ម្នាល ជនទាំងឡាយអើយ ចូរទះដៃទាំងអស់គ្នាចុះ ចូរស្រែកហ៊ោថ្វាយព្រះ ដោយសំឡេងជាជ័យជំនះ
១ ថែស្សាឡូនីច 4:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា នឹងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់ ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះអម្ចាស់ផ្ទាល់នឹងយាងចុះមកពីលើមេឃ ដោយសម្រែកបញ្ជា ដោយសំឡេងរបស់មហាទូតសួគ៌ និងដោយសំឡេងត្រែរបស់ព្រះ នោះមនុស្សស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុន Khmer Christian Bible ព្រោះព្រះអម្ចាស់នឹងយាងចុះពីស្ថានសួគ៌មកទាំងមានសម្រែក និងសំឡេងមហាទេវតា ព្រមទាំងត្រែរបស់ព្រះជាម្ចាស់ នោះពួកមនុស្សស្លាប់នៅក្នុងព្រះគ្រិស្ដនឹងរស់ឡើងវិញមុនគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះព្រះអម្ចាស់ផ្ទាល់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់មួយព្រះឱស្ឋ ទាំងមានសំឡេងមហាទេវតា និងស្នូរត្រែរបស់ព្រះផង ហើយពួកអ្នកស្លាប់ក្នុងព្រះគ្រីស្ទ នឹងរស់ឡើងវិញមុនគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតនៅពេលមានឮស្នូរជាសញ្ញាលាន់ឡើង ហើយនៅពេលឮសំឡេងមហាទេវតា និងសំឡេងត្រែរបស់ព្រះជាម្ចាស់ ព្រះអម្ចាស់ផ្ទាល់ទ្រង់នឹងយាងចុះពីស្ថានបរមសុខមក។ អស់អ្នកជឿលើព្រះគ្រិស្តដែលបានស្លាប់ទៅនោះ នឹងរស់ឡើងវិញជាមុន អាល់គីតាប ដ្បិតនៅពេលមានឮស្នូរជាសញ្ញាលាន់ឡើង ហើយនៅពេលឮសំឡេងមេម៉ាឡាអ៊ីកាត់ និងសំឡេងត្រែរបស់អុលឡោះ អ៊ីសាជាអម្ចាស់ផ្ទាល់នឹងចុះពីសូរ៉កាមក។ អស់អ្នកជឿលើអាល់ម៉ាហ្សៀសដែលបានស្លាប់ទៅនោះ នឹងរស់ឡើងវិញជាមុន |
ម្នាល ជនទាំងឡាយអើយ ចូរទះដៃទាំងអស់គ្នាចុះ ចូរស្រែកហ៊ោថ្វាយព្រះ ដោយសំឡេងជាជ័យជំនះ
លុះដល់ព្រឹកឡើងថ្ងៃទី៣ នោះក៏មានឮសូរផ្គរមានផ្លេកបន្ទោរ នឹងពពកយ៉ាងក្រាស់នៅលើភ្នំ ព្រមទាំងឮសូរផ្លុំស្នែងយ៉ាងខ្លាំងក្រៃលែង រួចបណ្តាជនទាំងឡាយដែលនៅក្នុងទីដំឡើងត្រសាល ក៏ញ័ររន្ធត់ទាំងអស់គ្នា
កាលបណ្តាជនទាំងអស់គ្នា បានឮផ្គរលាន់ នឹងសូរផ្លុំស្នែង ហើយឃើញផ្លេកបន្ទោរ នឹងភ្នំហុយផ្សែងឡើងដូច្នេះ នោះស្រាប់តែគេញ័ររន្ធត់ ហើយក៏ថយទៅឈរនៅទីឆ្ងាយវិញ
ហើយនៅគ្រានោះ នឹងឮសូរត្រែធំផ្លុំឡើង នោះពួកអ្នកនៅក្នុងស្រុកអាសស៊ើរ ដែលហៀបនឹងវិនាសបាត់ នឹងពួកអ្នកដែលត្រូវបំបរបង់ចេញទៅឯស្រុកអេស៊ីព្ទ គេនឹងវិលមកថ្វាយបង្គំព្រះយេហូវ៉ា នៅលើភ្នំបរិសុទ្ធ ត្រង់ក្រុងយេរូសាឡិម។
ព្រះយេហូវ៉ា ទ្រង់បញ្ចេញព្រះសូរសៀង នៅមុខពលទ័ពរបស់ទ្រង់ ដ្បិតទីបោះទ័ពរបស់ទ្រង់ធំណាស់ ពីព្រោះអ្នកដែលធ្វើសំរេចតាមព្រះបន្ទូលទ្រង់ នោះមានកំឡាំងខ្លាំង ដ្បិតថ្ងៃនៃព្រះយេហូវ៉ាធំក្រៃលែង ហើយគួរស្ញែងខ្លាចណាស់ តើអ្នកណាអាចនឹងធន់នៅបាន។
ឱភ្នំធំអើយ តើឯងជាអ្វី ឯងនឹងត្រូវត្រឡប់ជាដីរាបស្មើវិញ នៅចំពោះសូរ៉ូបាបិល ហើយលោកនឹងនាំយកថ្ម ជាកំពូលចេញមក ដោយមានសំរែកស្រែកហ៊ោថា សូមឲ្យបានប្រកបដោយព្រះគុណ អើ ដោយព្រះគុណចុះ
គេនឹងឃើញព្រះយេហូវ៉ា ស្ថិតពីលើពួកកូនប្រុសរបស់ឯង ព្រួញទ្រង់នឹងហោះចេញទៅដូចជាផ្លេកបន្ទោរ ហើយព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងផ្លុំត្រែ ក៏នឹងចេញទៅក្នុងខ្យល់កួចពីខាងត្បូង
ឱកូនស្រីស៊ីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ មើល ស្តេចរបស់នាង ទ្រង់យាងមកឯនាង ទ្រង់ជាអ្នកសុចរិត ហើយមានជ័យជំនះ ទ្រង់ក៏សុភាព ទ្រង់គង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា
ទ្រង់មិនបានឃើញជាពួកយ៉ាកុបមានសេចក្ដីទុច្ចរិតអ្វីទេ ក៏មិនឃើញជាមានសេចក្ដីអាក្រក់ណានៅក្នុងពួកអ៊ីស្រាអែលដែរ ព្រះយេហូវ៉ាជាព្រះនៃគេ ទ្រង់គង់នៅជាមួយនឹងគេ ក៏មានឮសំរែកនៃស្តេចនៅកណ្តាលពួកគេ
ព្រោះកូនមនុស្សនឹងមកក្នុងសិរីល្អនៃព្រះវរបិតា ជាមួយនឹងពួកទេវតារបស់លោក គ្រានោះលោកនឹងសងដល់គ្រប់គ្នា តាមការដែលបានធ្វើរៀងខ្លួន
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នកដែលឈរនៅទីនេះ មានអ្នកខ្លះមិនត្រូវភ្លក់សេចក្ដីស្លាប់ ទាល់តែបានឃើញកូនមនុស្សមកក្នុងនគររបស់លោក។
តែកាលណាកូនមនុស្សនឹងមក ក្នុងសិរីល្អរបស់លោក មានទាំងពួកទេវតាបរិសុទ្ធទាំងអស់គ្នាមកជាមួយ នោះលោកនឹងឡើងគង់លើបល្ល័ង្ករុងរឿងឧត្តមរបស់លោក
ព្រះយេស៊ូវទ្រង់មានបន្ទូលទៅលោកថា ត្រូវដូចលោកមានប្រសាសន៍ហើយ ១ទៀតខ្ញុំប្រាប់អ្នករាល់គ្នាថា អំណឹះទៅមុខ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយ នៅខាងស្តាំនៃព្រះដ៏មានព្រះចេស្តា ហើយទាំងមកលើពពកនៅលើមេឃផង
ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីបានជាឈរងើយមើលទៅលើមេឃដូច្នេះ ព្រះយេស៊ូវនេះឯង ដែលព្រះបានលើកពីអ្នករាល់គ្នាឡើងទៅលើស្ថានសួគ៌ ទ្រង់នឹងយាងមកវិញ តាមបែបដដែល ដូចជាអ្នករាល់គ្នាបានឃើញទ្រង់ទៅនោះដែរ
តែឥឡូវនេះ ព្រះគ្រីស្ទទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញជាពិត ជាផលដំបូងពីពួកអ្នកដែលបានដេកលក់ទៅហើយ
តែគ្រប់គ្នាតាមលំដាប់រៀងខ្លួន គឺព្រះគ្រីស្ទជាផលដំបូង រួចពួកអ្នកដែលជារបស់ផងព្រះគ្រីស្ទ ក្នុងកាលដែលទ្រង់យាងមក
ហើយឲ្យបានចាំព្រះរាជបុត្រាព្រះ ទ្រង់យាងមកពីស្ថានសួគ៌ ដែលព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ គឺជាព្រះយេស៊ូវ ដែលទ្រង់ប្រោសឲ្យយើងរួចពីសេចក្ដីខ្ញាល់ទៅមុខ។
សូមឲ្យព្រះដ៏ជាព្រះវរបិតា នឹងព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងខ្ញុំ ទ្រង់ដំរង់ផ្លូវយើងខ្ញុំ ឲ្យបានមកឯអ្នករាល់គ្នា
ហើយឲ្យអ្នករាល់គ្នា ដែលត្រូវគេធ្វើទុក្ខនោះ បានសំរាកជាមួយនឹងយើងខ្ញុំវិញ ក្នុងកាលដែលព្រះអម្ចាស់យេស៊ូវ ទ្រង់លេចមកពីស្ថានសួគ៌ ជាមួយនឹងពួកទេវតានៃព្រះចេស្តាទ្រង់
ឥឡូវនេះ បងប្អូនអើយ ដោយព្រោះព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ទ្រង់ត្រូវយាងមក ហើយយើងរាល់គ្នាត្រូវប្រជុំគ្នានៅចំពោះទ្រង់ នោះយើងខ្ញុំសូមអង្វរដល់អ្នករាល់គ្នាថា
រីឯថ្ងៃនៃព្រះអម្ចាស់ នោះនឹងមកដូចជាចោរប្លន់ នៅថ្ងៃនោះផ្ទៃមេឃនឹងបាត់ទៅ ដោយសូរគ្រាំគ្រេង ឯធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែង ហើយផែនដី នឹងការសព្វសារពើ នឹងត្រូវឆេះអស់រលីងទៅ។
រីឯមីកែល ជាមហាទេវតា លោកមិនហ៊ានប្តឹងប្រមាថដល់អារក្ស ក្នុងកាលដែលកំពុងតែជជែកនឹងវា ទាំងប្រកែកពីដំណើរសពរបស់លោកម៉ូសេនោះទេ គឺបាននិយាយដូច្នេះវិញថា សូមឲ្យព្រះអម្ចាស់បន្ទោសឯងចុះ
ហើយនៅថ្ងៃនៃព្រះអម្ចាស់ ខ្ញុំបានត្រឡប់ជានៅដោយវិញ្ញាណ នោះក៏ឮសំឡេងបន្លឺឡើង ដូចជាសូរត្រែ នៅខាងក្រោយខ្ញុំថា
មើល ទ្រង់យាងមកតាមពពក នោះគ្រប់ទាំងភ្នែកនឹងឃើញទ្រង់ ព្រមទាំងពួកអ្នកដែលចាក់ទ្រង់ផង រួចគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងយំសោក ដោយព្រោះទ្រង់ អើ មែនហើយ អាម៉ែន។
ខ្ញុំក៏ឮសំឡេងពីលើមេឃថា ចូរកត់ទុកដូច្នេះថា ពីនេះទៅមុខ អស់អ្នកណាដែលស្លាប់ក្នុងព្រះអម្ចាស់ នោះមានពរហើយ ព្រះវិញ្ញាណទ្រង់មានបន្ទូលថា ហ្នឹងហើយ គឺដើម្បីឲ្យគេបានឈប់សំរាក ពីគ្រប់ទាំងការនឿយហត់របស់គេ ដ្បិតការគេធ្វើក៏តាមគេជាប់។
រួចខ្ញុំឃើញ ហើយឮសត្វឥន្ទ្រីហើរកាត់កណ្តាលមេឃ ទាំងបន្លឺដោយសំឡេងយ៉ាងខ្លាំងថា វេទនា វេទនា វេទនាហើយ ដល់អស់មនុស្សដែលនៅផែនដី ដោយព្រោះសូរត្រែរបស់ទេវតាទាំង៣ ដែលរៀបនឹងផ្លុំទៀត។