យេរេមា 35:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ចូរទៅប្រាប់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមដូចតទៅ: តើអ្នករាល់គ្នាយល់មេរៀននេះឬទេ? តើអ្នករាល់គ្នាយល់ព្រមធ្វើតាមពាក្យរបស់យើងឬទេ? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ ចូរទៅនិយាយនឹងពួកស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមថា តើអ្នករាល់គ្នាមិនព្រមទទួលសេចក្ដីប្រៀនប្រដៅ ដើម្បីស្តាប់តាមពាក្យយើងទេឬ? នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ ចូរទៅនិយាយនឹងពួកស្រុកយូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមថា តើឯងរាល់គ្នាមិនព្រមទទួលសេចក្ដីប្រៀនប្រដៅ ដើម្បីនឹងស្តាប់តាមពាក្យអញទេឬ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «ចូរទៅជម្រាបអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ដូចតទៅ: តើអ្នករាល់គ្នាយល់មេរៀននេះឬទេ? តើអ្នករាល់គ្នាយល់ព្រមធ្វើតាមពាក្យរបស់យើងឬទេ? - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
ចូរទទួលដំបូន្មានខ្ញុំជាជាងទទួលប្រាក់ រីឯការចេះដឹងមានតម្លៃ លើសមាសទឹកដប់ទៅទៀត។
ក្នុងចំណោមអ្នករាល់គ្នា តើមាននរណា ត្រងត្រាប់ស្ដាប់សេចក្ដីទាំងនេះ? ទៅអនាគត តើមាននរណា យកចិត្តទុកដាក់ស្ដាប់?
លោកយេរេមាប្រកាសព្រះបន្ទូលនេះដល់អ្នកស្រុកយូដាទាំងអស់ និងអ្នកក្រុងយេរូសាឡឹមទាំងមូលដូចតទៅ:
ពួកគេងាកមុខចេញពីយើង ហើយបែរខ្នងដាក់យើង។ ទោះបីយើងបានទូន្មានប្រៀនប្រដៅពួកគេជារៀងរហូតមកក្ដី ក៏ពួកគេពុំព្រមស្ដាប់ ពុំព្រមរៀនដែរ។
បពិត្រព្រះអម្ចាស់ ព្រះអង្គរំពៃមើល ស្វែងរកនរណាម្នាក់ដែលមានចិត្តស្មោះត្រង់។ ព្រះអង្គបានវាយប្រហារពួកគេ តែពួកគេធ្វើព្រងើយ ព្រះអង្គបានធ្វើឲ្យពួកគេវិនាស តែពួកគេមិនរាងចាលទេ ពួកគេកាន់ចិត្តរឹងដូចថ្ម ពួកគេមិនព្រមវិលមករកព្រះអង្គវិញទេ។
តើនរណាមានប្រាជ្ញា អាចយល់ហេតុការណ៍ទាំងនេះបាន? ប្រសិនបើព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈ អ្នកនោះមែន ចូរឲ្យគេពន្យល់មកមើល ហេតុអ្វីបានជាស្រុកទេសវិនាស និងឆេះអស់ ដូចវាលរហោស្ថានដែលគ្មាននរណាដើរកាត់។
ចូរប្រយ័ត្ន! បើព្រះអង្គមានព្រះបន្ទូលមកកាន់បងប្អូន សូមកុំបដិសេធមិនព្រមស្ដាប់នោះឡើយ។ ប្រសិនបើពួកអ្នកដែលបដិសេធមិនព្រមស្ដាប់ពាក្យមនុស្សទូន្មានគេនៅលើផែនដី មិនអាចគេចផុតពីទោសយ៉ាងហ្នឹងទៅហើយ ចំណង់បើយើងផ្ទាល់ បើយើងព្រងើយកន្តើយមិនព្រមស្ដាប់ព្រះអង្គ ដែលមានព្រះបន្ទូលមកកាន់យើងពីស្ថានបរមសុខវិញ នោះយើងរឹតតែពុំអាចគេចផុតពីទោសឡើយ។