នៅពេលថ្ងៃ ព្រះអង្គដឹកនាំពួកគេ ដោយដុំពពក នៅពេលយប់ ព្រះអង្គបំភ្លឺផ្លូវពួកគេ ដោយដុំភ្លើង។
នេហេមា 9:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ព្រះអង្គពុំបានបោះបង់ចោលពួកគេ នៅវាលរហោស្ថានឡើយ ព្រោះព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ ពួកគេយ៉ាងខ្លាំង។ នៅពេលថ្ងៃ ព្រះអង្គនៅតែដឹកនាំពួកគេ ដោយដុំពពក នៅពេលយប់ ព្រះអង្គនៅតែបំភ្លឺផ្លូវពួកគេ ដោយដុំភ្លើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏ព្រះអង្គមិនបានបោះបង់ចោលពួកគេនៅទីរហោស្ថានឡើយ គឺដោយព្រះអង្គមានព្រះហឫទ័យមេត្តាករុណាជាខ្លាំង ឯបង្គោលពពកមិនបានថយចេញ លែងនាំផ្លូវពួកគេនៅពេលថ្ងៃឡើយ ហើយបង្គោលភ្លើងក៏មិនលែងបំភ្លឺពួកគេនៅពេលយប់ ដើម្បីបង្ហាញផ្លូវដែលគេត្រូវដើរនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គង់តែទ្រង់មិនបានបោះបង់ចោលគេ នៅទីរហោស្ថានដែរ គឺដោយទ្រង់មានសេចក្ដីមេត្តាករុណាដ៏ក្រៃលែង ឯបង្គោលពពកមិនបានថយចេញ លែងនាំផ្លូវគេនៅវេលាថ្ងៃឡើយ ហើយបង្គោលភ្លើងក៏មិនលែងបំភ្លឺគេនៅវេលាយប់ ដើម្បីនឹងបង្ហាញផ្លូវ ដែលគេត្រូវដើរដែរ អាល់គីតាប ក៏ទ្រង់ពុំបានបោះបង់ចោលពួកគេ នៅវាលរហោស្ថានឡើយ ព្រោះទ្រង់មានចិត្តអាណិតអាសូរ ពួកគេយ៉ាងខ្លាំង។ នៅពេលថ្ងៃ ទ្រង់នៅតែដឹកនាំពួកគេ ដោយដុំពពក នៅពេលយប់ ទ្រង់នៅតែបំភ្លឺផ្លូវពួកគេ ដោយដុំភ្លើង។ |
នៅពេលថ្ងៃ ព្រះអង្គដឹកនាំពួកគេ ដោយដុំពពក នៅពេលយប់ ព្រះអង្គបំភ្លឺផ្លូវពួកគេ ដោយដុំភ្លើង។
ពេលនោះ ព្រះអង្គក៏ប្រគល់ពួកគេ ទៅក្នុងកណ្ដាប់ដៃរបស់បច្ចាមិត្ត ហើយបច្ចាមិត្តជិះជាន់សង្កត់សង្កិនពួកគេ។ ពេលមានអាសន្ន ពួកគេស្រែកអង្វរព្រះអង្គ ព្រះអង្គស្ដាប់ពួកគេពីស្ថានបរមសុខ* ហើយអាណិតអាសូរពួកគេយ៉ាងខ្លាំង ព្រះអង្គប្រទានអ្នករំដោះ មកសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃ របស់បច្ចាមិត្ត។
ដោយព្រះអង្គអាណិតអាសូរពួកគេយ៉ាងខ្លាំង ព្រះអង្គមិនលុបបំបាត់ពួកគេ ឬបោះបង់ចោលពួកគេឡើយ ដ្បិតព្រះអង្គជាព្រះដែលមានព្រះហឫទ័យ ប្រណីសន្ដោស និងអាណិតអាសូរ។
ព្រះអង្គប្រោសប្រណីពួកគេ ដោយនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គ ព្រះអង្គដូរព្រះហឫទ័យ ព្រោះព្រះអង្គមានមេត្តាករុណាធម៌ដ៏លើសលុប។
ព្រះអង្គដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គ នៅវាលរហោស្ថាន ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
ពេលណាពពកអណ្ដែតឡើងផុតពីព្រះពន្លា ជនជាតិអ៊ីស្រាអែលនាំគ្នារើជំរំ ចេញដំណើរទៅមុខ។
គ្រប់ដំណាក់ដែលកូនចៅអ៊ីស្រាអែលបោះជំរំ ពួកគេទាំងអស់គ្នាឃើញពពក*របស់ព្រះអម្ចាស់ស្ថិតនៅលើព្រះពន្លា នៅពេលថ្ងៃ ហើយឃើញដុំភ្លើងនៅពេលយប់។
អ៊ីស្រាអែលដែលជាកូនចៅយ៉ាកុបអើយ ចូរចងចាំថា អ្នកជាអ្នកបម្រើរបស់យើង យើងបានបង្កើតអ្នក ដើម្បីឲ្យបម្រើយើង អ៊ីស្រាអែលអើយ យើងនឹងមិនបំភ្លេចអ្នកចោលឡើយ!
គឺខ្ញុំនឹកដល់ព្រះហឫទ័យសប្បុរស របស់ព្រះអម្ចាស់ ដែលមិនចេះរលត់។ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ ចំពោះខ្ញុំ ឥតទីបញ្ចប់។
ក៏ប៉ុន្តែ យើងមិនបានបំផ្លាញពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើងនៅចំពោះមុខប្រជាជាតិទាំងឡាយ ដែលបានឃើញយើងនាំអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។
ប៉ុន្តែ យើងមានចិត្តអាណិតមេត្តាពួកគេ យើងពុំបានកម្ទេច និងប្រល័យជីវិតពួកគេ ឲ្យវិនាសសូន្យនៅវាលរហោស្ថានទេ។
ផ្ទុយទៅវិញ យើងបានដូរគំនិត គឺយើងមិនដាក់ទោសពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើង នៅចំពោះមុខប្រជាជាតិទាំងឡាយដែលបានឃើញយើងនាំអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។
ឱព្រះនៃទូលបង្គំអើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ សូមទតមើលក្រុងបាក់បែក ដែលជាព្រះដំណាក់របស់ព្រះអង្គនេះផង! យើងខ្ញុំអង្វរព្រះអង្គ ដោយមិនពឹងផ្អែកលើអំពើសុចរិតរបស់យើងខ្ញុំទេ តែយើងខ្ញុំសូមពឹងផ្អែកលើព្រះហឫទ័យអាណិតអាសូរដ៏ធំធេងរបស់ព្រះអង្គ។
ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ! យើងខ្ញុំបានបះបោរប្រឆាំងនឹងព្រះអង្គ តែព្រះអង្គប្រកបដោយព្រះហឫទ័យអាណិតអាសូរ ហើយលើកលែងទោសឲ្យយើងខ្ញុំជានិច្ច។
«យើងជាព្រះអម្ចាស់ យើងមិនប្រែប្រួលទេ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានៅតែជា កូនចៅយ៉ាកុបដដែល »។
ពួកគេនាំដំណឹងនេះទៅប្រាប់អ្នកស្រុកកាណាន។ អ្នកស្រុកនោះធ្លាប់ឮថា ព្រះអង្គដែលជាព្រះអម្ចាស់ គង់នៅជាមួយប្រជាជននេះ។ ព្រះអម្ចាស់បង្ហាញឲ្យពួកគេឃើញព្រះអង្គផ្ទាល់នឹងភ្នែក។ ពពក*របស់ព្រះអង្គស្ថិតនៅពីលើពួកគេ ព្រះអង្គយាងពីមុខពួកគេក្នុងដុំពពកនៅពេលថ្ងៃ ក្នុងដុំភ្លើងនៅពេលយប់។
ចូរនឹកចាំថាព្រះអម្ចាស់ ជាព្រះរបស់អ្នក បានឲ្យអ្នកធ្វើដំណើរកាត់វាលរហោស្ថាននេះ អស់រយៈពេលសែសិបឆ្នាំ ដើម្បីឲ្យអ្នកស្គាល់ទុក្ខលំបាក។ ព្រះអង្គល្បងលអ្នក ចង់ដឹងថា តើអ្នកមានចិត្តដូចម្ដេច ហើយអ្នកកាន់តាមបទបញ្ជារបស់ព្រះអង្គ ឬយ៉ាងណា។
ដោយយល់ដល់ព្រះនាមដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ព្រះអម្ចាស់មិនបោះបង់ចោលប្រជារាស្ត្ររបស់ព្រះអង្គទេ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ។