ម៉ាកុស 2:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ហេតុដូចម្ដេចបានជាអ្នកនេះហ៊ានប្រមាថព្រះជាម្ចាស់ ដោយពោលពាក្យស្មើនឹងព្រះអង្គបែបនេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើនរណាអាចអត់ទោសមនុស្សឲ្យរួចពីបាបបាន!»។ ព្រះគម្ពីរខ្មែរសាកល “ហេតុអ្វីបានជាអ្នកនេះនិយាយដូច្នេះ? គាត់និយាយប្រមាថព្រះហើយ! ក្រៅពីព្រះមួយអង្គ តើនរណាអាចលើកលែងទោសបាបបាន?”។ Khmer Christian Bible «ហេតុដូចម្ដេចបានជាមនុស្សនេះនិយាយប្រមាថព្រះជាម្ចាស់ដូច្នេះ? តើអ្នកណាលើកលែងទោសបាបបាន ក្រៅពីព្រះជាម្ចាស់តែមួយគត់?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ហេតុអ្វីបានជាអ្នកនេះនិយាយដូច្នេះ? ពាក្យនេះប្រមាថដល់ព្រះទេតើ! ក្រៅពីព្រះមួយអង្គ តើមានអ្នកណាអាចអត់ទោសបាបបាន?» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុអ្វីបានជាមនុស្សនេះពោលពាក្យប្រមាថដល់ព្រះដូច្នេះ ក្រៅពីព្រះតែ១ តើមានអ្នកណាអាចនឹងអត់ទោសបាបបាន អាល់គីតាប «ហេតុដូចម្ដេចបានជាអ្នកនេះហ៊ានប្រមាថអុលឡោះ ដោយពោលពាក្យស្មើនឹងអុលឡោះបែបនេះ? ក្រៅពីអុលឡោះមួយគត់ តើនរណាអាចអត់ទោសមនុស្ស ឲ្យរួចពីបាបបាន?»។ |
ក៏ប៉ុន្តែ ព្រះអង្គតែងតែអត់ទោសឲ្យយើងខ្ញុំជានិច្ច ដើម្បីឲ្យយើងខ្ញុំគោរពកោតខ្លាចព្រះអង្គ។
ប៉ុន្តែ ដោយយើងមានចិត្តសប្បុរស និងដោយយល់ដល់នាមរបស់យើង យើងយល់ព្រមលើកលែងទោសឲ្យអ្នក យើងនឹងមិននឹកនាដល់អំពើបាប របស់អ្នកទៀតឡើយ។
ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ! យើងខ្ញុំបានបះបោរប្រឆាំងនឹងព្រះអង្គ តែព្រះអង្គប្រកបដោយព្រះហឫទ័យអាណិតអាសូរ ហើយលើកលែងទោសឲ្យយើងខ្ញុំជានិច្ច។
បពិត្រព្រះអម្ចាស់! តើមានព្រះណា ដែលមានព្រះហឫទ័យសប្បុរសដូចព្រះអង្គ? ព្រះអង្គលើកលែងទោសឲ្យយើងខ្ញុំ ព្រះអង្គមិនពិរោធរហូតឡើយ។ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់ ប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសេសសល់ ហើយព្រះអង្គប្រណីសន្ដោសដល់ពួកគេ។
ពេលនោះ លោកមហាបូជាចារ្យហែកអាវរបស់លោក ហើយមានប្រសាសន៍ថា៖ «ជននេះបានពោលពាក្យប្រមាថព្រះជាម្ចាស់ហើយ! យើងមិនបាច់រកសាក្សីឯណាទៀតទេ អស់លោកឮអ្នកនេះពោលពាក្យប្រមាថព្រះជាម្ចាស់អម្បាញ់មិញស្រាប់!
អស់លោកឮជននេះពោលពាក្យប្រមាថព្រះជាម្ចាស់ស្រាប់ហើយ តើអស់លោកគិតដូចម្ដេច?»។ គេបានសម្រេចចិត្តទាំងអស់គ្នា កាត់ទោសប្រហារជីវិតព្រះយេស៊ូ។
ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់គេភ្លាម ទ្រង់មានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតដូច្នេះ?
ពួកអាចារ្យ និងពួកខាងគណៈផារីស៊ីឮដូច្នោះ រិះគិតក្នុងចិត្តថា៖ «អ្នកនេះមានឋានៈអ្វីបានជាហ៊ានពោលពាក្យប្រមាថព្រះជាម្ចាស់ដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើអ្នកណាអាចអត់ទោសឲ្យមនុស្សរួចពីបាបបាន?»។
អស់អ្នកដែលអង្គុយរួមតុជាមួយ រិះគិតក្នុងចិត្តរៀងៗខ្លួនថា៖ «តើលោកនេះមានឋានៈអ្វី បានជាហ៊ានអត់ទោសឲ្យមនុស្សរួចពីបាបដូច្នេះ?»។
ជនជាតិយូដាតបទៅព្រះអង្គថា៖ «យើងចង់សម្លាប់លោក មិនមែនមកពីលោកបានធ្វើកិច្ចការដ៏ល្អប្រសើរណាមួយនោះឡើយ គឺមកពីលោកបានពោលពាក្យប្រមាថព្រះជាម្ចាស់ ដ្បិតលោកជាមនុស្ស ហើយតាំងខ្លួនជាព្រះជាម្ចាស់»។
ចុះហេតុដូចម្ដេចបានជាពេលខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំជាបុត្រារបស់ព្រះជាម្ចាស់ អ្នករាល់គ្នាបែរជាពោលថាខ្ញុំប្រមាថព្រះអង្គទៅវិញ? ព្រះបិតាបានប្រោសខ្ញុំឲ្យវិសុទ្ធ ហើយចាត់ខ្ញុំឲ្យមកក្នុងពិភពលោកនេះទៀតផង។