កិច្ចការ 14:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបានតែងតាំងពួកព្រឹទ្ធាចារ្យ*នៅតាមក្រុមជំនុំនីមួយៗ។ លុះបានអធិស្ឋាន* និងតមអាហាររួចហើយ លោកទាំងពីរក៏ផ្ញើពួកសិស្សទុកនៅនឹងព្រះអម្ចាស់ ដែលគេបានជឿ។ ព្រះគម្ពីរខ្មែរសាកល មួយវិញទៀត ក្រោយពីជ្រើសរើសចាស់ទុំសម្រាប់ពួកគេនៅតាមក្រុមជំនុំនីមួយៗ និងអធិស្ឋានដោយការតមអាហារហើយ ប៉ូលនិងបារណាបាសក៏ផ្ទុកផ្ដាក់ពួកចាស់ទុំទាំងនោះនឹងព្រះអម្ចាស់ដែលពួកគេបានជឿ។ Khmer Christian Bible ពេលពួកគាត់បានតែងតាំងឲ្យមានពួកចាស់ទុំសម្រាប់ពួកគេនៅគ្រប់ក្រុមជំនុំ ព្រមទាំងអធិស្ឋានដោយតមអាហាររួចហើយ ពួកគាត់ក៏ប្រគល់ពួកគេដល់ព្រះអម្ចាស់ដែលពួកគេបានជឿ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពួកលោកបានតែងតាំងពួកចាស់ទុំ នៅគ្រប់ទាំងក្រុមជំនុំ ដោយអធិស្ឋានទាំងតមរួចហើយ ពួកលោកក៏ប្រគល់គេទុកនឹងព្រះអម្ចាស់ ដែលគេបានជឿ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានរើសពួកចាស់ទុំតាំងឡើងក្នុងគ្រប់ទាំងពួកជំនុំ ហើយអធិស្ឋានទាំងតម នោះក៏ប្រគល់គេទុកនឹងព្រះអម្ចាស់ ដែលគេបានជឿដល់ទ្រង់ហើយ អាល់គីតាប លោកបានតែងតាំងពួកអះលីជំអះនៅតាមក្រុមជំអះនីមួយៗ។ លុះបានទូរអា និងតមអាហាររួចហើយអ្នកទាំងពីរក៏ផ្ញើពួកសិស្ស ទុកនៅនឹងអុលឡោះជាអម្ចាស់ដែលគេបានជឿ។ |
ព្រះអង្គតែងតាំងសាវ័កដប់ពីររូបឲ្យគេនៅជាមួយព្រះអង្គ និងដើម្បីចាត់គេឲ្យទៅប្រកាសដំណឹងល្អ
គាត់នៅមេម៉ាយរហូត ឥឡូវនេះ គាត់មានវ័យចាស់ណាស់ទៅហើយ អាយុប៉ែតសិបបួនឆ្នាំ។ គាត់មិនទៅណាឆ្ងាយពីព្រះវិហារ*ទេ គាត់នៅគោរពបម្រើព្រះអង្គទាំងយប់ទាំងថ្ងៃ ដោយតមអាហារ និងអធិស្ឋាន*ផង។
ព្រះយេស៊ូបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «ព្រះបិតា! ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្ដព្រះអង្គវិញ »។ ព្រះអង្គមានព្រះបន្ទូលដូច្នោះរួចហើយ ក៏រលត់វិញ្ញាណទៅ។
គឺចាប់តាំងពីគ្រាដែលលោកយ៉ូហានបានធ្វើពិធីជ្រមុជទឹក*ថ្វាយព្រះអង្គ រហូតដល់ពេលព្រះជាម្ចាស់លើកយកព្រះអង្គចេញពីយើងទៅ ត្រូវឲ្យមានម្នាក់ធ្វើជាបន្ទាល់រួមជាមួយយើង អំពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ»។
បន្ទាប់មក គេនាំគ្នាអធិស្ឋានដូចតទៅ៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបចិត្តគំនិតរបស់មនុស្សទាំងអស់ ហេតុនេះ សូមបង្ហាញឲ្យយើងខ្ញុំដឹងផងថា ក្នុងចំណោមបងប្អូនទាំងពីររូបនេះ តើព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសអ្នកណា
គេបានប្រមូលប្រាក់ ហើយផ្ញើតាមលោកបារណាបាស និងលោកសូលយកទៅជូនពួកព្រឹទ្ធាចារ្យ*។
នៅទីនោះ លោកនាំគ្នាចុះសំពៅ វិលត្រឡប់មកក្រុងអន់ទីយ៉ូកវិញ គឺនៅក្រុងអន់ទីយ៉ូកនេះហើយ ដែលក្រុមជំនុំបានផ្ញើលោកទាំងពីរទៅលើព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ ដើម្បីបំពេញកិច្ចការដែលលោកទើបនឹងបានសម្រេចនេះ។
ក្រុមជំនុំបានប្រគល់សំបុត្រមួយឲ្យលោកទាំងពីរនាំយកទៅ ដែលមានសេចក្ដីដូចតទៅនេះ៖ «យើងខ្ញុំ ជាសាវ័ក ជាព្រឹទ្ធាចារ្យ និងជាបងប្អូន សូមជម្រាបសួរមកបងប្អូនជាសាសន៍ដទៃ ដែលរស់នៅក្រុងអន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា។
កាលមកដល់ក្រុងយេរូសាឡឹមហើយ ក្រុមជំនុំ ក្រុមសាវ័ក* និងក្រុមព្រឹទ្ធាចារ្យនាំគ្នាទទួលពួកលោក។ ពួកលោកក៏ជម្រាបអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានធ្វើជាមួយពួកលោក។
ក្រុមសាវ័ក និងក្រុមព្រឹទ្ធាចារ្យ ក៏ប្រជុំគ្នា ដើម្បីពិនិត្យពិច័យមើលសំណុំរឿងនេះ។
លោកប៉ូលបានចាត់គេពីក្រុងមីលេត ឲ្យទៅអញ្ជើញពួកព្រឹទ្ធាចារ្យ*នៃក្រុមជំនុំ*នៅក្រុងអេភេសូមក។
ឥឡូវនេះ ខ្ញុំសូមផ្ញើបងប្អូននឹងព្រះជាម្ចាស់ ហើយផ្ញើនឹងព្រះបន្ទូលស្ដីអំពីព្រះគុណរបស់ព្រះអង្គ។ មានតែព្រះអង្គទេដែលអាចកសាងបងប្អូនឡើងជាក្រុមជំនុំ* ព្រមទាំងឲ្យបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏វិសុទ្ធ។
មិនតែប៉ុណ្ណោះសោត ក្រុមជំនុំបានជ្រើសរើសគាត់ឲ្យរួមដំណើរជាមួយយើង ក្នុងមុខងារប្រមូលតង្វាយនេះ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់ និងដើម្បីសម្តែងឆន្ទៈល្អរបស់យើងដែរ។
កុំស្ដីបន្ទោសមនុស្សចាស់តឹងរ៉ឹងពេក តែត្រូវទូន្មានគាត់ទុកដូចជាឪពុក ត្រូវទូន្មានក្មេងៗទុកដូចជាប្អូន
កុំប្រញាប់ដាក់ដៃតែងតាំងអ្នកណាម្នាក់ពេក ដើម្បីកុំឲ្យចូលរួមក្នុងអំពើបាបរបស់អ្នកដទៃ។ ចូររក្សាខ្លួនឲ្យបរិសុទ្ធ*។
ហេតុនេះហើយបានជាខ្ញុំរងទុក្ខលំបាកទាំងនេះ ប៉ុន្តែ ខ្ញុំមិនខ្មាសឡើយ ដ្បិតខ្ញុំដឹងថា ខ្ញុំបានជឿលើព្រះអង្គណា ហើយខ្ញុំក៏ជឿជាក់ថា ព្រះអង្គនោះមានឫទ្ធានុភាពនឹងរក្សាអ្វីៗ ដែលព្រះអង្គផ្ញើទុកនឹងខ្ញុំ ឲ្យបានគង់វង្ស រហូតដល់ថ្ងៃព្រះអង្គយាងមក។
សេចក្ដីទាំងអស់ដែលអ្នកបានឮពីខ្ញុំនៅមុខសាក្សីជាច្រើននាក់ ត្រូវប្រគល់ឲ្យបងប្អូនណាដែលស្មោះត្រង់ និងមានសមត្ថភាពអាចបង្រៀនបន្តទៅអ្នកផ្សេងទៀតចុះ។
ខ្ញុំបានទុកអ្នកឲ្យនៅកោះក្រែត ដើម្បីចាត់ចែងកិច្ចការដែលនៅសល់ឲ្យមានរបៀបរៀបរយ និងតែងតាំងព្រឹទ្ធាចារ្យ* នៅតាមក្រុងនីមួយៗ ដូចខ្ញុំបានផ្ដាំរួចហើយ
ក្នុងចំណោមបងប្អូន បើនរណាមានជំងឺ ត្រូវអញ្ជើញព្រឹទ្ធាចារ្យរបស់ក្រុមជំនុំមក ដើម្បីឲ្យលោកទាំងនោះអធិស្ឋានឲ្យគាត់ និងលាបប្រេង*ឲ្យក្នុងព្រះនាមព្រះអម្ចាស់។
ចំពោះព្រឹទ្ធាចារ្យ*ដែលនៅក្នុងចំណោមបងប្អូន ក្នុងនាមខ្ញុំជាព្រឹទ្ធាចារ្យដូចគ្នា ហើយជាបន្ទាល់អំពីទុក្ខលំបាករបស់ព្រះគ្រិស្ត* និងជាអ្នករួមទទួលសិរីរុងរឿង ដែលនឹងត្រូវលេចមក ខ្ញុំសូមដាស់តឿនថា:
បន្ទាប់ពីបងប្អូនបានរងទុក្ខលំបាកមួយរយៈពេលខ្លីនេះរួចហើយ ព្រះជាម្ចាស់ប្រកបដោយព្រះគុណគ្រប់យ៉ាង ដែលបានត្រាស់ហៅបងប្អូន ឲ្យទទួលសិរីរុងរឿងដ៏ស្ថិតស្ថេរអស់កល្បជានិច្ចរួមជាមួយព្រះគ្រិស្ត* ព្រះអង្គនឹងលើកបងប្អូនឲ្យមានជំហរឡើងវិញ ប្រទានឲ្យបងប្អូនបានរឹងប៉ឹង មានកម្លាំង និងឲ្យបងប្អូនបានមាំមួនឥតរង្គើឡើយ។
ខ្ញុំជាចាស់ទុំ សូមជម្រាបមកលោកស្រី ដែលព្រះជាម្ចាស់បានជ្រើសរើស និងជម្រាបមកកូនចៅរបស់លោកស្រី ដែលខ្ញុំស្រឡាញ់ តាមសេចក្ដីពិត មិនមែនតែខ្ញុំប៉ុណ្ណោះទេដែលស្រឡាញ់ គឺអស់អ្នកដែលបានស្គាល់សេចក្ដីពិតក៏ស្រឡាញ់ដែរ
ខ្ញុំជាចាស់ទុំ សូមជម្រាបមកប្អូនកៃយុសជាទីស្រឡាញ់ ដែលខ្ញុំស្រឡាញ់តាមសេចក្ដីពិត។