សូមព្រះអង្គយាងគង់លើព្រះរាជរថ ប្រកបដោយសិរីរុងរឿង ដើម្បីច្បាំងការពារសេចក្ដីពិត និងសេចក្ដីសុចរិតទៀងត្រង់ សូមទ្រង់ទទួលមហាជោគជ័យ ដោយព្រះបារមីរបស់ព្រះអង្គ។
យេរេមា 33:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ យើងនឹងធ្វើឲ្យមានស្ដេចមួយអង្គ ដ៏សុចរិត កើតចេញពីពូជពង្សរបស់ដាវីឌ។ ស្ដេចនោះនឹងគ្រប់គ្រងស្រុកដោយសុចរិត និងយុត្តិធម៌។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ គឺនៅជាន់នោះ យើងនឹងធ្វើឲ្យមានលំពង់ដ៏សុចរិតពន្លកឡើងដល់ដាវីឌ លំពង់នោះ ព្រះអង្គនឹងសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងស្រុក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ គឺនៅជាន់នោះឯង អញនឹងធ្វើឲ្យមានលំពង់ដ៏សុចរិតពន្លកឡើងដល់ដាវីឌ លំពង់នោះទ្រង់នឹងសំរេចសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិតនៅក្នុងស្រុក អាល់គីតាប នៅគ្រានេះ យើងនឹងធ្វើឲ្យមានស្ដេចមួយនាក់ដ៏សុចរិត កើតចេញពីពូជពង្សរបស់ទត។ ស្ដេចនោះនឹងគ្រប់គ្រងស្រុកដោយសុចរិត និងយុត្តិធម៌។ |
សូមព្រះអង្គយាងគង់លើព្រះរាជរថ ប្រកបដោយសិរីរុងរឿង ដើម្បីច្បាំងការពារសេចក្ដីពិត និងសេចក្ដីសុចរិតទៀងត្រង់ សូមទ្រង់ទទួលមហាជោគជ័យ ដោយព្រះបារមីរបស់ព្រះអង្គ។
ព្រះអង្គតែងតែសព្វព្រះហឫទ័យនឹងសេចក្ដីសុចរិត ទ្រង់មិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ ហេតុនេះហើយបានព្រះជាម្ចាស់ ជាព្រះរបស់ព្រះអង្គជ្រើសរើសព្រះអង្គ ពីក្នុងចំណោមមិត្តភក្ដិរបស់ព្រះអង្គ ហើយប្រទានឲ្យព្រះអង្គ មានអំណរសប្បាយដ៏លើសលុប ដោយចាក់ប្រេងអភិសេកព្រះអង្គ។
នៅគ្រានោះ ព្រះអម្ចាស់នឹងធ្វើឲ្យពន្លកមួយលូតចេញមក ពន្លកនេះនាំជនជាតិអ៊ីស្រាអែលដែលនៅសល់ពីស្លាប់ ឲ្យមានកិត្តិយស និងសិរីរុងរឿង ហើយដីនឹងបង្កើតភោគផលដែលនាំឲ្យពួកគេមានមោទនភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ។
ដោយព្រះអម្ចាស់សុចរិត ព្រះអង្គសព្វព្រះហឫទ័យធ្វើឲ្យក្រឹត្យវិន័យរបស់ ព្រះអង្គបានថ្កុំថ្កើងរុងរឿង។
នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ អ្នកបម្រើប្រៀបបាននឹងពន្លកមួយ ដែលលូតលាស់មិនសូវល្អ ដូចដំណាំដែលដុះចេញពីដីហួតហែង។ លោកគ្មានរូបសម្បត្តិ និងគ្មានកិត្តិយសថ្លៃថ្នូរ គួរឲ្យចាប់អារម្មណ៍ឡើយ ហើយលោកក៏គ្មានរូបរាងអ្វីគួរឲ្យ ទាក់ទាញចិត្តយើងដែរ។
ព្រះរាជបុត្រនោះនឹងលាតសន្ធឹងអំណាច ព្រះអង្គនឹងធ្វើឲ្យរាជបល្ល័ង្ករបស់ព្រះបាទ ដាវីឌ និងនគររបស់ព្រះអង្គ មានសេចក្ដីសុខសាន្តរហូតតទៅ។ ព្រះអង្គយកសេចក្ដីសុចរិត និងយុត្តិធម៌ មកពង្រឹងនគររបស់ព្រះអង្គឲ្យគង់វង្ស ចាប់ពីពេលនេះ រហូតអស់កល្បជាអង្វែង តរៀងទៅ ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះ មកពីព្រះអង្គមានព្រះហឫទ័យស្រឡាញ់ យ៉ាងខ្លាំងចំពោះយើង។
ស្ដេចទាំងឡាយដែលស្នងរាជ្យដាវីឌនឹងជិះរទេះ ជិះសេះកាត់ទ្វារក្រុងនេះតទៅមុខទៀត ដោយមានមេដឹកនាំ ព្រមទាំងប្រជាជនយូដា និងអ្នកក្រុងយេរូសាឡឹមហែហម ហើយនឹងមានមនុស្សរស់នៅក្នុងក្រុងយេរូសាឡឹមតទៅមុខទៀត។
ពួកគេនឹងគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់ពួកគេ ហើយគោរពបម្រើពូជពង្សរបស់ដាវីឌ ដែលយើងនឹងតែងតាំងឲ្យ គ្រងរាជ្យលើពួកគេ។
អស់អ្នកដែលជួបពួកគេ នាំគ្នាខាំហែកស៊ីសាច់ ហើយបច្ចាមិត្តរបស់ពួកគេពោលថា: “បើយើងសម្លាប់ពួកគេ យើងគ្មានកំហុសអ្វីទេ ព្រោះពួកគេបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់!”។ ដូនតារបស់ពួកគេបានសង្ឃឹមលើព្រះអម្ចាស់ ដែលជាប្រភពនៃសេចក្ដីសុចរិត។
ដូច្នេះ មហាបូជាចារ្យយេសួរអើយ ចូរស្ដាប់! រីឯអ្នកឯទៀតៗដែលធ្វើការជាមួយអ្នក ក៏ត្រូវស្ដាប់ដែរ ដ្បិតអ្នករាល់គ្នាជាប្រផ្នូលអំពីកិច្ចការដែលនឹងកើតមាន។ យើងនឹងនាំ “ពន្លក” ជាអ្នកបម្រើរបស់យើងមក។
បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃបើកចំហ ហើយឃើញសេះសមួយលេចមក។ ព្រះអង្គដែលគង់នៅលើសេះនោះ មានព្រះនាមថា «ព្រះដ៏ស្មោះត្រង់ ព្រះដ៏ពិតប្រាកដ» ព្រះអង្គវិនិច្ឆ័យ និងច្បាំងប្រកបដោយយុត្តិធម៌។