កូឡុស 3:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ សូមបងប្អូនសម្លាប់អ្វីៗខាងលោកីយ៍ចោលទៅ គឺអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្តលោភលន់ គឺយកទ្រព្យសម្បត្តិធ្វើជាព្រះ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ចូរសម្លាប់ផ្នែកខាងលោកីយ៍ គឺអំពើអសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងសេចក្ដីលោភលន់ដែលជាការថ្វាយបង្គំរូបបដិមាករ។ Khmer Christian Bible ដូច្នេះ ចូរសម្លាប់អ្វីៗខាងលោកិយចោលទៅ គឺអំពើអសីលធម៌ខាងផ្លូវភេទ សេចក្ដីស្មោកគ្រោក តណ្ហាថោកទាប សេចក្ដីប៉ងប្រាថ្នាអាក្រក់ និងសេចក្ដីលោភលន់ ដែលជាការថ្វាយបង្គំរូបព្រះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចូរសម្លាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺអំពើសហាយស្មន់ ស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្តលោភលន់ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចូរសំឡាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺជាការសហាយស្មន់ស្មោកគ្រោក សំរើបសំរាល ប៉ងប្រាថ្នាអាក្រក់ នឹងសេចក្ដីលោភ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ អាល់គីតាប ដូច្នេះ សូមបងប្អូនសម្លាប់អ្វីៗខាងលោកីយ៍ចោលទៅ គឺអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង ចិត្ដស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្ដលោភលន់ គឺយកទ្រព្យសម្បត្តិធ្វើជាម្ចាស់។ |
ដ្បិតគំនិតអាក្រក់ ការកាប់សម្លាប់ អំពើផិតក្បត់ កាមគុណថោកទាប ការលួចប្លន់ ពាក្យកុហក ពាក្យត្មះតិះដៀល សុទ្ធតែចេញមកពីចិត្តមនុស្សទាំងអស់
ហេតុនេះហើយបានជាព្រះជាម្ចាស់បណ្ដោយឲ្យពួកគេងប់នឹងតណ្ហាថោកទាប គឺស្រីៗនាំគ្នាលះបង់ការរួមបវេណីតាមរបៀបធម្មតា ទៅប្រព្រឹត្តផ្ទុយពីធម្មជាតិវិញ
ចិត្តរបស់ពួកគេពោរពេញដោយគំនិតទុច្ចរិតគ្រប់យ៉ាង គំនិតអាក្រក់ គំនិតលោភលន់ គំនិតពាល ពេញទៅដោយចិត្តច្រណែនឈ្នានីស ចង់សម្លាប់គេ ឈ្លោះប្រកែក ល្បិចកិច្ចកល និងអបាយមុខ។ ពួកគេចូលចិត្តបរិហារកេរ្តិ៍គ្នា
ហើយក៏មិនត្រូវប្រគល់សរីរាង្គកាយរបស់បងប្អូនឲ្យទៅបម្រើបាប និងធ្វើជាឧបករណ៍សម្រាប់ប្រព្រឹត្តអំពើទុច្ចរិតដែរ គឺត្រូវថ្វាយខ្លួនទៅព្រះជាម្ចាស់ ដូចមនុស្សដែលបានរស់ឡើងវិញ ហើយប្រគល់សរីរាង្គកាយរបស់បងប្អូនទៅបម្រើព្រះជាម្ចាស់ និងធ្វើជាឧបករណ៍សម្រាប់ប្រព្រឹត្តអំពើសុចរិត។
យើងដឹងថា ចរិតចាស់របស់យើងបានជាប់ឆ្កាងជាមួយព្រះអង្គរួចហើយ ដើម្បីឲ្យខ្លួនយើង ដែលជាប់បាបនេះត្រូវវិនាសសាបសូន្យ កុំឲ្យយើងធ្វើជាខ្ញុំបម្រើរបស់បាបតទៅទៀត
ក៏ប៉ុន្តែ ខ្ញុំឃើញថា នៅក្នុងសរីរាង្គកាយរបស់ខ្ញុំ មានគោលការណ៍មួយទៀត ដែលតយុទ្ធនឹងមនសិការ របស់ខ្ញុំ ទាំងធ្វើឲ្យខ្ញុំជាប់ជាឈ្លើយ ធ្វើតាមបញ្ជារបស់បាប ដែលស្ថិតនៅក្នុងសរីរាង្គកាយរបស់ខ្ញុំថែមទៀតផង។
ដ្បិតកាលយើងរស់នៅខាងនិស្ស័យលោកីយ៍នៅឡើយ ដោយមានក្រឹត្យវិន័យជំរុញ តណ្ហាអាក្រក់ផ្សេងៗបានសម្តែងឥទ្ធិពលក្នុងសរីរាង្គកាយរបស់យើង ដើម្បីឲ្យយើងបង្កើតផលដែលបណ្ដាលឲ្យស្លាប់
ប្រសិនបើបងប្អូនរស់នៅតាមនិស្ស័យលោកីយ៍ បងប្អូននឹងត្រូវស្លាប់ជាមិនខាន ផ្ទុយទៅវិញ ប្រសិនបើបងប្អូនពឹងផ្អែកលើព្រះវិញ្ញាណ ដើម្បីរំលាយរបៀបរស់នៅតាមនិស្ស័យលោកីយ៍ បងប្អូនមុខតែមានជីវិត
មានលេចឮនៅគ្រប់ទីកន្លែងថា ក្នុងចំណោមបងប្អូន មានកើតរឿងកាមគុណថោកទាបដ៏អាក្រក់ហួសហេតុ សូម្បីតែនៅក្នុងចំណោមសាសន៍ដទៃក៏មិនដែលមានរឿងដូច្នេះផង គឺមានម្នាក់បានរួមរ័កជាមួយប្រពន្ធចុងឪពុករបស់ខ្លួន។
កាលពីដើម បងប្អូនខ្លះក៏ជាមនុស្សប្រភេទនោះដែរ។ ប៉ុន្តែ ព្រះជាម្ចាស់លាងសម្អាតបងប្អូន ប្រោសប្រទានឲ្យបងប្អូនបានវិសុទ្ធ ព្រមទាំងឲ្យបងប្អូនបានសុចរិត* ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូគ្រិស្ត* តាមរយៈព្រះវិញ្ញាណនៃព្រះជាម្ចាស់របស់យើងរួចស្រេចហើយ។
អ្នកខ្លះពោលថា «ចំណីអាហារសម្រាប់ចម្អែតក្រពះ ហើយក្រពះសម្រាប់ទទួលចំណីអាហារ»។ ប៉ុន្តែ ព្រះជាម្ចាស់នឹងរំលាយ ទាំងចំណីអាហារ ទាំងក្រពះចោល។ រីឯរូបកាយវិញ ពុំមែនសម្រាប់ប្រព្រឹត្តអំពើប្រាសចាកសីលធម៌ទេ គឺសម្រាប់ថ្វាយទៅព្រះអម្ចាស់ ហើយព្រះអង្គក៏ជាម្ចាស់លើរូបកាយដែរ។
ចូរគេចឲ្យផុតពីអំពើប្រាសចាកសីលធម៌។ អំពើបាបឯទៀតៗដែលមនុស្សប្រព្រឹត្ត ជាអំពើបាបមិនធ្វើឲ្យរូបកាយសៅហ្មងទេ។ ប៉ុន្តែ អ្នកណាប្រព្រឹត្តអំពើប្រាសចាកសីលធម៌ អ្នកនោះប្រព្រឹត្តអំពើបាប ដែលនាំឲ្យសៅហ្មងដល់រូបកាយរបស់ខ្លួន។
ខ្ញុំបារម្ភក្រែងលោពេលខ្ញុំមកដល់លើកក្រោយ ព្រះរបស់ខ្ញុំនឹងបំបាក់មុខខ្ញុំនៅចំពោះមុខបងប្អូន ហើយខ្ញុំត្រូវយំសោក ព្រោះតែបងប្អូនជាច្រើននាក់ដែលបានប្រព្រឹត្តអំពើបាបកាលពីមុន តែមិនទាន់បានកែប្រែចិត្តគំនិត លះបង់អំពើសៅហ្មង ប្រាសចាកសីលធម៌ និងកាមគុណថោកទាបដែលខ្លួនបានប្រព្រឹត្តនៅឡើយ។
អស់អ្នកដែលរួមជាមួយព្រះគ្រិស្តយេស៊ូបានឆ្កាងតណ្ហា និងបំណងលោភលន់ផ្សេងៗរបស់និស្ស័យលោកីយ៍នោះចោលហើយ។
ដោយពួកគេលែងដឹងខុសត្រូវ គេនាំគ្នាប្រាសចាកសីលធម៌ បណ្ដោយខ្លួនទៅប្រព្រឹត្តអំពើអបាយមុខគ្រប់យ៉ាង តាមតែចិត្តលោភលន់របស់គេ។
ក្នុងអង្គព្រះគ្រិស្ត បងប្អូនក៏បានទទួលពិធីកាត់ស្បែក*ដែរ តែមិនមែនដោយដៃមនុស្សទេ គឺបងប្អូនបានទទួលពិធីកាត់ស្បែកតាមរបៀបព្រះគ្រិស្ត ដោយដោះរូបកាយដែលជាប់និស្ស័យលោកីយ៍នេះចេញ។
ព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺឲ្យបងប្អូនបានវិសុទ្ធ* ឲ្យបងប្អូនចៀសវាងអំពើប្រាសចាកសីលធម៌។
ដ្បិតការស្រឡាញ់ប្រាក់ជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង។ ដោយបណ្ដោយខ្លួនឲ្យស្រឡាញ់ប្រាក់ដូច្នេះ បងប្អូនខ្លះបានវង្វេងចេញឆ្ងាយពីជំនឿ ព្រមទាំងធ្វើបាបខ្លួនឯងឲ្យវេទនា ឈឺផ្សាជាច្រើនថែមទៀតផង។
ចូរប្រយ័ត្នប្រយែង កុំឲ្យបងប្អូនណាម្នាក់ប្រាសចាកសីលធម៌ ឬមានចិត្តប្រមាថអ្វីៗដែលសក្ការៈ ដូចលោកអេសាវបានលក់សិទ្ធិជាកូនច្បង ព្រោះតែចង់បានម្ហូបមួយចាននោះឲ្យសោះ។
សូមបងប្អូនទាំងអស់គ្នាលើកតម្លៃការរស់នៅជាស្វាមីភរិយា គឺមិនត្រូវក្បត់ចិត្តគ្នា ឡើយ ដ្បិតព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសអ្នកប្រព្រឹត្តអំពើប្រាសចាកសីលធម៌ និងផិតក្បត់។
កុំបណ្ដោយខ្លួនឲ្យឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ គឺត្រូវស្កប់ចិត្តនឹងទ្រព្យសម្បត្តិ ដែលបងប្អូនមាននៅពេលនេះ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងមិនទុកអ្នកចោល ហើយក៏មិនបោះបង់អ្នកចោលដែរ»។
ការទាស់ទែង ឈ្លោះប្រកែកគ្នា ក្នុងចំណោមបងប្អូន កើតមកពីអ្វី? តើមិនមែនមកពីចិត្តស្រើបស្រាល ដែលប្រទាញប្រទង់គ្នា នៅក្នុងសរីរាង្គរបស់បងប្អូនទេឬ?
បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំសូមទូន្មានបងប្អូនជាជនបរទេស និងជាអ្នកស្នាក់នៅជាបណ្ដោះអាសន្ន ក្នុងលោកនេះថា កុំបណ្ដោយខ្លួនទៅតាមតណ្ហា ដែលតែងតែប្រឆាំងនឹងព្រលឹងនោះឡើយ។
ពួកកំសាក ពួកមិនជឿ ពួកប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ពួកសម្លាប់គេ ពួកប្រាសចាកសីលធម៌ ពួកគ្រូធ្មប់ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងពួកកុហកទាំងប៉ុន្មាន នឹងទទួលទោសនៅក្នុងបឹងភ្លើង និងស្ពាន់ធ័រដែលកំពុងតែឆេះ»។ នេះហើយជាសេចក្ដីស្លាប់ទីពីរ។
រីឯពួកឆ្កែ ពួកគ្រូធ្មប់ ពួកប្រាសចាកសីលធម៌ ពួកសម្លាប់គេ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងអស់អ្នកដែលចូលចិត្តកុហក និងអនុវត្តតាមពាក្យកុហកនោះវិញ ត្រូវចេញទៅក្រៅទៅ!