ត្រូវឲ្យធ្វើសំលៀកបំពាក់បរិសុទ្ធ សំរាប់អើរ៉ុន បងឯង សំរាប់ជាកិត្តិយស ហើយនឹងភាពលំអ
លេវីវិន័យ 8:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចម៉ូសេក៏យកប្រេងលាប នឹងឈាមខ្លះដែលនៅលើអាសនាទៅប្រោះលើអើរ៉ុន លើសំលៀកបំពាក់របស់លោក ព្រមទាំងលើពួកកូនលោក នឹងសំលៀកបំពាក់របស់ពួកកូននោះផង ហើយញែកអើរ៉ុននឹងសំលៀកបំពាក់លោក ព្រមទាំងពួកកូនលោក នឹងសំលៀកបំពាក់របស់គេចេញជាបរិសុទ្ធទាំងអស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចលោកម៉ូសេក៏យកប្រេងលាប និងឈាមខ្លះដែលនៅលើអាសនាទៅប្រោះលើលោកអើរ៉ុន លើសម្លៀកបំពាក់របស់លោក ព្រមទាំងលើពួកកូនលោក និងសម្លៀកបំពាក់របស់ពួកកូននោះផង ហើយញែកលោកអើរ៉ុន និងសម្លៀកបំពាក់លោក ព្រមទាំងពួកកូនលោក និងសម្លៀកបំពាក់របស់គេចេញជាបរិសុទ្ធទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេយកប្រេងសម្រាប់ធ្វើពិធីតែងតាំង និងឈាមខ្លះនៅលើអាសនៈ ប្រោះលើលោកអើរ៉ុន ព្រមទាំងសម្លៀកបំពាក់របស់លោក ហើយប្រោះលើកូនៗរបស់លោកអើរ៉ុន ព្រមទាំងសម្លៀកបំពាក់របស់ពួកគេ។ ធ្វើរបៀបនេះ លោកញែកលោកអើរ៉ុន និងកូនប្រុសរបស់លោក រួមទាំងសម្លៀកបំពាក់របស់ពួកគេ ឲ្យទៅជាវិសុទ្ធ។ អាល់គីតាប ម៉ូសាយកប្រេងសម្រាប់ធ្វើពិធីតែងតាំង និងឈាមខ្លះនៅលើអាសនៈប្រោះលើហារូន ព្រមទាំងសម្លៀកបំពាក់របស់លោក ហើយប្រោះលើកូនៗរបស់ហារូន ព្រមទាំងសម្លៀកបំពាក់របស់ពួកគេ។ ធ្វើរបៀបនេះគាត់ញែកហារូន និងកូនប្រុសរបស់គាត់រួមទាំងសម្លៀកបំពាក់របស់ពួកគេ ឲ្យទៅជាបរិសុទ្ធ។ |
ត្រូវឲ្យធ្វើសំលៀកបំពាក់បរិសុទ្ធ សំរាប់អើរ៉ុន បងឯង សំរាប់ជាកិត្តិយស ហើយនឹងភាពលំអ
ត្រូវឲ្យយកឈាមខ្លះដែលនៅលើអាសនា នឹងប្រេងទៅប្រោះលើអើរ៉ុន លើសំលៀកបំពាក់លោក លើពួកកូនលោក នឹងសំលៀកបំពាក់ពួកកូនលោកផង នោះលោកនឹងបានបរិសុទ្ធ ព្រមទាំងសំលៀកបំពាក់ ហើយពួកកូនលោក នឹងសំលៀកបំពាក់របស់គេដែរ
រួចត្រូវឲ្យចាក់ប្រេងលើអើរ៉ុន នឹងពួកកូនលោក ព្រមទាំងញែកគេចេញជាបរិសុទ្ធ ឲ្យបានធ្វើការងារជាសង្ឃដល់អញ
ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ា ទ្រង់សណ្ឋិតលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង នឹងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង
នឹងចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលំអជំនួសផេះ ហើយប្រេងនៃសេចក្ដីអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យទ្រង់បានថ្កើងឡើង។
ម៉ូសេក៏និយាយនឹងអើរ៉ុនថា នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាមានបន្ទូលមកថា ត្រូវឲ្យអស់អ្នកដែលចូលមកជិតអញ បានលើកអញជាបរិសុទ្ធ ហើយត្រូវឲ្យអញបានសិរីល្អនៅចំពោះមុខជនទាំងឡាយដែរ ដូច្នេះអើរ៉ុនក៏នៅស្ងៀម
នេះហើយជាចំណែករបស់អើរ៉ុន នឹងជាចំណែករបស់ពួកកូនលោក ពីអស់ទាំងដង្វាយដែលដុតថ្វាយព្រះយេហូវ៉ា ចាប់តាំងពីថ្ងៃដែលបានតាំងគេឲ្យធ្វើការងារជាសង្ឃថ្វាយព្រះយេហូវ៉ាតទៅ
គឺជាចំណែកដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យពួកកូនចៅអ៊ីស្រាអែលប្រគល់ដល់គេ នៅថ្ងៃដែលបានចាក់លាបប្រេងតាំងឡើង នេះហើយជាចំណែករបស់គេនៅអស់កល្បជានិច្ច ដល់អស់ទាំងដំណរបស់គេតរៀងទៅ។
នេះហើយជាឈ្មោះរបស់ពួកកូនអើរ៉ុន ដែលគេបានចាក់ប្រេងតាំងឡើងធ្វើជាសង្ឃ ហើយបានញែកចេញសំរាប់នឹងបំរើក្នុងការងារជាសង្ឃ
ពីព្រោះព្រះអង្គ ដែលញែកជាបរិសុទ្ធ នឹងពួកអ្នកដែលទ្រង់ញែកជាបរិសុទ្ធ នោះសុទ្ធតែកើតមកពីព្រះតែ១ បានជាទ្រង់មិនខ្មាសនឹងហៅគេជាបងប្អូនទេ
ជាពួកអ្នករើសតាំង តាមបព្វញាណនៃព្រះដ៏ជាព្រះវរបិតា ដោយព្រះវិញ្ញាណទ្រង់ញែកជាបរិសុទ្ធ ដើម្បីឲ្យបានស្តាប់បង្គាប់ ព្រមទាំងបានព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទប្រោះលើខ្លួន សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្ដីសុខសាន្ត កាន់តែច្រើនឡើង។
រីឯដំណើរដែលទ្រង់ចាក់លាបឲ្យ នោះក៏នៅជាប់នឹងអ្នករាល់គ្នាពិត ហើយអ្នករាល់គ្នាមិនត្រូវការ ឲ្យអ្នកណាបង្រៀនពីការអ្វីទេ ប៉ុន្តែ ដូចជាដំណើរចាក់លាបនោះ បានបង្រៀនពីគ្រប់ការទាំងអស់ ហើយមិនមែនជាសេចក្ដីកំភូតទេ គឺជាសេចក្ដីពិតវិញ នោះត្រូវឲ្យអ្នករាល់គ្នានៅជាប់ក្នុងទ្រង់ចុះ តាមដែលដំណើរនោះបានបង្រៀនមក
ខ្ញុំក៏ឆ្លើយទៅថា លោកម្ចាស់អើយ លោកជ្រាបហើយ រួចអ្នកនោះនិយាយមកខ្ញុំថា អ្នកទាំងនោះជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម