ពួកចៅហ្វាយ 15:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកមកដល់ក្រុងលេហ៊ី ជនជាតិភីលីស្ទីនឃើញលោក ហើយនាំគ្នាស្រែកហ៊ោឡើង។ ពេលនោះ ព្រះវិញ្ញាណនៃព្រះអម្ចាស់យាងមកសណ្ឋិតលើលោកសាំសុន ហើយខ្សែពួរដែលចងដៃលោកក៏របូតចេញដោយងាយ ដូចសរសៃអំបោះត្រូវភ្លើងឆេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគាត់មកដល់ក្រុងលេហ៊ី ពួកភីលីស្ទីនក៏ចូលមករកគាត់ ទាំងនាំគ្នាស្រែកហ៊ោរ។ ពេលនោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏យាងមកសណ្ឋិតលើគាត់យ៉ាងខ្លាំង ហើយខ្សែដែលគេចងដៃគាត់ ក៏ត្រឡប់ដូចជាសរសៃខ្លូតទេសដែលខ្លោចដោយភ្លើង រួចរបេះជ្រុះពីដៃគាត់ចេញអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រាដល់លេហ៊ីហើយ កាលពួកភីលីស្ទីនបានឃើញគាត់ នោះក៏នាំគ្នាស្រែកឡើង រួចព្រះវិញ្ញាណនៃព្រះយេហូវ៉ាទ្រង់សណ្ឋិតលើគាត់ បណ្តាលឡើងជាខ្លាំង ឯខ្សែដែលគេចងដៃគាត់ក៏ត្រឡប់ដូចជាសរសៃខ្លូតទេសដែលខ្លោចដោយភ្លើងវិញ របេះជ្រុះពីដៃគាត់ចេញអស់ អាល់គីតាប ពេលគាត់មកដល់ក្រុងលេហ៊ី ជនជាតិភីលីស្ទីនឃើញគាត់ ហើយនាំគ្នាស្រែកហ៊ោឡើង។ ពេលនោះរសនៃអុលឡោះតាអាឡាមកសណ្ឋិតលើលោកសាំសុន ហើយខ្សែពួរដែលចងដៃគាត់ក៏របូតចេញដោយងាយ ដូចសរសៃអំបោះត្រូវភ្លើងឆេះ។ |
ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំគ្រប់ទិសទី តែខ្ញុំនឹងកម្ទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។
ព្រះអង្គបង្ហាត់ខ្ញុំឲ្យស្ទាត់ជំនាញខាងធ្វើសឹក និងឲ្យខ្ញុំមានកម្លាំងយឹតធ្នូលង្ហិនបាន។
ស្ដេចផារ៉ោននឹងគិតថា អ្នករាល់គ្នាវង្វេងវិលវល់ក្នុងតំបន់នេះ មិនអាចចេញផុតពីវាលរហោស្ថានឡើយ។
មានគេទូលស្ដេចស្រុកអេស៊ីបថា ប្រជាជនអ៊ីស្រាអែលនាំគ្នារត់បាត់អស់ហើយ។ ពេលនោះ ស្ដេច និងនាម៉ឺនមន្ត្រី ដូរគំនិតចំពោះប្រជាជនអ៊ីស្រាអែល ហើយនិយាយគ្នាថា៖ «ហេតុអ្វីបានជាពួកយើងបណ្ដោយឲ្យជនជាតិអ៊ីស្រាអែលចាកចេញទៅដូច្នេះ? តើបាននរណានៅបម្រើពួកយើង?»។
ខ្មាំងសត្រូវរបស់ខ្ញុំអើយ! កុំអាលអរសប្បាយ ដោយឃើញខ្ញុំដួលដូច្នេះ! ខ្ញុំពិតជាដួលមែន តែខ្ញុំនឹងងើបឡើងវិញពុំខាន។ ទោះបីខ្ញុំស្ថិតនៅក្នុងភាពងងឹតក្ដី ក៏ព្រះអម្ចាស់ជាពន្លឺរបស់ខ្ញុំដែរ។
ពេលនោះ ទេវតាក៏ពោលមកខ្ញុំទៀតថា៖ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសូរ៉ូបាបិលថា៖ «អ្នកបំពេញកិច្ចការនេះបាន មិនមែនដោយប្រើអំណាច ឬប្រើកម្លាំងទេ គឺដោយព្រះវិញ្ញាណរបស់យើងវិញ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
រីឯអ្នកវិញ មិត្តដ៏ស្មោះត្រង់អើយ សូមជួយនាងទាំងពីរនាក់នេះផង ដ្បិតនាងធ្លាប់បានតយុទ្ធរួមជាមួយខ្ញុំ ព្រោះតែដំណឹងល្អ* ជាមួយលោកក្លេមេន ព្រមទាំងជាមួយអ្នកឯទៀតៗ ដែលបានធ្វើការជាមួយខ្ញុំ ហើយដែលមានឈ្មោះនៅក្នុងបញ្ជីជីវិតនោះផងដែរ។
ដូច្នេះ ព្រះវិញ្ញាណនៃព្រះអម្ចាស់បានមកសណ្ឋិតលើលោក ធ្វើឲ្យលោកមានកម្លាំងខ្លាំងក្លា។ លោកចុះទៅក្រុងអាសកាឡូន សម្លាប់អ្នកស្រុកនោះអស់សាមសិបនាក់ ហើយយកសម្លៀកបំពាក់របស់គេមកប្រគល់ឲ្យអស់អ្នកដែលបានបកស្រាយប្រស្នា។ បន្ទាប់មក ដោយខឹងខ្លាំងពេក លោកក៏វិលត្រឡប់ទៅផ្ទះឪពុករបស់លោកវិញ។
រំពេចនោះ ព្រះវិញ្ញាណនៃព្រះអម្ចាស់មកសណ្ឋិតលើលោក លោកក៏ចាប់ហែកសិង្ហនោះដោយដៃ ដូចគេហែកកូនពពែ។ លោកមិនបានរៀបរាប់ហេតុការណ៍នេះប្រាប់ឪពុកម្ដាយទេ។
គេឆ្លើយទៅលោកវិញថា៖ «ទេ! យើងគ្មានបំណងនឹងសម្លាប់អ្នកទេ យើងគ្រាន់តែសុំចងអ្នក យកទៅប្រគល់ឲ្យជនជាតិភីលីស្ទីនប៉ុណ្ណោះ»។ ពួកគេក៏យកខ្សែពួរថ្មីពីរ មកចងលោក ហើយនាំចេញពីរូងភ្នំទៅ។
នាងដេលីឡាក៏ប្រើពួរថ្មី ដើម្បីចងលោកសាំសុន រួចនាងស្រែកថា៖ «បងសាំសុនអើយ! ពួកភីលីស្ទីនមកចាប់បងហើយ»។ ពេលនោះ ក៏មានមនុស្សបង្កប់ខ្លួននៅក្នុងផ្ទះដែរ ប៉ុន្តែ លោកសាំសុនផ្ដាច់ពួរដែលចងដៃលោក ដូចគេផ្ដាច់ខ្សែអំបោះ។
ពេលឃើញរូបព្រះរបស់គេ ប្រជាជនក៏នាំគ្នាសរសើរតម្កើង ដោយពោលថា៖ «ព្រះរបស់យើងបានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃយើងហើយ គឺជាអ្នកដែលបំផ្លាញស្រុកយើង ហើយសម្លាប់ប្រជាជនយើងអស់ជាច្រើនផង»។
នាងបានឲ្យមនុស្សបង្កប់ខ្លួននៅក្នុងផ្ទះ។ ខណៈនោះ នាងស្រែកថា៖ «បងសាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!»។ លោកសាំសុនក៏បណ្ដាច់ពួរនោះចេញអស់ ដូចខ្សែអំបោះដែលត្រូវភ្លើងឆេះ។ ដូច្នេះ គេនៅតែពុំដឹងអាថ៌កំបាំងនៃកម្លាំងរបស់លោកដដែល។
ព្រះវិញ្ញាណនៃព្រះអម្ចាស់សណ្ឋិតលើលោកអូធ្នាល លោកក៏ធ្វើជាមេដឹកនាំរបស់ប្រជាជនអ៊ីស្រាអែល។ លោកអូធ្នាលចេញទៅច្បាំង ហើយព្រះអម្ចាស់ប្រទានឲ្យលោកមានជ័យជម្នះ ដោយប្រគល់ព្រះបាទគូសាន-រីសាថែម ជាស្ដេចស្រុកអើរ៉ាម-ណាហារេម មកក្នុងកណ្ដាប់ដៃរបស់លោក។
ពួកទាហានប្រាកដជានៅប្រមូលជយភណ្ឌ ពួកគេកំពុងតែចែកជយភណ្ឌ ទាហានម្នាក់ទទួលបានស្រីក្រមុំម្នាក់ ឬពីរនាក់ ស៊ីសេរ៉ាទទួលបានផ្ទាំងសំពត់ពណ៌ និងក្រណាត់ប៉ាក់។ អ្នកមានជ័យជម្នះទទួលសម្លៀកបំពាក់ពណ៌ ធ្វើពីក្រណាត់ប៉ាក់មួយផ្ទាំង ឬពីរផ្ទាំងសម្រាប់បង់ក។
កាលលោកសូល និងអ្នកបម្រើទៅដល់ភូមិគីបៀរ ព្យាការីមួយក្រុមមកជួបលោក។ ពេលនោះ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកសណ្ឋិតលើលោក ហើយលោកស្លុងស្មារតីស្រែកច្រៀង និងរាំក្នុងចំណោមពួកព្យាការី។
ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងមកសណ្ឋិតលើលោក លោកក៏ស្លុងស្មារតីស្រែកច្រៀង និងរាំជាមួយអ្នកទាំងនោះដែរ ហើយលោកនឹងប្រែក្លាយទៅជាបុគ្គលមួយរូបខុសពីមុន។
កាលស្ដេចឮពាក្យទាំងនោះ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មកសណ្ឋិតលើស្ដេច ហើយស្ដេចខ្ញាល់យ៉ាងខ្លាំង។
ទូលបង្គំចេញទៅតាមវាភ្លាម ទូលបង្គំបានវាយដណ្ដើមយកកូនចៀមពីមាត់របស់វាមកវិញ។ បើវាលោតសង្គ្រុបលើទូលបង្គំ ទូលបង្គំក៏ច្បាមពុកចង្កាវា បោកសម្លាប់តែម្ដង។
ពេលគេនាំហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់មកដល់ទីតាំងទ័ព ជនជាតិអ៊ីស្រាអែលទាំងមូលស្រែកជយឃោសយ៉ាងខ្លាំង រហូតដល់ធ្វើឲ្យខ្ទរផែនដី។