១ ពង្សាវតារក្សត្រ 18:37 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមស្តាប់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមស្តាប់ទូលបង្គំ ដើម្បីឲ្យប្រជាជននេះបានដឹងថា គឺទ្រង់ ឱព្រះយេហូវ៉ាអើយ ដែលជាព្រះ ហើយថា គឺទ្រង់ដែលនាំចិត្តគេត្រឡប់មកវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមស្តាប់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមស្តាប់ទូលបង្គំ ដើម្បីឲ្យប្រជាជននេះបានដឹងថា គឺព្រះអង្គ ឱព្រះយេហូវ៉ាអើយ ដែលជាព្រះ គឺព្រះអង្គដែលនាំចិត្តគេត្រឡប់មកវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ សូមមេត្តាឆ្លើយតបមកទូលបង្គំផង ដើម្បីឲ្យប្រជាជននេះទទួលស្គាល់ថា ព្រះអង្គពិតជាព្រះអម្ចាស់ ជាព្រះដ៏ពិតប្រាកដ មានតែព្រះអង្គទេ ដែលអាចនាំចិត្តពួកគេឲ្យវិលមករកព្រះអង្គវិញបាន»។ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់អើយ សូមមេត្តាឆ្លើយតបមកខ្ញុំផង ដើម្បីឲ្យប្រជាជននេះទទួលស្គាល់ថា ទ្រង់ពិតជាអុលឡោះតាអាឡា ជាម្ចាស់ដ៏ពិតប្រាកដ មានតែទ្រង់ទេ ដែលអាចនាំចិត្តពួកគេ ឲ្យវិលមករកទ្រង់វិញបាន»។ |
អ្នកនោះនិយាយថា ចូរលែងឲ្យអញទៅ ដ្បិតភ្លឺហើយ តែគាត់ឆ្លើយថា ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែបានឲ្យពរដល់ខ្ញុំសិន
រួចអ្នកនោះប្រាប់ថា ឈ្មោះឯងមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថា អ៊ីស្រាអែលវិញ ពីព្រោះឯងមានអំណាចចំពោះព្រះហើយនឹងមនុស្ស ក៏បានឈ្នះផង
សូមឲ្យព្រះនាមទ្រង់បានថ្កុំថ្កើងឡើងជានិច្ច ដោយគេថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ជាព្រះនៃសាសន៍អ៊ីស្រាអែល ហើយសូមឲ្យពូជពង្សរបស់ដាវីឌ ជាបាវបំរើទ្រង់ បានស្ថិតស្ថេរនៅចំពោះទ្រង់
ហើយចូរឲ្យអ្នករាល់គ្នាអំពាវនាវដល់ព្រះនាមព្រះរបស់អ្នករាល់គ្នាចុះ ឯខ្ញុំក៏នឹងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាវិញ បើព្រះណាឆ្លើយមកដោយសារភ្លើង នោះចូរឲ្យរាប់ព្រះនោះទុកជាព្រះពិតចុះ ពួកបណ្តាជនទាំងឡាយក៏ឆ្លើយឡើងថា ស្រួលហើយ។
លុះកាលហួសថ្ងៃត្រង់ហើយ នោះគេក៏ថ្វាយបង្គំ រហូតដល់ពេលថ្វាយដង្វាយល្ងាច តែគ្មានឮសំឡេង ឬចំឡើយណាឆ្លើយមកសោះ ក៏គ្មានអ្នកណាស្តាប់ផង។
លុះដល់ពេលថ្វាយដង្វាយល្ងាច នោះហោរាអេលីយ៉ាក៏ចូលមកជិតទូលថា ឱព្រះយេហូវ៉ា ជាព្រះនៃអ័ប្រាហាំ នៃអ៊ីសាក ហើយនៃអ៊ីស្រាអែលអើយ សូមឲ្យមនុស្សបានដឹងនៅថ្ងៃនេះថា ទ្រង់ជាព្រះនៃពួកអ៊ីស្រាអែល ហើយថា ទូលបង្គំជាអ្នកបំរើទ្រង់ ព្រមទាំងថា ទូលបង្គំបានធ្វើការទាំងនេះ ដោយស្តាប់តាមព្រះបន្ទូលទ្រង់ផង
ខណនោះ ភ្លើងនៃព្រះយេហូវ៉ាក៏ធ្លាក់ចុះមកបញ្ឆេះដង្វាយ ព្រមទាំងឧស ថ្ម នឹងធូលីដី ហើយក៏លិទ្ធទឹកដែលនៅក្នុងប្រឡាយអស់ទៅដែរ
គ្រានោះ មានអ្នកសំណប់របស់ព្រះម្នាក់ បានចូលមកទូលដល់ស្តេចអ៊ីស្រាអែលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ដោយព្រោះពួកស៊ីរីបាននិយាយថា ព្រះយេហូវ៉ាទ្រង់ជាព្រះនៃភ្នំ មិនមែនជាព្រះនៃស្រុកវាលទេ បានជាអញនឹងប្រគល់ហ្វូងទ័ពធំទាំងនេះ មកក្នុងកណ្តាប់ដៃឯង ហើយឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
ដូច្នេះ ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ សូមទ្រង់ជួយសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្តាប់ដៃគេផង ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដី បានដឹងថា គឺទ្រង់ ជាព្រះយេហូវ៉ា ដែលជាព្រះតែ១ព្រះអង្គទេ។
ឯអេសាទ្រង់អំពាវនាវដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ថា ឱព្រះយេហូវ៉ាអើយ ការជួយឲ្យមានជ័យជំនះ ដល់ពួកមានគ្នាច្រើន ឬដល់ពួកកំសោយ នោះស្រេចនៅលើទ្រង់ទេ ឱព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាអើយ សូមជួយយើងខ្ញុំផង ដ្បិតយើងខ្ញុំផ្អែកលើទ្រង់ជាទីពឹង គឺដោយនៅតែព្រះនាមទ្រង់ប៉ុណ្ណោះ ដែលយើងរាល់គ្នាបានមក ទាស់នឹងពួកមានគ្នាច្រើនទាំងនេះ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះនៃយើងរាល់គ្នា សូមកុំឲ្យមនុស្សឈ្នះទ្រង់ឡើយ
ដើម្បីឲ្យគេបានដឹងថា ការនេះគឺជាព្រះហស្តទ្រង់ធ្វើទេ គឺជាទ្រង់ ឱព្រះយេហូវ៉ាអើយ ដែលបានធ្វើការនេះ
ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបើអ្នកនោះមិនក្រោកឡើង យកទៅឲ្យ ដោយព្រោះជាសំឡាញ់ក៏ដោយ គង់តែនឹងក្រោកឡើងយកឲ្យ តាមអ្នកនោះត្រូវការជាមិនខាន ដោយព្រោះអ្នកនោះចេះតែទទូចអង្វរជានិច្ច
នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងប្រគល់ឯង មកក្នុងកណ្តាប់ដៃនៃអញហើយ អញនឹងវាយឯង ហើយនឹងកាត់យកក្បាលឯងទៅ នៅថ្ងៃនេះ អញនឹងឲ្យខ្មោចនៃពួកទ័ពភីលីស្ទីនដល់សត្វហើរនៅលើអាកាស នឹងដល់សត្វព្រៃនៅផែនដីវិញ ដើម្បីឲ្យផែនដីទាំងមូលបានដឹងថា មានព្រះនៅខាងពួកអ៊ីស្រាអែលពិត