ចូរស្វែងរកសុភមង្គលពីព្រះអម្ចាស់ នោះព្រះអង្គនឹងប្រោសប្រទាននូវអ្វីៗ ដែលអ្នកប្រាថ្នាចង់បាន។
ម៉ាកុស 11:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នកណាម្នាក់និយាយទៅកាន់ភ្នំនេះថា “ចូរចេញពីទីនេះធ្លាក់ក្នុងសមុទ្រទៅ!” ហើយបើអ្នកនោះជឿជាក់ក្នុងចិត្ត ដោយឥតសង្ស័យថាពាក្យរបស់ខ្លួននឹងបានសម្រេច នោះព្រះជាម្ចាស់នឹងប្រទានឲ្យបានសម្រេចតាមពាក្យគេមែន។ ព្រះគម្ពីរខ្មែរសាកល ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាក៏ដោយដែលនិយាយនឹងភ្នំនេះថា: ‘ចូរត្រូវបានយកចេញ ហើយត្រូវបានទម្លាក់ទៅក្នុងសមុទ្រទៅ’ ហើយអ្នកនោះមិនសង្ស័យក្នុងចិត្ត គឺជឿថាអ្វីដែលគាត់និយាយនឹងសម្រេច នោះនឹងសម្រេចដល់គាត់។ Khmer Christian Bible ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាក៏ដោយដែលនិយាយទៅភ្នំនេះថា ចូររើ ហើយធ្លាក់ទៅក្នុងសមុទ្រទៅ ដោយគ្មានចិត្ដសង្ស័យ តែជឿថាអ្វីដែលគាត់និយាយនឹងកើតឡើងមែន នោះនឹងបានសម្រេចដល់គាត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នកណានិយាយទៅភ្នំនេះថា "ចូររើចេញពីទីនេះ ទៅធ្លាក់ក្នុងសមុទ្រទៅ!" ហើយនៅក្នុងចិត្តជឿដោយឥតសង្ស័យថា អ្វីដែលខ្លួននិយាយនឹងបានសម្រេច នោះនឹងបានសម្រេចដល់អ្នកនោះមែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នកណានិយាយទៅភ្នំនេះថា ចូររើចេញពីទីនេះទៅធ្លាក់ក្នុងសមុទ្រចុះ ដោយឥតសង្ស័យក្នុងចិត្ត គឺជឿជាក់ថា សេចក្ដីអ្វីដែលខ្លួនថា នឹងបានកើតមកពិត នោះនឹងបានដូចប្រាថ្នាគ្រប់ជំពូកទាំងអស់ អាល់គីតាប ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នកណាម្នាក់និយាយទៅកាន់ភ្នំនេះថា “ចូរចេញពីទីនេះធ្លាក់ក្នុងសមុទ្រទៅ!”ហើយបើអ្នកនោះជឿជាក់ក្នុងចិត្ដ ដោយឥតសង្ស័យថាពាក្យរបស់ខ្លួននឹងបានសម្រេច នោះអុលឡោះនឹងប្រទានឲ្យបានសម្រេចតាមពាក្យគេមែន។ |
ចូរស្វែងរកសុភមង្គលពីព្រះអម្ចាស់ នោះព្រះអង្គនឹងប្រោសប្រទាននូវអ្វីៗ ដែលអ្នកប្រាថ្នាចង់បាន។
កាលព្រះយេស៊ូបានជ្រាបដំណឹងនេះ ព្រះអង្គក៏យាងចុះទូក ចាកចេញជាមួយពួកសិស្ស* ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់ឡែកពីបណ្ដាជន។ ប៉ុន្តែ មហាជនបានដឹង ហើយនាំគ្នាចេញពីក្រុងនានាដើរទៅតាមព្រះអង្គ។
ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិចពេក។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត អ្នករាល់គ្នានឹងបញ្ជាទៅភ្នំនោះថា “ចូរចេញពីនេះ ទៅនៅកន្លែងផ្សេងទៅ!” ភ្នំមុខជាធ្វើតាមពាក្យអ្នករាល់គ្នាមិនខាន ដ្បិតគ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតឡើយ។
ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ប្រសិនបើអ្នករាល់គ្នាមានជំនឿឥតសង្ស័យសោះ អ្នករាល់គ្នាមិនត្រឹមតែអាចធ្វើឲ្យដើមឧទុម្ពរនេះក្រៀមស្វិតប៉ុណ្ណោះទេ គឺបើអ្នករាល់គ្នាពោលទៅកាន់ភ្នំនេះថា: “ចូរចេញពីទីនេះ ធ្លាក់ក្នុងសមុទ្រទៅ!” នោះនឹងសម្រេចដូច្នោះជាមិនខាន។
ព្រះអម្ចាស់មានព្រះបន្ទូលឆ្លើយថា៖ «ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត ហើយបើអ្នករាល់គ្នានិយាយទៅកាន់ដើមឈើនេះថា “ចូររម្លើងឫសឯង ទៅដុះក្នុងសមុទ្រទៅ!” វាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន»។
អ្វីៗដែលអ្នករាល់គ្នាទូលសូមក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះជាមិនខាន ដើម្បីឲ្យព្រះបិតាសម្តែងសិរីរុងរឿងក្នុងព្រះបុត្រា។
បើអ្នករាល់គ្នាស្ថិតនៅជាប់នឹងខ្ញុំ ហើយបើពាក្យខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នា ចូរទូលសុំអ្វីៗតាមតែអ្នករាល់គ្នាប្រាថ្នាចង់បានចុះ នោះអ្នករាល់គ្នាមុខតែបានទទួលជាមិនខាន។
ទោះបីខ្ញុំទទួលព្រះអំណោយទានខាងថ្លែងព្រះបន្ទូល និងស្គាល់គម្រោងការដ៏លាក់កំបាំងទាំងអស់ ព្រមទាំងមានចំណេះគ្រប់យ៉ាង ហើយទោះបីខ្ញុំមានជំនឿមាំ រហូតដល់ធ្វើឲ្យភ្នំរើពីកន្លែងមួយទៅកន្លែងមួយទៀតបានក្ដី តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេនោះ ខ្ញុំជាមនុស្សឥតបានការអ្វីទាំងអស់។