ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 28:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពូជ​ឯង​នឹង​មាន​គ្នា​ច្រើន​ដូច​ជា​ធូលី​ដី ហើយ​ឯង​នឹង​បាន​វាត​ទី​ទៅ​ខាង​លិច ខាង​កើត ខាង​ជើង ហើយ​ខាង​ត្បូង គ្រប់​ទាំង​គ្រួសារ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​ឯង​នឹង​ពូជ​ឯង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពូជពង្ស​របស់អ្នក​នឹង​បាន​ដូចជា​ធូលី​នៃ​ផែនដី ហើយ​អ្នក​នឹង​រីកសាយ​ទៅ​ទិសខាងលិច ទិសខាងកើត ទិសខាងជើង និង​ទិសខាងត្បូង​; ពូជអម្បូរ​ទាំងអស់​នៅលើ​ផែនដី​នឹង​ទទួលពរ​តាមរយៈ​អ្នក និង​តាមរយៈ​ពូជពង្ស​របស់អ្នក​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពូជ‌ពង្ស​របស់​អ្នក​នឹង​មាន​គ្នា​ច្រើន​ដូច​ធូលី​ដី ហើយ​អ្នក​នឹង​បាន​វាត​ទី​ទៅ​ខាង​លិច ខាង​កើត ខាង​ជើង និង​ខាង​ត្បូង គ្រប់​ទាំង​ក្រុម​គ្រួសារ​នៅ​ផែន‌ដី​នឹង​បាន​ពរ​ដោយ‌សារ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពូជ‌ពង្ស​របស់​អ្នក​នឹង​មាន​ចំនួន​ច្រើន​ដូច​ធូលី​ដី។ ទឹក​ដី​របស់​អ្នក​នឹង​លាត​សន្ធឹង​ទៅ​ទិស​ខាង​លិច ទិស​ខាង​កើត ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង។ ក្រុម​គ្រួសារ​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​បាន​ទទួល​ពរ​ដោយ‌សារ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក។

សូមមើលជំពូក

អាល់គីតាប

ពូជ‌ពង្ស​របស់​អ្នក​នឹង​មាន​ចំនួន​ច្រើន​ដូច​ធូលី​ដី។ ទឹក​ដី​របស់​អ្នក​នឹង​លាត​សន្ធឹង​ទៅ​ទិស​ខាង​លិច ទិស​ខាង​កើត ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង។ ក្រុម​គ្រួសារ​ទាំង​អស់​នៅ​លើ​ផែនដី នឹង​បាន​ទទួល​ពរ ដោយ​សារ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក។

សូមមើលជំពូក



លោកុ‌ប្បត្តិ 28:14
26 ការដាក់ឲ្យឆ្លើយតបគ្នា  

អញ​នឹង​ឲ្យ​ពរ​ដល់​អស់​អ្នក​ណា​ដែល​ឲ្យ​ពរ​ដល់​ឯង ហើយ​នឹង​ដាក់​បណ្តាសា​ដល់​អស់​អ្នក​ណា​ដែល​ផ្តាសា​ឯង គ្រប់​ទាំង​គ្រួ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​ឯង


គ្រា​ក្រោយ​ដែល​ឡុត​បាន​ឃ្លាត​ចេញ​ទៅ នោះ​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​នឹង​អាប់រ៉ាម​ថា ចូរ​ឯង​ងើប​ភ្នែក​ឡើង​ឥឡូវ ហើយ​មើល​ពី​កន្លែង​ឯង​នោះ ទៅ​ខាង​ជើង ខាង​ត្បូង ខាង​កើត ហើយ​ខាង​លិច​ចុះ


ដ្បិត​ស្រុក​ទាំង​ប៉ុន្មាន​ដែល​ឯង​មើល​ឃើញ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង នឹង​ពូជ​ឯង​ជា​ដរាប​ត​ទៅ


អញ​នឹង​ធ្វើ​ឲ្យ​ពូជ​ឯង​បាន​ចំរើន​ឡើង​ដូច​ជា​ធូលី​ដី បាន​ជា​បើ​អ្នក​ណា​អាច​នឹង​រាប់​ធូលី​ដី​បាន នោះ​នឹង​រាប់​ពូជ​ឯង​បាន​ដែរ


ដ្បិត​អ័ប្រា‌ហាំ​នឹង​ត្រឡប់​ជា​នគរ​១​យ៉ាង​ធំ ហើយ​ពូកែ​ជា​ពិត​ប្រាកដ គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​គាត់


នោះ​អញ​នឹង​ឲ្យ​ពរ​ដល់​ឯង ហើយ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ពូជ​ឯង​នឹង​បាន​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង​នៃ​ពួក​ខ្មាំង​សត្រូវ


គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​ពូជ​ឯង ពី​ព្រោះ​ឯង​បាន​ស្តាប់​តាម​ពាក្យ​អញ


អញ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​បាន​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ ហើយ​នឹង​ឲ្យ​ស្រុក​ទាំង​នេះ​ទៅ​ពូជ​ឯង រួច​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ ដោយ‌សារ​ពូជ​ឯង


ទ្រង់​បាន​មាន​បន្ទូល​ថា អញ​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង​ជា​ពិត​ប្រាកដ ហើយ​នឹង​ធ្វើ​ឲ្យ​ពូជ​ឯង​បាន​គ្នា​ច្រើន ដូច​ជា​ខ្សាច់​នៅ​សមុទ្រ​ដែល​ប្រមាណ​មិន​បាន។


គឺ​ជា​ទេវតា ដែល​បាន​ជួយ​ឲ្យ​អញ​រួច ពី​គ្រប់​ទាំង​សេចក្ដី​អាក្រក់ សូម​ទ្រង់​ប្រទាន​ពរ​ដល់​ក្មេង​ទាំង​២​នេះ ហើយ​ឲ្យ​វា​បាន​ហៅ​តាម​ឈ្មោះ​អញ តាម​ឈ្មោះ​អ័ប្រា‌ហាំ​ជា​ជីតា នឹង​អ៊ីសាក​ជា​ឪពុក​អញ សូម​ឲ្យ​វា​បាន​ចំរើន​ឡើង មាន​គ្នា​សន្ធឹក​នៅ​លើ​ផែនដី


តែ​ឪពុក​មិន​ព្រម​សោះ ក៏​និយាយ​ថា អញ​ដឹង​ហើយ កូន​អើយ អញ​ដឹង​ហើយ វា​នឹង​បាន​ត្រឡប់​ជា​ពួក​១​ដែរ ហើយ​នឹង​បាន​ធំ​ផង ប៉ុន្តែ ប្អូន​នឹង​បាន​ធំ​ជាង ពូជ​វា​នឹង​ត្រឡប់​ទៅ​ជា​នគរ​១​ដ៏​ពោរ‌ពេញ


ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​ឲ្យ​សេចក្ដី​ដែល​ទ្រង់​បាន​សន្យា​នឹង​ដាវីឌ ជា​បិតា​ទូលបង្គំ បាន​តាំង​ខ្ជាប់‌ខ្ជួន​ឡើង ដ្បិត​ទ្រង់​បាន​លើក​ទូលបង្គំ​ឡើង ជា​ស្តេច​លើ​សាសន៍១​មាន​គ្នា​ច្រើន​ដូច​ជា​ផង់​ធូលី​នៅ​ផែនដី


នាម​ទ្រង់​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប គឺ​នឹង​មាន​នៅ​អស់​អំឡុង​ដែល​នៅ​មាន​ព្រះ‌អាទិត្យ​ភ្លឺ​ត​ទៅ ហើយ​មនុស្ស​ទាំង‌ឡាយ​នឹង​បាន​ពរ​ដោយ‌សារ​ទ្រង់ អស់​ទាំង​សាសន៍​នឹង​ហៅ​ទ្រង់​ថា ជា​អ្នក​មាន​ពរ។


សូម​ទ្រង់​នឹក​ចាំ​ពី​អ័ប្រា‌ហាំ អ៊ីសាក ហើយ​នឹង​អ៊ីស្រាអែល​ជា​អ្នក​បំរើ​ទ្រង់ ដែល​ទ្រង់​បាន​ស្បថ​នឹង​អ្នក​ទាំង​នោះ ដោយ​ព្រះ‌អង្គ​ទ្រង់​ថា «អញ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​បាន​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ ឯ​ស្រុក​ទាំង​នេះ​ដែល​អញ​បាន​សន្យា​នឹង​ឯង​ថា នឹង​ឲ្យ​ដល់​ពូជ​ឯង ឲ្យ​គេ​បាន​ទទួល​ទុក​ជា​មរដក​ជា​រៀង‌រាប​ត​ទៅ»


ដ្បិត​ឯង​នឹង​បាន​រាន​ទី​ចេញ​ទៅ​ខាង​ស្តាំ នឹង​ខាង​ឆ្វេង ហើយ​ពូជ‌ពង្ស​របស់​ឯង​នឹង​ចាប់​បាន​អស់​ទាំង​សាសន៍​ជា​របស់​ផង​ខ្លួន នឹង​ឲ្យ​អស់​ទាំង​ទី​ក្រុង​ដែល​ចោល​ស្ងាត់​បាន​មាន​មនុស្ស​អាស្រ័យ​នៅ​វិញ។


តើ​អ្នក​ណា​នឹង​រាប់​ធូលី​របស់​យ៉ាកុប​បាន ឬ​រាប់​ចំនួន​នៃ​សាសន៍​អ៊ីស្រាអែល​១​ភាគ​ក្នុង​៤​បាន សូម​តែ​ឲ្យ​ខ្ញុំ​បាន​ស្លាប់​ដូច​ជា​ពួក​សុចរិត​នោះ​ចុះ ហើយ​សូម​ឲ្យ​ទី​បំផុត​នៃ​ជីវិត​របស់​ខ្ញុំ​បាន​ដូច​ជា​គេ​ដែរ។


ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន ពី​ទិស​ខាង​កើត នឹង​ទិស​ខាង​លិច មក​អង្គុយ​ជា​មួយ​នឹង​លោក​អ័ប្រាហាំ លោក​អ៊ីសាក នឹង​លោក​យ៉ាកុប នៅ​ក្នុង​នគរ​ស្ថាន‌សួគ៌


អ្នក​រាល់​គ្នា​ជា​ដំណ​វង្ស​នៃ​ពួក​ហោរា នឹង​សេចក្ដី​សញ្ញា ដែល​ព្រះ​បាន​តាំង​នឹង​ពួក​ឰយុកោ​យើង​រាល់​គ្នា ដោយ​មាន​បន្ទូល​នឹង​លោក​អ័ប្រា‌ហាំ​ថា «អស់​ទាំង​គ្រួសារ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​ពូជ​ឯង»


រីឯ​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន នោះ​បាន​តាំង​នឹង​លោក​អ័ប្រា‌ហាំ ហើយ​នឹង​ពូជ​លោក តែ​ទ្រង់​មិន​បាន​មាន​បន្ទូល​ថា «នឹង​ពូជ​ទាំង​ប៉ុន្មាន» ដូច​ជា​មាន​ពូជ​ជា​ច្រើន​នោះ​ទេ គឺ​ចំពោះ​ពូជ​តែ​១​វិញ ដោយ​ថា «នឹង​ពូជ​លោក​១​នោះ​ឯង» គឺ​ជា​ព្រះ‌គ្រីស្ទ


ហើយ​ដោយ​គម្ពីរ​បាន​ដឹង​ជា​មុន​ថា ព្រះ‌ទ្រង់​នឹង​រាប់​ពួក​សាសន៍​ដទៃ​ជា​សុចរិត ដោយ​សេចក្ដី​ជំនឿ បាន​ជា​មាន​សេចក្ដី​ប្រកាស​ប្រាប់​មក ដល់​លោក​អ័ប្រា‌ហាំ​ជា​មុន​ថា «អស់​ទាំង​សាសន៍​នឹង​បាន​ពរ​ដោយ‌សារ​ឯង»


សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះ‌ពរ​ខាង​ព្រលឹង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់


កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​វាត​ព្រំ​ស្រុក​ឯង​ឲ្យ​ធំ​ឡើង ដូច​ជា​ទ្រង់​បាន​សន្យា ហើយ​ឯង​នឹក​ក្នុង​ចិត្ត ដោយ​មាន​សេចក្ដី​ប្រាថ្នា​ចង់​បរិភោគ​សាច់​ថា អញ​ចង់​ស៊ី​សាច់​ណាស់ នោះ​នឹង​បរិភោគ​បាន​តាម​បំណង​ចិត្ត


ក៏​មិន​ត្រូវ​មាន​អ្វី​ពី​របស់​ដែល​ត្រូវ​បំផ្លាញ​ទាំង​នោះ នៅ​ក្នុង​ដៃ​ឯង​ដែរ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​បាត់​សេចក្ដី​ខ្ញាល់​ដ៏​ក្តៅ​ក្រហាយ​ចេញ បែរ​មក​មាន​សេចក្ដី​មេត្តា‌ករុណា នឹង​សេចក្ដី​អាណិត‌អាសូរ​ដល់​ឯង​វិញ ព្រម​ទាំង​ចំរើន​ឯង​ឲ្យ​ច្រើន​ឡើង ដូច​ជា​ទ្រង់​ស្បថ​នឹង​ពួក​ឰយុកោ​ឯង​ផង


ខ្ញុំ​ក៏​ឮ​ចំនួន​ពួក​អ្នក ដែល​បាន​បោះ​ត្រា​នោះ​ថា មាន​១​សែន​៤​ម៉ឺន​៤​ពាន់​នាក់ ដែល​មក​ពី​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​ជន‌ជាតិ​អ៊ីស្រាអែល


ក្រោយ​នោះ​មក ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា ក៏​ឈរ​នៅ​មុខ​បល្ល័ង្ក នឹង​កូន​ចៀម ទាំង​ពាក់​អាវ​ស​វែង ហើយ​កាន់​ធាង​ចាក​នៅ​ដៃ