២ ធីម៉ូថេ 2:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាខ្ញុំទ្រាំទ្រនឹងគ្រប់ការទាំងអស់ ដើម្បីជាប្រយោជន៍ដល់ពួករើសតាំង ឲ្យគេបានសេចក្ដីសង្គ្រោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ព្រមទាំងមានសិរីល្អដ៏នៅអស់កល្បជានិច្ចផង ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ខ្ញុំស៊ូទ្រាំនឹងគ្រប់ការទាំងអស់ដោយយល់ដល់អ្នកដែលត្រូវបានជ្រើសតាំង ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាមួយនឹងសិរីរុងរឿងដ៏អស់កល្បជានិច្ច។ Khmer Christian Bible ហេតុនេះហើយបានជាខ្ញុំស៊ូទ្រាំគ្រប់បែបយ៉ាងសម្រាប់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះនៅក្នុងព្រះគ្រិស្ដយេស៊ូ ព្រមជាមួយនឹងសិរីរុងរឿងដ៏នៅអស់កល្បជានិច្ចផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះហើយបានជាខ្ញុំស៊ូទ្រាំក្នុងគ្រប់ការទាំងអស់ ដោយយល់ដល់ពួករើសតាំង ដើម្បីឲ្យគេបានការសង្គ្រោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ទាំងមានសិរីល្អនៅអស់កល្បជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាខ្ញុំសុខចិត្តស៊ូទ្រាំគ្រប់យ៉ាង ដោយយល់ដល់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ដើម្បីឲ្យពួកគេទទួលការសង្គ្រោះ ដោយរួមក្នុងអង្គព្រះគ្រិស្តយេស៊ូ ព្រមទាំងទទួលសិរីរុងរឿងដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចនោះដែរ។ អាល់គីតាប ហេតុនេះហើយបានជាខ្ញុំសុខចិត្ដស៊ូទ្រាំគ្រប់យ៉ាង ដោយយល់ដល់អ្នកដែលអុលឡោះបានជ្រើសរើស ដើម្បីឲ្យពួកគេទទួលការសង្គ្រោះ ដោយរួមក្នុងអាល់ម៉ាហ្សៀសអ៊ីសា ព្រមទាំងទទួលសិរីរុងរឿងដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចនោះដែរ។ |
បើមិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីចុះ នោះគ្មានមនុស្សណានឹងបានសង្គ្រោះទេ ប៉ុន្តែ ថ្ងៃទាំងនោះនឹងត្រូវបន្ថយទៅ ដោយយល់ដល់ពួករើសតាំង
ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសំគាល់យ៉ាងធំ ហើយនឹងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផង បើសិនជាបាន
ហើយលោកនឹងចាត់ពួកទេវតារបស់លោក ឲ្យមកដោយសូរផ្លុំត្រែជាខ្លាំង ទេវតាទាំងនោះនឹងប្រមូលពួករើសតាំងរបស់លោកពីទិសទាំង៤ ចាប់តាំងពីជើងមេឃម្ខាង រហូតដល់ជើងមេឃម្ខាង។
ចំណែកព្រះវិញ ដែលទ្រង់មានព្រះហឫទ័យអត់ធ្មត់ ដល់ពួករើសតាំងរបស់ទ្រង់ ដែលគេអំពាវនាវរកទ្រង់ទាំងយប់ទាំងថ្ងៃ នោះតើទ្រង់មិនសងសឹកជំនួសគេដែរទេឬអី
ហើយមិនជំនួសត្រឹមតែសាសន៍នោះប៉ុណ្ណោះ គឺសុគតដើម្បីឲ្យអស់ទាំងកូននៃព្រះ ដែលខ្ចាត់ខ្ចាយទៅ បានប្រមូលរួមមកជាសាសន៍តែ១ដែរ
ឱព្រះវរបិតាអើយ ឯពួកអ្នកដែលទ្រង់ប្រទានមកទូលបង្គំ នោះទូលបង្គំចង់ឲ្យគេនៅជាមួយនឹងទូលបង្គំ ក្នុងកន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យបានឃើញសិរីល្អ ដែលទ្រង់បានប្រទានមកទូលបង្គំ ដ្បិតទ្រង់បានស្រឡាញ់ទូលបង្គំ តាំងតែពីមុនកំណើតលោកីយរៀងមក
ទូលបង្គំអធិស្ឋានឲ្យគេ មិនមែនអធិស្ឋានឲ្យលោកីយទេ គឺឲ្យអស់អ្នកដែលទ្រង់បានប្រទានមកទូលបង្គំវិញ ពីព្រោះគេជារបស់ផងទ្រង់
គឺជាជីវិតអស់កល្បជានិច្ច ដល់ពួកអ្នកដែលរកសិរីល្អ កេរ្តិ៍ឈ្មោះ នឹងសេចក្ដីមិនពុករលួយ ដោយគេកាន់ខ្ជាប់ក្នុងការល្អ
ហើយបើទ្រង់ចង់បើកឲ្យពួកគ្រឿងប្រដាប់ ដែលគួរនឹងសេចក្ដីមេត្តាករុណា ដែលទ្រង់បានរៀបចំជាមុន បានស្គាល់សេចក្ដីវិសេសនៃសិរីល្អដ៏បរិបូររបស់ទ្រង់វិញ
ដ្បិតដោយព្រោះព្រះទ្រង់បានសំរេចតាមប្រាជ្ញានៃទ្រង់ថា មនុស្សលោកនឹងរកស្គាល់ព្រះ ដោយអាងប្រាជ្ញាខ្លួនមិនបានទេ បានជាទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះអស់អ្នកដែលជឿ ដោយសារសេចក្ដីល្ងីល្ងើវិញ គឺជាការប្រកាសដំណឹងល្អ
ខ្ញុំបានត្រឡប់ដូចជាខ្សោយដល់ពួកអ្នកកំសោយ ដើម្បីឲ្យបានពួកកំសោយ គឺបានត្រឡប់ជាគ្រប់សណ្ឋានទាំងអស់ ដល់មនុស្សទាំងអស់ ប្រយោជន៍ឲ្យបានសង្គ្រោះដល់អ្នកខ្លះ ដោយសារសណ្ឋានទាំងនោះឯង
ដូច្នេះ បើសិនជាយើងខ្ញុំកើតមានសេចក្ដីវេទនា នោះគឺសំរាប់ជាសេចក្ដីកំសាន្តចិត្ត នឹងសេចក្ដីសង្គ្រោះដល់អ្នករាល់គ្នា ជាសេចក្ដីដែលបានកើតមក ដោយការទ្រាំទ្រ នឹងសេចក្ដីទុក្ខលំបាកដដែល ដែលយើងខ្ញុំក៏រងទុក្ខដែរ ឬបើយើងមានសេចក្ដីក្សាន្ដ នោះក៏សំរាប់ជាសេចក្ដីកំសាន្ដចិត្តនឹងសេចក្ដីសង្គ្រោះដល់អ្នករាល់គ្នាដែរ ហើយយើងខ្ញុំមានសង្ឃឹមដល់អ្នករាល់គ្នាជាមាំមួនផង
ឯខ្ញុំៗសុខចិត្តនឹងចែកចាយ ហើយនឹងត្រូវហិនអស់រលីងទៅចុះ ដោយព្រោះព្រលឹងរបស់អ្នករាល់គ្នា ថ្វីបើខ្ញុំស្រឡាញ់អ្នករាល់គ្នាកាន់តែខ្លាំងឡើងប៉ុណ្ណា នោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ក៏កាន់តែថយចុះប៉ុណ្ណោះដែរ
ពីព្រោះគ្រប់ទាំងអស់សំរាប់អ្នករាល់គ្នា ដើម្បីឲ្យព្រះគុណដែលចំរើនឡើង ដោយសារមនុស្សជាច្រើន បានបណ្តាលឲ្យមានសេចក្ដីអរព្រះគុណចំរើនជាបរិបូរឡើង ដល់សិរីល្អនៃព្រះលើសទៅទៀត។
ដ្បិតសេចក្ដីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ
ហេតុនោះបានជាខ្ញុំសូមអង្វរអ្នករាល់គ្នា កុំឲ្យរសាយចិត្តដោយការដែលខ្ញុំរងទុក្ខលំបាក ជាការដែលមានប្រយោជន៍ដល់អ្នករាល់គ្នានោះឡើយ ដ្បិតការនោះជាសិរីល្អដល់អ្នករាល់គ្នាទេ។
ឥឡូវនេះ ខ្ញុំមានចិត្តអំណរក្នុងការរងទុក្ខលំបាក ដែលខ្ញុំទ្រាំដោយព្រោះអ្នករាល់គ្នា ហើយសេចក្ដីវេទនាណារបស់ព្រះគ្រីស្ទ ដែលខ្វះក្នុងរូបសាច់ខ្ញុំ នោះខ្ញុំកំពុងតែបំពេញឡើង ដោយព្រោះរូបកាយទ្រង់ គឺជាពួកជំនុំ
ព្រះទ្រង់បានសព្វព្រះហឫទ័យ នឹងសំដែងឲ្យពួកបរិសុទ្ធនោះដឹងថា សិរីល្អដ៏បរិបូររបស់សេចក្ដីអាថ៌កំបាំងនេះជាយ៉ាងណា ក្នុងពួកសាសន៍ដទៃ គឺថា ព្រះគ្រីស្ទទ្រង់សណ្ឋិតនៅក្នុងអ្នករាល់គ្នា ដែលជាទីសង្ឃឹមយ៉ាងឧត្តម
ដ្បិតព្រះទ្រង់មិនបានដំរូវយើង ទុកសំរាប់សេចក្ដីក្រោធទេ គឺសំរាប់ឲ្យបានសេចក្ដីសង្គ្រោះវិញ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលទ្រង់សុគតជំនួសយើង
ទ្រង់បានហៅអ្នករាល់គ្នាមកក្នុងសេចក្ដីទាំងនោះ ដោយសារដំណឹងល្អនៃយើងខ្ញុំ ប្រយោជន៍ឲ្យបានសិរីល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង
សំបុត្រប៉ុលខ្ញុំ ជាសាវកនៃព្រះយេស៊ូវគ្រីស្ទ ដោយព្រះហឫទ័យនៃព្រះ តាមសេចក្ដីសន្យាឲ្យបានជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ
ដូច្នេះ ចូរឲ្យអ្នកទ្រាំទ្រទុក្ខលំបាក ដូចជាទាហានយ៉ាងល្អរបស់ព្រះយេស៊ូវគ្រីស្ទចុះ
សំបុត្រប៉ុលខ្ញុំ ជាបាវបំរើនៃព្រះ ហើយជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ សំរាប់ជាសេចក្ដីជំនឿដល់ពួករើសតាំងនៃព្រះ នឹងសេចក្ដីចេះដឹងខាងឯសេចក្ដីពិត ដែលត្រូវនឹងសេចក្ដីគោរពប្រតិបត្តិដល់ព្រះ
ពីដើមអ្នករាល់គ្នាមិនមែនជាសាសន៍ណាមួយទេ តែឥឡូវនេះជាសាសន៍របស់ព្រះវិញ ពីដើមមិនបានទទួលសេចក្ដីមេត្តាករុណាទេ តែឥឡូវនេះបានទទួលហើយ។
រីឯព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានហៅយើងរាល់គ្នា មកក្នុងសិរីល្អនៃទ្រង់ ដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ នោះសូមទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណក្រោយដែលបានរងទុក្ខបន្តិច