ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: ចូរកែប្រែកិរិយាមារយាទ និងលះបង់អំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្តទៅ នោះយើងនឹងទុកឲ្យអ្នករាល់គ្នាចូលមកទីនេះតទៅមុខទៀត។
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ ចូរកែផ្លូវ និងការប្រព្រឹត្តរបស់អ្នករាល់គ្នាឲ្យល្អទៅ នោះយើងនឹងឲ្យអ្នករាល់គ្នាអាស្រ័យនៅទីនេះ តទៅ។
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា ចូរកែផ្លូវប្រព្រឹត្ត នឹងចរិតរបស់ឯងរាល់គ្នាឲ្យល្អវិញចុះ នោះអញនឹងឲ្យឯងរាល់គ្នាអាស្រ័យនៅទីនេះតទៅ
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា: ចូរកែប្រែកិរិយាមារយាទ និងលះបង់អំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្តទៅ នោះយើងនឹងទុកឲ្យអ្នករាល់គ្នាចូលមកទីនេះតទៅមុខទៀត។
ព្រះអម្ចាស់ព្រមានជនជាតិអ៊ីស្រាអែល និងជនជាតិយូដា តាមរយៈព្យាការី និងគ្រូទាយឆុតទាំងអស់ថា «ចូរបោះបង់ចោលផ្លូវអាក្រក់ ហើយកាន់តាមបទបញ្ជា និងច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមទាំងស្រុងនូវក្រឹត្យវិន័យ ដែលយើងបានប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា និងអ្នករាល់គ្នាផ្ទាល់ តាមរយៈពួកព្យាការី ជាអ្នកបម្រើរបស់យើង»។
ឥឡូវនេះ ចូរលន់តួបាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គ។ ចូរញែកខ្លួនចេញពីជាតិសាសន៍ដែលរស់នៅក្នុងស្រុក ព្រមទាំងញែកខ្លួនចេញពីប្រពន្ធរបស់អ្នករាល់គ្នា ដែលជាសាសន៍ដទៃផង»។
អ្នកណាលាក់កំហុសរបស់ខ្លួន អ្នកនោះពុំអាចចម្រើនឡើងបានឡើយ រីឯអ្នកដែលសារភាពកំហុស ហើយឈប់ប្រព្រឹត្តអាក្រក់ទៀតនោះ ព្រះជាម្ចាស់នឹងអាណិតមេត្តា។
មនុស្សអាក្រក់ត្រូវលះបង់ផ្លូវរបស់ខ្លួន មនុស្សពាលក៏ត្រូវលះបង់ចិត្តគំនិតអាក្រក់ដែរ អ្នកនោះត្រូវបែរមករកព្រះអម្ចាស់វិញ ព្រះអង្គមុខជាមេត្តាករុណាដល់គេពុំខាន ឲ្យតែគេងាកមករកព្រះនៃយើងវិញ ដ្បិតព្រះអង្គមានព្រះហឫទ័យទូលំទូលាយ អត់ទោសឲ្យគេ។
ស្ដេចទាំងឡាយដែលស្នងរាជ្យដាវីឌនឹងជិះរទេះ ជិះសេះកាត់ទ្វារក្រុងនេះតទៅមុខទៀត ដោយមានមេដឹកនាំ ព្រមទាំងប្រជាជនយូដា និងអ្នកក្រុងយេរូសាឡឹមហែហម ហើយនឹងមានមនុស្សរស់នៅក្នុងក្រុងយេរូសាឡឹមតទៅមុខទៀត។
ឥឡូវនេះ យេរេមាអើយ ចូរប្រាប់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងកំពុងរៀបចំគម្រោងការដាក់ទោសអ្នករាល់គ្នា គឺយើងនឹងនាំគ្រោះកាចមួយមកលើអ្នករាល់គ្នា។ ដូច្នេះ ម្នាក់ៗត្រូវងាកចេញពីផ្លូវអាក្រក់របស់ខ្លួន ហើយកែប្រែកិរិយាមារយាទឈប់ប្រព្រឹត្តបែបនេះតទៅមុខទៀត!”។
ប្រសិនបើប្រជាជាតិណាមួយប្រព្រឹត្តអំពើអាក្រក់ ដែលនាំឲ្យយើងសម្រេចចិត្តដាក់ទោសគេ ហើយគេបែរជាលះបង់អំពើអាក្រក់នោះ យើងនឹងមិនធ្វើទោសពួកគេ តាមការសម្រេចរបស់យើងទេ។
ឥឡូវនេះ សូមកែប្រែកិរិយាមារយាទឲ្យបានល្អត្រឹមត្រូវឡើង។ សូមត្រងត្រាប់ស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះរបស់បងប្អូន នោះព្រះអង្គមុខជាមិនដាក់ទោសបងប្អូន ដូចព្រះអង្គបានសម្រេចទេ។
យើងបានចាត់ព្យាការីទាំងប៉ុន្មាន ដែលជាអ្នកបម្រើរបស់យើង ឲ្យមកប្រាប់អ្នករាល់គ្នាជារៀងរហូតថា: “ចូរងាកចេញពីអំពើអាក្រក់ ហើយកែប្រែកិរិយាមារយាទឈប់រត់ទៅតាមព្រះដទៃ ដើម្បីគោរពថ្វាយបង្គំព្រះទាំងនោះទៀត ទើបអ្នករាល់គ្នាអាចរស់នៅលើទឹកដីដែលយើងបានប្រគល់ឲ្យអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា”។
ប៉ុន្តែ អ្នករាល់គ្នាពុំបានត្រងត្រាប់ស្ដាប់យើង ហើយអ្នករាល់គ្នាក៏ពុំបានស្ដាប់បង្គាប់យើងដែរ!»។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អ៊ីស្រាអែលអើយ ប្រសិនបើអ្នកចង់វិលមកវិញ ចូរវិលមករកយើងចុះ! ប្រសិនបើអ្នកយកព្រះដ៏គួរឲ្យស្អប់ខ្ពើម ចេញពីមុខយើង នោះអ្នកនឹងលែងវង្វេង ដើរគ្មានគោលដៅ ទៀតហើយ។
ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា: «ចូរឈប់មួយសន្ទុះ ហើយពិចារណាមើល៍ ចូររំពឹងគិតអំពីមាគ៌ាជំនាន់ដើម ដើម្បីឲ្យដឹងថា តើមាគ៌ាណាជាមាគ៌ាល្អ រួចនាំគ្នាដើរតាមមាគ៌ានោះទៅ ចិត្តរបស់អ្នករាល់គ្នានឹងបានស្ងប់។ ប៉ុន្តែ ពួកគេឆ្លើយមកវិញថា: “យើងខ្ញុំមិនដើរតាមផ្លូវនោះទេ!”។
សូមចូលទៅជិតព្រះជាម្ចាស់ នោះព្រះអង្គនឹងយាងមកជិតបងប្អូនវិញដែរ។ មនុស្សបាបអើយ ចូរជម្រះខ្លួនឲ្យបរិសុទ្ធ*ទៅ! មនុស្សមានចិត្តពីរអើយ ចូរជម្រះចិត្តគំនិតឲ្យបានស្អាតឡើង!