និក្ខមនំ 17:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេពោលទៅកាន់លោកយ៉ូស្វេថា៖ «ចូរជ្រើសរើសមនុស្សមួយចំនួន ហើយចេញទៅច្បាំងជាមួយជនជាតិអាម៉ាឡេកចុះ។ ស្អែក ខ្ញុំនឹងឡើងទៅឈរលើកំពូលភ្នំ ទាំងកាន់ដំបងរបស់ព្រះជាម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេមានប្រសាសន៍ទៅលោកយ៉ូស្វេថា៖ «ចូរទៅកេណ្ឌមនុស្សខ្លះមក ហើយចេញទៅច្បាំងជាមួយសាសន៍អាម៉ាឡេក។ ស្អែក ខ្ញុំនឹងទៅឈរនៅលើកំពូលភ្នំ ទាំងកាន់ដំបងរបស់ព្រះនៅដៃ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយម៉ូសេបង្គាប់ដល់យ៉ូស្វេថា ចូរឯងទៅកេណ្ឌរើសមនុស្សមក ហើយចេញទៅតទល់ជាមួយនឹងសាសន៍អាម៉ាលេកទៅ ថ្ងៃស្អែកនេះ អញនឹងកាន់ដំបងព្រះទៅឈរនៅលើកំពូលភ្នំ អាល់គីតាប ម៉ូសាពោលទៅកាន់លោកយ៉ូស្វេថា៖ «ចូរជ្រើសរើសមនុស្សមួយចំនួន ហើយចេញទៅច្បាំងជាមួយជនជាតិអាម៉ាឡេកចុះ។ ស្អែកខ្ញុំនឹងឡើងទៅឈរលើកំពូលភ្នំ ទាំងកាន់ដំបងរបស់អុលឡោះតាអាឡា»។ |
ត្រូវជ្រើសរើសមនុស្សដែលមានសមត្ថភាព ពីក្នុងចំណោមប្រជាជន ជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ ជាអ្នកគួរឲ្យទុកចិត្ត មិនចេះស៊ីសំណូក។ ចូរតែងតាំងពួកគេឲ្យធ្វើជាមេក្រុមលើមនុស្សមួយពាន់នាក់ មេក្រុមលើមនុស្សមួយរយនាក់ មេក្រុមលើមនុស្សហាសិបនាក់ និងមេក្រុមលើមនុស្សដប់នាក់។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទល់មុខគ្នា ហាក់ដូចជាមនុស្សម្នាក់សន្ទនាជាមួយមិត្តសម្លាញ់របស់ខ្លួន។ បន្ទាប់មក លោកម៉ូសេវិលត្រឡប់មកជំរំវិញ។ រីឯយុវជនជាអ្នកបម្រើរបស់លោក គឺលោកយ៉ូស្វេ ជាកូនរបស់លោកនូន មិនចាកចេញពីពន្លាទេ។
ចូរកាន់ដំបងនេះទៅជាមួយ ដោយសារដំបងនេះ អ្នកអាចធ្វើទីសម្គាល់ដ៏អស្ចារ្យផ្សេងៗ»។
លោកម៉ូសេនាំប្រពន្ធ កូន ជិះលាត្រឡប់ទៅស្រុកអេស៊ីបវិញ។ លោកបានកាន់ដំបងរបស់ព្រះជាម្ចាស់ទៅជាមួយដែរ។
ពេលនោះ លោកយ៉ូស្វេជាកូនរបស់លោកនូន និងជាសហការីរបស់លោកម៉ូសេ តាំងពីយុវវ័យមកមានប្រសាសន៍ថា៖ «លោកម្ចាស់ សូមឃាត់លោកទាំងពីរទៅ!»។
នេះហើយជាឈ្មោះរបស់អស់អ្នកដែលលោកម៉ូសេចាត់ឲ្យទៅសង្កេតមើលស្រុក។ លោកម៉ូសេបានដាក់ឈ្មោះលោកហូសេ ជាកូនរបស់លោកនូនថា យ៉ូស្វេ ។
ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «ចូរនាំយ៉ូស្វេ ជាកូនរបស់នូន ជាមនុស្សដែលមានព្រះវិញ្ញាណគង់ជាមួយមក ហើយដាក់ដៃលើគាត់។
បុព្វបុរសរបស់យើងបានទទួលព្រះពន្លាតៗគ្នា ហើយសែងចូលទៅក្នុងទឹកដីដែលរឹបយកពីជាតិសាសន៍នានា ក្រោមការដឹកនាំរបស់លោកយ៉ូស្វេ គឺជាជាតិសាសន៍ដែលព្រះជាម្ចាស់បានដេញចេញពីមុខពួកគេ។ ព្រះពន្លានេះនៅគង់វង្សរហូតដល់ជំនាន់ព្រះបាទដាវីឌ។
លោកម៉ូសេ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូន នាំយកព្រះបន្ទូលទាំងប៉ុន្មានដែលមាននៅក្នុងបទចម្រៀងនេះ មកប្រកាសឲ្យប្រជាជនបានឮ។
ប្រសិនបើលោកយ៉ូស្វេនាំប្រជារាស្ដ្រឲ្យបានសម្រាកមែន ក្រោយមកទៀតនោះ ព្រះជាម្ចាស់មុខជាពុំមានព្រះបន្ទូលអំពីថ្ងៃមួយផ្សេងទៀតឡើយ។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរលើកលំពែងដែលអ្នកកាន់នោះតម្រង់ទៅក្រុងអៃ ដ្បិតយើងប្រគល់ក្រុងនេះមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ»។ លោកយ៉ូស្វេលើកលំពែងដែលលោកកាន់ តម្រង់ទៅរកក្រុង។
លោកយ៉ូស្វេនាំកងទ័ពទាំងមូលឆ្ពោះទៅក្រុងអៃជាប្រញាប់។ លោកជ្រើសរើសពលទាហានដ៏អង់អាចបីម៉ឺននាក់ ហើយចាត់គេឲ្យចេញទៅទាំងយប់។