កិច្ចការ 2:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «បងប្អូនអើយ! ខ្ញុំសូមជម្រាបបងប្អូនឲ្យបានច្បាស់អំពីព្រះបាទដាវីឌ ជាបុព្វបុរស*របស់យើងនោះថា ព្រះអង្គបានសោយទិវង្គតផុតទៅហើយ គេបានបញ្ចុះព្រះសពរបស់ព្រះអង្គ រីឯផ្នូររបស់ព្រះអង្គក៏ស្ថិតនៅជាមួយយើងរហូតដល់សព្វថ្ងៃដែរ។ ព្រះគម្ពីរខ្មែរសាកល “បងប្អូនអើយ! ទាក់ទងនឹងដាវីឌបុព្វបុរសរបស់យើង ខ្ញុំអាចនិយាយនឹងអ្នករាល់គ្នាយ៉ាងច្បាស់លាស់ថា លោកបានស្លាប់ ហើយត្រូវគេបញ្ចុះ រីឯរូងផ្នូររបស់លោកក៏នៅជាមួយយើងរហូតមកដល់សព្វថ្ងៃនេះដែរ។ Khmer Christian Bible បងប្អូនអើយ! ទាក់ទងនឹងស្ដេចដាវីឌដែលជាបុព្វបុរសរបស់យើង ខ្ញុំអាចនិយាយដោយច្បាស់លាស់ទៅបងប្អូនថា ស្ដេចដាវីឌបានស្លាប់ ហើយគេបានបញ្ចុះសពរបស់ស្ដេច រីឯផ្នូររបស់ស្ដេចវិញ នៅជាមួយយើងរហូតមកដល់សព្វថ្ងៃនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱបងប្អូនរាល់គ្នាអើយ ខ្ញុំសូមជម្រាបអ្នករាល់គ្នាទាំងមានទំនុកចិត្តអំពីព្រះបាទដាវីឌ ជាបុព្វបុរសរបស់យើងថា លោកបានសុគត ហើយគេបានបញ្ចុះសពលោក ឯផ្នូររបស់លោកក៏នៅជាមួយយើងរហូតដល់សព្វថ្ងៃនេះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱបងប្អូនរាល់គ្នាអើយ ខ្ញុំមានច្បាប់នឹងថ្លែងប្រាប់ដល់អ្នករាល់គ្នាយ៉ាងច្បាស់ ពីហ្លួងដាវីឌ ជាឰយុកោថា លោកបានទាំងសុគត ហើយគេបានបញ្ចុះសពលោកដែរ ផ្នូរលោកក៏នៅជាមួយនឹងយើងរាល់គ្នា ដរាបដល់សព្វថ្ងៃនេះ អាល់គីតាប «បងប្អូនអើយ! ខ្ញុំសូមជម្រាបបងប្អូនឲ្យបានច្បាស់អំពីទត ជាបុព្វបុរសរបស់យើងនោះថា គាត់បានស្លាប់ផុតទៅហើយ គេបានបញ្ចុះសពរបស់គាត់ រីឯផ្នូររបស់គាត់ក៏ស្ថិតនៅជាមួយយើងរហូតដល់សព្វថ្ងៃដែរ។ |
បន្ទាប់ពីគាត់ មានលោកនេហេមា ជាកូនរបស់លោកអាសប៊ូក និងជាចៅសង្កាត់បេត-ស៊ើរ មួយចំហៀង គាត់ជួសជុលរហូតដល់ខាងមុខផ្នូររបស់ព្រះបាទដាវីឌ និងរហូតដល់ស្រះ ព្រមទាំងបន្ទាយរបស់ពួកវីរជន។
ព្រះបាទដាវីឌបានបម្រើព្រះជាម្ចាស់ តាមគម្រោងការព្រះអង្គនៅជំនាន់នោះ រួចសោយទិវង្គតទៅ។ គេបានបញ្ចុះសពព្រះបាទដាវីឌក្នុងផ្នូរជាមួយព្រះអយ្យកោ ហើយសពរបស់ស្ដេចក៏បានរលួយអស់ដែរ។
ព្រះអង្គបានបង្ហាញឲ្យទូលបង្គំស្គាល់ផ្លូវ ឆ្ពោះទៅកាន់ជីវិត ព្រះអង្គនឹងប្រទានឲ្យទូលបង្គំ មានសុភមង្គលដ៏ពេញលេញ ដោយព្រះអង្គគង់ជាមួយទូលបង្គំ» ។
ដូចមានលោកមហាបូជាចារ្យ* និងក្រុមព្រឹទ្ធាចារ្យ* ជាសាក្សីស្រាប់។ ខ្ញុំបានទទួលលិខិតពីលោកទាំងនោះ យកទៅជូនបងប្អូននៅក្រុងដាម៉ាស ដ្បិតខ្ញុំទៅទីនោះ ដើម្បីចាប់ចងពួកអ្នកដែលដើរតាមមាគ៌ានេះ យកមកធ្វើទោសនៅក្រុងយេរូសាឡឹម។
ព្រះរាជាក៏ជ្រាបអំពីហេតុការណ៍ទាំងនេះរួចស្រេចទៅហើយដែរ ខ្ញុំបាទហ៊ាននិយាយនៅចំពោះមុខព្រះអង្គ ដោយឥតភ័យខ្លាចឡើយ ដ្បិតខ្ញុំបាទជឿជាក់ថា ព្រះរាជាជ្រាបទាំងអស់ ព្រោះហេតុការណ៍នេះមិនមែនកើតឡើងស្ងាត់ៗ នៅកៀនកោះណាមួយនោះទេ។
សូមបងប្អូនពិចារណាមើលចុះ ព្រះបាទម៉ិលគីស្សាដែកនេះមានឋានៈធំប៉ុនណា បានជាលោកអប្រាហាំ បុព្វបុរស*របស់យើង យកអ្វីៗដែលលោករឹបអូសបានពីចម្បាំង ចំនួនមួយភាគដប់មកថ្វាយដូច្នេះ!។