ចោទិយកថា 28:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នឹងប្រហារអ្នកដោយជំងឺរាតត្បាត ជំងឺគ្រុនក្ដៅ គ្រុនរលាក គ្រុនសន្ធំ ព្រមទាំងមានកើតការរាំងស្ងួត ស្រូវរបស់អ្នកនឹងស្កក ហើយមានក្រាស៊ី។ ទុក្ខវេទនាទាំងនេះនឹងកើតមានដល់អ្នក រហូតទាល់តែអ្នកវិនាស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ានឹងវាយអ្នកដោយជំងឺរីងរៃ ជំងឺគ្រុនក្ដៅ កើតពិស ក្តៅខ្លួនដូចភ្លើង និងកើតមានការរាំងស្ងួត ស្រូវស្កក ហើយក្រាស៊ី។ សេចក្ដីវេទនាទាំងនេះនឹងដេញតាមអ្នក រហូតទាល់តែអ្នកវិនាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់នឹងវាយឯងដោយជំងឺរីងរៃ នឹងគ្រុនរងា ហើយដោយកើតហើមពិស នឹងក្តៅខ្លួនដូចភ្លើង ដោយដាវ នឹងស្រូវស្កក ហើយក្រាផង សេចក្ដីវេទនាទាំងនោះនឹងដេញតាមឯង ទាល់តែវិនាសបាត់អស់រលីងទៅ អាល់គីតាប អុលឡោះតាអាឡានឹងប្រហារអ្នកដោយជំងឺរាតត្បាត ជំងឺគ្រុនក្តៅ គ្រុនរលាក គ្រុនសន្ធំ ព្រមទាំងមានកើតការរាំងស្ងួត ស្រូវរបស់អ្នកនឹងស្កក ហើយមានក្រាស៊ី។ ទុក្ខវេទនាទាំងនេះនឹងកើតមានដល់អ្នក រហូតទាល់តែអ្នកវិនាស។ |
កាលណាស្រុកកើតទុរ្ភិក្ស ជំងឺរាតត្បាត ស្រូវស្កកមានក្រា កណ្ដូប និងចង្រិតស៊ីបង្ហិនស្រូវ ឬមានខ្មាំងសត្រូវមកឡោមព័ទ្ធប្រជារាស្ត្រ នៅក្នុងស្រុក និងតាមទ្វារក្រុងរបស់គេ ហើយកាលណាមានគ្រោះកាច និងមានជំងឺផ្សេងៗ
កាលណាស្រុកកើតទុរ្ភិក្ស ជំងឺរាតត្បាត ស្រូវស្កក មានក្រា កណ្ដូប និងចង្រិត ស៊ីបង្ហិនស្រូវ ឬមានខ្មាំងសត្រូវមកឡោមព័ទ្ធប្រជារាស្ត្រនៅក្នុងស្រុក និងតាមក្រុងដ៏រឹងមាំរបស់គេ ហើយកាលណាមានគ្រោះកាច និងជំងឺផ្សេងៗ
ទោះបីពួកគេតមអាហារក្ដី ក៏យើងមិនស្ដាប់ពាក្យអង្វររបស់ពួកគេដែរ។ ទោះបីពួកគេថ្វាយតង្វាយដុត និងតង្វាយផ្សេងៗទៀតក៏យើងមិនព្រមទទួលដែរ ដ្បិតយើងនឹងប្រហារពួកគេឲ្យវិនាស ដោយសារសង្គ្រាម ដោយសារទុរ្ភិក្ស និងដោយសារអាសន្នរោគ»។
គេទាំងអស់គ្នានឹងស្លាប់យ៉ាងសែនវេទនា តែគ្មាននរណាធ្វើបុណ្យ ឬបញ្ចុះសពពួកគេទេ។ សាកសពរបស់ពួកគេនឹងក្លាយទៅជាជី។ ពួកគេនឹងស្លាប់ដោយសារមុខដាវ និងទុរ្ភិក្ស ហើយសាកសពរបស់ពួកគេនឹងក្លាយទៅជាចំណីរបស់សត្វត្មាត និងចចក»។
យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចតទៅ: យើងនឹងធ្វើឲ្យអ្នករាល់គ្នាជួបគ្រោះភ័យ គឺជំងឺរ៉ាំរ៉ៃ និងជំងឺគ្រុន ដែលធ្វើឲ្យអ្នករាល់គ្នាស្រវាំងភ្នែក និងគ្រាំគ្រាចិត្ត។ អ្នករាល់គ្នាសាបព្រោះ តែមិនបានផលអ្វីទេ ដ្បិតខ្មាំងនឹងមកស៊ីបង្ហិនអស់។
យើងបានធ្វើឲ្យស្រូវរបស់អ្នករាល់គ្នា ស្កក និងមានក្រាស៊ី ហើយចម្ការដំណាំ ចម្ការទំពាំងបាយជូរ ចម្ការឧទុម្ពរ និងចម្ការអូលីវរបស់អ្នករាល់គ្នា ក៏ត្រូវដង្កូវស៊ីបង្ហិនអស់ដែរ។ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
យើងនឹងធ្វើឲ្យកើតរាំងស្ងួត គ្មានភ្លៀងធ្លាក់នៅក្នុងស្រុក តាមភ្នំ លើស្រែ លើចម្ការទំពាំងបាយជូរ លើចម្ការអូលីវ លើដំណាំឯទៀតៗ លើមនុស្ស លើសត្វ។ ដូច្នេះ កិច្ចការទាំងអស់ដែលមនុស្សធ្វើ ឥតបង្កើតបានផលអ្វីឡើយ»។
យើងបានធ្វើឲ្យដំណាំរបស់អ្នករាល់គ្នា ខូចខាត ស្រូវអ្នករាល់គ្នាស្កក មានក្រាស៊ី និងមានព្រឹលធ្លាក់មកបំផ្លាញអស់ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាមិនវិលមករក យើងវិញដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
នៅក្នុងជង្រុក គ្មាននៅសល់គ្រាប់ពូជទេ សូម្បីតែចម្ការទំពាំងបាយជូរ ដើមឧទុម្ពរ ដើមទទឹម និងដើមអូលីវ ក៏មិនផ្ដល់ភោគផលអ្វីដែរ។ ប៉ុន្តែ ចាប់ពីថ្ងៃនេះទៅ យើងនឹងឲ្យពរ អ្នករាល់គ្នាបានចម្រុងចម្រើន។
ព្រះអម្ចាស់នឹងប្រហារជាតិសាសន៍ទាំងប៉ុន្មាន ដែលបានលើកទ័ពមកវាយលុក ក្រុងយេរូសាឡឹម ដោយប្រើគ្រោះកាចដូចតទៅ: សាច់របស់ពួកគេនឹងត្រូវរលួយ នៅពេលពួកគេឈរ គ្រាប់ភ្នែករបស់ពួកគេនឹងរលួយក្នុងភ្នែក អណ្ដាតរបស់ពួកគេនឹងរលួយនៅក្នុងមាត់។
មេឃដែលនៅពីលើអ្នកនឹងក្ដៅដូចជាលង្ហិន ហើយដីដែលនៅពីក្រោមអ្នកនឹងរឹងដូចដែក។
ពួកគេនឹងធ្លាក់ខ្លួនខ្សោយ ដោយសារទុរ្ភិក្ស ឈឺរ៉ាំរ៉ៃ ដោយជំងឺគ្រុនក្ដៅ និងជំងឺឆ្លង។ យើងនឹងប្រហារពួកគេដោយចង្កូម របស់សត្វសាហាវ និងពស់អាសិរពិស។
ថ្ងៃនេះ ខ្ញុំយកមេឃ និងដី ធ្វើជាសាក្សីប្រឆាំងនឹងអ្នករាល់គ្នា។ បើអ្នករាល់គ្នាធ្វើដូច្នោះ អ្នករាល់គ្នានឹងវិនាសសូន្យបាត់ពីស្រុក ដែលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់នោះ ដោយការស្លាប់យ៉ាងទាន់ហន់។ អ្នករាល់គ្នាពុំអាចមានអាយុវែងឡើយ ដ្បិតអ្នករាល់គ្នានឹងវិនាសសូន្យទាំងអស់គ្នា។