ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ យ៉ូហាន 3:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​ស្ងួន‌ភ្ងា​អើយ ឥឡូវ​នេះ យើង​រាល់​គ្នា​ជា​កូន​ព្រះ​ហើយ តែ​ដែល​យើង​រាល់​គ្នា​នឹង​បាន​ទៅ​ជា​យ៉ាង​ណា​ទៀត នោះ​មិន​ទាន់​សំដែង​មក​នៅ​ឡើយ ប៉ុន្តែ យើង​ដឹង​ថា កាល​ណា​ទ្រង់​លេច​មក នោះ​យើង​នឹង​បាន​ដូច​ជា​ទ្រង់ ដ្បិត​ដែល​ទ្រង់​យ៉ាង​ណា នោះ​យើង​នឹង​ឃើញ​ទ្រង់​យ៉ាង​នោះ​ឯង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ឥឡូវនេះ​យើង​ជា​កូន​របស់​ព្រះ ហើយ​យើង​នឹង​ទៅជា​យ៉ាងណា​នោះ មិនទាន់​បាន​សម្ដែង​មក​នៅឡើយទេ​។ ប៉ុន្តែ​យើង​ដឹង​ហើយ​ថា កាលណា​ព្រះអង្គ​បាន​សម្ដែង​អង្គទ្រង់ នោះ​យើង​នឹង​បាន​ដូច​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​យ៉ាងណា យើង​នឹង​ឃើញ​ព្រះអង្គ​ជា​យ៉ាងនោះ​ឯង​។

សូមមើលជំពូក

Khmer Christian Bible

បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ឥឡូវ​នេះ​យើង​ជា​កូន​របស់​ព្រះជាម្ចាស់​ ហើយ​យើង​នឹង​ត្រលប់​ជា​យ៉ាង​ណា​នោះ​ មិន​ទាន់​បាន​បង្ហាញ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។​ យើង​ដឹង​ថា​ នៅ​ពេល​ព្រះអង្គ​លេច​មក​ យើង​នឹង​បាន​ដូច​ជា​ព្រះអង្គ​ ដ្បិត​ព្រះអង្គ​មាន​លក្ខណៈ​យ៉ាង​ណា​ យើង​នឹង​ឃើញ​ព្រះអង្គ​យ៉ាង​នោះ​ហើយ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​ស្ងួន‌ភ្ងា​អើយ ឥឡូវ​នេះ យើង​ជា​កូន​ព្រះ ហើយ​ដែល​យើង​នឹង​បាន​ទៅ​ជា​យ៉ាង​ណា នោះ​មិន​ទាន់​បាន​សម្តែង​មក​នៅ​ឡើយ​ទេ ប៉ុន្តែ យើង​ដឹង​ថា នៅ​ពេល​ព្រះ‌អង្គ​លេច​មក នោះ​យើង​នឹង​បាន​ដូច​ព្រះ‌អង្គ ដ្បិត​ដែល​ព្រះ‌អង្គ​យ៉ាង​ណា នោះ​យើង​នឹង​ឃើញ​ព្រះ‌អង្គ​យ៉ាង​នោះ​ឯង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ! ពេល​នេះ យើង​ទាំង​អស់​គ្នា​ជា​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់ ហើយ​ដែល​យើង​នឹង​ទៅ​ជា​យ៉ាង​ណាៗ​នោះ ព្រះអង្គ​ពុំ​ទាន់​សម្តែង​ឲ្យ​យើង​ដឹង​នៅ​ឡើយ​ទេ។ ប៉ុន្តែ នៅ​ពេល​ព្រះ‌គ្រិស្ត​យាង​មក​ដល់ យើង​នឹង​បាន​ដូច​ព្រះអង្គ​ដែរ ដ្បិត​ព្រះអង្គ​មាន​ភាព​យ៉ាង​ណា យើង​នឹង​ឃើញ​ព្រះអង្គ​យ៉ាង​នោះ។

សូមមើលជំពូក

អាល់គីតាប

កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ! ពេល​នេះ យើង​ទាំង​អស់​គ្នា​ជា​បុត្រ​របស់​អុលឡោះ ហើយ​ដែល​យើង​នឹង​ទៅ​ជា​យ៉ាង​ណាៗ​នោះ​ទ្រង់​ពុំ​ទាន់​សំដែង​ឲ្យ​យើង​ដឹង​នៅ​ឡើយ​ទេ។ ប៉ុន្ដែ នៅ​ពេល​អាល់ម៉ា‌ហ្សៀស​មក​ដល់ យើង​នឹង​បាន​ដូច​គាត់​ដែរ ដ្បិត​គាត់​មាន​ភាព​យ៉ាង​ណា យើង​នឹង​ឃើញ​គាត់​យ៉ាង​នោះ។

សូមមើលជំពូក



១ យ៉ូហាន 3:2
37 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ក្រោយ​ដែល​សំបក​កាយ​ខ្ញុំ​នេះ​ត្រូវ​រលាយ​ទៅ គឺ​ក្រៅ​ពី​រាង​កាយ​នោះ​ខ្ញុំ​នឹង​បាន​ឃើញ​ព្រះ


ទ្រង់​នឹង​បង្ហាញ​ឲ្យ​ទូលបង្គំ​ឃើញ​ផ្លូវ​ជីវិត​វិញ នៅ​ចំពោះ​ទ្រង់​មាន​សេចក្ដី​អំណរ​ដ៏​ពោរ‌ពេញ នៅ​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​មាន​សេចក្ដី​អរ​សប្បាយ ជា​ដរាប​ត​ទៅ។


ឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​រំពឹង​មើល​ព្រះ‌ភក្ត្រ​ទ្រង់ ដោយ​សេចក្ដី​សុចរិត កាល​ណា​ទូលបង្គំ​ភ្ញាក់​ឡើង នោះ​នឹង​បាន​ស្កប់​ចិត្ត ដោយ​ឃើញ​រូប​អង្គ​ទ្រង់។


ឱ​សេចក្ដី​សប្បុរស​នៃ​ទ្រង់​ជា​ធំ​អម្បាល​ណា​ទៅ ដែល​ទ្រង់​បាន​ត្រៀម​ទុក​សំរាប់​អស់​អ្នក​ដែល កោត‌ខ្លាច​ដល់​ទ្រង់ ជា​សេចក្ដី​ដែល​ទ្រង់​បាន​បង្កើត​នៅ​មុខ​មនុស្ស​លោក សំរាប់​អស់​អ្នក​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់


អញ​នឹង​ឲ្យ​គេ​មាន​ទី​កន្លែង​១​នៅ​ក្នុង​វិហារ​អញ ហើយ​ឲ្យ​មាន​ឈ្មោះ​ឆ្លាក់​នៅ​ជញ្ជាំង​ខាង​ក្នុង ដែល​វិសេស​ជាង​កូន​ប្រុស​កូន​ស្រី​ទៅ​ទៀត អញ​នឹង​ឲ្យ​គេ​មាន​ឈ្មោះ​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ជា​ឈ្មោះ​ដែល​មិន​ត្រូវ​កាត់​ចេញ​ឡើយ។


តែ​មាន​អ្នក​ឯ​ណា​ធន់​នៅ​បាន ក្នុង​កាល​ដែល​ទ្រង់​យាង​មក​នោះ តើ​អ្នក​ណា​នឹង​ឈរ​នៅ ក្នុង​កាល​ដែល​ទ្រង់​លេច​មក ដ្បិត​ទ្រង់​ប្រៀប​ដូច​ជា​ភ្លើង​របស់​ជាង​សំរង ហើយ​ដូច​ជា​ក្បុង​របស់​ជាង​ប្រមោក


មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះ


នៅ​ថ្ងៃ​ដែល​កូន​មនុស្ស​លេច​មក នោះ​ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ


ពី​ព្រោះ​គេ​មិន​ចេះ​ស្លាប់​ទៀត គឺ​ដូច​ជា​ទេវតា ហើយ​ជា​ពួក​កូន​របស់​ព្រះ​ផង ដោយ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ


ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ‌នាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច​ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ


ហើយ​មិន​ជំនួស​ត្រឹម​តែ​សាសន៍​នោះ​ប៉ុណ្ណោះ គឺ​សុគត​ដើម្បី​ឲ្យ​អស់​ទាំង​កូន​នៃ​ព្រះ ដែល​ខ្ចាត់​ខ្ចាយ​ទៅ បាន​ប្រមូល​រួម​មក​ជា​សាសន៍​តែ​១​ដែរ


ឱ​ព្រះវរ‌បិតា​អើយ ឯ​ពួក​អ្នក​ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ នោះ​ទូលបង្គំ​ចង់​ឲ្យ​គេ​នៅ​ជា​មួយ​នឹង​ទូលបង្គំ ក្នុង​កន្លែង​ដែល​ទូលបង្គំ​នៅ​ដែរ ដើម្បី​ឲ្យ​បាន​ឃើញ​សិរី‌ល្អ ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ ដ្បិត​ទ្រង់​បាន​ស្រឡាញ់​ទូលបង្គំ តាំង​តែ​ពី​មុន​កំណើត​លោកីយ​រៀង​មក


ហើយ​ព្រះ‌វិញ្ញាណ​ទ្រង់​ក៏​ធ្វើ​បន្ទាល់​នឹង​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ


ខ្ញុំ​រាប់​អស់​ទាំង​សេចក្ដី​ទុក្ខ​លំបាក​នៅ​ជាន់​នេះ ថា​ជា​សេចក្ដី​មិន​គួរ​ប្រៀប‌ផ្ទឹម​នឹង​សិរី‌ល្អ ដែល​នឹង​បើក​សំដែង​មក​ឲ្យ​យើង​រាល់​គ្នា​ឃើញ​នោះ​ទេ


ដ្បិត​សេចក្ដី​ទន្ទឹង​របស់​ជីវិត​ទាំង‌ឡាយ នោះ​រង់‌ចាំ​តែ​ពួក​កូន​របស់​ព្រះ​លេច​មក​ឲ្យ​ឃើញ​ប៉ុណ្ណោះ​ទេ


ដ្បិត​អ្នក​ណា​ដែល​ទ្រង់​បាន​ស្គាល់​ជា​មុន នោះ​ទ្រង់​ក៏​ដំរូវ​ទុក​ជា​មុន ឲ្យ​បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ‌រាជ‌បុត្រា​ទ្រង់ ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​ធ្វើ​ជា​បង​ច្បង​គេ​ក្នុង​ពួក​បង​ប្អូន​ជា​ច្រើន


ដ្បិត​ឥឡូវ​នេះ យើង​មើល​ឃើញ​បែប​ស្រអាប់ ដូច​ជា​ដោយ‌សារ​កញ្ចក់ តែ​នៅ​វេលា​នោះ នឹង​ឃើញ​មុខ​ទល់​នឹង​មុខ ឥឡូវ​នេះ ខ្ញុំ​ស្គាល់​មិន​ទាន់​អស់ តែ​នៅ​វេលា​នោះ ខ្ញុំ​នឹង​ស្គាល់​វិញ ដូច​ជា​ព្រះ‌ទ្រង់​ស្គាល់​ខ្ញុំ​ដែរ


យើង​ក៏​នឹង​មាន​រូប​រាង​របស់​ព្រះ‌អម្ចាស់​ពី​ស្ថាន‌សួគ៌ ដូច​ជា​យើង​មាន​រូប​រាង​របស់​មនុស្ស ដែល​ធ្វើ​ពី​ធូលី​មក​ដែរ


ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «សេចក្ដី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​នឹក​មិន​ដែល​ដល់ គឺ​សេចក្ដី​នោះ​ឯង​ដែល​ព្រះ​បាន​រៀបចំ​ទុក សំរាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់»


ហើយ​យើង​រាល់​គ្នា​ទាំង​អស់ ដែល​កំពុង​តែ​រំពឹង​មើល​សិរី‌ល្អ​ព្រះ‌អម្ចាស់ ទាំង​មុខ​ទទេ ដូច​ជា​ឆ្លុះ​មើល​ទ្រង់​ក្នុង​កញ្ចក់ យើង​កំពុង​តែ​ផ្លាស់​ប្រែ​ទៅ ឲ្យ​ដូច​ជា​រូប​ឆ្លុះ​នោះ​ឯង ពី​សិរី‌ល្អ​ទៅ​ដល់​សិរី‌ល្អ គឺ​ដោយ‌សារ​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ‌វិញ្ញាណ។


ដ្បិត​សេចក្ដី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង​ខ្ញុំ ដែល​នៅ​តែ​មួយ​ភ្លែត​នេះ នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរី‌ល្អ​យ៉ាង​ធ្ងន់​លើស‌លប់ ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​វិញ


ដ្បិត​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​កូន​ព្រះ ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ


ហើយ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជា​កូន បាន​ជា​ព្រះ‌ទ្រង់​ចាត់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌រាជ‌បុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​បន្លឺ​ឡើង​ថា អ័ប្បា ព្រះវរ‌បិតា​អើយ


ដែល​ទ្រង់​នឹង​បំផ្លាស់​បំប្រែ​រូប‌កាយ​ទាប​ថោក​របស់​យើង ឲ្យ​ត្រឡប់​ដូច​ជា​រូប​អង្គ​ឧត្តម​របស់​ទ្រង់ តាម​ដែល​ព្រះ‌ចេស្តា​ទ្រង់​ពូកែ​នឹង​បញ្ចុះ‌បញ្ចូល​គ្រប់​ទាំង​អស់ នៅ​ក្រោម​អំណាច​ទ្រង់​ផង។


កាល​ណា​ព្រះ‌គ្រីស្ទ​ដ៏​ជា​ជីវិត​នៃ​យើង បាន​លេច​មក នោះ​អ្នក​រាល់​គ្នា​នឹង​លេច​មក​ក្នុង​សិរី‌ល្អ ជា​មួយ​នឹង​ទ្រង់​ដែរ។


ដូច្នេះ ព្រះ‌គ្រីស្ទ​ក៏​បែប​យ៉ាង​នោះ​ដែរ ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​១​ដង​ហើយ ដោយ​ព្រោះ​បាប​របស់​មនុស្ស​ជា​ច្រើន នោះ​ទ្រង់​នឹង​លេច​មក​ម្តង​ទៀត ក្រៅ​ពី​រឿង​អំពើ​បាប គឺ​សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​រង់‌ចាំ​ទ្រង់។


ដែល​ដោយ‌សារ​សេចក្ដី​ទាំង​នោះ ទ្រង់​បាន​ប្រទាន​សេចក្ដី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ផង មក​យើង​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ ដោយ‌សារ​សេចក្ដី​សន្យា​នោះ​ឯង ដោយ​បាន​រួច​ពី​សេចក្ដី​ពុក‌រលួយ​នៅ​ក្នុង​លោកីយ​នេះ​ដែល​កើត​អំពី​សេចក្ដី​ប៉ង‌ប្រាថ្នា


ហើយ​ឥឡូវ​នេះ ពួក​កូន​តូចៗ​អើយ ចូរ​នៅ​ជាប់​ក្នុង​ទ្រង់​ចុះ ដើម្បី​កាល​ណា​ទ្រង់​លេច​មក នោះ​យើង​ខ្ញុំ​នឹង​មាន​ចិត្ត​ក្លាហាន ឥត​ត្រូវ​ការ​នឹង​ខ្មាស​នៅ​ចំពោះ​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​យាង​មក​នោះ​ឡើយ


ពួក​ស្ងួន‌ភ្ងា​អើយ សេចក្ដី​ដែល​ខ្ញុំ​សរសេរ ផ្ញើ​មក​អ្នក​រាល់​គ្នា នោះ​មិន​មែន​ជា​បញ្ញត្ត​ថ្មី​ទេ គឺ​ជា​បញ្ញត្ត​ចាស់​ដដែល ដែល​អ្នក​រាល់​គ្នា​មាន​តាំង​ពី​ដើម​មក ឯ​បញ្ញត្ត​ចាស់​នោះ គឺ​ជា​ព្រះ‌បន្ទូល ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ហើយ


មើល សេចក្ដី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៍ ដែល​ព្រះវរ‌បិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ​ដូច្នេះ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​លោកីយ​មិន​ស្គាល់​យើង​ទេ ពី​ព្រោះ​មិន​ស្គាល់​ទ្រង់​ដែរ


គឺ​យ៉ាង​នោះ​ហើយ ដែល​នឹង​សំគាល់​ថា​ជា​ពួក​កូន​ព្រះ ឬ​ពួក​កូន​អារក្ស​ទៅ​បាន ឯ​អ្នក​ណា​ដែល​មិន​ប្រព្រឹត្ត​សេចក្ដី​សុចរិត ហើយ​មិន​ស្រឡាញ់​ដល់​បង​ប្អូន នោះ​មិន​មែន​មក​ពី​ព្រះ​ទេ


ពួក​ស្ងួន‌ភ្ងា​អើយ បើ​ចិត្ត​យើង​មិន​ចោទ​ប្រកាន់​ចំពោះ​ខ្លួន​ទេ នោះ​យើង​មាន​សេចក្ដី​ក្លាហាន នៅ​ចំពោះ​ព្រះ


អស់​អ្នក​ណា​ដែល​ជឿ​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ អ្នក​នោះ​បាន​កើត​ពី​ព្រះ​មក ហើយ​អស់​ទាំង​អ្នក​ណា​ដែល​ស្រឡាញ់​ព្រះ​ដ៏​បង្កើត​ខ្លួន​មក នោះ​ក៏​រមែង​ស្រឡាញ់​ដល់​អស់​អ្នក​ឯ​ទៀត ដែល​កើត​ពី​ទ្រង់​មក​ដែរ


អញ​នឹង​ឲ្យ​ផ្កាយ​ព្រឹក​ដល់​អ្នក​នោះ


គេ​នឹង​ឃើញ​ព្រះ‌ភក្ត្រ​ទ្រង់ ហើយ​ព្រះ‌នាម​ទ្រង់​នឹង​នៅ​លើ​ថ្ងាស​គេ