និក្ខមនំ 23:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវធ្វើពិធីបុណ្យនំប៉័ងឥតមេ គឺអ្នកត្រូវបរិភោគនំប៉័ងឥតមេចំនួនប្រាំពីរថ្ងៃ នៅខែចេត្រ ដូចយើងបានបង្គាប់ និងកំណត់ទុក ព្រោះនៅខែនោះ អ្នកបានចេញពីស្រុកអេស៊ីប។ ក្នុងឱកាសបុណ្យនោះ មិនត្រូវចូលមករកយើង ដោយដៃទទេឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវធ្វើបុណ្យនំបុ័ងឥតដំបែ គឺដល់កំណត់ក្នុងខែអាប៊ីប នោះត្រូវធ្វើនំបុ័ងឥតដំបែក្នុងប្រាំពីរថ្ងៃ ដូចយើងបានបង្គាប់មកហើយ ដ្បិតគឺនៅខែនោះហើយ ដែលអ្នករាល់គ្នាបានចេញពីស្រុកអេស៊ីព្ទ។ មិនត្រូវចូលមកចំពោះយើងដោយដៃទទេឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវធ្វើបុណ្យនំបុ័ងឥតដំបែ គឺដល់កំណត់ក្នុងខែចេត្រ នោះត្រូវធ្វើនំបុ័ងឥតដំបែក្នុង៧ថ្ងៃ ដូចជាអញបានបង្គាប់មកហើយ ដ្បិតគឺនៅខែនោះហើយ ដែលឯងរាល់គ្នាបានចេញពីស្រុកអេស៊ីព្ទមក ហើយមិនត្រូវមកនៅមុខអញដោយដៃទទេឡើយ អាល់គីតាប ត្រូវធ្វើពិធីបុណ្យនំបុ័ងឥតមេ គឺអ្នកត្រូវបរិភោគនំបុ័ងឥតមេ ចំនួនប្រាំពីរថ្ងៃ នៅខែចេត្រ ដូចយើងបានបង្គាប់ និងកំណត់ទុក ព្រោះនៅខែនោះ អ្នកបានចេញពីស្រុកអេស៊ីប។ ក្នុងឱកាសបុណ្យនោះ មិនត្រូវចូលមករកយើងដោយដៃទទេឡើយ។ |
លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរអ្នករាល់គ្នានឹកចាំពីថ្ងៃនេះ គឺថ្ងៃដែលអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ជាកន្លែងដែលអ្នករាល់គ្នាជាប់ជាទាសករ។ ព្រះអម្ចាស់បានប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ នាំអ្នករាល់គ្នាចេញពីស្រុកនោះមក។ ហេតុនេះ អ្នករាល់គ្នាមិនត្រូវបរិភោគនំប៉័ងមានមេទេ។
ត្រូវយកភោគផលដំបូងនៃស្រែចម្ការរបស់អ្នកមកឲ្យយើង កុំបីអាក់ខានឡើយ។ ត្រូវញែកកូនប្រុសច្បងរបស់អ្នកទុកសម្រាប់យើង។
ត្រូវធ្វើពិធីបុណ្យនំប៉័ងឥតមេ គឺអ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតមេ ចំនួនប្រាំពីរថ្ងៃ នៅខែចេត្រ ដូចយើងបានបង្គាប់ និងកំណត់ទុក ព្រោះនៅខែចេត្រនោះ យើងបាននាំអ្នកចេញពីស្រុកអេស៊ីប។
រីឯកូនដំបូងរបស់សត្វលា អ្នកត្រូវយកកូនចៀមមកលោះ បើអ្នកមិនលោះវាទេ ត្រូវវាយបំបាក់កកូនលានោះ។ អ្នកក៏ត្រូវលោះកូនប្រុសច្បងទាំងអស់របស់អ្នកដែរ។ មិនត្រូវចូលមករកយើង ដោយដៃទទេឡើយ។
«ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ពេលណាអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលយើងប្រគល់ឲ្យអ្នករាល់គ្នា ហើយពេលអ្នករាល់គ្នាច្រូតស្រូវ ត្រូវយកកណ្ដាប់ស្រូវដែលអ្នករាល់គ្នាច្រូតមុនគេបង្អស់ មកជូនបូជាចារ្យ។
ពេលខ្ញុំចូលទៅគាល់ព្រះអម្ចាស់ តើខ្ញុំត្រូវយកអ្វីទៅជាមួយ? ពេលខ្ញុំទៅក្រាបថ្វាយបង្គំព្រះដ៏ខ្ពង់ខ្ពស់បំផុត តើខ្ញុំត្រូវយកកូនគោអាយុមួយខួប មកថ្វាយជាតង្វាយដុតទាំងមូលឬ?
នៅថ្ងៃដំបូងនៃពិធីបុណ្យនំប៉័ងឥតមេ* ជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា*សម្រាប់បុណ្យចម្លង* ពួកសិស្ស*ទូលសួរព្រះយេស៊ូថា៖ «តើព្រះគ្រូចង់ឲ្យយើងខ្ញុំរៀបចំពិធីជប់លៀងជូន ក្នុងឱកាសបុណ្យចម្លង* នៅកន្លែងណា?»។
ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង* មាតាបិតារបស់ព្រះយេស៊ូតែងតែធ្វើដំណើរទៅក្រុងយេរូសាឡឹម។
លុះដល់ថ្ងៃបុណ្យនំប៉័ងឥតមេ*ជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា សម្រាប់បុណ្យចម្លង
ដោយយល់ឃើញថាជនជាតិយូដាពេញចិត្ត ស្ដេចក៏ចាត់គេឲ្យទៅចាប់លោកពេត្រុសថែមទៀត។ ពេលនោះ ជាពេលបុណ្យនំប៉័ងឥតមេ*។
បីដងក្នុងមួយឆ្នាំ គឺនៅពេលបុណ្យនំប៉័ងឥតមេ បុណ្យសប្ដាហ៍ និងបុណ្យបារាំ ត្រូវឲ្យប្រុសៗទាំងអស់ ក្នុងចំណោមអ្នករាល់គ្នា ទៅថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក នៅកន្លែងដែលព្រះអង្គជ្រើសរើស។ ប៉ុន្តែ មិនត្រូវទៅថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយដៃទទេឡើយ។
ពួកគេតបមកវិញថា៖ «បើសិនជាអ្នករាល់គ្នាចង់បញ្ជូនហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលត្រឡប់ទៅវិញ សូមកុំបញ្ជូនទៅដោយឥតផ្ញើអ្វីទៅជាមួយឡើយ គឺត្រូវយកតង្វាយទៅថ្វាយព្រះអង្គ សូមព្រះអង្គលើកលែងទោសឲ្យអ្នករាល់គ្នា ដើម្បីអ្នករាល់គ្នាជាសះស្បើយ ហើយដឹងអំពីមូលហេតុដែលព្រះអង្គដាក់ទោសអ្នករាល់គ្នា»។