អេសេគាល 37:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់មានបន្ទូលមកខ្ញុំថា ចូរទាយ ហើយប្រាប់ដល់ខ្យល់ ឱកូនមនុស្សអើយ ចូរទាយចុះ ត្រូវប្រាប់ដល់ខ្យល់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ឱខ្យល់ដង្ហើម ចូរមកពីខ្យល់ទាំង៤ទិស ផ្លុំលើខ្មោចស្លាប់ទាំងនេះ ឲ្យមានជីវិតរស់ឡើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរថ្លែង ហើយប្រាប់ដល់ខ្យល់ ឱកូនមនុស្សអើយ ចូរថ្លែងទំនាយចុះ ត្រូវប្រាប់ដល់ខ្យល់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឱខ្យល់ដង្ហើម ចូរមកពីខ្យល់ទាំងបួនទិស ផ្លុំលើខ្មោចស្លាប់ទាំងនេះ ឲ្យមានជីវិតរស់ឡើង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់ខ្យល់ដង្ហើម! ចូរប្រាប់ខ្យល់ដង្ហើមថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ខ្យល់ដង្ហើមអើយ! សូមបក់មកពីទិសទាំងបួន! ហើយផ្លុំលើសាកសពទាំងនេះឲ្យមានជីវិតរស់ឡើង»។ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់ខ្យល់ដង្ហើម! ចូរប្រាប់ខ្យល់ដង្ហើមថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: ខ្យល់ដង្ហើមអើយ! សូមបក់មកពីទិសទាំងបួន! ហើយផ្លុំលើសាកសពទាំងនេះឲ្យមានជីវិតរស់ឡើង»។ |
៙ ឱខ្យល់ខាងជើងអើយ ចូរភ្ញាក់ឡើង ហើយខ្យល់ខាងត្បូងអើយ ចូរមកចុះ ចូរបក់មកលើសួនច្បាររបស់ខ្ញុំ ដើម្បីឲ្យក្លិនក្រអូប ផ្សាយចេញទៅ សូមឲ្យស្ងួនសំឡាញ់របស់ខ្ញុំចូលមកក្នុងសួនច្បារទ្រង់ ហើយសោយផលដ៏មានឱជារសរបស់ទ្រង់ចុះ។
គ្រានោះ អញនឹងដាក់វិញ្ញាណអញនៅក្នុងឯងរាល់គ្នា ឯងនឹងមានជីវិតរស់ឡើង ហើយអញនឹងតាំងឯង ឲ្យអាស្រ័យនៅ ក្នុងស្រុកដែលជារបស់ផងឯង នោះឯងរាល់គ្នានឹងដឹងថា គឺអញ ជាព្រះយេហូវ៉ានេះ បានចេញវាចាហើយ ក៏បានសំរេចតាមផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ទ្រង់មានបន្ទូលមកខ្ញុំទៀតថា ចូរទាយពីដំណើរឆ្អឹងទាំងនេះ ហើយប្រាប់ថា ឱឆ្អឹងស្ងួតហែងទាំងឡាយអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដល់ឆ្អឹងទាំងនេះដូច្នេះថា មើល អញនឹងឲ្យមានខ្យល់ដង្ហើមចូលក្នុងឯងរាល់គ្នា ហើយឯងនឹងមានជីវិតឡើង
កាលខ្ញុំកំពុងតែមើល នោះឃើញមានសរសៃ នឹងសាច់កើតឡើងនៅឆ្អឹងទាំងនោះ រួចមានស្បែករុំគ្របទៀត តែឥតមានខ្យល់ដង្ហើមនៅក្នុងវាទេ
កាលណាស្តេចនោះបានសោយរាជ្យឡើងហើយ នោះនគរទ្រង់នឹងត្រូវបែកខ្ញែក ហើយបែងចែកទៅឯខ្យល់លើអាកាសទាំង៤ទិស តែមិនមែនចែកឲ្យដល់ពូជពង្សនៃស្តេចនោះទេ ក៏មិនមែនដោយមានអំណាចដូចជាស្តេចនោះធ្លាប់គ្រប់គ្រងដែរ ដ្បិតនគរនោះនឹងត្រូវច្រៀកចេញចែកដល់មនុស្សដទៃវិញ។
អញនឹងដោះគេ ឲ្យរួចពីកណ្តាប់ដៃនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏នឹងលោះគេឲ្យរួចពីសេចក្ដីស្លាប់ដែរ ឱសេចក្ដីស្លាប់អើយ ទុក្ខវេទនារបស់ឯងនៅឯណា ឱស្ថានឃុំព្រលឹងមនុស្សស្លាប់អើយ អំណាចបំផ្លាញរបស់ឯង តើនៅឯណា ឯសេចក្ដីឈឺចិត្តខ្មាសបាប នឹងបានកំបាំងពីភ្នែកអញ។
នោះទេវតាតបមកខ្ញុំថា នេះគឺជាខ្យល់ទាំង៤ទិសនៅលើអាកាស ដែលចេញពីចំពោះព្រះអម្ចាស់នៃផែនដីទាំងមូល
ឯខ្យល់ ចង់បក់ទៅឯណា ក៏ចេះតែបាន ហើយអ្នកឮសូរសព្ទ តែមិនដឹងជាមកពីណា ឬទៅឯណាទេ អស់អ្នកណាដែលកើតមកពីព្រះវិញ្ញាណ នោះក៏ដូច្នោះដែរ
រួចទេវតាប្រាប់ខ្ញុំថា ឯងត្រូវទាយម្តងទៀត គឺទាយពីដំណើរគ្រួសារ នឹងពីពួកសាសន៍ ពីភាសាផ្សេងៗ ហើយពីស្តេចជាច្រើន។
ក្រោយ៣ថ្ងៃកន្លះនោះមក ព្រះវិញ្ញាណនៃជីវិត ដែលមកពីព្រះក៏ចូលក្នុងខ្មោចទាំង២ រួចគេក្រោកឈរឡើង ហើយពួកអ្នកដែលឃើញក៏មានសេចក្ដីភ័យខ្លាចជាខ្លាំង