១ កូរិនថូស 1:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលទ្រង់នឹងតាំងអ្នករាល់គ្នាឲ្យខ្ជាប់ខ្ជួន ដរាបដល់ចុងបំផុត ឲ្យបានឥតកន្លែងបន្ទោសបាន ក្នុងថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ព្រះគម្ពីរខ្មែរសាកល ព្រះអង្គនឹងទ្រទ្រង់អ្នករាល់គ្នារហូតដល់ទីបញ្ចប់ ឲ្យឥតមានកន្លែងបន្ទោសបាន នៅក្នុងថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។ Khmer Christian Bible ព្រះអង្គនឹងធ្វើឲ្យអ្នករាល់គ្នារឹងមាំដល់ទីបំផុតដោយឥតបន្ទោសបានទៀតផង នៅក្នុងថ្ងៃរបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គនឹងតាំងអ្នករាល់គ្នាឲ្យខ្ជាប់ខ្ជួន រហូតដល់ចុងបញ្ចប់ ដើម្បីឲ្យអ្នករាល់គ្នាឥតកន្លែងបន្ទោសបាន នៅថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនឹងធ្វើឲ្យបងប្អូនបានខ្ជាប់ខ្ជួនរហូតដល់ទីបំផុត ឥតមានទោសពៃរ៍អ្វី នៅថ្ងៃដែលព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់នៃយើងយាងមកដល់។ អាល់គីតាប អ៊ីសានឹងធ្វើឲ្យបងប្អូនបានខ្ជាប់ខ្ជួនរហូតដល់ទីបំផុត ឥតមានទោសពៃរ៍អ្វី នៅថ្ងៃដែលអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើងមកដល់។ |
ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះទ័យនឹងសេចក្ដីយុត្តិធម៌ ក៏មិនដែលបោះបង់ចោលពួកបរិសុទ្ធរបស់ទ្រង់ឡើយ ទ្រង់ថែរក្សាគេអស់កល្បជានិច្ច តែពូជរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញវិញ
ដ្បិតនៅថ្ងៃរបស់កូនមនុស្ស នោះលោកនឹងបានដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីជើងមេឃម្ខាង ដល់ជើងមេឃម្ខាងដូច្នោះដែរ
តើអ្នកជាអ្វីដែលនិន្ទាបាវបំរើរបស់គេ អ្នកនោះឈរឬដួលក្តី នោះស្រេចនឹងចៅហ្វាយទេតើ ហើយគេនឹងបានឈរមែន ដ្បិតព្រះទ្រង់អាចនឹងតាំងឲ្យឈរបាន
រីឯព្រះ ដែលអាចនឹងតាំងអ្នករាល់គ្នា ឲ្យខ្ជាប់ខ្ជួនតាមដំណឹងល្អខ្ញុំ នឹងតាមខ្លឹមនៃលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទ ដែលត្រូវនឹងសេចក្ដីបើកសំដែង អំពីការអាថ៌កំបាំង ដែលបានលាក់ទុកនៅអស់ទាំងកល្បរៀងមក
ដ្បិតសេចក្ដីទន្ទឹងរបស់ជីវិតទាំងឡាយ នោះរង់ចាំតែពួកកូនរបស់ព្រះលេចមកឲ្យឃើញប៉ុណ្ណោះទេ
នោះការដែលអ្នករាល់គ្នាធ្វើ នឹងលេចមកឲ្យឃើញ ដ្បិតថ្ងៃនោះនឹងបង្ហាញពីការនោះយ៉ាងច្បាស់លាស់ ព្រោះការនោះនឹងសំដែងចេញមកដោយសារភ្លើង ហើយភ្លើងនឹងសាកមើលការដែលនិមួយៗធ្វើ ឲ្យដឹងជាយ៉ាងណា
ដើម្បីនឹងបញ្ជូនមនុស្សយ៉ាងនោះទៅអារក្សសាតាំង ឲ្យបំផ្លាញនិស្ស័យសាច់ឈាមគេ ប្រយោជន៍ឲ្យព្រលឹងវិញ្ញាណបានសង្គ្រោះ ក្នុងថ្ងៃនៃព្រះអម្ចាស់យេស៊ូវវិញ
យើងខ្ញុំមិនសរសេរសេចក្ដីណាផ្សេងទៀត ផ្ញើមកអ្នករាល់គ្នា ក្រៅពីសេចក្ដីដែលបានអានមើល នឹងយល់ព្រមហើយនោះទេ ហើយខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងយល់ព្រមតាមសេចក្ដីនោះឯង ដរាបដល់ចុងបំផុតដែរ
ដូចជាអ្នករាល់គ្នាខ្លះបានយល់ព្រមហើយថា យើងខ្ញុំជាទីអំនួតរបស់អ្នករាល់គ្នា ដូចជាអ្នករាល់គ្នាក៏ជាទីអំនួតរបស់យើងខ្ញុំដែរ នៅថ្ងៃនៃព្រះអម្ចាស់យេស៊ូវ។
រីឯអ្នកដែលតាំងយើងខ្ញុំ ឲ្យខ្ជាប់ខ្ជួនក្នុងព្រះគ្រីស្ទ ជាមួយនឹងអ្នករាល់គ្នា ហើយដែលចាក់ប្រេងឲ្យយើង នោះគឺជាព្រះ
ប្រយោជន៍នឹងថ្វាយពួកជំនុំនេះដល់ព្រះអង្គទ្រង់ ទុកជាពួកជំនុំដ៏ឧត្តម ឥតប្រឡាក់ ឥតជ្រួញ ឬមានអ្វីឲ្យដូចឡើយ គឺឲ្យបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបានវិញ
ប្រយោជន៍ឲ្យអ្នករាល់គ្នាបានលមើល ឲ្យស្គាល់អស់ទាំងសេចក្ដីដែលប្រសើរ ដើម្បីឲ្យបានជ្រះថ្លា ហើយឥតធ្វើឲ្យអ្នកណាអាក់អន់ចិត្តឡើយ ដរាបដល់ថ្ងៃនៃព្រះគ្រីស្ទ
ខ្ញុំជឿសេចក្ដីនេះជាយ៉ាងជាក់ថា ព្រះអង្គ ដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ
ឥឡូវនេះវិញ ទ្រង់បានផ្សះផ្សាក្នុងរូបសាច់ទ្រង់ ដោយបានទទួលសុគត ដើម្បីនឹងថ្វាយអ្នករាល់គ្នាជាដង្វាយបរិសុទ្ធ ឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន នៅចំពោះទ្រង់
ដោយបានចាក់ឫស ហើយស្អាងឡើងក្នុងទ្រង់ ទាំងតាំងនៅខ្ជាប់ខ្ជួនក្នុងសេចក្ដីជំនឿ ដូចជាបានបង្រៀនដល់អ្នករាល់គ្នាហើយ ព្រមទាំងអរព្រះគុណកាន់តែច្រើនឡើងផង។
ប្រយោជន៍នឹងតាំងចិត្តអ្នករាល់គ្នា ឲ្យបរិសុទ្ធ ឥតសៅហ្មង នៅចំពោះព្រះដ៏ជាព្រះវរបិតារបស់យើងរាល់គ្នា ក្នុងកាលដែលព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើង ទ្រង់យាងមក ជាមួយនឹងអស់ទាំងអ្នកបរិសុទ្ធរបស់ទ្រង់។
ដ្បិតអ្នករាល់គ្នាដឹងច្បាស់ហើយថា ថ្ងៃនៃព្រះអម្ចាស់នឹងមកដល់ ដូចជាចោរមកនៅពេលយប់
កុំឲ្យអ្នករាល់គ្នាឆាប់មានគំនិតរវើរវាយ ឬថប់ព្រួយអ្វី ទោះបើដោយសារវិញ្ញាណណា ឬពាក្យសំដីណា ឬសំបុត្រណា ដូចជាមកពីយើងខ្ញុំក្តី ដែលថាថ្ងៃនៃព្រះអម្ចាស់ជិតដល់ហើយនោះឡើយ
តែព្រះអម្ចាស់ទ្រង់ស្មោះត្រង់ ទ្រង់នឹងតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ហើយការពារអ្នករាល់គ្នាឲ្យរួចពីសេចក្ដីអាក្រក់ផង
គឺដោយហេតុនោះបានជាខ្ញុំរងទុក្ខទាំងនេះ តែខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចនឹងថែរក្សាបញ្ញើ ដែលខ្ញុំបានផ្ញើទុកនឹងទ្រង់ ដរាបដល់ថ្ងៃនោះឯង
សូមឲ្យព្រះអម្ចាស់ផ្តល់ ឲ្យគាត់បានសេចក្ដីមេត្តាករុណា ពីព្រះអម្ចាស់ នៅថ្ងៃនោះ ហើយដែលគាត់បានជួយខ្ញុំ នៅក្រុងអេភេសូរយ៉ាងណា នោះអ្នកក៏ដឹងលើសជាងគេហើយ។
រីឯព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានហៅយើងរាល់គ្នា មកក្នុងសិរីល្អនៃទ្រង់ ដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ នោះសូមទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណក្រោយដែលបានរងទុក្ខបន្តិច
រីឯថ្ងៃនៃព្រះអម្ចាស់ នោះនឹងមកដូចជាចោរប្លន់ នៅថ្ងៃនោះផ្ទៃមេឃនឹងបាត់ទៅ ដោយសូរគ្រាំគ្រេង ឯធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែង ហើយផែនដី នឹងការសព្វសារពើ នឹងត្រូវឆេះអស់រលីងទៅ។
ដូច្នេះ ឱពួកស្ងួនភ្ងាអើយ ដែលទន្ទឹងចាំសេចក្ដីទាំងនោះ ចូរមានចិត្តឧស្សាហ៍ ឲ្យទ្រង់បានឃើញអ្នករាល់គ្នាជាឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ទាំងមានសេចក្ដីមេត្រីផង