ម៉ាកុស 11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹម (មថ.២១.១-១១ លក.១៩.២៨-៤០ យហ.១២.១២-១៩) 1 ព្រះយេស៊ូយាងមកជាមួយសិស្សជិតដល់ក្រុងយេរូសាឡឹមហើយ។ លុះមកដល់ជិតភូមិបេតផាសេ និងភូមិបេតថានី ដែលនៅចង្កេះភ្នំដើមអូលីវ ព្រះអង្គចាត់សិស្សពីររូបឲ្យទៅមុន ដោយមានព្រះបន្ទូលថា៖ 2 «ចូរទៅភូមិនៅមុខអ្នករាល់គ្នា ពេលទៅដល់ភ្លាម អ្នកនឹងឃើញកូនលាមួយដែលគេចងទុក ពុំទាន់ដែលមាននរណាជិះនៅឡើយទេ ចូរស្រាយវាដឹកមក។ 3 ប្រសិនបើមានគេសួរថា“ហេតុអ្វីបានជាអ្នកស្រាយវា” ចូរឆ្លើយប្រាប់គេថា “ព្រះអម្ចាស់ត្រូវការវា តែព្រះអង្គនឹងឲ្យគេដឹកមកវិញភ្លាមជាមិនខាន”»។ 4 សិស្សទាំងពីររូបចេញដំណើរទៅ ឃើញកូនលាមួយដែលគេចងទុកនៅមាត់ទ្វារ ខាងក្រៅផ្ទះ ក្បែរផ្លូវ ហើយក៏ស្រាយវា។ 5 មានអ្នកខ្លះនៅទីនោះសួរអ្នកទាំងពីរថា៖ «តើអ្នកធ្វើអ្វីហ្នឹង ហេតុអ្វីបានជាអ្នកស្រាយកូនលានេះ?»។ 6 សិស្សទាំងពីរឆ្លើយទៅគេ តាមពាក្យដែលព្រះយេស៊ូបានបង្គាប់មក គេក៏ឲ្យដឹកចេញទៅ។ 7 សិស្សទាំងពីរដឹកវាយកមកថ្វាយព្រះយេស៊ូ ហើយយកអាវរបស់ខ្លួនក្រាលពីលើខ្នងកូនលា ព្រះអង្គក៏ឡើងគង់លើខ្នងកូនលានោះ។ 8 មានមនុស្សម្នាជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយខ្លះទៀតយកស្លឹកឈើពីចម្ការមករាយលើផ្លូវដែរ។ 9 អស់អ្នកដែលដើរហែហមព្រះយេស៊ូពីមុខពីក្រោយ នាំគ្នាស្រែកឡើងថា៖ «ជយោ! សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ 10 សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះរាជ្យ*ដែលកំពុងតែមកដល់ គឺព្រះរាជ្យរបស់ព្រះបាទដាវីឌ ជាបិតារបស់យើង! ជយោ! ព្រះជាម្ចាស់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។ 11 កាលព្រះយេស៊ូទៅដល់ក្រុងយេរូសាឡឹម ព្រះអង្គក៏យាងចូលក្នុងព្រះវិហារ*។ ក្រោយពីបានទតមើលសព្វគ្រប់អស់ហើយ ព្រះអង្គយាងទៅភូមិបេតថានីជាមួយសិស្សទាំងដប់ពីររូប ដ្បិតល្ងាចណាស់ហើយ។ ដើមឧទុម្ពរត្រូវបណ្ដាសា (ម៉ាថាយ ២១.១៨-១៩ ) 12 នៅថ្ងៃបន្ទាប់ ព្រះអង្គយាងចេញពីភូមិបេតថានី ពេលនោះ ព្រះអង្គឃ្លាន។ 13 ព្រះអង្គទតឃើញឧទុម្ពរ*មួយដើមពីចម្ងាយ មានស្លឹកខៀវខ្ចី ព្រះអង្គក៏យាងតម្រង់ទៅ ក្រែងលោមានផ្លែ។ ពេលព្រះអង្គយាងទៅជិត ព្រះអង្គទតឃើញមានតែស្លឹកប៉ុណ្ណោះ ដ្បិតពុំទាន់ដល់រដូវឧទុម្ពរផ្លែនៅឡើយទេ។ 14 ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ដើមឧទុម្ពរនោះថា៖ «ចាប់ពីពេលនេះតទៅ គ្មាននរណាបរិភោគផ្លែរបស់ឯងទៀតឡើយ!»។ ពួកសិស្ស*បានឮព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះយេស៊ូដេញអ្នកលក់ដូរចេញពីព្រះវិហារ (មថ.២១.១២-១៧ លក.១៩.៤៥-៤៨ យហ.២.១៣-២២) 15 ព្រះយេស៊ូយាងមកដល់ក្រុងយេរូសាឡឹមជាមួយពួកសិស្ស ព្រះអង្គយាងចូលក្នុងព្រះវិហារ ហើយដេញអ្នកលក់ដូរចេញ។ ព្រះអង្គផ្ដួលតុពួកអ្នកប្ដូរប្រាក់ ផ្ដួលកៅអីរបស់អ្នកលក់ព្រាប។ 16 ព្រះអង្គមិនឲ្យនរណាលីសែងអីវ៉ាន់កាត់ទីធ្លាព្រះវិហារ*ឡើយ។ 17 ព្រះអង្គមានព្រះបន្ទូលប្រៀនប្រដៅគេថា៖ «ក្នុងគម្ពីរមានចែងថា: ដំណាក់របស់យើងត្រូវធ្វើជាដំណាក់ សម្រាប់ឲ្យជាតិសាសន៍ទាំងឡាយអធិស្ឋាន* តែអ្នករាល់គ្នាយកធ្វើជាសំបុកចោរទៅវិញ»។ 18 កាលពួកនាយកបូជាចារ្យ* និងពួកអាចារ្យ*ដឹងរឿងនេះ គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូ។ ប៉ុន្តែ គេខ្លាចព្រះអង្គ ដ្បិតបណ្ដាជនទាំងមូលចាប់អារម្មណ៍នឹងសេចក្ដីដែលព្រះអង្គបង្រៀនណាស់។ 19 លុះដល់ល្ងាច ព្រះយេស៊ូយាងចាកចេញពីទីក្រុងជាមួយពួកសិស្ស។ ដើមឧទុម្ពរងាប់ (ម៉ាថាយ ២១.២០-២២ ) 20 ព្រឹកឡើង ពេលធ្វើដំណើរតាមផ្លូវនោះ ពួកសិស្សឃើញដើមឧទុម្ពរ*ក្រៀមស្វិតរហូតដល់ឫស។ 21 លោកពេត្រុសនឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូ ក៏ទូលព្រះអង្គថា៖ «ព្រះគ្រូ! សូមមើល! ដើមឧទុម្ពរដែលព្រះគ្រូបានដាក់បណ្ដាសានោះ ក្រៀមស្វិតទៅហើយ!»។ 22 ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្ស*ថា៖ «ចូរមានជំនឿលើព្រះជាម្ចាស់ចុះ!។ 23 ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នកណាម្នាក់និយាយទៅកាន់ភ្នំនេះថា “ចូរចេញពីទីនេះធ្លាក់ក្នុងសមុទ្រទៅ!” ហើយបើអ្នកនោះជឿជាក់ក្នុងចិត្ត ដោយឥតសង្ស័យថាពាក្យរបស់ខ្លួននឹងបានសម្រេច នោះព្រះជាម្ចាស់នឹងប្រទានឲ្យបានសម្រេចតាមពាក្យគេមែន។ 24 ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយឲ្យតែអ្នករាល់គ្នាអធិស្ឋាន*សុំ ចូរជឿថាអ្នករាល់គ្នាបានទទួលហើយ នោះព្រះជាម្ចាស់នឹងប្រទានឲ្យអ្នករាល់គ្នាជាពុំខាន។ 25 ម្យ៉ាងទៀត ពេលឈរអធិស្ឋាន បើអ្នករាល់គ្នាមានទំនាស់អ្វីនឹងនរណាម្នាក់ ចូរអត់ទោសឲ្យគេទៅ ដើម្បីព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ*អត់ទោសឲ្យអ្នករាល់គ្នា»។ [ 26 ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមិនអត់ទោសឲ្យគេទេ ព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ* ក៏មិនអត់ទោសឲ្យអ្នករាល់គ្នាដែរ។] អំណាចរបស់ព្រះយេស៊ូ (ម៉ាថាយ ២១.២៣-២៧ លូកា ២០.១-៨ ) 27 ព្រះយេស៊ូយាងចូលទៅក្រុងយេរូសាឡឹមជាមួយពួកសិស្ស*ម្ដងទៀត។ កាលព្រះអង្គកំពុងតែយាងចុះយាងឡើងក្នុងព្រះវិហារ* ពួកនាយកបូជាចារ្យ និងពួកអាចារ្យ នាំគ្នាមកជួបព្រះអង្គ។ 28 គេទូលសួរព្រះអង្គថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? តើនរណាប្រគល់អំណាចឲ្យលោកធ្វើការទាំងនេះ?»។ 29 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំសួរអស់លោកនូវសំណួរមួយ បើអស់លោកឆ្លើយមកខ្ញុំ ខ្ញុំនឹងប្រាប់អស់លោកវិញថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វី។ 30 សូមឆ្លើយប្រាប់ខ្ញុំមើល៍ តើនរណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជទឹក*? ព្រះជាម្ចាស់ ឬមនុស្ស?»។ 31 គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា ព្រះជាម្ចាស់ចាត់លោកយ៉ូហានឲ្យមក គាត់មុខជាសួរយើងថា ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន? 32 ផ្ទុយទៅវិញ បើយើងឆ្លើយថាមនុស្សចាត់លោកឲ្យមក…» (ពួកគេខ្លាចប្រជាជន ព្រោះមនុស្សគ្រប់ៗគ្នាចាត់ទុកលោកយ៉ូហានជាព្យាការីពិតប្រាកដមែន)។ 33 ដូច្នេះ គេឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ «រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វីដែរ»។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies