សាការី 1:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញបានវិលមកឯក្រុងយេរូសាឡិមទាំងមានសេចក្ដីអាណិតមេត្តា វិហាររបស់អញនឹងបានសង់ឡើងវិញនៅទីនេះ ហើយនឹងមានខ្សែវាស់សន្ធឹងនៅលើក្រុងយេរូសាឡិម នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា: “យើងបានត្រឡប់មកឯយេរូសាឡិមវិញជាមួយនឹងសេចក្ដីមេត្តាហើយ។ ដំណាក់របស់យើងនឹងត្រូវបានសង់ឡើងវិញនៅទីនេះ ហើយខ្សែរង្វាស់នឹងត្រូវបានសន្ធឹងនៅលើយេរូសាឡិម”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានវិលមកក្រុងយេរូសាឡិម ទាំងមានសេចក្ដីអាណិតមេត្តា វិហាររបស់យើងនឹងបានសង់ឡើងវិញនៅទីនេះ ហើយនឹងមានខ្សែវាស់សន្ធឹងនៅលើក្រុងយេរូសាឡិម នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងវិលមកក្រុងយេរូសាឡឹមវិញ ដោយចិត្តអាណិតអាសូរ។ ដំណាក់របស់យើងនឹងត្រូវសង់ឡើងវិញ ហើយគេនឹងយកខ្សែរង្វាស់មកវាស់ក្រុងយេរូសាឡឹម ដើម្បីជួសជុលឡើងវិញដែរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ អាល់គីតាប ហេតុនេះ អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងនឹងវិលមកក្រុងយេរូសាឡឹមវិញ ដោយចិត្តអាណិតអាសូរ។ ដំណាក់របស់យើងនឹងត្រូវសង់ឡើងវិញ ហើយគេនឹងយកខ្សែរង្វាស់មកវាស់ក្រុងយេរូសាឡឹម ដើម្បីជួសជុលឡើងវិញដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ |
នៅគ្រានោះឯងនឹងនិយាយថា ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទោះបើទ្រង់បានខ្ញាល់នឹងទូលបង្គំក៏ដោយ តែឥឡូវនេះ សេចក្ដីខ្ញាល់នោះបានបែរចេញទៅហើយ ទ្រង់បានកំសាន្តចិត្តទូលបង្គំវិញ
តែទុង នឹងប្រមា នឹងបានស្រុកនោះជាលំនៅវិញ ហើយគូក នឹងក្អែក នឹងអាស្រ័យនៅទីនោះដែរ ទ្រង់នឹងសន្ធឹងខ្សែវាស់នៅលើស្រុកនោះ ឲ្យត្រូវខូចបង់ ហើយស្ទង់កូនតឹង ឲ្យត្រូវសូន្យទទេ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងនាំពួកឈ្លើយ ដែលចាប់ពីត្រសាលរបស់យ៉ាកុប ឲ្យត្រឡប់មកវិញ អញនឹងមានសេចក្ដីអាសូរដល់ទីលំនៅរបស់គេ ហើយទីក្រុងនឹងបានសង់ឡើងវិញ នៅលើគំនរចាស់ ហើយដំណាក់នឹងមាននៅដូចពីដើម
ទ្រង់នាំខ្ញុំទៅឯទីនោះ ខ្ញុំក៏ឃើញមានមនុស្សម្នាក់មានភាពដូចជាលង្ហិន ដែលកាន់ខ្សែខ្លូតទេសនៅដៃ នឹងបបុសសំរាប់វាស់ផង លោកឈរនៅក្នុងទ្វារ
លុះបានចេញទៅខាងកើត មនុស្សនោះក៏វាស់១ពាន់ហត្ថ ដោយខ្សែដែលកាន់នៅដៃ នោះលោកឲ្យខ្ញុំលុយកាត់ទឹក ឯទឹកនោះបានត្រឹមភ្នែកគោ
ឯព័ទ្ធជុំវិញទីក្រុងនោះ ត្រូវជា១ម៉ឺន៨ពាន់ខ្នាត ហើយតាំងពីថ្ងៃនោះតទៅ ទីក្រុងនោះត្រូវមានឈ្មោះថា «ព្រះយេហូវ៉ាទ្រង់គង់នៅទីនេះ»។:៚
ខណៈនោះ ព្រះយេហូវ៉ា ទ្រង់ដាស់តឿនចិត្តរបស់សូរ៉ូបាបិល កូនសាលធាល ជាចៅហ្វាយលើស្រុកយូដា ហើយនឹងចិត្តរបស់យេសួរ ជាកូនយ៉ូសាដាក ដ៏ជាសង្ឃធំ ព្រមទាំងចិត្តរបស់សំណល់នៃបណ្តាជនទាំងឡាយផង នោះគេក៏មកធ្វើការសង់ព្រះវិហាររបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ ជាព្រះនៃខ្លួនគេឡើង
អញនឹងចំរើនកំឡាំងពួកវង្សយូដា អញនឹងជួយសង្គ្រោះពួកវង្សយ៉ូសែប ហើយនឹងនាំគេមកវិញ ដ្បិតអញមានសេចក្ដីអាណិតមេត្តាដល់គេ យ៉ាងនោះ គេនឹងមានសណ្ឋាន ដូចជាអញមិនបានបោះបង់ចោលគេឡើយ ដ្បិតអញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេ ហើយអញនឹងស្តាប់គេ
ដោយប្រាប់ថា ចូររត់ទៅប្រាប់មនុស្សកំឡោះនោះថា ក្រុងយេរូសាឡិមនឹងមានមនុស្សអាស្រ័យនៅ ដូចជានៅអស់ទាំងភូមិដែលឥតមានកំផែង ដោយព្រោះមានមនុស្ស នឹងសត្វយ៉ាងសន្ធឹកនៅក្នុងនោះ
ដ្បិតអញនឹងបានជាកំផែងភ្លើងដល់ទីក្រុងនៅព័ទ្ធជុំវិញ ហើយនឹងជាសិរីល្អនៅកណ្តាលនេះដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ហឺយៗ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ចូររត់ចេញពីស្រុកខាងជើងមក ដ្បិតអញបានបែងចែកឯងរាល់គ្នាទៅ ដូចជាខ្យល់ទាំង៤នៅលើអាកាស នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
ដៃនៃសូរ៉ូបាបិលបានដាំឫសព្រះវិហារនេះ ហើយដៃលោកនឹងធ្វើបង្ហើយផង នោះឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានចាត់អញមកឯឯង
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ អញបានវិលមកឯក្រុងស៊ីយ៉ូន ហើយក៏នឹងអាស្រ័យនៅកណ្តាលក្រុងយេរូសាឡិម នោះក្រុងយេរូសាឡិមនឹងបានហៅថា ជាទីក្រុងនៃសេចក្ដីពិត ហើយភ្នំរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងបានហៅថាជាភ្នំបរិសុទ្ធ