គឺអុលឡោះជាបិតាដែលស្ថិតនៅជាប់នឹងខ្ញុំ ទ្រង់បំពេញកិច្ចការរបស់ទ្រង់។ |
ប៉ុន្តែ បើខ្ញុំធ្វើកិច្ចការរបស់ព្រះអង្គ ទោះបីអ្នករាល់គ្នាមិនជឿខ្ញុំក៏ដោយ ក៏សុំជឿទៅលើកិច្ចការទាំងនោះចុះ ដើម្បីឲ្យបានដឹង ហើយរឹតតែដឹងទៀតថា ព្រះបិតាស្ថិតនៅក្នុងខ្ញុំ ខ្ញុំស្ថិតនៅក្នុងព្រះបិតា»។
រីឯអស់អ្នកដែលកំពុងតែមានជីវិតនៅរស់ ហើយជឿលើខ្ញុំ មិនស្លាប់សោះឡើយ តើនាងជឿសេចក្ដីនេះឬទេ?»។
ពាក្យដែលខ្ញុំបាននិយាយនេះមិនមែនចេញមកពីខ្ញុំទេ គឺព្រះបិតាដែលបានចាត់ខ្ញុំឲ្យមក ព្រះអង្គបង្គាប់ខ្ញុំនូវសេចក្ដីដែលខ្ញុំត្រូវនិយាយ និងថ្លែង។
ពេលខ្ញុំនិយាយថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតានៅក្នុងខ្ញុំ ចូរជឿខ្ញុំចុះ បើមិនជឿសេចក្ដីដែលខ្ញុំនិយាយនេះទេ ចូរជឿដោយឃើញកិច្ចការទាំងនោះទៅ។
នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នានៅក្នុងខ្ញុំ ខ្ញុំក៏នៅក្នុងអ្នករាល់គ្នាដែរ។
អ្នកណាមិនស្រឡាញ់ខ្ញុំ អ្នកនោះមិនប្រតិបត្តិតាមពាក្យខ្ញុំឡើយ។ ពាក្យដែលអ្នករាល់គ្នាឮខ្ញុំនិយាយ មិនមែនជាពាក្យរបស់ខ្ញុំទេ គឺជាព្រះបន្ទូលរបស់ព្រះបិតាដែលបានចាត់ខ្ញុំឲ្យមក។
ដ្បិតទូលបង្គំបានប្រគល់ព្រះបន្ទូលដែលព្រះអង្គប្រទានមកទូលបង្គំទៅឲ្យគេ គេបានទទួលព្រះបន្ទូលទាំងនោះ ហើយទទួលស្គាល់យ៉ាងច្បាស់ថា ទូលបង្គំបានចេញមកពីព្រះអង្គមែន ព្រមទាំងជឿថាព្រះអង្គបានចាត់ទូលបង្គំឲ្យមកទៀតផង។
លោកបានមកគាល់ព្រះយេស៊ូទាំងយប់ ហើយទូលថា៖ «លោកគ្រូ យើងខ្ញុំដឹងថាព្រះជាម្ចាស់បានចាត់លោកគ្រូឲ្យមកបង្រៀនយើងខ្ញុំ ដ្បិតគ្មាននរណាអាចធ្វើទីសម្គាល់ដូចលោកគ្រូឡើយ វៀរលែងតែព្រះជាម្ចាស់គង់ជាមួយអ្នកនោះ»។
ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ព្រះបិតារបស់ខ្ញុំធ្វើការរហូតមកទល់សព្វថ្ងៃ ខ្ញុំក៏ធ្វើការដូចព្រះអង្គដែរ»។
ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ព្រះបុត្រាពុំអាចធ្វើអ្វីដោយព្រះអង្គផ្ទាល់ឡើយ គឺព្រះបុត្រាធ្វើតែកិច្ចការណាដែលព្រះអង្គបានឃើញព្រះបិតាធ្វើប៉ុណ្ណោះ។ កិច្ចការអ្វីដែលព្រះបិតាធ្វើ ព្រះបុត្រាក៏ធ្វើកិច្ចការនោះដែរ។
ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «សេចក្ដីដែលខ្ញុំបង្រៀនមិនមែនចេញពីខ្ញុំទេ គឺចេញពីព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមក។
ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «កាលណាអ្នករាល់គ្នាលើកបុត្រមនុស្សឡើង អ្នករាល់គ្នាមុខជានឹងស្គាល់ឋានៈរបស់ខ្ញុំ ពុំខាន ហើយអ្នករាល់គ្នានឹងដឹងថា ខ្ញុំមិនធ្វើការអ្វីមួយ ដោយសំអាងលើខ្លួនខ្ញុំផ្ទាល់ឡើយ គឺខ្ញុំថ្លែងតែសេចក្ដីណាដែលព្រះបិតាមានព្រះបន្ទូលប្រាប់មកខ្ញុំប៉ុណ្ណោះ។
ខ្ញុំនិយាយតែអំពីអ្វីៗដែលខ្ញុំបានឃើញនៅក្បែរព្រះបិតា រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាធ្វើតាមសេចក្ដីណាដែលអ្នករាល់គ្នាបានឮពីឪពុករបស់អ្នករាល់គ្នា»។
តែឥឡូវនេះ អ្នករាល់គ្នារកសម្លាប់ខ្ញុំ មកពីខ្ញុំនិយាយសេចក្ដីពិត ដែលខ្ញុំបានឮពីព្រះជាម្ចាស់ លោកអប្រាហាំមិនបានប្រព្រឹត្តដូច្នេះទេ។
បងប្អូនបានជ្រាបថា ព្រះជាម្ចាស់បានចាក់ព្រះវិញ្ញាណដ៏វិសុទ្ធ* និងឫទ្ធានុភាព អភិសេកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែត។ បងប្អូនក៏ជ្រាបដែរថាព្រះយេស៊ូបានយាងពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រព្រឹត្តអំពើល្អ និងប្រោសអស់អ្នកដែលត្រូវមារ*សង្កត់សង្កិនឲ្យជា ដ្បិតព្រះជាម្ចាស់គង់ជាមួយព្រះអង្គ។
នៅក្នុងអង្គព្រះគ្រិស្ត ព្រះជាម្ចាស់បានសម្រុះសម្រួលមនុស្សលោកឲ្យជានានឹងព្រះអង្គ ដោយមិនប្រកាន់ទោសគេឡើយ។ ព្រះអង្គក៏ដាក់ព្រះបន្ទូលនៃការសម្រុះសម្រួលនេះមកក្នុងយើងដែរ។
ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យ គ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ ស្ថិតនៅក្នុងព្រះគ្រិស្ត។
ដ្បិតគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ស្ថិតនៅយ៉ាងពោរពេញក្នុងរូបកាយព្រះគ្រិស្ត។