ហើយម៉ិលគីស្សាដែកជាស្តេចក្រុងសាឡិម ក៏នាំយកនំបុ័ង នឹងស្រាទំពាំងបាយជូរមក ពីព្រោះទ្រង់ជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត
លូកា 24:44 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានបន្ទូលថា នេះហើយជាសេចក្ដីដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលនៅជាមួយគ្នានៅឡើយ គឺថា ត្រូវតែសំរេចគ្រប់ទាំងសេចក្ដីដែលបានចែងទុកពីខ្ញុំ ទោះក្នុងក្រិត្យវិន័យលោកម៉ូសេ ក្នុងទំនាយពួកហោរា ឬក្នុងបទទំនុកដំកើងផង ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ទាំងនេះជាពាក្យរបស់ខ្ញុំ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ គឺថាសេចក្ដីទាំងអស់ដែលមានសរសេរទុកមកអំពីខ្ញុំ ក្នុងក្រឹត្យវិន័យរបស់ម៉ូសេ គម្ពីរព្យាការី និងគម្ពីរទំនុកតម្កើង ត្រូវតែបានបំពេញឲ្យសម្រេច”។ Khmer Christian Bible រួចក៏មានបន្ទូលទៅពួកគេថា៖ «ទាំងនេះជាពាក្យសំដីរបស់ខ្ញុំ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ គឺបានប្រាប់ថា សេចក្ដីទាំងអស់ដែលបានចែងទុកអំពីខ្ញុំនៅក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ គម្ពីររបស់ពួកអ្នកនាំព្រះបន្ទូល និងទំនុកតម្កើងត្រូវតែសម្រេច»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «នេះហើយជាសេចក្តីដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលនៅជាមួយគ្នានៅឡើយ គឺថា ត្រូវតែសម្រេចគ្រប់ទាំងសេចក្តីដែលបានចែងទុកពីខ្ញុំ ទោះក្នុងក្រឹត្យវិន័យលោកម៉ូសេ ក្នុងទំនាយពួកហោរា ឬក្នុងបទទំនុកតម្កើងក្តី»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា សេចក្ដីទាំងអស់ដែលមានចែងទុកអំពីខ្ញុំ ក្នុងគម្ពីរវិន័យ*របស់លោកម៉ូសេ ក្នុងគម្ពីរព្យាការី* និងក្នុងគម្ពីរទំនុកតម្កើង * ត្រូវតែកើតមាន»។ អាល់គីតាប បន្ទាប់មក អ៊ីសាមានប្រសាសន៍ថា៖ «កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា សេចក្ដីទាំងអស់ដែលមានចែងទុកអំពីខ្ញុំក្នុងគីតាបហ៊ូកុំរបស់ណាពីម៉ូសា ក្នុងគីតាបណាព និងក្នុងគីតាបសាបូរត្រូវតែកើតមាន»។ |
ហើយម៉ិលគីស្សាដែកជាស្តេចក្រុងសាឡិម ក៏នាំយកនំបុ័ង នឹងស្រាទំពាំងបាយជូរមក ពីព្រោះទ្រង់ជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត
អញនឹងធ្វើឲ្យឯង ហើយនឹងស្ត្រី គឺទាំងពូជឯង នឹងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ
ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ឬអំណាចគ្រប់គ្រងពីជើងវាឡើយ ដរាបដល់ស៊ីឡូរបានមកដល់ នោះបណ្តាជនទាំងឡាយនឹងចុះចូលចំពោះទ្រង់
ហេតុនោះបានជា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា មើល អញដាក់ថ្ម១នៅក្រុងស៊ីយ៉ូន ទុកជាជើងជញ្ជាំង ជាថ្មដែលបានល្បងលហើយ ជាថ្មទីជ្រុងដ៏មានដំឡៃ ដែលបានដាក់យ៉ាងមាំមួន ឯអ្នកណាដែលជឿ នោះមិនត្រូវរួសរាន់ឡើយ
មើល អ្នកបំរើរបស់អញនឹងប្រព្រឹត្តដោយប្រយ័តប្រយែង ទ្រង់នឹងបានដំកើងឡើង គេនឹងលើកទ្រង់ឡើងឲ្យគង់នៅទីខ្ពស់ណាស់
ដូច្នេះព្រះអម្ចាស់ទ្រង់នឹងប្រទានទីសំគាល់១មកអ្នករាល់គ្នា ដោយព្រះអង្គទ្រង់ មើល នាងព្រហ្មចារីនឹងមានគភ៌ ប្រសូតបានបុត្រា១ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល
ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវរបិតាដ៏គង់នៅអស់កល្ប នឹងជាម្ចាស់នៃមេត្រីភាព
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងបង្កើតឲ្យដាវីឌមានលំពង់សុចរិត១ លំពង់នោះទ្រង់នឹងសោយរាជ្យទុកដូចជាស្តេច ហើយនឹងប្រព្រឹត្តដោយវាងវៃ ព្រមទាំងសំរេចសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិតនៅក្នុងស្រុកផង
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងសំរេចតាមពាក្យល្អ ដែលអញបាននិយាយពីដំណើរពួកវង្សអ៊ីស្រាអែល នឹងពួកវង្សយូដា
ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា អញនឹងកាច់យកចុងដើមតាត្រៅយ៉ាងខ្ពស់ ទៅដាំចុះ អញនឹងកាច់យកលំពង់១យ៉ាងទន់ ពីចុងបំផុតរបស់ដើមនោះទៅដាំនៅលើភ្នំយ៉ាងខ្ពស់ស្រឡេត
អញនឹងតាំងអ្នកគង្វាលតែ១ ឲ្យថែមើលវា អ្នកនោះនឹងឃ្វាលវា គឺដាវីឌ ជាអ្នកបំរើរបស់អញ គាត់នឹងកៀងនាំវាទៅឲ្យស៊ី ហើយនឹងធ្វើជាអ្នកគង្វាលដល់ហ្វូង
រីឯនៅគ្រានៃស្តេចទាំងនោះ ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង ដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច
ខ្ញុំក៏ឃើញ ក្នុងការជាក់ស្តែងពេលយប់នោះ មាន១អង្គដូចជាមនុស្សជាតិ ទ្រង់យាងមកក្នុងពពកឰដ៏អាកាស ទ្រង់យាងមកឯព្រះដ៏មានព្រះជន្មពីបុរាណនោះ ហើយមានគេនាំចូលទៅចំពោះព្រះអង្គ
ក្រោយនោះ ពួកកូនចៅអ៊ីស្រាអែលនឹងវិលមកវិញ ហើយនឹងស្វែងរកព្រះយេហូវ៉ា ជាព្រះនៃគេ នឹងដាវីឌ ជាស្តេចរបស់គេ នៅជាន់ក្រោយបង្អស់ គេនឹងមកពឹងជ្រកនឹងព្រះយេហូវ៉ា ហើយនឹងសេចក្ដីសប្បុរសនៃទ្រង់ ដោយញាប់ញ័រ។
នៅថ្ងៃនោះអញនឹងលើកទីលំនៅរបស់ដាវីឌឡើងវិញ គឺជាទីដែលត្រូវរលំ ហើយនឹងបិទចន្លោះបាក់បែកឲ្យជិត អញនឹងលើកទីខូចបង់ឡើង ហើយសង់ឡើងឲ្យដូចជាកាលពីដើម
អញនឹងចាក់និស្ស័យមកលើពួកវង្សដាវីឌ នឹងពួកអ្នកនៅក្រុងយេរូសាឡិម ឲ្យគេមានចិត្តប្រកបដោយគុណ នឹងសេចក្ដីទូលអង្វរ នោះគេនឹងគន់មើលអ្នកដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែមួយ គេនឹងយំខ្សឹកខ្សួលនឹងអ្នកនោះដូចជាយំនឹងកូនច្បងរបស់ខ្លួន
ព្រះយេហូវ៉ា នៃពួកពលបរិវារ ទ្រង់មានបន្ទូលថា ម្នាលដាវអើយ ចូរភ្ញាក់ឡើងទាស់នឹងអ្នកគង្វាលរបស់អញ ហើយទាស់នឹងមនុស្សដែលជាគូកនអញចុះ ចូរវាយអ្នកគង្វាល នោះហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ រួចអញនឹងប្រែដៃទៅលើកូនតូចៗវិញ
នៅថ្ងៃនោះ ព្រះបាទទ្រង់នឹងជាន់លើភ្នំដើមអូលីវ ដែលនៅប្រឈមនឹងក្រុងយេរូសាឡិមខាងកើត ហើយភ្នំដើមអូលីវនឹងត្រូវពុះញែកជា២ នៅចំពាក់កណ្តាល ពីទិសខាងកើតទៅទិសខាងលិច បង្កើតឲ្យមានចន្លោះយ៉ាងធំ ភ្នំមួយចំហៀងនឹងញែកទៅទិសខាងជើង ហើយ១ចំហៀងទៀតទៅទិសខាងត្បូង
ហើយប្រាប់លោកថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះ មើលមនុស្សដែលឈ្មោះថា «លំពង់» នឹងពន្លកដុះឡើងពីកន្លែងរបស់ខ្លួន ហើយនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ាឡើង
ឱកូនស្រីស៊ីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ មើល ស្តេចរបស់នាង ទ្រង់យាងមកឯនាង ទ្រង់ជាអ្នកសុចរិត ហើយមានជ័យជំនះ ទ្រង់ក៏សុភាព ទ្រង់គង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា
ហើយព្រះយេហូវ៉ាទ្រង់មានបន្ទូលមកម៉ូសេថា ចូរធ្វើពស់ភ្លើង១ ភ្ជាប់នៅលើបង្គោលទៅ ដើម្បីកាលណាអស់អ្នកដែលត្រូវពស់ចឹក គេក្រឡេកមើលទៅឃើញ នោះនឹងបានរស់នៅ
រួចត្រូវដោះអ្នកដែលបានសំឡាប់គេ ចេញពីកណ្តាប់ដៃ នៃអ្នកដែលរកសងសឹកនឹងឈាមគេនោះ ហើយត្រូវឲ្យអ្នកនោះត្រឡប់ទៅឯក្រុងពំនាក់ ដែលបានរត់ទៅជ្រកអាស្រ័យវិញ ត្រូវឲ្យគេនៅក្នុងទីក្រុងនោះ ដរាបដល់សំដេចសង្ឃដែលបានចាក់ប្រេងបរិសុទ្ធតាំងឡើងលោកសុគតទៅ
ការទាំងនោះកើតមក ដើម្បីឲ្យបានសំរេចសេចក្ដី ដែលព្រះអម្ចាស់ទ្រង់មានបន្ទូល ដោយសារហោរាថា
តាំងពីគ្រានោះមក ព្រះយេស៊ូវទ្រង់ចាប់ផ្តើមប្រាប់ដល់ពួកសិស្សថា ទ្រង់ត្រូវតែយាងទៅឯក្រុងយេរូសាឡិម ហើយត្រូវរងទុក្ខជាច្រើននៅដៃនៃពួកចាស់ទុំ ពួកសង្គ្រាជ នឹងពួកអាចារ្យ ហើយត្រូវគេធ្វើគុតផង តែក្រោយ៣ថ្ងៃមក ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ
ប៉ុន្តែ ការទាំងនេះបានកើតមក ដើម្បីឲ្យបានសំរេចតាមទំនាយពួកហោរាវិញ នោះពួកសិស្សទាំងអស់ក៏រត់ចោលទ្រង់ទៅ។
ដ្បិតទ្រង់កំពុងតែបង្រៀនពួកសិស្សថា កូនមនុស្សត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សលោក គេនឹងសំឡាប់លោក រួចដល់៣ថ្ងៃក្រោយដែលគេសំឡាប់ នោះលោកនឹងរស់ឡើងវិញ
ដ្បិតគ្រានោះជាគ្រាសងសឹក ដើម្បីនឹងសំរេចតាមគ្រប់ទាំងសេចក្ដីដែលបានចែងទុកមក
ខ្ញុំប្រាប់អ្នករាល់គ្នាថា សេចក្ដីនេះដែលបានចែងទុកមកថា «គេបានរាប់ទ្រង់ ជាពួកទទឹងច្បាប់» នោះត្រូវសំរេចលើខ្លួនខ្ញុំ ដ្បិតគ្រប់សេចក្ដីដែលដំរូវមកខ្ញុំ ត្រូវតែបានសំរេចទាំងអស់
ទ្រង់មានបន្ទូលទៅគេថា គឺសេចក្ដីនេះហើយ ដែលបានចែងទុកមក គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយនៅថ្ងៃទី៣ទ្រង់នឹងរស់ពីស្លាប់ឡើងវិញ
ដោយមានបន្ទូលថា ត្រូវឲ្យកូនមនុស្សរងទុក្ខជាច្រើន ត្រូវពួកចាស់ទុំ ពួកសង្គ្រាជ នឹងពួកអាចារ្យបោះបង់ចោល ត្រូវគេសំឡាប់ ហើយ៣ថ្ងៃក្រោយមកនឹងរស់ឡើងវិញ
ចូរអ្នករាល់គ្នាចាំពាក្យទាំងនេះ ទុកនៅក្នុងត្រចៀកចុះ ដ្បិតបន្តិចទៀត កូនមនុស្សត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សលោកហើយ
ហើយដែលលោកម៉ូសេបានលើកសត្វពស់ឡើង នៅទីរហោស្ថានជាយ៉ាងណា នោះកូនមនុស្សនឹងត្រូវគេលើកលោកឡើងយ៉ាងនោះដែរ
អ្នករាល់គ្នាស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ
បើសិនជាអ្នករាល់គ្នាជឿដល់លោកម៉ូសេពិត នោះនឹងបានជឿដល់ខ្ញុំដែរ ពីព្រោះលោកបានចែងទុកពីខ្ញុំ
ព្រះបានធ្វើសំរេចតាមសេចក្ដីសន្យាទ្រង់ ដល់យើងជាពូជនៃពួកឰយុកោនោះហើយ ដោយទ្រង់បានប្រោសឲ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ដូចមានសេចក្ដីចែងទុកមក ក្នុងទំនុកដំកើងបទទី២ថា «ឯងជាកូនអញ អញបានបង្កើតឯងនៅថ្ងៃនេះ»
ដ្បិតទ្រង់នឹងមិនទុកព្រលឹងទូលបង្គំ ឲ្យជាប់នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ក៏មិនឲ្យអ្នកបរិសុទ្ធរបស់ទ្រង់ឃើញសេចក្ដីពុករលួយដែរ
ប៉ុន្តែ សេចក្ដីដែលព្រះបានប្រកាសប្រាប់ជាមុន ដោយសារមាត់នៃអស់ទាំងហោរារបស់ទ្រង់ ពីដំណើរព្រះគ្រីស្ទថា ទ្រង់ត្រូវរងទុក្ខលំបាក នោះព្រះទ្រង់ក៏បានសំរេចតាមយ៉ាងដូច្នោះឯង
គឺលោកម៉ូសេនេះហើយ ដែលមានប្រសាសន៍ដល់ពួកកូនចៅសាសន៍អ៊ីស្រាអែលថា «ព្រះអម្ចាស់ដ៏ជាព្រះនៃអ្នករាល់គ្នា ទ្រង់នឹងបង្កើតហោរាម្នាក់ ពីពួកបងប្អូនអ្នករាល់គ្នាមក ឲ្យដូចជាខ្ញុំ ត្រូវឲ្យអ្នករាល់គ្នាស្តាប់តាមហោរានោះចុះ»
ដ្បិតឯក្រិត្យវិន័យ ដែលមានតែស្រមោល ពីសេចក្ដីល្អដែលត្រូវមក មិនមែនជាតួរូបរបស់សេចក្ដីទាំងនោះទេ នោះពុំអាចនឹងធ្វើឲ្យពួកអ្នក ដែលចូលមកថ្វាយយញ្ញបូជាដដែលៗ រាល់តែឆ្នាំជានិច្ច បានគ្រប់លក្ខណ៍ឡើយ
ហើយលោកម៉ូសេក៏ស្មោះត្រង់ នៅក្នុងដំណាក់នៃទ្រង់ទាំងមូលមែន ទុកដូចជាអ្នកបំរើ សំរាប់ជាទីបន្ទាល់ ពីការដែលត្រូវថ្លែងប្រាប់មកតាមក្រោយ
រីឯលោកម៉ិលគីស្សាដែក ស្តេចក្រុងសាឡិម ជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុតនេះ ដែលបានទៅជួបនឹងលោកអ័ប្រាហាំ ក្នុងកាលដែលត្រឡប់ពីវាយបំផ្លាញពួកស្តេចវិញ ក៏បានប្រទានពរដល់លោក
យ៉ាងនោះ ព្រះវិញ្ញាណបរិសុទ្ធសំដែងថា កាលរោងឧបោសថមុននោះនៅៗឡើយ នោះផ្លូវចូលទៅក្នុងទីបរិសុទ្ធបំផុតមិនទាន់បើកទេ
ទាំងស្វែងរកឲ្យដឹងពេលវេលាណា ឬគ្រាយ៉ាងណា ដែលព្រះវិញ្ញាណនៃព្រះគ្រីស្ទដ៏សណ្ឋិតក្នុងគេ ទ្រង់ចង្អុលបង្ហាញ ក្នុងកាលដែលទ្រង់ធ្វើបន្ទាល់ជាមុន អំពីព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយពីសិរីល្អទាំងប៉ុន្មាន ដែលត្រូវមកតាមក្រោយ
នោះខ្ញុំទំលាក់ខ្លួនចុះ នៅទៀបជើងទេវតានោះ ដើម្បីថ្វាយបង្គំ តែទេវតាប្រាប់ខ្ញុំថា កុំឲ្យធ្វើដូច្នេះឡើយ ដ្បិតខ្ញុំជាបាវបំរើជាមួយនឹងអ្នក ហើយនឹងបងប្អូនអ្នក ដែលមានសេចក្ដីបន្ទាល់ពីព្រះយេស៊ូវដែរ ចូរថ្វាយបង្គំដល់ព្រះវិញ ដ្បិតការធ្វើបន្ទាល់ពីព្រះយេស៊ូវ នោះហើយជាវិញ្ញាណនៃសេចក្ដីទំនាយ។