ម៉ាថាយ 26:39 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គយាងទៅមុខបន្ដិច ក្រាបព្រះភ័ក្ត្រដល់ដី ទូលអង្វរថា៖ «ឱព្រះបិតាអើយ! ប្រសិនបើបាន សូមឲ្យពែងនៃទុក្ខលំបាក នេះចេញឆ្ងាយពីទូលបង្គំទៅ ប៉ុន្តែ សូមកុំធ្វើតាមបំណងទូលបង្គំឡើយ គឺសូមឲ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គវិញ»។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវយាងទៅមុខបន្តិច ក៏ក្រាបព្រះភក្ត្រដល់ដី ហើយអធិស្ឋានថា៖“ព្រះបិតានៃទូលបង្គំអើយ ប្រសិនបើអាច សូមឲ្យពែងនេះចេញផុតពីទូលបង្គំផង! ប៉ុន្តែមិនមែនតាមដែលទូលបង្គំប្រាថ្នាទេ គឺតាមដែលព្រះអង្គសព្វព្រះហឫទ័យវិញ”។ Khmer Christian Bible កាលយាងទៅមុខបានបន្ដិច ព្រះអង្គក៏ក្រាបផ្កាប់មុខចុះ ហើយអធិស្ឋានថា៖ «ឱព្រះវរបិតារបស់ខ្ញុំអើយ! ប្រសិនបើអាច សូមឲ្យពែងនេះរំលងផុតពីខ្ញុំទៅ ប៉ុន្ដែកុំតាមបំណងរបស់ខ្ញុំឡើយ គឺតាមបំណងរបស់ព្រះអង្គវិញ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលយាងទៅមុខបានបន្តិច ព្រះអង្គក៏ក្រាបចុះព្រះភក្ត្រដល់ដី ហើយអធិស្ឋានថា៖ «ឱព្រះវរបិតារបស់ទូលបង្គំអើយ! ប្រសិនបើបាន សូមឲ្យពែងនេះចៀសផុតពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ គឺតាមព្រះហឫទ័យព្រះអង្គវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់បានយាងទៅមុខបន្តិចទៀត នោះទ្រង់ទំលាក់អង្គ ផ្កាប់ព្រះភក្ត្រចុះអធិស្ឋានថា ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ អាល់គីតាប អ៊ីសាទៅមុខបន្ដិច ក្រាបមុខដល់ដីទូរអាថា៖ «ឱអុលឡោះជាបិតាអើយ! ប្រសិនបើបាន សូមឲ្យពែងនៃទុក្ខលំបាកនេះ ចេញឆ្ងាយពីខ្ញុំទៅ ប៉ុន្ដែ សូមកុំធ្វើតាមបំណងខ្ញុំឡើយ គឺសូមឲ្យបានសម្រេចតាមបំណងរបស់ទ្រង់វិញ»។ |
ផ្ទុយទៅវិញ ប្រសិនបើព្រះអង្គមិនគាប់ព្រះហឫទ័យនឹងយើងទៀតទេ សូមព្រះអង្គសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ»។
ព្រះបាទដាវីឌងើបព្រះភ័ក្ត្រឡើង ទតឃើញទេវតារបស់ព្រះអម្ចាស់ឈរនៅចន្លោះមេឃ និងផែនដី ដោយកាន់ដាវដែលហូតចេញពីស្រោមជាស្រេច ហើយបែរមុខតម្រង់ទៅក្រុងយេរូសាឡឹម។ ព្រះបាទដាវីឌ និងអស់លោកព្រឹទ្ធាចារ្យ ដែលស្លៀកបាវកាន់ទុក្ខ ក៏ក្រាបចុះឱនមុខដល់ដី។
ព្រះជាអម្ចាស់ណែនាំខ្ញុំឲ្យយកចិត្តទុកដាក់ស្ដាប់ រីឯខ្ញុំវិញ ខ្ញុំមិនបានបះបោរប្រឆាំង ឬដកខ្លួនថយក្រោយឡើយ។
ហេតុនេះហើយបានជាយើងប្រគល់ ឲ្យលោកគ្រប់គ្រងលើមនុស្សជាច្រើន លោកនឹងចែកជយភណ្ឌរួមជាមួយ ពួកកាន់អំណាច ព្រោះលោកបានលះបង់អ្វីៗទាំងអស់ រហូតដល់បាត់បង់ជីវិត និងសុខចិត្តឲ្យ គេរាប់បញ្ចូលទៅក្នុងចំណោមជនឧក្រិដ្ឋ ដ្បិតលោកទទួលយកបាបរបស់មនុស្សទាំងអស់ មកដាក់លើខ្លួនលោក ព្រមទាំងទូលអង្វរឲ្យមនុស្សបាបផង”។
ពន្លឺដ៏ត្រចះត្រចង់ព័ទ្ធជុំវិញនោះ ដូចឥន្ទធនូ នៅថ្ងៃមានភ្លៀង គឺដូចជារស្មីនៃសិរីរុងរឿងរបស់ព្រះអម្ចាស់។ ពេលឃើញភ្លាម ខ្ញុំក្រាបថ្វាយបង្គំឱនមុខដល់ដី ហើយខ្ញុំឮសំឡេងមួយពោលមកកាន់ខ្ញុំ។
លោកទាំងពីរក្រាបចុះ ឱនមុខដល់ដី ទូលថា៖ «ឱព្រះជាម្ចាស់អើយ ព្រះអង្គជាម្ចាស់នៃជីវិតសត្វលោកទាំងមូល! បើមនុស្សតែម្នាក់ប្រព្រឹត្តអំពើបាប តើព្រះអង្គគួរព្រះពិរោធនឹងសហគមន៍ទាំងមូលឬ?»។
ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកមិនដឹងថាខ្លួនសុំអ្វីឡើយ តើអ្នកទាំងពីរអាចទទួលពែង ដែលខ្ញុំត្រូវទទួលនោះបានឬទេ?»។ លោកយ៉ាកុប និងលោកយ៉ូហានទូលថា៖ «យើងខ្ញុំអាចទទួលបាន»។
ដ្បិតនឹងមានមនុស្សក្លែងខ្លួនធ្វើជាព្រះគ្រិស្ត ព្រមទាំងមានព្យាការី*ក្លែងក្លាយនាំគ្នាសម្តែងទីសម្គាល់ធំអស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ ដើម្បីបញ្ឆោតមនុស្ស រហូតដល់ទៅនាំពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើសឲ្យវង្វេងថែមទៀតផង ប្រសិនបើគេអាចធ្វើបាន។
ព្រះអង្គយាងចេញទៅម្ដងទៀតជាលើកទីពីរ ហើយទូលអង្វរថា៖ «ឱព្រះបិតាអើយ ប្រសិនបើទូលបង្គំត្រូវតែទទួលពែងនៃទុក្ខលំបាកនេះចៀសពុំបានទេនោះ សូមឲ្យសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ!»។
ដ្បិតនឹងមានមនុស្សក្លែងខ្លួនធ្វើជាព្រះគ្រិស្ត ព្រមទាំងមានព្យាការីក្លែងក្លាយ នាំគ្នាសម្តែងទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ ដើម្បីបញ្ឆោតមនុស្សរហូតដល់ទៅនាំពួកអ្នកដែលព្រះអង្គជ្រើសរើសឲ្យវង្វេងថែមទៀតផង ប្រសិនបើគេអាចធ្វើបាន។
គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ឱនក្បាលដល់ដី ហើយអរព្រះគុណព្រះអង្គ អ្នកនោះជាអ្នកស្រុកសាម៉ារី។
គេក៏យកថ្មចេញពីមាត់ផ្នូរ។ ព្រះយេស៊ូងើបព្រះភ័ក្ត្រទតទៅលើ មានព្រះបន្ទូលថា៖ «បពិត្រព្រះបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទ្រង់ព្រះសណ្ដាប់ទូលបង្គំ។
វាមកដូច្នេះ ជាឱកាសឲ្យមនុស្សលោកដឹងថា ខ្ញុំស្រឡាញ់ព្រះបិតា ហើយខ្ញុំសុខចិត្តធ្វើតាមបង្គាប់របស់ព្រះអង្គ។ ចូរក្រោកឡើង យើងនាំគ្នាចេញពីទីនេះ»។
ព្រះយេស៊ូមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «ស៊កដាវទៅក្នុងស្រោមវិញទៅ តើអ្នកមិនចង់ឲ្យខ្ញុំផឹកពីពែងនៃទុក្ខលំបាក ដែលព្រះបិតាប្រទានមកខ្ញុំទេឬ?»។
ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ព្រះបុត្រាពុំអាចធ្វើអ្វីដោយព្រះអង្គផ្ទាល់ឡើយ គឺព្រះបុត្រាធ្វើតែកិច្ចការណាដែលព្រះអង្គបានឃើញព្រះបិតាធ្វើប៉ុណ្ណោះ។ កិច្ចការអ្វីដែលព្រះបិតាធ្វើ ព្រះបុត្រាក៏ធ្វើកិច្ចការនោះដែរ។
«ខ្ញុំមិនអាចធ្វើអ្វីដោយអំណាចខ្ញុំផ្ទាល់ឡើយ ខ្ញុំវិនិច្ឆ័យគ្រប់ការទាំងអស់តាមសេចក្ដីដែលព្រះបិតាមានព្រះបន្ទូលមកខ្ញុំ ហើយការវិនិច្ឆ័យរបស់ខ្ញុំត្រឹមត្រូវ ព្រោះខ្ញុំមិនប្រាថ្នាធ្វើតាមបំណងចិត្តខ្ញុំឡើយ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដែលបានចាត់ឲ្យខ្ញុំមកនោះវិញ។
ដ្បិតខ្ញុំចុះពីស្ថានបរមសុខមក ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក គឺពុំមែនធ្វើតាមបំណងចិត្តរបស់ខ្ញុំទេ។
ព្រះអង្គបានដាក់ខ្លួន ធ្វើតាមព្រះបញ្ជា រហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាង ថែមទៀតផង។
កាលព្រះគ្រិស្តរស់នៅក្នុងលោកនេះនៅឡើយ ព្រះអង្គបានបន្លឺសំឡេងយ៉ាងខ្លាំង និងបង្ហូរទឹកភ្នែក ទូលអង្វរ ទូលសូមព្រះជាម្ចាស់ ដែលអាចសង្គ្រោះព្រះអង្គឲ្យរួចពីស្លាប់។ ដោយព្រះគ្រិស្តបានគោរពប្រណិប័តន៍ព្រះជាម្ចាស់ នោះព្រះជាម្ចាស់ក៏ប្រោសប្រទានតាមពាក្យទូលអង្វរ។
ខ្ញុំក៏ក្រាបចុះនៅទៀបជើងទេវតានោះ បម្រុងនឹងថ្វាយបង្គំលោក ប៉ុន្តែ លោកពោលមកខ្ញុំថា៖ «កុំថ្វាយបង្គំខ្ញុំអី! ខ្ញុំជាអ្នករួមការងារជាមួយលោកទេតើ ហើយខ្ញុំក៏រួមការងារជាមួយបងប្អូនលោក ដែលជឿលើសក្ខីភាពរបស់ព្រះយេស៊ូដែរ។ ត្រូវថ្វាយបង្គំព្រះជាម្ចាស់វិញ! ដ្បិតសក្ខីភាពរបស់ព្រះយេស៊ូ គឺវិញ្ញាណដែលថ្លែងព្រះបន្ទូលក្នុងនាមព្រះជាម្ចាស់» ។