ពួកចៅហ្វាយ 15 - អាល់គីតាបការសងសឹករបស់លោកសាំសុន 1 បន្តិចក្រោយមក នៅពេលគេច្រូតស្រូវសាលី លោកសាំសុនក៏ទៅសួរសុខទុក្ខប្រពន្ធគាត់ ដោយយកទាំងកូនពពែមួយទៅឲ្យនាងផង។ គាត់សុំចូលទៅក្នុងបន្ទប់របស់ប្រពន្ធគាត់ ប៉ុន្តែ ឪពុកក្មេកមិនអនុញ្ញាតឲ្យចូលទៅទេ។ 2 គាត់និយាយមកកាន់គាត់ថា៖ «ពុកគិតថាកូនឈប់ស្រឡាញ់នាងហើយ បានជាពុកលើកនាងទៅឲ្យបុរសដែលកំដរកូននោះវិញ ប៉ុន្តែ ប្អូនស្រីរបស់នាងស្រស់ស្អាតជាងនាងទៅទៀត តើកូនពេញចិត្តដែរឬទេ? កូនអាចយកនាងជំនួសក៏បាន»។ 3 លោកសាំសុនពោលឡើងថា៖ «ម្តងនេះ ខ្ញុំនឹងធ្វើបាបពួកភីលីស្ទីន ដោយគ្មាននរណាអាចចោទប្រកាន់ខ្ញុំបានឡើយ»។ 4 គាត់ក៏ចេញទៅចាប់បានកញ្ជ្រោងបីរយក្បាល។ គាត់ចងកន្ទុយកញ្ជ្រោងភ្ជាប់គ្នាមួយគូៗ រួចយកចន្លុះមកដោតនៅត្រង់ចំណងកន្ទុយកញ្ជ្រោងទាំងគូៗនោះ។ 5 គាត់ក៏អុជចន្លុះ ហើយលែងកញ្ជ្រោងឲ្យរត់ទៅក្នុងស្រែរបស់ជនជាតិភីលីស្ទីន ធ្វើឲ្យឆេះកណ្តាប់ស្រូវដែលច្រូតហើយ និងស្រូវដែលមិនទាន់ច្រូត ព្រមទាំងឆេះចម្ការអូលីវទៀតផង។ 6 ជនជាតិភីលីស្ទីនសួរគ្នាថា តើអ្នកណាធ្វើដូច្នេះ? មានគេប្រាប់ថា៖ «គឺសាំសុន! គាត់ធ្វើបែបនេះមកពីឪពុកក្មេករបស់គាត់ដែលជាអ្នកក្រុងធីមណា បានលើកប្រពន្ធគាត់ទៅឲ្យបុរសជាអ្នកកំដររបស់គាត់»។ ជនជាតិភីលីស្ទីនលើកគ្នាទៅសម្លាប់ស្ត្រីនោះ និងឪពុកនាងដោយដុតទាំងរស់។ 7 ពេលនោះ លោកសាំសុនពោលទៅពួកគេថា៖ «ដោយអ្នករាល់គ្នាប្រព្រឹត្តបែបនេះ ខ្ញុំមិនអាចនៅស្ងៀមបានទេ គឺខ្ញុំនឹងសងសឹកអ្នករាល់គ្នាជានិច្ច»។ 8 គាត់វាយប្រហារពួកគេឲ្យបរាជ័យយ៉ាងដំណំ។ រួចហើយ គាត់ក៏ចេញទៅរស់នៅក្នុងរូងភ្នំអេតាំ។ លោកសាំសុនប្រើថ្គាមលាជាអាវុធប្រហារជនជាតិភីលីស្ទីន 9 ជនជាតិភីលីស្ទីននាំគ្នាឡើងទៅបោះទ័ពក្នុងដែនដីយូដា ហើយឡោមព័ទ្ធក្រុងលេហ៊ី។ 10 អ្នកស្រុកយូដាសួរពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមកប្រយុទ្ធនឹងយើងដូច្នេះ?»។ ពួកគេឆ្លើយថា៖ «យើងមកនេះដើម្បីចាប់សាំសុន ហើយប្រព្រឹត្តចំពោះវា ដូចវាបានប្រព្រឹត្តចំពោះយើងដែរ»។ 11 ដូច្នេះ ជនជាតិយូដាបីពាន់នាក់ក៏នាំគ្នាចូលទៅក្នុងរូងភ្នំអេតាំ ហើយនិយាយនឹងលោកសាំសុនថា៖ «អ្នកមិនដឹងទេឬថា ជនជាតិភីលីស្ទីនត្រួតត្រាលើយើង? ហេតុអ្វីបានជាអ្នកធ្វើបាបយើងដូច្នេះ?»។ លោកសាំសុនឆ្លើយថា៖ «ខ្ញុំប្រព្រឹត្តចំពោះពួកគេដូចគេបានប្រព្រឹត្តចំពោះខ្ញុំតែប៉ុណ្ណោះ»។ 12 ជនជាតិយូដាពោលទៀតថា៖ «យើងមកនេះ ដើម្បីចងអ្នកយកទៅប្រគល់ឲ្យជនជាតិភីលីស្ទីន»។ លោកសាំសុនស្នើទៅពួកគេថា៖ «ចូរអ្នករាល់គ្នាស្បថជាមួយខ្ញុំមកថា អ្នករាល់គ្នានឹងមិនសម្លាប់ខ្ញុំដោយផ្ទាល់ទេ»។ 13 គេឆ្លើយទៅគាត់វិញថា៖ «ទេ! យើងគ្មានបំណងនឹងសម្លាប់អ្នកទេ យើងគ្រាន់តែសុំចងអ្នក យកទៅប្រគល់ឲ្យជនជាតិភីលីស្ទីនប៉ុណ្ណោះ»។ ពួកគេក៏យកខ្សែពួរថ្មីពីរ មកចងគាត់ ហើយនាំចេញពីរូងភ្នំទៅ។ 14 ពេលគាត់មកដល់ក្រុងលេហ៊ី ជនជាតិភីលីស្ទីនឃើញគាត់ ហើយនាំគ្នាស្រែកហ៊ោឡើង។ ពេលនោះរសនៃអុលឡោះតាអាឡាមកសណ្ឋិតលើលោកសាំសុន ហើយខ្សែពួរដែលចងដៃគាត់ក៏របូតចេញដោយងាយ ដូចសរសៃអំបោះត្រូវភ្លើងឆេះ។ 15 លោកសាំសុនបានឃើញឆ្អឹងថ្គាមមួយរបស់លាដែលគេទើបសម្លាប់ថ្មីៗ ក៏រើសវាមកប្រើជាអាវុធសម្លាប់មនុស្សអស់មួយពាន់នាក់ 16 រួចលោកស្រែកថា៖ «ដោយសារឆ្អឹងថ្គាមរបស់សត្វលា ខ្ញុំបានប្រមូលខ្មោចដាក់គរលើគ្នា ដោយសារឆ្អឹងថ្គាមរបស់សត្វលា ខ្ញុំបានសម្លាប់មនុស្សអស់មួយពាន់នាក់»។ 17 ពេលនិយាយចប់ គាត់ក៏គ្រវែងឆ្អឹងនោះចោលទៅ ហេតុដូច្នេះ ហើយបានជាគេហៅកន្លែងនោះថា «រ៉ាម៉ាត់-លេហ៊ី»។ 18 រំពេចនោះ លោកសាំសុនស្រេកទឹកយ៉ាងខ្លាំង លោកបានអង្វររកអុលឡោះតាអាឡា ដោយសូមថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់អើយ គឺទ្រង់ហើយដែលប្រទានឲ្យខ្ញុំមានជ័យជំនះដ៏ធំនេះ។ តើពេលនេះទ្រង់បណ្តោយឲ្យខ្ញុំដាច់ខ្យល់ស្លាប់ ព្រោះតែស្រេកទឹក ហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃទាំងនោះឬ?»។ 19 អុលឡោះបានបំបែកថ្មនៅលេហ៊ីនោះ ធ្វើឲ្យមានទឹកហូរចេញមក។ លោកសាំសុនពិសាទឹកនោះ ហើយក៏មានទឹកចិត្ត និងមានកម្លាំងឡើងវិញ។ ហេតុនេះបានជាគេហៅប្រភពទឹកនោះថា «អេន-ហាកូរេ» ហើយប្រភពទឹកនោះស្ថិតនៅលេហ៊ី រហូតដល់សព្វថ្ងៃ។ 20 នៅជំនាន់ដែលជនជាតិភីលីស្ទីនត្រួតត្រាលើស្រុកអ៊ីស្រអែល លោកសាំសុនបានធ្វើជាមេដឹកនាំជនជាតិអ៊ីស្រអែលអស់រយៈពេលម្ភៃឆ្នាំ។ |
© 2014 United Bible Societies, UK.
United Bible Societies