ឯភ្នំស៊ីណាយក៏ហុយផ្សែងឡើងពេញទាំងអស់ ដ្បិតព្រះយេហូវ៉ាទ្រង់យាងចុះមកលើភ្នំគង់ក្នុងភ្លើង ផ្សែងនោះហុយឡើងដូចជាផ្សែងនៃគុកភ្លើង តួភ្នំទាំងមូលក៏កក្រើករំពើកយ៉ាងខ្លាំង។
ហេព្រើរ 12:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សំឡេងទ្រង់បានធ្វើឲ្យផែនដីកក្រើករញ្ជួយនៅវេលានោះ តែឥឡូវនេះ ទ្រង់សន្យាថា «អញនឹងធ្វើឲ្យកក្រើកម្តងទៀត មិនត្រឹមតែផែនដីប៉ុណ្ណោះ គឺទាំងផ្ទៃមេឃថែមទៀតផង» ព្រះគម្ពីរខ្មែរសាកល កាលនោះ ព្រះសូរសៀងព្រះអង្គបានធ្វើឲ្យផែនដីរញ្ជួយ ប៉ុន្តែឥឡូវនេះ ព្រះអង្គបានសន្យាថា:“យើងនឹងធ្វើឲ្យរញ្ជួយម្ដងទៀត មិនគ្រាន់តែផែនដីប៉ុណ្ណោះទេ គឺទាំងផ្ទៃមេឃដែរ”។ Khmer Christian Bible សំឡេងរបស់ព្រះអង្គនៅពេលនោះបានធ្វើឲ្យផែនដីកក្រើក ប៉ុន្ដែឥឡូវនេះ ព្រះអង្គបានសន្យាថា៖ «យើងនឹងធ្វើឲ្យកក្រើកម្ដងទៀត គឺមិនត្រឹមតែផែនដីប៉ុណ្ណោះទេ ផ្ទៃមេឃក៏កក្រើកដែរ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅពេលនោះ ព្រះសូរសៀងរបស់ព្រះអង្គបានធ្វើឲ្យផែនដីកក្រើក តែឥឡូវនេះ ព្រះអង្គបានសន្យាថា «យើងនឹងធ្វើឲ្យកក្រើកម្តងទៀត មិនត្រឹមតែផែនដីប៉ុណ្ណោះ គឺទាំងផ្ទៃមេឃថែមទៀតផង» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពីដើម ព្រះសូរសៀងរបស់ព្រះអង្គបានធ្វើឲ្យកក្រើកផែនដី ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលសន្យាថាៈ«ម្ដងនេះទៀត យើងនឹងធ្វើឲ្យកក្រើកមិនត្រឹមតែផែនដីប៉ុណ្ណោះទេ គឺកក្រើកទាំងផ្ទៃមេឃផងដែរ» ។ អាល់គីតាប ពីដើម សំឡេងរបស់ទ្រង់បានធ្វើឲ្យកក្រើកផែនដី ឥឡូវនេះ ទ្រង់មានបន្ទូលសន្យាថាៈ«ម្ដងនេះទៀត យើងនឹងធ្វើឲ្យកក្រើកមិនត្រឹមតែផែនដីប៉ុណ្ណោះទេ គឺកក្រើកទាំងផ្ទៃមេឃផងដែរ»។ |
ឯភ្នំស៊ីណាយក៏ហុយផ្សែងឡើងពេញទាំងអស់ ដ្បិតព្រះយេហូវ៉ាទ្រង់យាងចុះមកលើភ្នំគង់ក្នុងភ្លើង ផ្សែងនោះហុយឡើងដូចជាផ្សែងនៃគុកភ្លើង តួភ្នំទាំងមូលក៏កក្រើករំពើកយ៉ាងខ្លាំង។
ដូច្នេះ អញនឹងធ្វើឲ្យផ្ទៃមេឃញាប់ញ័រ ហើយផែនដីនឹងត្រូវកក្រើករំពើកចេញពីកន្លែងធម្មតា គឺក្នុងគ្រានៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ហើយក្នុងថ្ងៃនៃសេចក្ដីខ្ញាល់ដ៏សហ័សរបស់ទ្រង់
ឯមនុស្សគេ នឹងចូលទៅក្នុងរអាងថ្ម ហើយក្នុងរូងដី ដើម្បីឲ្យបានរួចពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា នឹងពីសិរីល្អនៃឫទ្ធានុភាពរបស់ទ្រង់ គឺក្នុងកាលដែលទ្រង់ក្រោកឡើង ដើម្បីនឹងអង្រួនផែនដី ដោយឫទ្ធិយ៉ាងអស្ចារ្យ
ដ្បិតដែលផ្ទៃមេឃថ្មី នឹងផែនដីថ្មី ដែលអញនឹងបង្កើតឡើងនោះ នឹងស្ថិតស្ថេរនៅចំពោះអញជាយ៉ាងណា ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ពូជពង្សរបស់ឯង នឹងឈ្មោះឯងរាល់គ្នា ក៏នឹងស្ថិតស្ថេរនៅយ៉ាងនោះដែរ
ព្រះយេហូវ៉ានឹងស្រែកគ្រហឹមពីស៊ីយ៉ូនមក ហើយបញ្ចេញព្រះសៀងពីក្រុងយេរូសាឡិម នោះទាំងផ្ទៃមេឃ ហើយផែនដី នឹងកក្រើករំពើកទៅ តែព្រះយេហូវ៉ានឹងធ្វើជាទីពំនាក់ ដល់រាស្ត្រទ្រង់ ហើយជាទីមាំមួន ដល់ពួកកូនចៅអ៊ីស្រាអែល
ភ្នំទាំងប៉ុន្មានបានឃើញទ្រង់ ហើយក៏ភ័យខ្លាច ព្យុះភ្លៀងក៏បង្ហួសទៅ ទីជំរៅក៏បញ្ចេញសំឡេង ហើយបានលើកដៃឡើងទៅលើ
ចូរប្រាប់ដល់សូរ៉ូបាបិល ជាចៅហ្វាយលើស្រុកយូដាថា អញនឹងអង្រួនផ្ទៃមេឃ ហើយនឹងផែនដីផង
អញនឹងរំលំបល្ល័ង្កនៃរាជ្យផ្សេងៗ ហើយនឹងរំលាងបំផ្លាញឥទ្ធិឫទ្ធិរបស់រាជ្យនៃសាសន៍ទាំងប៉ុន្មាន អញនឹងបំភ្លូកអស់ទាំងរទេះចំបាំង ព្រមទាំងមនុស្សដែលជិះផង ឯសេះ នឹងពួកដែលជិះ ក៏នឹងភ្លាត់ធ្លាក់ចុះ ដោយដាវរបស់បងប្អូនគេរៀងរាល់ខ្លួន
រីឯពាក្យដែលថា «ម្តងទៀត» នោះសំដែងថា របស់ដែលត្រូវកក្រើក នោះត្រូវរើចេញ ទុកដូចជារបស់ដែលបានធ្វើហើយ ដើម្បីឲ្យរបស់ដែលមិនបានកក្រើកទាំងប៉ុន្មាន បានធន់នៅវិញ
ឱព្រះយេហូវ៉ាអើយ កាលទ្រង់បានយាងចេញពីភ្នំសៀរ កាលទ្រង់បានយាងមកពីស្រុកអេដំម នោះផែនដីក៏ញ័រឡើង ផ្ទៃមេឃក៏ទូទឹម ហើយពពកបានបង្អុរទឹកចុះ